ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះហៅ​លោក រ៉ុង ឈុន ពី​បទ​ញុះញង់


រូបឯកសារ៖ លោក រ៉ុង ឈុន បង្ហាញម្រាមដៃដែលមានជ្រលក់ទឹកថ្នាំ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក រ៉ុង ឈុន បង្ហាញម្រាមដៃដែលមានជ្រលក់ទឹកថ្នាំ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឱ្យ​លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​របស់​គណបក្ស​កម្លាំង​ជាតិ ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រូប​លោក​ពី​បទ ​«ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​ បន្ទាប់​ពីការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម» ​និង​បទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ តាម​បញ្ញតិ​មាត្រា​៨៨ ​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

តុលាការ​បង្គាប់​ឱ្យ​លោក​ រ៉ុង ឈុន ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី ​២០​ ខែ​កញ្ញា​ ឆ្នាំ ​២០២៤​ វេលា​ម៉ោង ​៩ ​ព្រឹក។​ នេះ​បើ​យោង​តាម​ដីកា​ចុះ​ថ្ងៃ​ទី ​៤ ​ខែ​កញ្ញា ​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​លោក​ ទិតសុទ្ធី​ បូរ៉ាឆាត។​

លោក ​រ៉ុង ឈុន ​ប្រាប់​វីអូអេ​ថា​ នគរបាល​សង្កាត់​ចាក់​អង្រែ​ក្រោម​បាន​យក​ដីកា​មក​ឱ្យ​លោក​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ​លោក​អះអាង​ថា​ លោក​មិន​ដឹង​ថា​ ករណី​អ្វី​ឱ្យ​ពិត​ប្រាកដ​ឡើយ ​ប៉ុន្តែ​លោក​នឹង​ចូល​ទៅ​តុលាការ​តាម​ការ​កោះ​ហៅ។​

លោក​ រ៉ុង ឈុន ​បន្ថែម​ថា​ លោក​ជួប​សកម្ម​ជន​នៅ​តាម​បណ្តា​ខេត្ត​ជា​ហូរ​ហែ ​ហើយ​លោក​ថ្លែង​សារ​ជា​បន្ត​បន្ទាប់។ ​លោក​ថា ​លោក​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ជំទាស់​គ្រាន់​តែ​ចង់​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត ​ដោយ​ស្មើភាព​គ្នា​តែ​ប៉ុណ្ណោះ។​

លោក ​រ៉ុង ឈុន ​បន្ត​ថា​ លោក​មើល​មិន​ឃើញ​ផល​ចំណេញ​អ្វី​ឡើយ ​ប្រសិន​បើ​លោក​ត្រូវ​ឃាត់​ខ្លួន​ នៅ​ថ្ងៃ​ដែល​លោក​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​មើល​ទៅ​វា​អត់​មាន​អី​ចំណេញ​ គ្រាន់​តែ​ស្អី​ឃាត់​ខ្លួន​ ស្អី​ឃាត់​ខ្លួន។ ​វា​អត់​មាន​នាំ​ផល​ចំណេញ​ដល់​កម្ពុជា​យើង​ ក៏​ដូចជា​ប្រជា​ពលរដ្ឋ​យើង»។​

លោក​ ប្លង់ សុផល​ អ្នក​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​ឱ្យ​ទាក់ទង​ទៅ​អ្នក​នាំពាក្យ​ផ្សេង​ទៀត។​ វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អ៊ី រិន្ទ ​អ្នក​នាំពាក្យ​ម្នាក់​ទៀត​របស់​តុលាការ​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

គួរ​បញ្ជាក់​ថា​ លោក​ រ៉ុង ឈុន​ ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ២​ ឆ្នាំ​ពី ​«បទ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន ​និង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដ៏​ចម្រូង​ចម្រាស​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ​លោក​បាន​ជាប់​ពន្ធនាគារ​មួយ​រយៈ ​ហើយ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២១​ ប៉ុន្តែ​លោក​ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ​ដែល​ក្នុង​នោះ​មាន​បម្រាម​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។​

សកម្ម​ជន​ និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ ក្រោម​បទ​ចោទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​និង​បទ​ចោទ​ «ញុះញង់​ឱ្យ​មាន​ការ​រើស​អើង» ​ជា​ដើម។ ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ លោក​ ស៊ុន ចន្ធី ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា​ ក្រោម​បទ​ចោទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​ ចំណែក​កាល​ពី​ខែ​សីហា ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​លោក​ មឺ សេងហ៊​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ​២ ​ឆ្នាំ​កន្លះ​ ពី​បទ​ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង»​ និង​បទ ​«ជេរ​ប្រមាថ​ជា​សាធារណៈ»។​

លោក ​អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ថ្លែង​ថា​ កន្លង​ទៅ​ សហគមន៍​អន្តរជាតិ​តែង​តែ​លើក​ឡើង​ថា​ ​លំហ​សេរីភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​រង​ការ​រឹតត្បិត។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ការ​កោះ​ហៅ​ លោក​ រ៉ុង ឈុន ​នៅ​ពេល​នេះ​ចង់​មិន​ចង់​តែង​តែ​មាន​ការ​រិះគន់​ ទាក់​ទង​នឹង​ស្ថានភាព​នយោបាយ​ ឬ​គេ​អាច​ថា​ ការ​កោះ​ហៅ​នេះ​អាច​ជាប់​ពាក់ព័ន្ធ​ជា​មួយ​នឹង​រឿង​ស្ថានភាព​នយោបាយ​ផង​ដែរ​ ព្រោះ​លោក ​រ៉ុង ឈុន ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណបក្ស​កម្លាំង​ជាតិ»។​

លោក ​អំ សំអាត ​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ទាំង​អស់​ត្រូវ​គោរព​ឧត្តម​ប្រយោជន៍​ជាតិ ​ឧត្តម​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ជា​ធំ ​ហើយ​ចរចា​គ្នា​ដោយ​សន្តិវិធី​ដើម្បី​កុំ​ឱ្យ​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​អំពី​ការ​រឹតត្បិត​សេរីភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG