ខណៈការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ខិតជិតមកដល់ គណបក្សនយោបាយធំៗកំពុងបញ្ជ្រាបសារនយោបាយរបស់ខ្លួនដើម្បីទាក់ទាញសំឡេងគាំទ្រពីអ្នកបោះឆ្នោត។ ក្នុងនោះគេសង្កេតឃើញថា គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តោតសារសំខាន់លើការរក្សាសន្តិភាព។
កាលពីថ្ងៃទី៩ ខែមីនា ក្នុងវេទិកាសាធារណៈនៃពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តស្នើឱ្យប្រជាពលរដ្ឋរួបរួមគ្នារក្សាសន្តិភាពនេះឱ្យបាន«ទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីការអភិវឌ្ឍប្រទេសជាតិ»។
លោកហ៊ុន សែនថ្លែងថា៖ «ខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះថា យើងនៅតែបន្តផ្តល់អាទិភាពទៅលើកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពក្នុងប្រទេសយើង។ យើងមិនខ្វល់ថា មានអ្វីកើតឡើងនោះទេ។ អ្នកណាក៏ដោយដែលមានបំណង ឬធ្វើសកម្មភាពដើម្បីបំផ្លាញសន្តិភាពនៅក្នុងប្រទេសរបស់យើង យើងមិនញញើតជាមួយការប្រើគ្រប់មធ្យោបាយ និងវិធានការទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សានូវសន្តិភាព ធានាដល់ការអភិវឌ្ឍប្រទេសរបស់យើង»។
សម្រាប់លោក ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជារយៈពេលជាង៣ទសវត្សរ៍មកនេះ បើគ្មានសន្តិភាពក៏គ្មានអ្វីៗទាំងអស់។
លោកថ្លែងថា៖ «សន្តិភាពត្រូវដើរមុនអ្វីៗទាំងអស់។ បើគ្មានសន្តិភាព សូមកុំនិយាយដល់ប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស។ យើងត្រូវគិតទៅដល់សិទ្ធិរស់រានមានជីវិតជាមុន»។
ហើយជំហររក្សាសន្តិភាពដ៏ម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សដឹកនាំប្រទេសក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈពាក្យ«អរគុណសន្តិភាព» ដែលត្រូវបានឆ្លាក់និងសរសេរនៅស្លាកនិងបដាដាក់នៅតាមសាលារៀន មណ្ឌលសុខភាព មូលដ្ឋានកងរាជអាវុធហត្ថ និងសាលាក្រុងនានានៅទូទាំងប្រទេស បន្ទាប់ពីលោក ហ៊ុន សែន បានប្រើពាក្យនេះជាលើកដំបូងនៅក្នុងសារជូនដល់ប្រជាជនកម្ពុជាក្នុងឱកាសចូលឆ្នាំថ្មី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
គិតចាប់តាំងឆ្នាំ១៩៩៨មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមិនមានសង្គ្រាមឡើយ ស្របពេលការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមបាននិងកំពុងដំណើរការទៅមុខ ដោយគេឃើញផលិតផលសរុបក្នុងស្រុកប្រចាំឆ្នាំរបស់មនុស្សម្នាក់បានកើនឡើងជាបន្តបន្ទាប់។ បើយោងតាមធនាគារពិភពលោក (World Bank) ផលិតផលសរុបក្នុងស្រុករបស់មនុស្សម្នាក់នៅកម្ពុជាបានកើនពីប្រមាណ២៦៨ដុល្លារក្នុងឆ្នាំ១៩៩៨ដល់ប្រមាណ ១.៦២៥ដុល្លារក្នុងឆ្នាំ២០២១។
នៅឆ្នាំ២០២២ ផលិតផលសរុបក្នុងស្រុកសរុបប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗមានចំនួន១.៧៨៥ដុល្លារអាមេរិក។ នេះបើតាមសៀវភៅថវិកាសង្ខេបឆ្នាំ២០២៣របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកគាំទ្រការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរក្សាសន្តិភាពឱ្យបានសម្រាប់ប្រទេសជាតិ។ ប៉ុន្តែលោកបញ្ជាក់ថា គណបក្សភ្លើងទៀនយល់ថា សន្តិភាពត្រូវតែមានសន្តិភាពទាំងផ្លូវកាយ បូករួមយុត្តិធម៌សង្គម និងការអាណិតស្រឡាញ់ដល់ពលរដ្ឋគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ដោយគ្មានការរើសអើង។
លោកថ្លែងថា៖ «បើមានតែសន្តិភាពមួយមុខគត់ វាគ្មានក្តីស្រឡាញ់ គ្មានការលើកតម្កើងយុត្តិធម៌ក្នុងសង្គម គ្មានការបែងចែកឱ្យបានត្រឹមត្រូវក្នុងសង្គមសម្រាប់ប្រជាពលរដ្ឋទូទៅ អាហ្នឹងក៏វាពិបាកផងដែរក្នុងការធ្វើឱ្យសង្គមមានការអភិវឌ្ឍ រីកចម្រើន»។
ចំណែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ក៏យល់ស្របថា ការរក្សាសន្តិភាពក្នុងប្រទេសជាតិមានសារៈសំខាន់។ អ្នកស្រីក៏បានលើកឡើងបន្ថែមថា សន្តិភាពមិនមែនសំដៅតែលើតែអវត្តមាននៃសង្គ្រាមតែមួយមុខនោះទេ ពីព្រោះសន្តិភាពពេញលេញត្រូវតែគិតទៅដល់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទើបធ្វើឱ្យសន្តិភាពអាចរក្សាបានគង់វង្សយូរអង្វែង។
អ្នកស្រីក៏បានបកស្រាយទៀតថា ប្រសិនបើប្រជាពលរដ្ឋរងនូវអំពើអយុត្តិធម៌សង្គម រងការរឹតត្បិតសិទ្ធិសេរីភាពដែលមិនអាចបញ្ចេញមកក្រៅបាន ឬមាន«វប្បធម៌និទណ្ឌភាពក្នុងសង្គម» ដែលបញ្ហាទាំងអស់មិនបានដោះស្រាយឱ្យមានយុត្តិធម៌ទេនោះ ពេលណាមួយវានឹង«វិវត្តក្លាយទៅជាហិង្សាលក្ខណៈប្រព័ន្ធ» ដែលបង្កជាហានិភ័យ និងសង្គ្រាមផងដែរ។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «អ៊ីចឹងការដែលមានហិង្សាលក្ខណៈប្រព័ន្ធយូរទៅៗ វាបង្កជាទំទាស់ ហើយនឹងក្លាយទៅជាសង្គ្រាមហើយ។ អ៊ីចឹងបើយើងយល់ថា គ្រាន់តែអវត្តមានសង្គ្រាមគ្រប់គ្រាន់ ហើយយើងព្រលែងនូវការធានានូវយុត្តិធម៌ ធានានូវគោលការណ៍សិទ្ធិមនុស្ស អាហ្នឹងយើងស្ថិតនៅក្នុងរបត់មួយដែលហានិភ័យដែលនឹងអាចទាញឱ្យប្រទេសធ្លាក់ចូលសង្គ្រាមវិញដដែល»។
បន្ថែមលើនេះ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ក៏ប្រាប់វីអូអេនៅថ្ងៃសុក្រនេះដែរថា សន្តិភាពគឺត្រូវគិតផងដែរនូវសន្តិភាពផ្លូវចិត្ត និងរដ្ឋធម្មនុញ្ញកម្ពុជា ដែលមានចែងយ៉ាងច្បាស់ទាក់ទងប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ ទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិនយោបាយជាដើមនោះ។
លោកថ្លែងថា៖ «បើសិនជាផ្លូវចិត្តអត់មានសន្តិភាព អត់គោរពទៅតាមគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ អាហ្នឹងសន្តិភាពអត់បានពេញលេញទេ។ អ៊ីចឹងរឿងអនុវត្តទៅតាមគោលការណ៍ តាមរដ្ឋធម្មនុញ្ញនេះគឺវាអាចមានបញ្ហាចន្លោះប្រហោង ហើយបើសិនជាអត់បានអនុវត្តឱ្យបានពេញលេញទៅតាមគោលការណ៍ក្នុងរដ្ឋធម្មនុញ្ញ»។
មាត្រា១នៃរដ្ឋធម្មនុញ្ញចែងថា ប្រទេសកម្ពុជាជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹតអចិន្ត្រៃយ៍មិនចូលបក្ខសម្ព័ន្ធ។
ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ សហគមន៍អន្តរជាតិនិងប្រទេសមហាអំណាចមួយចំនួនបានរិះគន់ជាបន្តបន្ទាប់ថា បញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះ។ ប្រតិកម្មទាំងអស់នេះបានកើតឡើង បន្ទាប់ពីក្រសួងព័ត៌មានបានលុបអាជ្ញាបណ្ណសារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី និងក្រោយការប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឱ្យជាប់ទោស២៧ឆ្នាំទាក់ទងបទ«ក្បត់ជាតិ» និងការចាប់សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយដាក់ពន្ធនាគារកាលពីពេលកន្លងមក។
យ៉ាងណាមិញ គណបក្សប្រជាជនកម្ពុជាបានអះអាងថា ការរិះគន់លើរដ្ឋាភិបាលកម្ពុជាដោយផ្អែកលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសពីសំណាក់គណបក្សប្រឆាំងនោះ ជាទង្វើដែលកើតចេញពីការ«ច្រណែនឈ្នានីស»។ នេះបើតាមការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរថា សារអំពាវនាវឱ្យមានការរក្សាសន្តិភាពនេះមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាតែមួយទេ។
អ្នកនយោបាយជើងចាស់នៃគណបក្សកាន់អំណាចរូបនេះបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបានខិតខំលះបង់ធំធេង ដោយធ្វើឱ្យកម្ពុជាលែងមានសង្គ្រាមចាប់តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ។ ដូច្នេះគណបក្សប្រជាជនកម្ពុជាក៏មិនអាចបោះបង់ ឬឱ្យអ្នកណាបំផ្លាញសន្តិភាពដោយងាយនោះទេ។
លោកថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាបានលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពឱ្យបាន។ ហើយជាក់ស្តែងយើងស្វែងរកបានហើយនៅចុងឆ្នាំ១៩៩៨នេះ។ អ៊ីចឹងទេ យើងមិនអាចទុកបណ្តែតបណ្តោយឱកាសឱ្យក្រុមជនទុច្ចរិតឬមួយក្រុមជនប្រឆាំងណាបំផ្លិចបំផ្លាញសន្តិភាពបានទេ»។
ដោយឡែក លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកយល់ស្របនឹងការលើកឡើងរបស់រដ្ឋាភិបាល ដែលថា សន្តិភាពគឺជាអ្វីដែលប្រទេសជាតិនីមួយៗក្នុងពិភពលោកប្រាថ្នាចង់បាននិងថែរក្សា។ ប៉ុន្តែលោកថា សន្តិភាពមិនអាចខ្វះបាននោះទេនូវប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែល«អាចរាយការណ៍ព័ត៌មានពិតក្នុងសង្គម បូករួមបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ និងភាពអសកម្មរបស់មន្ត្រីខិលខូចមួយចំនួនដើម្បីឱ្យថ្នាក់ដឹកនាំ និងអ្នកធ្វើគោលនយោបាយដឹងឮ និងដោះស្រាយឱ្យបានទាន់ពេលវេលា»។
ជាមួយគ្នានោះ លោក ណុប វី ក៏បានស្នើទៅរដ្ឋាភិបាលបើកចិត្តឱ្យទូលាយពាក់ព័ន្ធសេរីភាពសារព័ត៌មានឯករាជ្យដើម្បីអាចឱ្យអ្នកសារព័ត៌មានរាយការណ៍ព័ត៌មានដែលកើតឡើងក្នុងសង្គម។
លោកថ្លែងថា៖ «បើទោះបីជារឿងរ៉ាងទាំងអស់ វាទាក់ទងរឿងវិជ្ជមានរបស់រដ្ឋាភិបាល [ឬ]អវិជ្ជមាន គួរតែផ្តល់ឱ្យកាសដល់ពួកគាត់ [សារព័ត៌មានឯករាជ្យ] ដើម្បីឱ្យពួកគាត់បានបង្ហាញនូវរឿងរ៉ាវទាំងអស់ហ្នឹង ពីព្រោះថា បើសិនជារឿងរ៉ាវទាំងអស់មិនត្រូវបានលើកយកមកបង្ហាញ មិនត្រូវបានទទួលការដោះស្រាយទេ ដូច្នេះមានន័យថាយើងនឹងមិនអាចធានាបាននូវស្ថិរភាពសង្គម ឬមួយសន្តិភាពនៅក្នុងសង្គមរបស់យើងបានយូរអង្វែងទេ»។
សម្រាប់ពលរដ្ឋដែលកំពុងរងគ្រោះវិវាទដីធ្លីវិញ សន្តិភាពផ្លូវចិត្តមានសារៈសំខាន់ខ្លាំង ជាពិសេសពាក់ព័ន្ធនឹងអំពើយុត្តិធម៌ក្នុងសង្គម។ អ្នកស្រី ប្រាក់ សុភា ពលរដ្ឋម្នាក់នៃ សហគមន៍សំរោងត្បូង ដែលនៅជាប់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យល់ថា បច្ចុប្បន្ននេះសន្តិភាពមានតែឈ្មោះនោះទេ ដោយហេតុថា សន្តិភាពផ្លូវចិត្តរបស់ពលរដ្ឋរងគ្រោះដីធ្លីគឺមិនមាននោះទេ ព្រោះពលរដ្ឋទឹកភ្នែករាល់ថ្ងៃដោយសារមិនទទួលបានយុត្តិធម៌។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ក្នុងនាមខ្ញុំជាជនរងគ្រោះនៅក្នុងសហគមន៍សំរោងត្បូងគឺនាងខ្ញុំ រាល់ថ្ងៃនេះ គឺមានសម្ពាធផ្លូវចិត្ត ជួបវិបត្តិសេដ្ឋកិច្ច ហើយប្រឈមនឹងការរំលោភបំពានពីអាជ្ញាធរនូវការដាក់ដីការំលោភលើសិទ្ធិពលរដ្ឋ។ អ៊ីចឹងពួកយើងមានការសោកស្តាយដែរ មានតែសន្តិភាព ប៉ុន្តែខ្វះយុត្តិធម៌ក្នុងសង្គម»។
អ្នកស្រីលើកឡើងថា បើប្រទេសជាតិមានសន្តិភាព ហើយបូករួមនឹងការទទួលបានយុត្តិធម៌សង្គមមួយទៀត នោះកាន់តែធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរឡើង និងមានទំនុកចិត្ត និងមានសន្តិភាពផ្លូវចិត្តមួយកម្រិតទៀត៕