លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចាត់ទុកថា ការចេញលិខិតជូនដំណឹងរបស់តុលាការបង្គាប់ឱ្យលោកបង់ប្រាក់ ២ លានរៀល ពាក់ព័ន្ធនឹងបទល្មើសកាលពីឆ្នាំ ២០២០ នោះ គឺជាការដាក់កំហិតធ្ងន់ធ្ងរលើលោក ដោយសារលោកទើបទទួលបានលិខិតកៀកថ្ងៃផុតកំណត់នៃការបង់ប្រាក់ពិន័យ។
លិខិតជូនដំណឹងរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺលោក ឆាយ ហុង ចុះនៅថ្ងៃនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបង្គាប់ឱ្យលោក រ៉ុង ឈុន បង់ប្រាក់ពិន័យចំនួន ២ លានរៀល ឱ្យបានមុនថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ ទៅតាមអំណាចសាលដីការបស់តុលាការកំពូល។
លិខិតនោះបន្ថែមតាមន័យដើមថា៖ «ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងអំពីការបង់ប្រាក់ពិន័យនេះទេ យើងនឹងចេញដីកាបញ្ជាឱ្យបង្ខំ និងឱ្យឃុំខ្លួនតាមនីតិវិធី»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតអនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការចេញលិខិតជូនដំណឹងរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោកបង់ប្រាក់ពិន័យចំនួន ២ លានរៀលនេះគឺពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យខូចសណ្តាប់ធ្នាប់ ប៉ះពាល់ដល់សន្តិសុខជាតិ» ដែលតុលាការបានកាត់ទោសលោក កាលពីឆ្នាំ ២០២០។ លោកថា ការចេញលិខិតនេះគឺជាការដាក់កំហិតធ្ងន់ធ្ងរលើលោក ដោយសារលោកទើបតែទទួលបានលិខិតជូនដំណឹងនេះ កាលពីល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ។
លោកលើកឡើងថា៖ «ខ្ញុំមើលឃើញថា វាជាការដាក់កំហិតខ្ញុំធ្ងន់ធ្ងរ។ បើសិនជាតុលាការបានបញ្ចេញថ្ងៃ ១៩ ឬថ្ងៃ ២០ ថ្ងៃ ២១ អាចឱ្យមន្រ្តីយុត្តិធម៌យកមកជូនខ្ញុំ ខ្ញុំមានពេល មានវេលាក្នុងការរកថវិកា បើសិនជាខ្ញុំបង់។ ប៉ុន្តែនៅពេលវេលាហ្នឹងទើបតែមកដល់រសៀលម៉ោង ៤កន្លះហើយនៅថ្ងៃ ២៨ ហើយនៅប៉ុន្មានថ្ងៃទៀត។ វាបង់ក្នុងរយៈពេលថ្ងៃធ្វើការ។ ថ្ងៃសៅរ៍ អាទិត្យអត់ធ្វើការ អ៊ីចឹងវាត្រូវអស់ប៉ុន្មានថ្ងៃទៀត។ ហើយអ៊ីចឹង វាហាក់បីដូចជាតក់ក្រហល់មែនទែនចំពោះការជូនដំណឹងមកដល់ខ្ញុំ»។
លោក រ៉ុង ឈុន ថា ករណីរបស់លោកហាក់បីដូចជាមានការដាក់បន្ទុកម្តងហើយម្តងទៀត។
លោកបញ្ជាក់ថា៖ «ករណីខ្ញុំហ្នឹងហាក់បីដូចជាដាក់បន្ទុកម្តងហើយម្តងទៀត ដូចករណីដែលខ្ញុំចុះទៅឃោសនារកសំឡេងពីអង្គបោះឆ្នោតដើម្បីឱ្យគាំទ្រគណបក្សកម្លាំងជាតិក៏ត្រូវបានហាមឃាត់។ បន្ទាប់មកមិនទាន់បានប៉ុន្មានថ្ងៃផង តុលាការក៏បានបង្គាប់ឱ្យទៅបង់ប្រាក់ពិន័យថែមទៀត»។
លោក រ៉ុង ឈុន បន្ថែមថា លោកមិនទាន់សម្រេចថាត្រូវបង់ទឹកប្រាក់ពិន័យនេះ ឬក៏យ៉ាងណានៅឡើយទេ ដោយលោកចាំពិភាក្សាជាមួយមេធាវីជាមុនសិន។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីព្រះរាជអាជ្ញារង លោក ឆាយ ហុង និង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា តុលាការគួរចេញលិខិតបង្គាប់ឱ្យលោក រ៉ុង ឈុន បង់ពិន័យដោយទុកពេលឱ្យបានយូរជាងនេះ។
លោកថ្លែងថា៖ «ប្រហែលជា [តុលាការ] គិតថា ២ លានរៀលនេះវាតិចតួច [...] ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ត្រូវតែទុកពេលវេលាមួយសមស្របដើម្បីឱ្យសាមីខ្លួនមានពេលគ្រប់គ្រាន់ក្នុងការរកលុយ ឬក៏អី ដើម្បីយកទៅបង់»។
កាលពីចុងខែកក្កដា ឆ្នាំ ២០២០ លោក រ៉ុង ឈុន ត្រូវបានចោទប្រកាន់ និងឃុំខ្លួនពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយនិយាយរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ។ ហើយនៅខែវិច្ឆិកា ឆ្នាំ ២០២១ សាលាឧទ្ធរណ៍បានសម្រេចដោះលែង ក្រោយពីលោកជាប់ពន្ធនាគាររយៈពេល ១៥ ខែ និង ១១ ថ្ងៃនៃពន្ធនាគារសរុបចំនួន ២៤ ខែ។ ទោសដែលនៅសល់ត្រូវបានព្យួរ៕
វេទិកាបញ្ចេញមតិ