ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ស៊ើបសួរ​ហាម​លោក រ៉ុង ឈុន ធ្វើ​សកម្មភាព​ជួបជុំ​និង​ចេញ​ក្រៅ​ប្រទេស


លោក រ៉ុង ឈុន ផ្តល់បទសម្ភាន៍ដល់អ្នកសារព័ត៌មាន ក្រោយចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក រ៉ុង ឈុន ផ្តល់បទសម្ភាន៍ដល់អ្នកសារព័ត៌មាន ក្រោយចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ដាក់​បម្រាម​ចំនួន​ ៥ ​ចំណុច​លើ​លោក​ រ៉ុង ឈុន​ ដែល​ជា​ទី​ប្រឹក្សា​គណ​បក្ស​កម្លាំងជាតិ​ ដោយ​មិន​ឱ្យ​លោក​ចេញ​ទៅ​ក្រៅ​ប្រទេស​ និង​ហាម​មិន​ឱ្យ​ធ្វើ​សកម្ម​ភាព​ជួបជុំ។​

នៅ​ព្រឹក​ថ្ងៃទី​ ២០​ ខែ​កញ្ញា​នេះ ​លោក​ រ៉ុង ឈុន ​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ចៅក្រម​ស៊ើប​សួរ ​លោក​ ទិតសុទ្ធី​ បូរ៉ាឆាត ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ «មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​ បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម» ​និង​បទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ តាម​បញ្ញត្តិ​មាត្រា​៨៨ ​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

នេះ​ជា​ដំណាក់​កាល​បំភ្លឺ​ជាមួយ​ចៅក្រម​ស៊ើប​សួរ ​ខណៈ​សវនាការ​ ជំនុំ​ជម្រះ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។ ​នេះ​បើ​តាម​លោក ​រ៉ុង ឈុន។​

ក្រោយ​បញ្ចប់​ការ​ចូល​បំភ្លឺ​ លោក​ រ៉ុង ឈុន​ ទីប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា តុលាការ​បាន​ដាក់​បម្រាម​ចំនួន​៥​ចំណុចលើ​រូប​លោក ដើម្បី​លោក​អាច​ស្ថិត​នៅ​ក្រៅ​ឃុំ​បាន​ ដែលក្នុង​នោះ​រួមមាន ​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ចៅ​ក្រម ​ការ​ផ្លាស់ប្តូរ​ទី​លំនៅ​ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ជា​រៀង​រាល់​ខែ ​ត្រូវ​សហការ​ជាមួយ​តុលាការ​ពេល​តុលាការ​កោះ​ហៅ​ និង​ហាម​មិនឱ្យ​មាន​ការ​ជួប​ជុំ។​

លោក​ រ៉ុង ឈុន ​បញ្ជាក់​ថា៖ ​«ចុង​ក្រោយ​គឺ​ត្រូវ​ហាម​សិទ្ធិ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព ​ដូចការ​ជួបជុំ​សព្វ​បែប​យ៉ាង។​ អាហ្នឹង​មិន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើការ​ជួបជុំ​ទេ។​ ហើយ​បើ​សិន​ជា​ខ្ញុំ​មិន​អនុវត្ត​ទៅ​តាម​វិធាន​ទាំង​ប៉ុន្មាន​នេះ ​ពេល​ហ្នឹង​តុលាការ​នឹងនាំ​ខ្លួន​ខ្ញុំ​ហើយ»។​

លោក ​រ៉ុង ឈុន ​បន្ថែម​ថា ​សេរីភាព​នយោបាយ​សម្រាប់​លោក ​មាន​ភាព​ចង្អៀត។ ​

លោក​ថ្លែង​ថា៖ ​«ពីពេល​នេះ​ទៅ​ យើង​នឹង​មាន​សេរីភាព​ចង្អៀត​ ហើយ​បើសិន​ជា​ខ្ញុំ​មិន​អនុវត្ត​បម្រាម​ ពេល​ហ្នឹង​នឹង​ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​ខ្ញុំ​យក​ទៅ​ឃុំ»។​

ទីប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​រូបនេះ​បន្ថែម​ថា ​ការ​ចោទ​ប្រកាន់​រូប​លោក​ពីបទ ​«មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម» និង​ «ញុះញង់» ​នេះ​ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការផ្តល់​បទ​សម្ភាសន៍ជាមួយ​វិទ្យុ​អាស៊ី​សេរី ​អំពី​ «វត្ត​មាន​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​តាម​បន្ទាត់​ព្រំដែន»​ ទាក់​ទង​នឹង​ការ​ចុះសួរ​សុខទុក្ខ​ប្រជា​ពល​រដ្ឋ​រស់​នៅ​បឹង​តាមោក ​និង​ការ​ចុះជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជិត​ព្រលាន​យន្ត​ហោះ​ថ្មី ​ក្នុង​ខេត្ត​កណ្តាល ​និង​ពេល​ទៅ​សម្ពោធ​ទីស្នាក់​ការ​គណបក្ស​នៅ​ស្រុក​កោះធំ​ ខេត្ត​កណ្តាល។​

លោក រ៉ុង ឈុន និងលោកមេធាវី ជូង ជូងី កាន់ដៃគ្នា បង្ហាញទៅកាន់អ្នកគាំទ្រ ពេលចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក រ៉ុង ឈុន និងលោកមេធាវី ជូង ជូងី កាន់ដៃគ្នា បង្ហាញទៅកាន់អ្នកគាំទ្រ ពេលចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក​ រ៉ុង ឈុន​ អះអាង​ថា​ លោក​បាន​ប្រាប់​ទៅ​ចៅក្រម​អំពី​ពាក្យ​«ញុះញង់»​ដោយ​លោក​ថា​ ​«ញុះញង់» ​លុះត្រា​តែ​ផ្ញើសារ​ណា​មួយ​ ​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ចលាចល។​

លោក​បន្ថែម​ថា៖ ​«ខ្ញុំ​បាន​លើក​ឡើង​ដែរ ​ទាក់ទង​និយមន័យ​នៃ​ការ​ញុះញង់។ ​ការ​ញុះញង់​ បើ​និយាយ​ឱ្យ​ចំ​ដល់​ថា​ ​ពេល​ដែល​យើង​ផ្ញើសារ​ទៅ​ ទាល់តែ​វា​មាន​ ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ច្របូក​ច្របល់​ ឬ​មួយ​ចលាចល​ណាមួយ។​ អាហ្នឹង​បាន​ចាត់​ទុក​ថា​ បទ​ញុះញង់។ ​កន្លែង​ខ្លះ​ក៏​ខ្ញុំ​ឆ្លើយ​ កន្លែង​ខ្លះ​ក៏​ខ្ញុំ​មិន​អាច​ទទួល​យក​បាន»។​

ក្រោយ​ជាប់​បម្រាម​របស់​តុលាការ​ ​លោក​ រ៉ុង ឈុន​ និយាយ​ថា​ លោក​នឹង​ពិភាក្សា​ជា​មួយ​មេធាវី​ការពារ​ក្តី​របស់​លោក​ គឺ​លោក ​ជូង ជូងី ​បន្ត​ទៀត ​និង​មិន​ទាន់​សម្រេច​ចិត្ត​ឬ​បង្ហាញ​គោល​ជំហរ​បែប​ណានោះ​ទេ។​

កាល​ពី​ចុង​ខែ​កក្កដា ​ឆ្នាំ​ ២០២០​ លោក ​រ៉ុង ឈុន ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ពី​បទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ ក្រោយ​លោក​រិះគន់​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។​ ហើយ​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២១​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​លោក ក្រោយ​ពី​លោក​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១៥ ​ខែ​ និង​ ១១ ​ថ្ងៃ​នៃ​ពន្ធនាគារ​សរុប​ចំនួន​ ២៤ ​ខែ​ ហើយ​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​ គឺ​លោក​ ប្លង់ សុផល​ និង​លោក​ អ៊ី រិន្ទ ​បានទេ​ គិតត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ។ ​

លោក​ យី សុខសាន្ត ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ដែល​តាមដាន​ករណី​នេះ​ ​ទទូច​ឱ្យ​រដ្ឋា​ភិបាល​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ​ដល់​ពល​រដ្ឋ ​និង​អ្នក​នយោបាយ។ ​

លោក​ថ្លែង​ថា៖​ «យើង​ស្នើ​សុំ​យ៉ាង​ទទូច​ទៅ​រាជ​រដ្ឋាភិបាល​ឱ្យ​បើក​លំហ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ពីព្រោះ​ថា​ អ្នក​នយោបាយ​ជា​រឿយៗ ​[ហើយ]​រាជរដ្ឋាភិបាក​ក៏​និយាយ​ដែរ​ថា ​មតិ​ប្រឆាំង​ មតិ​ជំទាស់​ ហើយ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​នៃ​ការ​អភិវឌ្ឍ​នៃ​សង្គមជាតិ។​ ជាពិសេស​បើ​សិន​ជា​លោក​ រ៉ុង ឈុន ​ជា​អ្នក​នយោបាយ​ ជា​ទីប្រឹក្សា​របស់​គណ​បក្ស​នយោបាយ ​ដូច្នេះ​វោហារ​សព្ទ​របស់​គាត់​ គឺ​ជា​ពាក្យ​ពេចន៍​មួយ​ក្នុងការ ​Challenge​ [ប្រឈម]​ គឺ​ថា​ ទិតៀន​ឱ្យ​រាជ​រដ្ឋាភិបាល​កែលម្អ​ក្នុង​ការ​ដោះ​ស្រាយ​ នៅ​ពេល​ណា​ដែល​មាន​បញ្ហា​កើត​ឡើង»។​

ថ្នាក់​ដឹក​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស ​ដែល​រួមមាន​គណបក្ស​កម្លាំង​ជាតិ ​គណបក្ស​ភ្លើងទៀន ​គណបក្ស​ជំនាន់​ថ្មី​ជាដើម​ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ ដែល​ភាគ​ច្រើន​ជាប់​ចោទ​ពី​បទ ​«ញុះញង់»។​

របាយ​ការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​ ២០២៤ ​នេះ​ បាន​កត់​សម្គាល់​ថា ​ការ​ចាប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត ​ឬ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ចំពោះ​អ្នក​ទោស​នយោបាយ​ បាន​បន្ត​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ ទី​ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​កំពុង​កើត​មាន​ក្នុង​ប្រព័ន្ធ​តុលាការ។​

របាយ​ការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ចោទ​ប្រកាន់​តាម​តែ​អំពើ​ចិត្ត​ក្រោម​បទ​ចោទ​ «ញុះញង់» ​ដោយ​ប្រើ​ច្បាប់​ដើម្បី​កាត់​ទោស​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មេ​ដឹកនាំ​គណ​បក្ស​នយោបាយ​ប្រឆាំង ​និង​អ្នក​គាំទ្រ​ សកម្ម​ជន​សង្គម ​និង​បរិស្ថាន ​និង​អ្នក​ដែល​បញ្ចេញ​មតិ ​ដែល​ជា​ការ​ជំទាស់​ផ្នែក​នយោបាយ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG