ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាថ៌កំបាំង​នៃ​ជំងឺ​រាតត្បាត៖ អ្នកវិទ្យាសាស្ត្រ​ផ្តោត​លើ​សត្វ​ដែល​ជា​ប្រភព​បង្ក​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ សមាជិក​នៃ​ក្រុម​អង្គការ​សុខភាព​ពិភពលោក ត្រូវបាន​គេ​មើល​ឃើញ​តាម​បង្អួច ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សត្វ Hubei នៅ​ក្នុង​ទីក្រុង Wuhan ក្នុង​ខេត្ត Hubei នៅ​ភាគកណ្តាល​ប្រទេស​ចិន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ សមាជិក​នៃ​ក្រុម​អង្គការ​សុខភាព​ពិភពលោក ត្រូវបាន​គេ​មើល​ឃើញ​តាម​បង្អួច ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សត្វ Hubei នៅ​ក្នុង​ទីក្រុង Wuhan ក្នុង​ខេត្ត Hubei នៅ​ភាគកណ្តាល​ប្រទេស​ចិន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

ការរាតត្បាត​ជំងឺ​កូវីដ១៩​ បាន​កើត​ឡើង​ជាង​ពីរ​ឆ្នាំ​ហើយ​ ប៉ុន្តែ​ប្រភព​នៃ​វីរុស​ដ៏​កាចសាហាវ​ក្នុង​ពិភពលោក​នេះ​ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។​

អ្នក​វិទ្យាសាស្ត្រ​ភាគច្រើន​ជឿ​ថា វីរុស​នេះ​កើត​ចេញ​ពី​សត្វ​ព្រៃ និង​ឆ្លង​ពី​សត្វ​ប្រចៀវ​ទៅ​មនុស្ស​ដោយ​ផ្ទាល់ ឬ​តាមរយៈ​សត្វ​ផ្សេង​ទៀត។ អ្នកវិទ្យាសាស្ត្រ​ខ្លះ​ទៀត​ថា ​វីរុស​នេះ ​លេច​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍​របស់​ចិន។

ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​សាកលលោក​មាន​ច្រើន​ជាង ៥,៤ លាន​នាក់​នៅ​ក្នុង​ឆ្នាំទី២​ បន្ទាប់​ពី​វា​បាន​ឆ្លង​មក​មនុស្ស អ្នក​វិទ្យាសាស្ត្រ​កាន់​តែ​ច្រើន​កំពុង​ព្យាយាម​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ថា ជា​ទ្រឹស្តី​ «នៃ​ការចម្លង​ពី​សត្វ​មក​មនុស្ស» ដែល​ទំនង​កាន់តែ​ខ្លាំង ​ដោយ​សង្ឃឹម​ថា ​អ្វី​ដែល​បាន​រៀនសូត្រ​នេះ​ នឹង​ជួយ​មនុស្ស​ការពារ​ការចម្លង​វីរុស​ថ្មី និង​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី។

លោក Stephen Goldstein ​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ ​Utah ​បាន​ថ្លែង​ថា​«ទ្រឹស្តី​ដែល​ថា​ វីរុស​នេះ ​លេច​ចេញ​ពី​មន្ទីរ​ពិសោធន៍​កាន់តែ​ទទួលបាន​ចំណាប់​អារម្មណ៍​កាន់តែច្រើន​ ជាពិសេស​នៅ​តាម​ធ្វីតថឺ។ ប៉ុន្តែ​គ្មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា​វីរុស​នេះ​ ចេញ​មកពី​មន្ទីរ​ពិសោធន៍​ទេ»។ លោក Stephen Goldstein​ បាន​សរសេរ​អត្ថបទ​មួយ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​២០​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ព្រឹត្តិបត្រ Cell ក្នុង​ខែសីហា​ដែល​បង្ហាញ​ភស្តុតាង​ថា​ វីរុស​នេះ​ មាន​ប្រភព​មក​ពី​សត្វ។

លោក Michael Worobey ​អ្នកជីវវិទ្យា​ផ្នែក​ភាវៈរស់​នៅ​សាកលវិទ្យាល័យ Arizona ដែល​បាន​រួម​ចំណែក​ក្នុង​អត្ថបទ​នោះ​ដែរ​បាន​ថ្លែង​ថា លោក​តែងតែ​គិត​ថា ការចម្លង​ពី​សត្វ​មក​មនុស្ស​មាន​ភាព​សមហេតុផល​ជាង​ការលេចធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍ ប៉ុន្តែ​លោក​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​ផ្សេង​ទៀត​កាលពី​រដូវ​ផ្កា​រីក​ឆ្នាំ​មុន​ថា ទ្រឹស្ត្រី​ទាំង​ពីរ​នេះ​ អាច​ទៅ​រួច។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​ថា ការស្រាវជ្រាវ​របស់​លោក ​និង​របស់​អ្នក​វិទ្យាសាស្ត្រ​ផ្សេង​ធ្វើ​ឱ្យ​លោក​កាន់​តែ​ជឿជាក់​លើ​សម្មតិកម្ម​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស និង​ថា​ ទ្រឹស្ត្រី​នេះ «មាន​ទិន្នន័យ​គាំទ្រ​ច្រើន​ជាង​ឆ្ងាយ»។​

នៅ​ខែវិច្ឆិកា លោក Worobey បាន​ចេញ​ផ្សាយ​តារាង​ពេលវេលា​នៃ​ជំងឺ​កូវីដ១៩​ដែល​ជាប់​ទាក់ទង​នឹង​ករណី​ឆ្លង​លើ​មនុស្ស​ជា​លើក​ដំបូង​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​បោះដុំ​ឈ្មោះ Huanan នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ដែល​នៅ​ទីនោះ​គេ​លក់​សត្វ​នៅ​រស់។

លោក​បាន​ថ្លែង​ថា៖ «ការ​លេច​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍​ស្ទើរ​តែ​ជា​ការ​ភាន់ច្រឡំ​ដ៏​ធំ​មួយ​ ដែល​ធ្វើ​ឱ្យ​ការ​ផ្តោត​អារម្មណ៍​ចាក​ឆ្ងាយ​ពី​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង»។

អ្នក​វិទ្យាសាស្ត្រ​ផ្សេង​ទៀត ​មិន​ទាន់​ច្បាស់លាស់​នោះ​ទេ។ ក្នុង​រដូវ​ក្តៅ​នេះ ​ការត្រួតពិនិត្យ​មួយ​ដែល​បញ្ជា​ដោយ​លោក​ប្រធានាធិបតី Joe Biden បង្ហាញ​ថា ​ទីភ្នាក់ងារ​ស៊ើបការណ៍​សហរដ្ឋ​អាមេរិក​ ជឿជាក់​ដោយ​មាន​ទំនុក​ចិត្ត​តិចតួច​ថា ​កាលពី​ដំបូង​ឡើយ​វីរុស​នេះ ​ត្រូវ​បាន​ចម្លង​ពី​សត្វ​មក​មនុស្ស ហើយ​ទីភ្នាក់ងារ​មួយ​ជឿជាក់​ដោយ​មាន​ទំនុក​ចិត្ត​មធ្យម​ថា ​ការឆ្លង​ដំបូង​ជាប់​ពាក់ព័ន្ធ​នឹង​មន្ទីរ​ពិសោធន៍។​

អ្នក​គាំទ្រ​សម្មតិកម្ម​លេច​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍​មួយ​ចំនួន​បាន​និយាយ​ថា អ្នក​ស្រាវជ្រាវ​ធ្វើ​ឱ្យ​សាយភាយ​វីរុស​នេះ​ដោយ​ចៃដន្យ​ដោយសារ​តែ​មិន​មាន​នីតិវិធី​សុវត្ថិភាព​គ្រប់គ្រាន់​នៅ​ពេល​ធ្វើការ​ជាមួយ​នឹង​សំណាក​ដែល​យក​ចេញ​ពី​សត្វព្រៃ ​ឬ​ប្រហែល​បន្ទាប់ពី​បង្កើត​វីរុស​មួយ​នៅ​ក្នុង​បន្ទប់​ពិសោធន៍។ មន្ត្រី​ស៊ើបការណ៍​សហរដ្ឋអាមេរិក​ បាន​បដិសេធ​ការសង្ស័យ​ថា ចិន​បាន​បង្កើត​វីរុស​នេះ​ឡើង​ដើម្បី​ធ្វើ​ជា​អាវុធ​ជីវសាស្ត្រ។​

ការស្វែងរក​ចម្លើយ​ដែល​កំពុង​បន្ត​នេះ​ បាន​ដុត​ឱ្យ​មាន​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន ដែល​បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​ បាន​ឱ្យ​ខ្លួន​រង​ថ្ម​បាក់​ចំពោះ​គ្រោះ​មហន្តរាយ​នេះ។ អ្នក​ជំនាញ​មួយ​ចំនួន​បារម្ភ​ថា ​ប្រភព​នៃ​ការរាតត្បាត​នេះ​ នឹង​មិន​ត្រូវ​បាន​រកឃើញ​នោះ​ទេ។

ការ​ចម្លង​ពី​សត្វ​ប្រចៀវ​ទៅ​មនុស្ស​

អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិបត្រ ​Cell​ ថា​ ​វីរុស​ SARS-CoV-2 ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ១៩​នេះ​ គឺ​ជា​វីរុស​កូរ៉ូណា​ដែល​ត្រូវ​បាន​គេ​កត់ត្រា​ជា​លើក​ទី៩​ ដែល​ចម្លង​ទៅ​មនុស្ស។ វីរុស​ពី​មុនៗ​ទាំង​អស់ ​មាន​ប្រភព​មក​ពី​សត្វ។

នេះ ​រួម​បញ្ចូល​ទាំង​វីរុស​ដែល​បង្ក​ឱ្យ​មាន​ការរាតត្បាត​ជំងឺ​ SARS ​នៅ​ក្នុង​ឆ្នាំ២០០៣​ផង​ដែរ ​ហើយ​វា​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផ្សារ​លក់​សត្វ​នៅ​រស់​នៅ​ប្រទេស​ចិន​ផង​ដែរ។

អ្នក​ស្រាវជ្រាវ​ជាច្រើន​ជឿ​ថា សត្វ​ព្រៃ​ គឺ​ជា​ភ្នាក់ងារ​ចម្លង​វីរុស SARS-CoV-2 ដែល​មាន​ន័យ​ថា សត្វ​ទាំង​នោះ​ ឆ្លង​វីរុស​កូរ៉ូណា​ពី​សត្វ​ប្រចៀវ​ដែល​ក្រោយ​មក​ទៀត ​បាន​បំប្លែង​ខ្លួន។ អ្នក​វិទ្យាសាស្ត្រ​ កំពុង​ស្វែងរក​វីរុស​កូរ៉ូណា​ពី​សត្វ​ប្រចៀវ​ពិត​ប្រាកដ​ដែល​ជាប់​ពាក់ព័ន្ធ ហើយ​នៅ​ក្នុង​ខែកញ្ញា​ បាន​រកឃើញ​វីរុស​នៅ​ក្នុង​សត្វ​ប្រចៀវ​ចំនួន ៣ ប្រភេទ​នៅ​ក្នុង​ប្រទេស​ឡាវ​ដែល​ស្រដៀង​នឹង​វីរុស SARS-CoV-2 ជាង​វីរុស​ផ្សេងៗ​ទៀត។

លោក Worobey សង្ស័យ​ថា សត្វ​ឆ្កែសំពោច​ ជា​ភ្នាក់ងារ​ចម្លង។ លោក​ថ្លែង​ថា ថនិកសត្វ​ស្រដៀង​ទៅ​នឹង​សត្វ​កញ្រ្ជោង​នេះ​ ងាយ​ឆ្លង​វីរុស​កូរ៉ូណា​ខ្លាំង និង​ត្រូវ​បាន​គេ​ដាក់​លក់​ទាំង​រស់​នៅ​ផ្សារ Huanan។

លោក Goldstein បាន​ថ្លែង​ថា «ភស្តុតាង​ដែល​មាន​លក្ខណៈ​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ខ្លាំង​សម្រាប់​ប្រភព​វីរុស​ចេញ​ពី​សត្វ» គឺ​ថា​ សត្វ​ដែល​ឆ្លង​វីរុស​នេះ​ មាន​វត្តមាន​នៅ​ទីនោះ។ លោក​បន្ថែម​ថា «ប៉ុន្តែ​តាម​អ្វី​ដែល​យើង​ដឹង ផ្សារ​នោះ​ ត្រូវ​បាន​សម្អាត​ហើយ»។ នៅ​ដើមឆ្នាំ២០២១ អង្គការ​សុខភាព​ពិភពលោក និង​ប្រទេស​ចិន​ បាន​ចេញ​របាយការណ៍​រួម​គ្នា​មួយ​ដោយ​បាន​ចាត់​ទុក​ថា ​ការចម្លង​វីរុស​ពី​សត្វ​ប្រចៀវ​ទៅ​មនុស្ស​តាមរយៈ​សត្វ​មួយ​ផ្សេង​ទៀត ​គឺ​ជា​សេណារីយ៉ូ​ដែល​ទំនង​បំផុត ហើយ​ការ​លេចធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍ «គឺ​មិន​ទំនង​ទាល់​តែ​សោះ»។

ប៉ុន្តែ​របាយការណ៍​នោះ​ ក៏​បាន​បង្ហាញ​ពី​មន្ទិល​សង្ស័យ​ពី​ករណី​ជំងឺ​កូវីដ១៩​ដែល​ត្រូវ​បាន​គេ​ដឹង​ជា​លើក​ដំបូង​លើ​គណនេយ្យករ​ម្នាក់​ដែល​មិន​មាន​ទំនាក់ទំនង​នឹង​ផ្សារ Huanan និង​បាន​ចេញ​រោគសញ្ញា​នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩។ លោក Worobey អ្នក​គាំទ្រ​ទ្រឹស្ត្រី​នៃ​ការលេចធ្លាយ​ពី​មន្ទីរ​ពិសោធន៍​លើក​ពី​ចំណុច​ក្នុង​ការអះអាង​ថា វីរុស​នេះ​ លេចធ្លាយ​ចេញ​ពី​បរិវេណ​មន្ទីរ​ពិសោធន៍​វីរុសសាស្ត្រ Wuhan នៅ​ក្បែរ​កន្លែង​ដែល​បុរស​នោះ​រស់នៅ។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ បើ​យោង​តាម​ការស្រាវជ្រាវ​របស់​លោក Worobey បុរស​នោះ​ បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ថា ជំងឺ​ដែល​ចេញ​រោគ​សញ្ញា​កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ​របស់​លោក​តាម​ពិត​ជា​ជំងឺ​ឈឺ​ធ្មេញ ហើយ​រោគ​សញ្ញា​ជំងឺ​កូវីដ១៩​ បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី១៦ ខែធ្នូ ដែល​នេះ​ ជា​កាលបរិច្ឆេទ​បញ្ជាក់​នៅ​ក្នុង​កំណត់ត្រា​មន្ទីរពេទ្យ។

ការ​វិភាគ​របស់​លោក Worobey រក​ឃើញ​ករណី​មុន​នេះ​មួយ​ទៀត ដែល​ជា​អ្នក​លក់​នៅ​ក្នុង​ផ្សារ Huanan ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ថ្ងៃទី១១ ខែធ្នូ។

ការ​គំរាមកំហែង​ពី​សត្វ

អ្នក​ជំនាញ​បារម្ភ​ថា ​ការចម្លង​វីរុស​ពី​សត្វ​មក​មនុស្ស​បែប​នេះ​ អាច​នឹង​បង្ក​ឱ្យ​មាន​ការ​រាតត្បាត​ថ្មី និង​កាន់​តែ​អាក្រក់​ជាង​នេះ។

ចាប់​តាំង​ពី​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ មក សត្វ​ជាច្រើន​ប្រភេទ​ បាន​ឆ្លង​វីរុស​នេះ រួម​ទាំង​ឆ្មា​ចិញ្ចឹម សុនខ​ និង​សំពោច សត្វ​ក្នុង​សួន​សត្វ​ដូចជា​អំបូរ​សត្វខ្លា​ សត្វ​ភេ និង​អំបូរ​សត្វ primates មិន​មែន​មនុស្ស សត្វ​សំពោច​ចញ្ចឹម​ក្នុង​កសិដ្ឋាន និង​ក្តាន់​កន្ទុយ​ស។

សត្វ​ទាំង​នោះ​ភាគច្រើន ​ឆ្លង​វីរុស​នេះ​ពី​មនុស្ស ​នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង​ និង​ការ​បង្ការ​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (CDC) ដែល​និយាយ​ថា មនុស្ស​ បាន​ចម្លង​វីរុស​ទៅ​សត្វ​ពេល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ប៉ុន្តែ​ថា ហានិភ័យ​នៃ​ការ​ចម្លង​ពី​សត្វ​ទៅ​មនុស្ស​មាន​ទាប។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក្តី​បារម្ភ​មួយ​ទៀត ​គឺ​ថា សត្វ​អាច​ចម្លង​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី។ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ចោទ​ជា​សំណួរ​ថា វីរុស​បំប្លែង​ខ្លួន​ប្រភេទ​អូមីក្រុង​ អាច​ចាប់​ផ្តើម​តាម​វិធី​នេះ​ដែរ ​ឬ​ទេ។

លោក David O'Connor អ្នក​ជំនាញ​ផ្នែក​វីរុសសាស្ត្រ​នៅ​សាកលវិទ្យាល័យ Wisconsin-Madison ថ្លែង​ថា៖ «នៅ​ជុំវិញ​ពិភពលោក យើង​អាច​មាន​សត្វ​ដែល​អាច​នឹង​បង្កើត​ឱ្យ​មាន​វីរុស​បំប្លែង​ខ្លួន​ទាំង​នេះ ទោះ​បី​ជា​យើង ​អាច​គ្រប់គ្រង​ជំងឺ​កូវីដ១៩​ ចំពោះ​មនុស្ស​ក៏​ដោយ។ យើង​ប្រហែល​ជា​មិន​អាច​បង្កើត​កម្មវិធី​ភាព​ស៊ាំ​ទ្រង់ទ្រាយ​ធំ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នោះ​ទេ»។​

លោក Worobey បាន​ថ្លែង​ថា លោក​បាន និង​កំពុង​ស្វែងរក​សំណាក​ជីវសាស្ត្រ​ដែល​អាច​បញ្ជាក់​ថា ​តើ​វីរុស​អូមីក្រុង ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​វីរុស​ឆ្លង​ពី​មនុស្ស​ទៅ​សត្វ ហើយ​សម្ងំ​នៅ​ទីនោះ ហើយ​ក្រោយ​មក​ឆ្លង​មក​មនុស្ស​វិញ​ ឬ​យ៉ាង​ណា។

អ្នក​ជំនាញ​និយាយ​ថា ​ការបង្ការ​ជំងឺ​ឆ្លង​ពី​សត្វ​មក​មនុស្ស​មិន​ត្រឹម​តែ​ទាមទារ​ឱ្យ​មាន​ការបង្ក្រាប​ការ​លក់​សត្វ​ព្រៃ​ខុស​ច្បាប់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ដោះស្រាយ​បញ្ហា​ធំៗ​ក្នុង​សាកលលោក​ដែល​បង្កើន​ទំនាក់ទំនង​មនុស្ស ​និង​សត្វ​ប្រកប​ដោយ​ហានិភ័យ ​ដូចជា​ការកាប់​បំផ្លាញ​ជម្រក ​និង​ការប្រែប្រួល​អាកាសធាតុ។

ការខកខាន​ក្នុង​ការស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ​ពី​ប្រភព​វីរុស​ដែល​ឆ្លង​តាម​រយៈ​សត្វ​ អ្នក​វិទ្យាសាស្ត្រ​ បាន​លើក​ឡើង​នៅ​ក្នុង​ព្រឹត្តិបត្រ Cell ថា «អាច​នឹង​ធ្វើ​ឱ្យ​ពិភពលោក​មាន​ភាព​ងាយ​រងគ្រោះ​ពី​ការរាតត្បាត​នា​ពេល​អនាគត​ដែល​កើត​ឡើង​ពី​សកម្មភាព​មនុស្ស​ដូច​គ្នា ដែល​បាន​ធ្វើ​ឱ្យ​យើង​ស្ថិត​នៅ​មាត់​ជ្រោះនឹង​វីរុស​ថ្មីៗ​ជាច្រើន​ដង​មក​ហើយ»។

នយោបាយ​ «បំពុល»

ប៉ុន្តែ​ការស៊ើបអង្កេត​បន្ថែម​ ត្រូវ​បាន​រារាំង​ដោយ​នយោបាយ​របស់​ប្រទេស​មហាអំណាច។ លោក Lawrence Gostin នៃ​សាកលវិទ្យាល័យ Georgetown បាន​ថ្លែង​ថា វា​ជា«ការ​ប្រយុទ្ធ​គ្នា​ដោយ​គ្មាន​ហេតុផល» រវាង​ចិន និង​សហរដ្ឋអាមេរិក។

លោក Gostin ​នាយក​មជ្ឈមណ្ឌល​ច្បាប់​សុខាភិបាល​ជាតិ ​និង​សាកលលោក​ដែល​សហការ​ជាមួយ​អង្គការ​ WHO ​បាន​ថ្លែង​ថា៖ «នយោបាយ​ពាក់ព័ន្ធ​ការស៊ើបអង្កេត​ប្រភព​ទាំង​នេះ​ បាន​បំពុល​ដល់​កិច្ចសហការ​សាកលលោក​ដ៏​ល្អ​ប្រសើរ។ នយោបាយ​ ពិត​ជា​ពិសពុល​មែន»។

ការ​ស៊ើបអង្កេត​របស់​សារព័ត៌មាន AP ក្នុង​ឆ្នាំ២០២០​ បាន​រក​ឃើញ​ថា រដ្ឋាភិបាល​ចិន ​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​ការស្រាវជ្រាវ​ទាំង​អស់​អំពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ​និង​ជំរុញ​ទ្រឹស្តីខុស​ថា ​វីរុស​នេះ​ អាច​មាន​ប្រភព​មក​ពី​ក្រៅ​ប្រទេស។

លោក Gostin បាន​ថ្លែង​ថា៖ «នេះ​ ជា​ប្រទេស​ដែល​មាន​ការបិទជិត ហើយ​ប្រទេស​នេះ​នឹង​មិន​ដែល​អនុញ្ញាត​ឱ្យ​បរទេស​ចេញចូល​ក្នុង​ទឹកដី​របស់​ខ្លួន​ដោយ​មិន​មាន​ការរឹតត្បិត​នោះ​ទេ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Gostin ថ្លែង​ថា មាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​មួយ​កើត​ចេញ​ពី​ការ​ស៊ើបអង្កេត​នេះ។

អង្គការ ​WHO ​បាន​បង្កើត​ក្រុម​ការងារ​ពិគ្រោះ​យោបល់​មួយ​ដើម្បី​ពិនិត្យ​មើល​លើ​ប្រភព​នៃ​ការ​រាតត្បាត​នេះ។ លោក Gostin ថា ខណៈ​ដែល​លោក​មាន​ការ​សង្ស័យ​ថា ​តើ ក្រុម​ការងារ​នេះ​ អាច​ស្រាយ​ប្រស្នា​នេះ​បាន​ ឬ​យ៉ាង​ណានោះ​ ​ប៉ុន្តែ​«គេ​នឹង​មាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​មាន​ជំនាញ​ខ្ពស់​ដែល​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​លឿន​នៅ​ក្នុង​ការរាតត្បាត​បន្ទាប់»៕

XS
SM
MD
LG