ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះហៅ​ លោក ​រ៉ុង ឈុន ឲ្យ​ចូល​សវនាការ​ពី​បទ​មិន​រាង​ចាល​ក្នុងបទ​មជ្ឈិម


រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន បង្ហាញម្រាមដៃដែលមានជ្រលក់ទឹកថ្នាំ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន បង្ហាញម្រាមដៃដែលមានជ្រលក់ទឹកថ្នាំ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ ឲ្យ​ចូល​សវនាកា​នៅ​ថ្ងៃ​ទី ​១៧ ខែ​មករា ឆ្នាំ​ ២០២៥ ជា​កំហិត​ ពីបទ​«មិន​រាង​ចាល​ក្នុងបទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម» និង​បទ​«ញុះញង់បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»។ នេះ​បើ​តាម​ដីកា​របស់​អយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ដែល​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​ ២០២៤។

លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រថា លោក​នឹង​ចូល​ខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​នៅ​ថ្ងៃ​ខាង​មុខ​។ លោក​អះអាងថា ​ការ​ចោទ​ប្រកាន់​លោក​ពី​បទ​មិន​រាង​ចាលនេះ​គឺ​ជារឿង​មិន​សម​ហេតុផល ​ព្រោះ​លោក​គ្រាន់​តែ​ធ្វើនយោបាយដើម្បី​ជួយ​អ្នក​ទន់​ខ្សោយ និង​ការពារ​ប្រជាពលរដ្ឋ​ពីការ​រំលោភសិទ្ធិ​មនុស្ស។

លោក រ៉ុង ឈុន ​ថ្លែងថា៖ «ការពិត​ទៅ ​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ខ្ញុំ​ចុះ​ជួប​ជា​ហូរហែ​មក​ហើយ​ តាំង​ពី​ធ្វើការ​នៅ​សហជីព សមាគម​គ្រូ​ ព្រោះ​យើង​ធ្វើ​ការ​សហជីព​ ធ្វើការ​សមាគម​ក្នុង​ការ​ជួយ​អ្នក​ទន់ខ្សោយ​។ ដល់​ចូល​រួម​សកម្មភាព​នយោ​បាយ​ក៏​យើង​ដើរ​តួនាទី​ ព្រោះ​បក្ស​ប្រឆាំង​ត្រូវ​ការ​ពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ ជូន​អ្នក​ទន់​ខ្សោយ​ ប្រជាពលរដ្ឋ​មាន​ទុក្ខ មាន​ការ​រំលោភ​បំពាន​ ដោយ​ប្រការ​ណា​មួយ​ យើង​ត្រូវ​តែ​ចុះ​ជួប​ជា​មួយ​ប្រជា​ពលរដ្ឋ​ហើយ ហើយ​ត្រង់​ចំណុច​ហ្នឹង​ បែរ​ជា​យក​មក​ដាក់​បន្ទុក​ថា ជា​រឿង​មិនរាង​ចាល​ អត់​មាន​សម​ហេតុផល​ណា​មួយ​សោះ​ ទាក់​ទង​រឿង​ទាំង​អស់​នេះ»។

លោក​បាន​បន្ថែមថា​ កម្ពុជា​ត្រូវ​បញ្ឈប់​រាល់​ការ​ចោទ​ប្រកាន់​អ្នក​នយោបាយ​ និង​សកម្មជន​សង្គមពី​បទ​ញុះញង់ដោយ​លើក​ហេតុផល​ថា​ រាល់​ការ​ចោទ​ប្រកាន់​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ជាតិ។ លោក រ៉ុង ឈុន ក៏​ជំរុញ​ឲ្យរដ្ឋាភិបាលបើក​ឲ្យ​មានការ​សន្ទនាគ្នា​ដើម្បីស្វែង​រក​ដំណោះ​ស្រាយលើ​បញ្ហា​នានា​ ទៅតាម​សំណើ​របស់​ក្រុម​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ ជា​ជាង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ដាក់​សម្ពាធ​លើ​សិទ្ធិ​ធ្វើ​នយោបាយ​។

បើតាម​លោក រ៉ុង ឈុន ការ​ចោទ​ប្រកាន់​រូប​លោក​ពី​បទ ​«មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម»​ និង «ញុះញង់» ក្នុង​អំឡុងខែ​សីហា ឆ្នាំ​ ២០២៤ ​ធ្វើ​ឡើង​ដោយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក​ជាមួយ​វិទ្យុ​អាស៊ី​សេរី ​អំពីវត្ត​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បានចុះ​ត្រួតពិនិត្យ​តាម​បន្ទាត់​ព្រំដែន​ និង​សកម្មភាព​របស់​លោក រ៉ុង ឈុន ខ្លួន​ឯង​ផ្ទាល់​ក្នុង​ការ​ចុះសួរ​សុខទុក្ខ​ប្រជា​ពល​រដ្ឋ​រស់​នៅ​បឹង​តាមោក ការ​ចុះជួបប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជិត​ព្រលាន​យន្ត​ហោះ​ថ្មីក្នុង​ខេត្ត​កណ្តាល ​និង​នៅ​ពេល​លោកទៅ​សម្ពោធ​ទីស្នាក់​ការ​គណបក្សកម្លាំង​ជាតិនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្តាល។

វីអូអេ​មិន​អាច​សុំការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក​ អ៊ី​ រិន្ទ​ បាន​នៅ​ឡើយ​ទេ។​

កាល​ពី​ថ្ងៃទី ២០ ខែ​កញ្ញា ឆ្នាំ​ ២០២៤ លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​កោះហៅ​សាកសួរ​ជាលើកដំបូង​ពី​បទ​មិនរាង​ចាល​ក្នុង​បទមជ្ឈិម។ នៅពេល​នោះ តុលាការបានសម្រេចដាក់​បម្រាម​មិន​ឲ្យ​លោក​ចាក​ចេញ​ពី​កម្ពុជា​ មិន​ត្រូវ​ផ្លាស់​ប្តូរ​ទី​លំនៅ​ មិន​ត្រូវ​ជួប​បុគ្គល​មួយ​ចំនួន​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​ដដែល​ ឬ​បទ​ល្មើស​ថ្មី​ផ្សេង​ទៀត​ ហើយ​ក្នុង​ករណី​គេច​វេស​ពី​កាតព្វ​កិច្ច ​តុលាការ​នឹង​សម្រេច​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូលោក អំ សំអាត សង្កេត​ឃើញ​ថា ការ​ចោទ​ប្រកាន់​ពី​បទ​មិន​រាងចាល​ក្នុង​បទ​មជ្ឈិម​បាន​ចាប់​ផ្តើម​កើត​មាន​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​ ២០២៤ ហើយ​ការ​ប្រើ​ប្រាស់​បទចោទនេះ​អាច​ធ្វើ​ឲ្យ​ជនជាប់​ចោទ​មាន​ទោស​ទ្វេដង បើសិន​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​នោះ​។

លោក​កត់​សម្គាល់ទៀតថា ករណី​លោក រ៉ុង ឈុន អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​បន្ថែម​ទៀត​ពីក្រុមអ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជាជាតិ ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ ដែល​ចាត់ទុក​ចំណាត់ការ​បែប​នេះ​ថា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

លោក អំ សំអាត ប្រាប់​វីអូអេនៅ​ថ្ងៃ​សុក្រ​ថា​៖ ​«​បញ្ហា​លោក ​រ៉ុង ឈុន​ នេះ​យើង​បារម្ភ​ថា​ និង​មាន​ការរិះគន់​បន្ថែម​ទៀត​លើ​បញ្ហា​លម្ហ​សេរីភាព​នយោបាយ ឬ​សេរីភាព​ការ​បញ្ចេញ​មតិ​បន្ថែម​ទៀត។ កន្លង​ពេល​ថ្មី​ៗ​ យើង​ឃើញ​ហើយ​សហគមន៍​អ៊ឺរ៉ុប សភា​សហគមន៍​អ៊ឺរ៉ុបបាន​ធ្វើ​ការ​បោះ​ឆ្នោត​ ហើយ​អនុម័ត​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដោយ​ផ្អែក​លើ​លម្ហ​សេរីភាព​ជា​មូលដ្ឋាន​ លម្ហសេរីភាព​នយោបាយ​ លម្ហ​សេរីភាព​សារព័ត៌មាន​ លម្ហ​សេរីភាព​ស៊ីវិល​អី​ជា​ដើម​ ថា​មាន​ការ​រួម​តូច​។ ហើយ​គេ​នៅ​តែ​ទទូច​សុំ​ឲ្យ​មាន​ការ​បើក​លម្ហ​សេរីភាព​ទាំង​អស់​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»។​

គួរ​បញ្ជាក់​ថា ​លោក រ៉ុង ឈុន អតីត​មេដឹក​នាំ​សហ​ជីពនិង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃទី ​៣១ ខែ​កក្កដា ឆ្នាំ ២០២០​។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់ ​និង​ឃុំ​ខ្លួន​ពី​បទ ​«ញុះ​ញង់» ​បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ ​និងជួប​ប្រជា​ពលរដ្ឋ​ដែល​អះអាង​ថា ​ដី​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម​ហាម​មិន​ឲ្យចូល​ធ្វើ​ស្រែ​ចម្ការ ​និង​មាន​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG