ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិទ្យាសាស្ត្រ​ក្រើន​រំឭក​ពី​សារៈសំខាន់​នៃ​​ការបន្ត​តាមដាន​សត្វព្រៃ​ដើម្បី​បង្កា​រជំងឺ​រាតត្បាត​ថ្មី


រូបឯកសារ៖ បុគ្គលិកសុខាភិបាលជួរមុខម្នាក់កំពុងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលជួរមុខម្នាក់កំពុងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១។

ខណៈពិភពលោក​កំពុង​តែ​ប្រឈម​មុខ​នឹង​ជំងឺរាតត្បាត​សាកល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ ​វីរុស​ដ៏​ប្រល័យ​នេះ​បាន​សម្លាប់​មនុស្ស​អស់​ជាង ​៥លាន​នាក់​នៅ​លើ​ពិភពលោក​ និង​បាន​បំប្លែង​ខ្លួន​ជាច្រើន​ទម្រង់។ ​ក្រុមអ្នកវិទ្យាសាស្ត្រ​បាន​ស្នើ​ឲ្យ​ផ្តោត​ការយកចិត្ត​ទុកដាក់​និង​គាំទ្រ​ដល់​ការសិក្សា​ស្រាវជ្រាវ​ដើម្បី​បង្កា​រជំងឺ​រាតត្បាត​ថ្មី​ដែល​អាច​បង្ក​វិនាសកម្ម​ដូច​ពេល​បច្ចុប្បន្ន។

រហូត​មកដល់​ពេល​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​តែ​មិន​ទាន់​បាន​សន្និដ្ឋាន​ចុងក្រោយ​ពី​ប្រភព​នៃ​វីរុស​កូរ៉ូណា​និង​ដើមទង​នៃ​ការចម្លង​ទៅមនុស្ស​ទេ។ ​ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (Wildlife Conservation Society)​ បាន​ថ្លែង​ថា​ការរកឃើញ​វត្តមាន​វីរុស​កូរ៉ូណា​ក្នុង​ចំណោម​សត្វព្រៃ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ដែល​មាន​ទម្រង់​ស្ទើរ​តែ​ដូច​នឹង​វីរុស SARS-CoV-2 ​ធ្វើ​ឲ្យ​ការតាមដាន​លើ​វត្តមាន​នៃ​វីរុស​ផ្សេងៗ​ទៀត​គឺ​ជា​កិច្ចការ​ចាំបាច់។ វីរុស​ SARS-CoV-2 ជាវីរុសដែល​បាន​បង្ក​ជា​ជំងឺ​កូវីដ១៩។​

អ្នកស្រី​វេជ្ជបណ្ឌិត​ Lucy Keatts ​ប្រធាន​កម្មវិធី​សុខភាព​នៃ​អង្គការសមាគម​អភិរក្ស​សត្វព្រៃ​និង​ជា​អ្នកសរសេរ​របាយការណ៍​ស្រាវជ្រាវ​នោះ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ចុងខែ​វិច្ឆិកា​ថា៖​

«ការរកឃើញ​ទាំងនេះ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបង្កើន​ការវិនិយោគ​ដ៏​ធំទូលាយ​នៅ​ក្នុង​តំបន់​ដើម្បី​ភ្ជាប់​សមត្ថភាព​សម្រាប់​ការតាមដាន​ជាប់​ជាប្រចាំ​លើ​វីរុស​ក្នុង​ពពួក​សត្វព្រៃ»។

អ្នកស្រី Lucy Keatts បន្ថែម​ថា​តំបន់​អាស៊ី​អាគ្នេយ៍មាន​វីរុស​កូរ៉ូណា​ជាច្រើនប្រភេទ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​មេរោគ​ SARS។ ការលើកឡើង​នេះ​ដោយ​ផ្អែក​លើ​ការរកឃើញ​នៅ​ប្រទេស​កម្ពុជា​ដោយអ្នកវិទ្យាសាស្ត្រ​មួយ​ក្រុម​ កាលពី​ជាង​១០​ឆ្នាំ​មុន​នូវ​វីរុស​កូរ៉ូណា​លើ​សំណាក​សត្វ​ប្រជៀវ​ចំនួន​២​ក្បាល​ដែល​ស្រដៀង​គ្នា​នឹង​វីរុស ​SARS-CoV-2​ និង​ការរកឃើញ​នាពេល​ថ្មីៗ​នេះ​នូវ​វីរុស​ស្រដៀង​គ្នា​នេះ​លើ​សត្វ​ប្រជៀវ​ក្នុង​រូងភ្នំ​នៅ​ប្រទេស​ឡាវ។ ការណ៍​នេះ​បាន​នាំ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា ​«របាយ​នៃ​វីរុស​ដែល​ស្រដៀង​នឹង​វីរុស ​SARS-CoV-2​ គឺ​ធំ​ទូលាយ​ជាង​សេចក្តី​រាយការណ៍​ក្នុង​ពេល​កន្លងមក» ​ហើយ​វា​កាន់តែ​គាំទ្រ​ដល់​ការសន្មត់​ថា​ជំងឺ​រាតត្បាត​នេះ​អាច​បង្ក​ឡើង​ដោយ​វីរុស​ដែល​សាយភាយ​ចេញ​ពី​សត្វប្រជៀវ។

ចាប់តាំង​ផ្ទុះ​ជំងឺ​កូវីដ​១៩​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​គឺ​វីរុស​ដ៏​ប្រល័យ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​២៧៣​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​នៅ​ត្រឹម​ពាក់កណ្តាល​ខែធ្នូ​និង​បាន​បំប្លែង​ខ្លួន​ជាច្រើន​ទម្រង់។ បច្ចប្បន្ន​នេះ​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​នឹង​ការលេចឡើង​នូវ​វីរុស​បំប្លែង​ថ្មី​គឺ​វីរុស​បំប្លែង​អូមីក្រុង​ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ វីរុស​នេះ​ត្រូវបាន​គេ​សន្និដ្ឋាន​ថា​មាន​លទ្ធភាព​ចម្លង​លឿន​ជាង​វីរុស​បំប្លែង​ដែលតា​ដល់​ទៅ​ជាង​២ដង​ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​វា​មាន​គ្រោះថ្នាក់​ជាង​វីរុស​បំប្លែង​ដែលតា​ឬ​យ៉ាង​ណា​ទេ។ ទិន្នន័យ​បឋម​បង្ហាញ​ថា​វាហាក់​ដូចជា​មិន​សូវ​មាន​គ្រោះថ្នាក់។

​នៅ​ប្រទេស​កម្ពុជា​ករណីទី​១​នៃ​ការឆ្លង​វីរុស​បំប្លែង​អូមីក្រុង​ត្រូវបាន​រកឃើញ​លើ​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ហ្គាណា​កាលពី​ថ្ងៃទី១៤​ ខែធ្នូ។ ករណី​នេះ​កើត​ឡើង​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​លើកលែង​បំរាម​អ្នកដំណើរ​មក​ពី​ប្រទេស​អាហ្វ្រិក​ចំនួន​១០។ ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​ហាក់​បាន​ប្រុងប្រៀប​ជាមុន​នៅ​មុន​ពេល​ដែល​វីរុស​បំប្លែង​អូមីក្រុង​បាន​មក​ដល់។ ក្រុម​អាជ្ញាធរ​បាន​ដាស់តឿន​ពលរដ្ឋ​ឲ្យ​បង្កើន​វិធាន​ការ​ប្រុងប្រយ័ត្ន​បើទោះបីជា​អត្រាឆ្លង​កូវីដ​១៩​នៅ​ក្នុង​ស្រុក​បាន​ថយ​មក​រង្វង់​១០នាក់​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

អ្នកស្រី ​ឱ វណ្ឌីន ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ដើម​ខែ​ធ្នូ​ថា៖

«ថ្វី​ត្បិត​តែ​មាន​ការរកឃើញ​វីរុស​ថ្មី​ប្រភេទ​អូមីក្រុង​នេះ​ក៏​ពិតមែន​ក៏​ប៉ុន្តែ​ខ្ញុំ​ចង់​ជម្រាប​ជូន​បងប្អូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​យើង​មិន​ត្រូវ​ភ័យ​ពេក​ហើយ​យើង​ក៏​មិន​ត្រូវ​ហ៊ាន​ពេក​នោះ​ដែរ​។ មានន័យ​ថា​យើង​ត្រូវ​ចេះ​ថ្លឹងថ្លែង​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ច្បាស់លាស់​ហើយ​ជាពិសេស​នោះ​យើង​ត្រូវ​បន្ត​ការរស់នៅ​របស់​យើង​ឲ្យបានក្នុង​បរិបទ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ផង​ ហើយ​ក៏​ក្នុង​បរិបទ​ថ្មី​របស់​យើង»។​

ប្រទេស​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ចំនួន​ជាង​១២ម៉ឺននាក់​និង​ស្លាប់​ជាង​ ៣០០០​នាក់​គិតត្រឹម​ថ្ងៃសុក្រ​នេះ។ អត្រា​អ្នកចាក់​វ៉ាក់សាំង​កើនឡើង​ខ្ពស់​គឺ​រហូតដល់​៨៩%​នៃ​ពលរដ្ឋ​សរុប​ចំនួន​ ១៦​លាន​នាក់។

បច្ចុប្បន្ន​នេះ​តាម​រយៈគម្រោង​របស់​បណ្តាញ​ឃ្លាំមើល​សុខភាព​សត្វព្រៃ​ (WorldHealthNet)​ អ្នកវិទ្យាសាស្ត្រ​កំពុង​ផ្តោត​លើ​ការតាមដាន​សកម្មភាព​សត្វព្រៃ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​រិះរក​វិធី​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេល​ក្នុង​ករណីមាន​ជំងឺ​រាតត្បាត​ថ្មី។​នៅប្រទេស​កម្ពុជា​ពួកគេ​ផ្តោតលើ​ការស្រាវជ្រាវ​និង​តាម​ដាន​ការវិវត្ត​នៃ​វីរុស​ផ្តាសាយ​ធំ​វីរុស​ណាផា​និង​វីរុស​ផ្តាសាយ​ជ្រូក​អាហ្វ្រិក។

អ្នកវិទ្យាសាស្ត្រ​ថា​តំបន់​នេះ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដោយ​ការរានដី​ព្រៃ​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​អភិវឌ្ឍ​ទីក្រុង​និង​ពង្រីក​កសិកម្ម​ដែល​អាច​បង្កើន​ការប៉ះពាល់​គ្នា​រវាង​សត្វប្រជៀវ​និង​សត្វព្រៃ​ដទៃ​ទៀត​សត្វ​ក្នុង​ភូមិ​និង​មនុស្ស។

អ្នកស្រី​វេជ្ជបណ្ឌិត​ Lucy Keatts​ បាន​ថ្លែង​បន្ថែម​ថា៖

«ការបន្ត​និង​ពង្រីក​ការតាមដាន​សត្វ​ប្រជៀវ​និង​សត្វព្រៃ​ដទៃទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ជា​ធាតុ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ត្រៀមខ្លួន​និង​បង្កា​ជំងឺ​រាតត្បាត​ក្នុង​ពេល​អនាគត»៕

XS
SM
MD
LG