ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណុំរឿង​០០៣ ពាក់ព័ន្ធ មាស មុត ត្រូវបាន​បញ្ចប់​ឥត​ចាត់ការ​បន្ត​ក្នុង​សាលាក្តី​ខ្មែរក្រហម


រូបឯកសារ៖ លោក មាស មុត (ស្តាំ) អតីត​មេបញ្ជាការ​កងទ័ពជើងទឹក​ខ្មែរក្រហម អំឡុងពេល​ចូលរួម​ពិធី​រំលាយ​សព​លោក នួន ជា ដែល​បូជា​ក្នុង​បរិវេណ​វត្ត​ព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ លោក មាស មុត (ស្តាំ) អតីត​មេបញ្ជាការ​កងទ័ពជើងទឹក​ខ្មែរក្រហម អំឡុងពេល​ចូលរួម​ពិធី​រំលាយ​សព​លោក នួន ជា ដែល​បូជា​ក្នុង​បរិវេណ​វត្ត​ព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/វីអូអេ)

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​ បាន​សម្រេច​បញ្ចប់​សំណុំ​រឿង០០៣​ ដោយមិន​ចាត់​ការបន្ត​ ក្នុង​តុលាការ​ខ្មែរក្រហម​ទៅលើ​សំណុំរឿង​ឧក្រិដ្ឋកម្ម​នានា​ក្នុងទសវត្សរ៍​១៩៧០​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​លោក មាស មុត នោះ​ទេ ក្រោយពី​មានការ​ខ្វែងគំនិត​គ្នាលើ​បញ្ហា​នីតិវិធី។ សាលាក្តីនេះ​ បាន​សម្រេច​បញ្ចូល​សំណុំ​រឿង​នេះ​ ទៅ​ក្នុង​បណ្ណសារដ្ឋាន។ នេះ​ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ការិយាល័យ​នៃ​សហចៅក្រម​ស៊ើបអង្កេតដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២០​ ខែ​ធ្នូ ឆ្នាំ​២០២១​ នៅចំ​ថ្ងៃដែល​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​ក្តីជា​ស្ថាពរ​ និង​បិទផ្លូវ​តវ៉ា។

ការ​សម្រេចឥត​ចាត់​ការ​បន្ត​ទៀត​លើ​សំណុំ​រឿង​ក្តី០០៣​ ដ៏​ចម្រូងចម្រាស​ដែល​នៅ​សេសសល់​ចុងក្រោយ​គេ​មួយ​នេះ ធ្វើ​ឡើង ក្រោយ​ពី​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​នេះ ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ បាន​ច្រាន​ចោល​បណ្តឹង​សាទុក្ខ​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ដែល​ស្នើ​ឲ្យ​តុលាការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ។

​លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម ​ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មួយ​ចំនួន​រួម​ទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ប្រល័យ​ពូជសាសន៍​ជាដើម។

សំណុំ​រឿង ​មាស មុត ​មានការ​ខ្វែង​គំនិតគ្នា ​បកស្រាយ​ផ្សេងគ្នា​ទៅលើ​ច្បាប់​ និងនីតិវិធី ​រវាង​ចៅក្រមជាតិ​ សហព្រះរាជអាជ្ញា​ជាតិ និង​ចៅក្រម​អន្តរជាតិ ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ​ទៅលើ​យុត្តាធិការ។ ភាគី​ជាតិថា​ មាស មុត ​មិនមែន​ជាជន​ដែល​ស្ថិតក្នុង​ជំពូក​ជន​ដែល​ទទួល​ខុសត្រូវខ្ពស់​បំផុត​ និង​ជាមេដឹក​នាំខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ​ដែលត្រូវ​នាំខ្លួន​ទៅ​កាត់ទោស​ទេ។ តែភាគី​អន្តរជាតិ​ ចាត់ទុក​ថា ​មាស មុត​ ជាជន​ដែលស្ថិត​ក្នុង​ជំពូក​ជនទទួល​ខុសត្រូវ​ខ្ពស់បំផុត​ ដែល​ត្រូវ​នាំខ្លួនទៅ​កាត់​ទោស​តាមការ​ចោទ​ប្រកាន់​ទោស​ដើម្បី​រកយុត្តិធម៌​ជូន​ជន​រងគ្រោះ។

ដោយ​សារ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ភាគី​ជាតិ ​និងអន្តរជាតិ​នេះ​ សំណុំ​រឿង​០០៣នេះ បាន​ជាប់​គាំង​អស់​ពេល​ជាច្រើន​ខែមក​ហើយ មុន​នឹង​ត្រូវសម្រេច​ដាក់​ចូល​ក្នុង​បណ្ណសារ​ដ្ឋាន​ ហើយ​ឥត​ចាត់​ការ​បន្ត​ទៀត​នេះ។

ប៉ុន្តែ កាល​ពី​ថ្ងៃ​សុក្រ ទី​១៧​ ខែ​ធ្នូ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​សម្រេច​ដាក់​បញ្ចូល​សំណុំ​រឿង​០០៣​នេះ​ ទៅ​ក្នុង​បណ្ណសារ​ដ្ឋាន មិន​មែន​មាន​ន័យ​ថា ​លោក មាស មុត គ្មាន​ទោស ​ឬ​ក៏​មាន​ទោស​នោះទេ។ ដោយ​ឡែក​ សហចៅក្រម​ស៊ើប​អង្គេត​អន្តរជាតិ​ ក៏បាន​បញ្ជាក់​ថា ​ការ​ទទួល ខុស​ត្រូវដើម្បី​រកយុត្តិធម៌​ពេលនេះ​ គឺស្ថិត​នៅ​ក្នុង​អំណាចនៃ​តុលាការ​ក្នុងស្រុក​ចំពោះ​សំណុំ​រឿង​ មាស មុត។

​ក្រៅ​ពី​សំណុំ​រឿង​០០៣ និង​សំណុំ​រឿង​ពីរ​មុន​នេះ សាលាក្តី​ខ្មែរ​ក្រហម​ក៏​នៅ​មាន​សំណុំ​រឿង​សេសសល់​មួយ​ទៀត ​គឺ០០៤ ពាក់ព័ន្ធ​នឹង​លោក យឹម ទិត្យ អតីត​លេខា​តំបន់​១៣ ​ក្នុង​សម័យ​ខ្មែរ​ក្រហម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG