ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក រ៉ុង ឈុន ស្នើសុំ​នីតិសម្បទា​ពី​តុលាការ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ


រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក រ៉ុង ឈុន ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ ​ស្នើ​សាលា​ឧទ្ធរណ៍​ផ្តល់​នីតិ​សម្បទា​ដល់​រូប​លោក ​ដើម្បី​អាចធ្វើ​សកម្ម​ភាពនយោ​បាយ ​ក្រោយ​ការ​កំណត់​ព្យួរ​ទោស​សាកល្បង​រយៈ​ពេល​បីឆ្នាំ​បាន​បញ្ចប់​។

ការ​ស្នើ​សុំឱ្យ​តុលាការ​ផ្តល់​នីតិ​សម្បទា​ ដោយ​សារ​លោក​បាន​អនុវត្ត​ទោស​រួច​រាល់​តាម​សាល​ដីកាព្រហ្ម​ទណ្ឌ​សា្ថពរ ​ចុះ​ថ្ងៃទី ​២៩ ខែ​កក្កដា ​ឆ្នាំ ​២០២២ ​របស់​តុលាការ​កំពូល​ ដែល​បានផ្តន្ទា​ទោស​លោកដាក់​ពន្ធនា​គារ​រយៈ​ពេល​ ២ឆ្នាំ ​ពី​បទ ​«ញុះ​ញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ង​រ​ដល់សន្តិសុខ​សង្គម» ​ដោយ​ត្រូវអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ ១ឆ្នាំ​ ៣​ខែ ​១១​ថ្ងៃ ​និង​ទោស​នៅ​សល់​ត្រូវ​ព្យួរ​សាក​ល្បង​រយៈ​ពេល​ ៣ឆ្នាំ​។ ​

លោក រ៉ុង ឈុន​ ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​វិច្ឆិកា ឆ្នាំ ​២០​២១​ ក្រោយ​អាជ្ញាធរ​ចាប់​និងឃុំខ្លួន​ ក្នុង​អំឡុងឆ្នាំ ​២០​២០​។​ នេះ​បើ​តាម​លោក រ៉ុង ឈុន​ និង​ពាក្យ​បណ្តឹង​សុំ​ផ្តល់​នីតិ​សម្បទា ​ចុះថ្ងៃទី ​១៣ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤ ដែលដាក់​ទៅ​សាលា​ឧទ្ធរណ៍​។

បើតា​ម​លោក រ៉ុង ឈុន ​ការ​ស្នើ​សុំ​នីតិ​សម្បទា គឺ​ដើម្បី​ឱ្យ​លោក​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ធ្វើ​សកម្ម​ភាពនយោ​បាយ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ស្ថាប័ន​ជាតិ​រៀប​ចំការ​បោះឆ្នោត ​(គ.ជ.ប ​) បដិសេធ​មិនឱ្យឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ឆ្នាំ​ ២០២៣​ នៅ​មណ្ឌល​ខេត្ត​កណ្តាល។

លោក​ប្រាប់​វីអូអេ​ថា​៖ «​នៅពេល​យើង​មាន​សិទ្ធិ​ស្នើ​សុំ អ៊ីចឹង​ខ្ញុំ​ត្រូវតែ​ស្នើសុំ​នីតិ​សម្បទា​ឡើង​វិញ ដើម្បី​ឱ្យ​ខ្ញុំ​មាន​សិទ្ធិ​ពេញ​លេញ​ជា​ប្រជា​ពល​រដ្ឋ និង​មាន​សិទ្ធិ​ក្នុង​ការ​ឈរ​ [ឈ្មោះជា]​ បេក្ខ​ជន​ផ្សេង​ៗ នៅ​ក្នុងក្រប​ខណ្ឌ​នយោ​បាយ​»។

លោក ​ឃុន លាង​ម៉េង​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ ប្រាប់​វីអូអេនៅថ្ងៃ​អង្គារថា ​សាលា​ឧទ្ធរណ៍កំពុង​ពិនិត្យ​សម្រេច​តាម​នីតិ​វិធី ពាក់​ព័ន្ធ​នឹង​ការស្នើ​សុំរបស់​លោក រ៉ុង ឈុន។

បច្ចុប្បន្ននេះ លោក រ៉ុង ឈុន ក៏​កំពុង​ជាប់ក្តី​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត​ ​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញចោទ​ពី​បទ «មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម» ​និង«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ង​រ​ដល់​សន្តិ​សុខ​សង្គម»​ កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០២៤។

លោក រ៉ុង ឈុន ​បន្ថែម​ថា​ បន្ទាប់ពី​លោក​បាន​ចូលបំភ្លឺ​តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួននៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញកាលពី​ថ្ងៃទី​ ២០ ខែ​កញ្ញា ​ឆ្នាំ ​២០២៤​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​លោក​ ទិតសុទ្ធី​ បូរ៉ា​ឆាត ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក​ចាក​ចេញ​ពី​កម្ពុជា​ ​មិន​ត្រូវ​ផ្លាស់​ប្តូរ​ទី​លំនៅ​ ​មិន​ត្រូវជួប​បុគ្គល​មួយ​ចំនួន​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​ដដែល​ ឬ​បទ​ល្មើស​ថ្មី​ផ្សេង​ទៀត​ ហើយក្នុង​ករណី​គេច​វេស​ពី​កាតព្វ​កិច្ច ​តុលាការ​នឹង​សម្រេច​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន។​

លោក រ៉ុង ឈុន ​ថា ​ការ​ចោទ​ប្រកាន់​រូប​លោក​ពី​បទ ​«មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម»​ និង «ញុះញង់» ក្នុង​អំឡុងខែ​សីហា ឆ្នាំ​ ២០២៤ ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក​ជាមួយ​វិទ្យុ​អាស៊ី​សេរី ​អំពីវត្ត​មាន​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​តាម​បន្ទាត់​ព្រំដែន ការ​ចុះសួរ​សុខទុក្ខ​ប្រជា​ពល​រដ្ឋ​រស់​នៅ​បឹង​តាមោក ការ​ចុះជួបប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជិត​ព្រលាន​យន្ត​ហោះ​ថ្មីក្នុង​ខេត្ត​កណ្តាល ​និង​នៅ​ពេល​លោកទៅ​សម្ពោធ​ទីស្នាក់​ការ​គណបក្ស​នៅ​ស្រុក​កោះធំ​ ខេត្ត​កណ្តាល។

លោក​នៅតែ​ការពារ​ខ្លួនថា លោក​មិន​បាន​ញុះញង់​ប្រជា​ពល​រដ្ឋ​ឡើយ​។ ​លោក​បានស្នើឱ្យ​តុលាការ​លុប​ចោលបម្រាមទាំង​នោះ​ ដើម្បី​ឱ្យ​លោក​អាច​មាន​សេរីភាព​នយោ​បាយ​ពេញ​លេញ​ ខណៈលោក​មិន​ទាន់​ដឹង​ថាតើសំណុំ​រឿងនេះនឹង​វិវត្តទៅជា​បែប​ណា​នោះទេ។​

វីអូអេ​មិន​អាច​សុំការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក​ អ៊ី​ រិន្ទ​ បាន​នៅ​ឡើយ​ គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​។

លោក អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ប្រាប់​វីអូអេ​ថា ​លោក រ៉ុង ឈុន គួរ​តែ​ទទួល​បាន​នីតិ​សម្ប​ទា​តាម​ការ​ស្នើសុំ​ ដោយ​សារ​តែ​លោក​បាន​អនុវត្ត​ទោសរួច​រាល់​ ទៅ​តាម​អ្វី​ដែលតុលាការផ្តន្ទា​ទោស។ ​

លោកប្រាប់​វីអូអេនៅ​ថ្ងៃអង្គារ​ថា៖ ​«អ៊ីចឹង​ការ​អនុវត្ត​ទោស​ចប់ ហើយ​និង​ការ​ស្នើសុំ​នីតិ​សម្បទា​សិទ្ធិ​ពេញ​លេញ​របស់​ពល​រដ្ឋមក​វិញ គឺ​ជា​សិទ្ធិ​របស់​បុគ្គល​គ្រប់រូប ​ដែល​មិន​មានអ្វី​ខុស​ទាស់​ទេ ហើយ​សិទ្ធិ​ទាំង​អស់​នេះ លោកគួរតែ​ទទួល​បាន​មក​វិញ​បាន​ពេញ​លេញ»។ ​

គួរ​បញ្ជាក់​ថា ​លោក រ៉ុង ឈុន អតីត​មេដឹក​នាំ​សហ​ជីព និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ត្រូវ​បានអាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃ ​៣១ ខែ​កក្កដា ឆ្នាំ ២០២០​។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញចោទ​ប្រកាន់ ​និង​ឃុំ​ខ្លួន​ពី​បទ ​«ញុះ​ញង់» ​បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ ​និងជួប​ប្រជា​ពលរដ្ឋដែល​អះអាង​ថា ​ដី​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម​ហាម​មិន​ឱ្យធ្វើ​ស្រែ​ចម្ការ ​និង​មាន​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG