ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​«ការស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា»​ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ


រូប​ឯកសារ៖ អ្នកស្រី ​Sue Coffey ​អ្នក​និពន្ធ​សៀវភៅ «ការស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖ អ្នកការពារ​សិទ្ធិមនុស្ស​បកស្រាយ» ថ្លែង​ក្នុង​អំឡុង​បាន​ចេញ​ផ្សាយ​សៀវភៅ​នេះ​ដំបូង​ជា​ភាសា​អង់គ្លេស​កាល​ពី​ឆ្នាំ​២០១៨ នៅ​ទី​ក្រុង Melbourne ប្រទេស​អូស្ត្រាលី។ (រូបថត​ផ្តល់​ឱ្យ)
រូប​ឯកសារ៖ អ្នកស្រី ​Sue Coffey ​អ្នក​និពន្ធ​សៀវភៅ «ការស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖ អ្នកការពារ​សិទ្ធិមនុស្ស​បកស្រាយ» ថ្លែង​ក្នុង​អំឡុង​បាន​ចេញ​ផ្សាយ​សៀវភៅ​នេះ​ដំបូង​ជា​ភាសា​អង់គ្លេស​កាល​ពី​ឆ្នាំ​២០១៨ នៅ​ទី​ក្រុង Melbourne ប្រទេស​អូស្ត្រាលី។ (រូបថត​ផ្តល់​ឱ្យ)

សៀវភៅមួយ​ដែល​ចងក្រង​ពី​ប្រវត្តិ​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស​នៅ​កម្ពុជាបាន​ចេញផ្សាយ​ជា​ភាសា​ខ្មែរ​កាលពី​ចុងខែ​មករា​ដើម្បី​ជំរុញ​ដល់​ពលរដ្ឋ​កម្ពុជា​ស្រករ​ក្រោយ​ឲ្យ​ចាប់​អារម្មណ៍​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​និង​រៀនសូត្រ​ពី​សកម្មជន​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ក្នុង​ពេល​កន្លង​មក។​

សៀវភៅ​ដែល​មាន​ចំណងជើង​ថា​«ការស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖ អ្នកការពារ​សិទ្ធិមនុស្ស​បកស្រាយ»​ បង្ហាញ​ពី​សកម្មភាព​តស៊ូ​មតិ​និង​លើក​កម្ពស់​សិទ្ធិមនុស្ស​របស់​សកម្មជន​សិទ្ធិមនុស្ស​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន​ដ៏​ឆ្នើម​ជាច្រើន​ទាំង​ជើងចាស់​និង​អ្នក​ដែល​បន្ត​តំណែង​ក្នុង​នោះ​មាន​លោកស្រី ​ពុង ឈីវកេក ​នៃ​អង្គការ​លីកាដូ ​លោក​ គល់ បញ្ញា​ នៃ​អង្គការ​ខុមហ្វ្រែល ​លោក ធន សារាយ​ នៃ​អង្គការ​អាដហុក ​លោកស្រី ​ចក់ សុភាព​ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និង​លោកស្រី​ទេព វន្នី​ ជា​ជនរងគ្រោះ​ដោយ​ការរំលោភ​ដីធ្លី​ដែល​បាន​ប្រែក្លាយ​ជា​សកម្មជន​មូលដ្ឋាន​ជាដើម។​

អ្នកស្រី​ Sue Coffey (ស៊ូ ខូហ្វហ្វី) ដែល​ជា​អ្នកស្រាវជ្រាវ​និង​ចងក្រង​សៀវភៅ​នេះ​ថ្លែង​ថា​ សកម្មជន​ទាំងនេះបាន​តស៊ូ​ដោយ​មិន​«ខ្លាច​នឿយ​ហត់​និង​ដោយ​មាន​ការ​ជឿ​ជាក់ខ្ពស់»​ ដើម្បី​ទទួល​បាន​យុត្តិធម៌​និង​សិទ្ធិ​មនុស្ស​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់ក្នុង​ខណៈ​ពេល​ដែល​ការងារ​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​វាយ​តម្លៃ​ថា​មាន​ការ​លំបាក​ជា​ខ្លាំង។

អ្នកស្រី​ ស៊ូ ខូហ្វហ្វី បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសា​កាលពី​សប្ដាហ៍​មុន​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បង្កើន​ការ​យល់ដឹង​របស់​ប្រជាជន​កម្ពុជា​អំពី​សិទ្ធិមនុស្ស​ ហើយ​ពួកគេ​ត្រូវតែ​តស៊ូ​ឲ្យ​បាន។ អ្នកក្លាហាន​ទាំងនេះ​បាន​ដឹកនាំ​ផ្លូវ។ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​បាន​ដឹង និង​យល់​ពី​ការ​រួម​ចំណែក​របស់​ពួកគេ។ នេះ​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ»។

​សៀវភៅ​នេះ​បាន​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ​និង​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​នៅ​ពេល​នេះ។ ​ឯកសារ​ជាភាសា​ខ្មែរ​នេះ​គឺ​អនុញ្ញាត​ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​ទូទៅ​ដោនឡូត​យក​ពី​គេហទំព័រ​បាន​ដោយ​មិន​គិត​ថ្លៃ។​ គោលដៅ​សំខាន់ៗ​នៅ​ពេល​នេះ​គឺ​សំដៅ​លើ អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា ​បុគ្គលិក​សិទ្ធិមនុស្ស​ អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត​ក្នុង​អង្គការ​ធំៗ ​អ្នកនយោបាយ​គ្រប់ភាគី​ និង​ជាទូទៅ​គឺ​ប្រជាជន​កម្ពុជា​ ជាពិសេស​យុវជន​ជំនាន់​ក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ស៊ូ ខូហ្វហ្វី។

ចុច​ស្តាប់​បទ​សម្ភាសន៍​វីអូអ​ជាមួយ​អ្នកស្រី​ ស៊ូ ខូហ្វហ្វី កាល​ពី​ឆ្នាំ ២០១៨៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​ ស៊ូ ខូហ្វហ្វី​ បាន​ថ្លែង​នៅ​ក្នុង​ពេល​ចេញផ្សាយ​សៀវភៅ​នេះ​ជា​ភាសាខ្មែរ​កាលពី​ថ្ងៃសៅរ៍​ទី​២៨ ​ខែ​មករា ​តាម​វេទិកា​អនឡាញ​ថា៖«ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​សៀវភៅ​នេះ​គឺជា​ការ​បំផុស​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​បន្ត​ដំណើរ​ទៅ​មុខ​បាន។ បញ្ហា​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​អាក្រក់​ហើយ​កាន់តែ​អាក្រក់​ជាង​មុន​បើ​ធៀប​នឹង​ពេល​ដែល​ខ្ញុំ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤។ យើង​ជិត​ឈាន​ដល់​ពេល​បោះឆ្នោត​មួយ​ទៀត​ហើយ​និង​ច្បាស់​ណាស់​ថា​ការ​បំភិត​បំភ័យ​បាន​កើន​ឡើង​ជាស្រេច»។​

បន្ទាប់​ពី​សៀវភៅ​ជា​ភាសា​អង់គ្លេស​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ចុង​ឆ្នាំ​២០១៨​មក​ មាន​ប្រតិកម្ម​វិជ្ជមាន​ជាច្រើន​ពី​អ្នក​ដែល​បាន​អានដោយសារ​តែ​លក្ខណៈ​ពិសេស​របស់​សៀវភៅ​នេះ​និង​សកម្មភាព​ប្រកបដោយ​ការ​ជំរុញ​ចិត្ត​របស់​សកម្មជន​ទាំងនោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ Sue Coffey។

អ្នកស្រី​បានបន្ថែមថា៖ «មាន​មនុស្ស​ជាច្រើន​បាន​ឆ្លើយតប​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ផ្ទាល់ខ្លួន​របស់​អ្នកកែ​ទម្រង់​សិទ្ធិមនុស្ស​ទាំងនេះ​ ទាំង​ចាស់ ​និង​ក្មេង។ មនុស្ស​ជំនាន់​មុន​ជាច្រើន​នាក់​បាន​ចូល​បំពេញ​ការងារ​សិទ្ធិមនុស្ស​ ដោយសារ​បទ​ពិសោធន៍​ដ៏​អាក្រក់​របស់​ពួកគេ​នៅ​ក្រោម​របប​ខ្មែរក្រហម។ សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ ពួកគេ​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​ ដូច​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​និង​ជា​ការណ៍ពិត​គឺ​មាន​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា»។

រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។
រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។


អ្នកស្រី​ ស៊ូ ខូហ្វហ្វី បាន​សម្រេច​ចិត្ត​ចង​ក្រង​សៀវភៅ​នេះ​បន្ទាប់​ពី​បាន​ចំណាយ​ពេល​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​រដ្ឋាភិបាល​អូស្ត្រាលី​។ អ្នកស្រីមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​គាត់​បាន​ឃើញ​នៅ​ពេល​នោះ​គឺ​កង្វះ​តម្លាភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​រដ្ឋាភិបាល​ ការ​បំផ្លាញ​ព្រៃឈើ​ដ៏​រាលដាល​ ការ​បណ្តេញពលរដ្ឋ​ចេញ​ពី​ដី​ដោយ​បង្ខំ​ដើម្បី​យក​ទៅ​សាង​សង់​ទំនប់​វារី​អគ្គិសនី​និង​ការ​គំរាមកំហែង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជាដើម។

ប្រទេស​កម្ពុជា​បាន​បោះឆ្នោត​ឆ្នាំ​១៩៩៣​ ដែល​នាំ​ឲ្យ​មាន​ការអនុញ្ញាត​ឲ្យ​អនុវត្ត​គោល​នយោបាយ​សេរី​និយម​ពហុបក្ស​និង​ការ​គោរព​សិទ្ធិមនុស្ស។​ ប៉ុន្តែ​ការអនុវត្ត​មិន​បាន​ល្អ​ទេ​ ជាពិសេស​ចាប់​ពី​ឆ្នាំ​២០១៧​មក​ដោយសារ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​និង​តាម​ធ្វើ​ទុក្ខបុកម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស។ សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ក៏​បាន​ចូល​និវត្តន៍​ជា​បន្ត​បន្ទាប់​និង​អ្នកខ្លះ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការធ្វើបាប​ពី​រដ្ឋាភិបាល​កម្ពុជា។​

អ្នកស្រី​ស៊ូ ខូហ្វហ្វី​យល់ថា​ ប្រសិន​បើ​រឿង​រ៉ាវ​របស់​បុគ្គល​សំខាន់ៗ​ទាំង​នេះ​មិន​ត្រូវ​បាន​កត់ត្រា​ទុក​ទេ​ នោះ​មនុស្ស​ជំនាន់​ក្រោយ​នឹង​មិន​បាន​ដឹងឡើយ។​ ប៉ុន្តែ​រឿង​នេះ​មិន​មែន​គ្រាន់​តែ​ជា​រឿង​របស់​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ឡើយ។​ មេរៀន​ទាំង​នេះ​ក៏​អាច​អនុវត្ត​ចំពោះ​ប្រទេស​ជា​ច្រើន​ទៀត​ដែល​កំពុង​តស៊ូ​ដើម្បី​ទទួល​បាន​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG