ការប្រែប្រួលស្ថានភាពបរិស្ថានបានបន្ថយគម្លាតគ្នារវាងសត្វប្រជៀវនឹងមនុស្ស និងទម្លាប់បរិភោគសត្វព្រៃ បានធ្វើឲ្យហានិភ័យនៃការឆ្លងវីរុសពីសត្វមកមនុស្សកើនឡើងកាន់តែខ្លាំង។ នេះបើតាមការលើកឡើងរបស់ការសិក្សាស្រាវជ្រាវនិងសកម្មជនសត្វព្រៃ។
ការណ៍នេះដោយសារតែកាលពីជិត ១១ ឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវបានរកឃើញជាលើកដំបូងនូវវីរុសកូរ៉ូណាចំនួនពីរប្រភេទ ដែលមាននៅលើសត្វប្រជៀវក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមនេះ គឺមានវីរុសកូរ៉ូណាមួយប្រភេទ គឺបេតាកូរ៉ូណាវីរុស ដែលអាចមានសក្តានុពលចម្លងទៅមនុស្សបាន។ នេះបើតាមការសិក្សាស្រាវជ្រាវដែលបានដឹកនាំធ្វើដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
វីរុសកូរ៉ូណាក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសចិនថៃ ឡាវ ហុងកុង និងហ្វីលីពីន ហើយអត្រាភាគរយនៅបណ្តាប្រទេសទាំងនោះក៏ខ្ពស់ដែរ បើប្រៀបធៀបនឹងអត្រាវិជ្ជមាននៅកម្ពុជា ដែលមានតែចំនួន ៤,៨៥% ឡាវមាន ៦,៥% និង ២៩,៦% នៅហ្វីលីពីនជាដើម។
វីរុសកូរ៉ូណាប្រភេទបេតាកូរ៉ូណាវីរុស ដែលគេបានរកឃើញនៅប្រទេសកម្ពុជា ត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មិនមានអ្វីពាក់ព័ន្ធនឹងវីរុសកូរ៉ូណាប្រភេទ SARS-CoV-2 ឬកូវីដ១៩ ដែលកំពុងឆ្លងលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏អ្នកវិទ្យាសាស្ត្រនៅតែបន្តសិក្សាស្រាវជ្រាវដើម្បីបង្កាវីរុសប្រភេទថ្មី ដែលអាចចម្លងពីសត្វទៅមនុស្សផងដែរ។
អ្នកស្រី ឡូរ៉ង់ បារ៉ែល នាយិកានៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេខេមរភាសា តាមសារអេឡិកត្រូនិក កាលពីថ្ងៃអាទិត្យថា៖
«ការរកឃើញនេះគឺជាការគូសបង្ហាញពីសារៈសំខាន់នៃការស្រាវជ្រាវអំពីសុខភាព ដែលត្រូវបន្តជានិច្ច និងក៏ជាការបង្ហាញថា យន្តការនៃការសាយភាយនិងកើនឡើងនៃជំងឺដែលឆ្លងពីសត្វ គឺមានលក្ខណៈស្មុគស្មាញក្នុងការដោះស្រាយ»។
ទិន្នន័យដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដកស្រង់បានបង្ហាញថា ជាង ៧០ ភាគរយ នៃជំងឺក្នុងប្រវត្តិសាស្ត្រ គឺឆ្លងពីសត្វទៅមនុស្ស។
ក្នុងពេលបច្ចុប្បន្ន ក្រុមការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក៏កំពុងតែសិក្សាស្រាវជ្រាវលើការប្រឈមរវាងការលក់ដូរសត្វព្រៃ និងការបរិភោគសាច់សត្វ ក្នុងចំណោមពលរដ្ឋកម្ពុជាដោយផ្តោតលើខេត្តពីរ គឺខេត្តមណ្ឌលគីរី និងស្ទឹងត្រែង។ គម្រោងនេះបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ ២០២០ ហើយនឹងមានរយៈពេលបឋមចំនួន ១៨ ខែ។
គោលបំណងដ៏សំខាន់នៃការសិក្សាស្រាវជ្រាវនេះ គឺដើម្បីផ្តល់ទិន្នន័យថ្មីនិងចំណេះដឹងលើការជួញដូរសត្វព្រៃនៅប្រទេសកម្ពុជា និងដើម្បីរួមចំណែកដល់ការពង្រឹងប្រព័ន្ធឃ្លាំមើលសុខភាពសត្វព្រៃ និងកំណត់ឲ្យបានជាមុននូវការចម្លងដែលអាចកើតមានឡើងពីសត្វទៅមនុស្ស ដែលអាចគំរាមកំហែងដល់សុខភាពសាធារណៈ។
នៅក្នុងសុន្ទរកថាមួយ កាលពីដើមខែមេសា ស្តីពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការរាតត្បាតជំងឺកូវីដ១៩ ក្នុងពិភពលោក លោករដ្ឋមន្ត្រីការបរទេស Anthony J. Blinken បានលើកឡើងអំពីសារៈសំខាន់នៃការត្រៀមខ្លួនរបស់ពិភពលោកទាំងមូល ដើម្បីឆ្លើយតបចំពោះការរាតត្បាតជំងឺថ្មី ទៅថ្ងៃអនាគត ដែលរួមមានការពង្រឹងស្ថាប័ននិងប្រព័ន្ធផ្សេងៗ ដែលការពារសន្តិសុខផ្នែកខាងសុខភាពរបស់ពិភពលោក តាមរយៈការចំណាយថវិកាចាយវាយ និងការទទួលខុសត្រូវរបស់ប្រទេសទាំងអស់ ក្នុងការចែករំលែកព័ត៌មានដោយមានតម្លាភាពនិងទាន់ពេលវេលា។
បច្ចុប្បន្ននេះជំងឺកូវីដ១៩ បានឆ្លងដល់ពលរដ្ឋជាង ១៥៣ លាននាក់ និងស្លាប់ជាង ៣,២ លាននាក់ នៅទូទាំងពិភពលោក ហើយក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានធ្វើដំណើរទៅប្រទេសចិនកាលពីដើមឆ្នាំនេះ ដើម្បីស៊ើបអង្កេតរកប្រភពវីរុសនៅមិនទាន់កំណត់បានពីប្រភពដើមពិតប្រាកដនៅឡើយ ដោយគ្រាន់តែសន្និដ្ឋានជំហានបឋមថា វាអាចឆ្លងពីសត្វប្រជៀវទៅថនិកសត្វណាមួយមុនចម្លងទៅមនុស្ស។
លោកវេជ្ជបណ្ឌិត សៀង សេង ដែលជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍ នៅរដ្ឋកាលីហ្វញ៉ា ដែលបានតាមដានកិច្ចការនេះ ក៏មើលឃើញពីភាពស្មុគស្មាញនៃការស្វែងរកប្រភពវីរុសនេះដែរ។
លោកវេជ្ជបណ្ឌិត សៀង សេង បានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖
«បើតាមសេចក្តីរាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺរបស់សហរដ្ឋអាមេរិក (CDC) ក៏នៅតែមិនទាន់ដឹងពិតប្រាកដថាវីរុសនោះ វាចេញមកពីណាពិតប្រាកដនៅឡើយទេ។ គេមានជំនឿថា វាចេញមកពីសត្វ ហើយប្រហែលជាចេញមកពីប្រជៀវ ប៉ុន្តែមិនមានភស្តុតាងឬទិន្នន័យណាបញ្ជាក់ថា សត្វនេះដែលចម្លងវីរុសមកយើង វាមានតួនាទីអ្វីសំខាន់ក្នុងការឆ្លងរាលដាលវីរុសនេះទេ បានន័យថា ហានិភ័យនៃការឆ្លងពីសត្វទៅមនុស្ស គឺមានស្តួចស្តើងណាស់»។
ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍និយមទទួលទានសាច់សត្វព្រៃជាអាហារ និងនៅកម្ពុជា លាមកសត្វប្រជៀវត្រូវបានប្រើប្រាស់ជាជីដាក់ដំណាំកសិកម្មផងដែរ។ ប៉ុន្តែលោកវេជ្ជបណ្ឌិត សៀង សេង យល់ថា ការបរិភោគសត្វប្រជៀវគឺហាក់មិនមានសញ្ញាណាដែលបានចូលរួមចំណែកដល់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរាលដាលនាពេលនេះទេ។
អ្នកស្រី លី អៃឡែន តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីចុងខែកុម្ភៈ ដោយសង្កត់ធ្ងន់លើការសិក្សាស្រាវជ្រាវបន្ត និងថាមានការសិក្សាជាច្រើនកំពុងតែធ្វើឡើងនៅក្នុងពិភពលោក និងក្នុងតំបន់អាស៊ីពាក់ព័ន្ធនឹងវីរុសកូរ៉ូណានេះ។
អ្នកស្រីបន្ថែមថា៖ «ការស្រាវជ្រាវគឺជាធាតុសំខាន់ណាស់នៃការងារសុខាភិបាលសាធារណៈ»។
យ៉ាងណាក៏ដោយ ពេលវេលានិងការធានាឲ្យមានមូលនិធិជាប់ជាប្រចាំ គឺជាបញ្ហាប្រឈមសម្រាប់ក្រុមអ្នកស្រាវជ្រាវផងដែរ។ នេះបើតាមការបញ្ជាក់របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
អ្នកស្រី ឡូរ៉ង់ បារ៉ែល នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖
«តុល្យភាពការងារ គឺជាបញ្ហាប្រឈមរវាងការចូលរួមប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែងផ្នែកសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រោមការសម្របសម្រួលនៃក្រសួងសុខាភិបាល និងធ្វើការស្រាវជ្រាវចាំបាច់ដើម្បីយល់ដឹងឲ្យបានច្បាស់នូវការសាយភាយ និងយន្តការចម្លងនៃវីរុសថ្មីនិងហានិភ័យពីការផ្ទុះឆ្លងក្នុងពេលអនាគត»។
នៅកម្ពុជាជំងឺកូវីដ១៩ បានឆ្លងដល់ពលរដ្ឋជិត ១៧.០០០ នាក់ត្រឹមថ្ងៃពុធ និងស្លាប់ចំនួន ១១០ នាក់៕