គណបក្សកម្លាំងជាតិគ្រោងរៀបចំសមាជក្នុងពេលឆាប់ៗខាងមុខ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានបក្ស បន្ទាប់ពីក្រសួងមហាផ្ទៃមិនទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកាលពីខែកញ្ញាកន្លងទៅ។ នេះបើតាម លោក រ៉ុង ឈុន ដែលជាទីប្រឹក្សារបស់គណបក្សជំទាស់មួយនេះ។
កាលពីខែកញ្ញា ឆ្នាំ២០២៤ លោក ជា មុនី ត្រូវបានអង្គសមាជបោះឆ្នោតឲ្យធ្វើជាប្រធានបក្សជំនួស លោក ស៊ុន ចន្ធី ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំពីបទ«ញុះញង់» និងដកសិទ្ធិធ្វើនយោបាយរបស់លោកទាំងស្រុង កាលពីពេលថ្មីៗនេះ។
បើតាមទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន គណបក្សនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំបក្សដើម្បីកំណត់ថ្ងៃធ្វើសមាជ ក្នុងការឈានទៅរៀបចំក្បាលម៉ាស៊ីនគណបក្ស ព្រោះមិនអាចទុកតួនាទីប្រធានបក្សនៅទំនេរបែបនេះនោះទេ។
លោកប្រាប់វីអូអេថា៖ «នៅពេលចូលឆ្នាំនេះចប់ យើងនឹងជជែកគ្នា[ជាមួយ]ក្បាលម៉ាស៊ីនបក្ស ថាតើយើងនឹងរៀបចំកំណត់ពេលវេលា [ថា]ពេលណាដើម្បីសមាជ ឬមួយធ្វើម៉េចតម្រូវទៅតាមនីតិវិធី យើងមិនអាចបន្តទុកបែបអ៊ីចឹងបានទេ»។
លោកបន្ថែមថា គណបក្សកម្លាំងជាតិ រក្សាជំហរស្វែងរកយុត្តិធម៌ដល់ លោក ស៊ុន ចន្ធី និងសកម្មជននយោបាយផ្សេងទៀត ហើយគណបក្សទាមទារឲ្យមានការដោះលែងសកម្មជនសង្គម និងសកម្មជននយោបាយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារឲ្យមានសេរីភាព ដែលរួមមានលោក ស៊ុន ចន្ធី លោក ថាច់ សេដ្ឋា លោក កាក់ កុម្ភារ កញ្ញា សេង ធារី និងលោក កឹម សុខា ជាដើម។
ប្រធានបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមបទចោទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយក្នុងនោះ ចៅក្រមជំនុំជម្រះ ក៏បានដកសិទ្ធិរបស់លោក ស៊ុន ចន្ធី មិនឲ្យបោះឆ្នោត និងដកសិទ្ធិមិនឲ្យឈរឈ្មោះបោះឆ្នោតជាស្ថាពរ និងពិន័យជាប្រាក់៤លានរៀល។
គណបក្សកម្លាំងជាតិ បានចាត់ទុកការផ្តន្ទាទោសលោក ស៊ុន ចន្ធី ថាជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ គណបក្សជំទាស់នេះ លើកហេតុផលថា រូបភាពនេះជាការរើសអើង និងគម្រាមកំហែងខាងនយោបាយ ដែលបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត និងបានផ្ទុយពីរដ្ឋធម្មនុញ្ញ ក៏ដូចជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
លោក ស៊ុន ចន្ធី ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ គ្រាដែលលោកវិលត្រឡប់ពីប្រទេសជប៉ុនវិញ ទីដែលលោកជួបជុំអ្នកគាំទ្រគណបក្ស និងបានថ្លែងសារនយោបាយអំពីការរើសអើងខាងនយោបាយនៅកម្ពុជា និងភាពលម្អៀងរបស់រដ្ឋាភិបាលក្នុងការផ្តល់បណ្ណក្រីក្រជូនពលរដ្ឋ។
ដំណាលគ្នានឹងពេលដែល លោក ស៊ុន ចន្ធី បន្តជាប់ក្នុងពន្ធនាគារខេត្តពោធិ៍សាត់ គណបក្សកម្លាំងជាតិ កាលពីពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០២៤ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យ លោក ជា មុនី អតីតមេដឹកនាំសហជីព ធ្វើជាប្រធានបក្សជំនួសលោក ស៊ុន ចន្ធី ខណៈលោក សុខ គឹមសេង គឺជាអនុប្រធានគណបក្ស។ ប៉ុន្តែក្រសួងមហាផ្ទៃមិនទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញនោះទេ ដោយថាគណបក្ស បានអនុវត្តខុសលក្ខន្តិកៈ ត្រង់មាត្រាច្បាប់មួយចំនួន ដែលទាមទារឲ្យគណបក្សរៀបចំឡើងវិញ។ បច្ចុប្បន្ន លោក ជា មុនី មានតួនាទីជាប្រធានបក្សស្តីទី។ នេះបើតាមលោក រ៉ុង ឈុន។
ដោយឡែកជុំវិញការផ្តន្ទាទោស លោក ស៊ុន ចន្ធី នោះ មេធាវីការពារក្តីឲ្យមេបក្សជំទាស់រូបនេះ គឺលោក ជូង ជូងី មិនទាន់ដឹងថា កូនក្តីរបស់លោកសម្រេចប្តឹងទាស់ ឬយ៉ាងណានោះទេ ដោយសារតែលោកមិនទាន់ទទួលបានសាលក្រម គ្រាកូនក្តីកំពុងស្ថិតក្នុងពន្ធនាគារខេត្តពោធិ៍សាត់។
លោកមេធាវី ជូង ជូងី ប្រាប់វីអូអេនៅថ្ងៃពុធថា៖«ខ្ញុំអត់ទាន់បានទៅជួបគាត់នៅឡើយទេ ដោយសារតែផ្លូវឆ្ងាយ ហើយខ្ញុំបានសាលក្រមសិន ចាំទៅជួបគាត់អាហ្នឹងគឺផ្តល់ប្រឹក្សាផ្លូវច្បាប់ដល់គាត់ពេញលេញ។ ឥឡូវ ហ្នឹងយើងមិនទាន់បានសាលក្រមទេ កំពុងតែតឿនក្រឡាបញ្ជីឲ្យឆាប់បានសាលក្រម»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថាគណបក្សកម្លាំងជាតិ ត្រូវតែរកយុទ្ធសាស្ត្រក្នុងផ្លាស់ប្តូរថ្នាក់ដឹកនាំគណបក្សឡើងវិញ ដើម្បីជំរុញសកម្មភាពនយោបាយ និងកៀរគរអ្នកគាំទ្រ។
លោកសង្កេតឃើញថា បច្ចុប្បន្ននេះ សមាជិកថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ មិនទាន់ឃើញមានបុគ្គលណាដែលលេចធ្លោនៅឡើយទេ ខណៈអ្នកនយោបាយជើងចាស់ដែលលេចធ្លោ សុទ្ធតែជាប់ក្តីក្តាំនៅតុលាការដូចជា លោក ស៊ុន ចន្ធី និងលោក រ៉ុង ឈុន ជាដើម។
លោកប្រាប់វីអូអេថា៖ «ពាក់ព័ន្ធនឹងតួនាទីរបស់គាត់ [ស៊ុន ចន្ធី] ប្រធានបក្ស អ៊ីចឹងពេលនេះ គណបក្សត្រូវរកវិធីសាស្ត្រ ឬយុទ្ធសាស្ត្រថ្មី នៅក្នុងផ្លាស់ប្តូរថ្នាក់ដឹកនាំគណបក្សឡើងវិញ មិនអ៊ីចឹងអត់មានអ្នកដឹកនាំមានសកម្មភាពខ្លាំងទេ»។
បើតាមលោក ឯម សុវណ្ណារ៉ា ការផ្តន្ទាទោស និងដកសិទ្ធិនយោបាយរបស់ លោក ស៊ុន ចន្ធី ក៏បានបង្ហាញអំពីរូបភាពគំរាមកំហែង និងការរឹតត្បិតផងដែរ។ លោកបន្តថា តុលាការមានសិទ្ធិក្នុងការកាត់ក្តីនិងសម្រេច ក៏ប៉ុន្តែប្រជាពលរដ្ឋ មានការវិនិច្ឆ័យ និងគិតគូររៀងៗខ្លួន បូករួមមតិអន្តរជាតិជាអ្នកសង្កេតតាមដាន ដូច្នេះកម្ពុជាគួរតែមានយន្តការ ដើម្បីឲ្យអ្នកនយោយអាចបញ្ចេញទស្សនៈបាន ដោយពុំគួរចាប់ចងអ្នកនយាបាយដែលមានមតិផ្ទុយនោះទេ ព្រោះវាជារូបភាពមិនល្អសម្រាប់កម្ពុជា៕
វេទិកាបញ្ចេញមតិ