ស្ថានីយទូរទស្សន៍របស់ប៉ាគីស្ថានបានបញ្ចាំងអ្វីដែលខ្លួនបានហៅថា ការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយរវាងបុរសជនជាតិចិននិងស្រ្តីជនជាតិប៉ាគីស្ថាន រួមមានក្មេងស្រីជំទង់ផងដែរ។ សេចក្តីរាយការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា ស្រ្តីជនជាតិប៉ាគីស្ថានដែលរៀបការក្លែងក្លាយខ្លះជាមួយបុរសជនជាតិចិនត្រូវបានគេជួញដូរនិងលក់សរីរាង្គនៅខេត្តសាងដុងនៃប្រទេសចិន។
បណ្តាញផ្សាយព័ត៌មានប៉ាគីស្ថានរាយការណ៍ថា ពួកជួញដូរមនុស្សចិនកំពុងបើកមជ្ឈមណ្ឌលរៀបការខុសច្បាប់ក្នុងប្រទេសប៉ាគីស្ថាន ដែលនៅទីនោះ ពួកគេបានរងការចោទប្រកាន់ថា បានឆបោកស្រ្តីមកពីក្រុមគ្រួសារក្រីក្រ ឲ្យធ្វើការរៀបការក្លែងក្លាយ មុនពេលដឹកជញ្ជូន និងបង្ខំពួកគេឲ្យធ្វើជាស្រ្តីពេស្យា ឬលក់សរីរាង្គរបស់ពួកគេនៅប្រទេសចិន។
ការបញ្ចេញព័ត៌មាននេះបានបណ្តាលឲ្យស្ថានទូតចិនក្នុងទីក្រុងអ៊ីស្លាម៉ាបាដធ្វើការឆ្លើយតបកាលពីថ្ងៃសៅរ៍ ដោយនិយាយថា ពាណិជ្ជកម្មទាំងនេះ ត្រូវបានហាមឃាត់យ៉ាងខ្លាំងនៅក្នុងច្បាប់ចិន ហើយសន្យាធ្វើការបង្ក្រាបនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរប៉ាគីស្ថានស្តីពីការរកប្រាក់កម្រៃខុសច្បាប់ តាមរយៈការរៀបការខុសច្បាប់ឆ្លងកាត់ព្រំដែននេះ។
ចំនួនជនជាតិចិន ដែលទៅទស្សនាប៉ាគីស្ថានដែលជាប្រទេសជិតខាងបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមរបៀងសេដ្ឋកិច្ចទ្វេភាគីរវាងចិននិងប៉ាគីស្ថាន ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារកាលពី៥ឆ្នាំមុន។ គម្រោងសាកល្បងដ៏សំខាន់នៃកិច្ចផ្តួចផ្តើមផ្លូវពាណិជ្ជកម្ម (BRI) របស់រដ្ឋាភិបាលក្រុងប៉េកាំងបាននាំការវិនិយោគទុនចិន ដែលមានទឹកប្រាក់ចំនួន ១៩ពាន់លានដុល្លារ ដែលមិនធ្លាប់មានកាលពីពេលមុនទៅកាន់ប្រទេសប៉ាគីស្ថាន។
សេចក្តីរាយការណ៍ព័ត៌មានអំពីការរៀបការក្លែងក្លាយរវាងបុរសចិននិងស្រ្តីប៉ាគីស្ថានបានលេចឡើងក្នុងបណ្តាញព័ត៌មានជាប្រចាំ ដែលបានជំរុញឲ្យសមាជិកសភាជជែកដេញដោលអំពីបញ្ហានេះ ហើយបានទាមទារឲ្យពួកមន្រ្តីពិនិត្យមើលការប្រតិបត្តិខុសច្បាប់នេះ។
ប្រតិកម្មរបស់ស្ថានទូតចិនបានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីស្ថានីយទូរទស្សន៍ឯកជនដ៏ល្បីមួយរបស់ប៉ាគីស្ថានបានបញ្ចាំងរូបភាពរបស់ពួកបុរសចិនជាច្រើនជាមួយស្រ្តីក្នុងមូលដ្ឋានចំនួន ៦នាក់នៅក្នុងបន្ទប់ផ្សេងៗគ្នា រួមមានក្មេងស្រីជំទង់ ២នាក់ផង នៅឯមជ្ឈមណ្ឌលរៀបការខុសច្បាប់ក្នុងទីក្រុង Lahore ភាគខាងកើត។
ក្រុមបណ្តាញទូរទស្សន៍ ARY News បានបង្ហាញខ្លួនដោយការមិនប្រកាសនៅឯមជ្ឈមណ្ឌលនោះ រួមជាមួយប៉ូលិសមូលដ្ឋាន ហើយបានសម្ភាសន៍ជនបរទេស អ្នកសម្របសម្រួលទីកន្លែងរៀបការខុសច្បាប់នោះ និងស្រ្តីជាភរិយាជនជាតិប៉ាគីស្ថានរបស់បុរសចិនទាំងនោះ។
ស្ថានីយទូរទស្សន៍នោះបានប្រាប់ឲ្យដឹងថា នៅពេលសួរសមាជិករបស់ជនឥន្ធពាលដែលរងការចោទប្រកាន់ថា ជាអ្នកជួញដូរមនុស្សជនជាតិចិនមិនអាចបង្ហាញលិខិតរៀបអាពាហ៍ពិពាហ៍នៅមូលដ្ឋានឬឯកសារដែលបង្ហាញថា ពួកបុរសទាំងនោះបានប្តូរទៅជាសាសនាឥស្លាម មុនពេលរៀបការស្រ្តីជាតិប៉ាគីស្ថានកាន់សាសនាឥស្លាម ដែលជាតម្រូវការនៅក្នុងច្បាប់មូលដ្ឋាន។
ជនរងគ្រោះជាតិប៉ាគីស្ថានបានពន្យល់ថា ក្នុងការដោះដូរចំពោះការរៀបការរបស់ខ្លួនជាមួយបុរសជនជាតិចិន ក្រុមគ្រួសាររបស់ពួកគេនឹងទទួលបានប្រាក់ ៣រយដុល្លារ ក្នុងមួយខែនិងទិដ្ឋាការចិនសម្រាប់សមាជិកប្រុសៗក្នុងក្រុមគ្រួសារ។ អ្នកសម្របសម្រួលមជ្ឈមណ្ឌលរៀបការក្នុងមូលដ្ឋាននោះបានប្រាប់បណ្តាញទូរទស្សន៍ថា ពួកគេទាក់ទាញក្រុមគ្រួសារជនរងគ្រោះឲ្យចូលក្នុងកិច្ចព្រមព្រៀងនោះដោយនិយាយថា កូនប្រសារប្រុសជនជាតិចិនរបស់ពួកគេនឹងស្វះស្វែងរកសញ្ជាតិប៉ាគីស្ថានដែលគេអាចវិនិយោគទុននៅប៉ាគីស្ថានដែលជាផ្នែកមួយនៃគម្រោងរបៀងអភិវឌ្ឍន៍សេដ្ឋកិច្ចចិននិងប៉ាគីស្ថាន។
ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងរំឭកទាំងពលរដ្ឋចិន និងប៉ាគីស្ថានឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នហើយកុំចាញ់បោកគេ។ យើងសង្ឃឹមថា សាធារណជនមិនជឿព័ត៌មានដែលនាំឲ្យយល់ខុសនេះទេ ហើយធ្វើការជាមួយគ្នាដើម្បីការពារមិត្តភាពរវាងប៉ាគីស្ថាន និងចិន»។
សេចក្តីថ្លែងការណ៍នោះប្រាប់ឲ្យដឹងទៀតថា ប្រទេសទាំង២ ជំទាស់ប្រឆាំងយ៉ាងដាច់អហង្ការដល់ការជួញដូរមនុស្សនិងការលក់ដូរសរីរាង្គមនុស្ស ហើយបានច្រានចោលថា ជាសេចក្តីរាយការណ៍ «នាំឲ្យយល់ខុសនិងគ្មានហេតុផល» អំពីការលក់ដូរសរីរាង្គមនុស្សក្នុងប្រទេសចិន។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា៖ «ចំពោះអ្នកដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ការទទួលខុសត្រូវផ្នែកឧក្រិដ្ឋកម្ម ត្រូវធ្វើការស៊ើបអង្កេតស្របទៅតាមច្បាប់។ ចិនកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារពង្រឹងច្បាប់ប៉ាគីស្ថាន ដើម្បីបង្ក្រាបមជ្ឈមណ្ឌលរៀបការខុសច្បាប់»។ សេចក្តីថ្លែងការណ៍នោះបានថ្លែងទៀតថា ទាំងយុវជនចិននិងប៉ាគីស្ថាន ជាជនរងគ្រោះរបស់ភ្នាក់ងារខុសច្បាប់។
អ្នកការទូតចិនម្នាក់ក្នុងក្រុងអ៊ីស្លាម៉ាបាដក៏បានបញ្ជូនសេចក្តីរាយការណ៍តាម Twitter កាលពីថ្ងៃសៅរ៍ ដោយស្ថានីយទូរទស្សន៍រដ្ឋដែលបង្ហាញពីការបង្ក្រាបរបស់ប៉ូលិសលើមជ្ឈមណ្ឌលរៀបការខុសច្បាប់២ ដែលទាក់ទិននឹងជនជាតិប៉ាគីស្ថានក្នុងខេត្តសានដុងនៃប្រទេសចិន។
ខណៈដែលនិយាយប្រាប់ត្រួសៗដល់សមាជិកសភាប៉ាគីស្ថានក្នុងជំនួបកាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថា ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនិយាយថា រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងប៉េកាំង អំពីបញ្ហានៃការរៀបការក្លែងក្លាយនិងវិធានការដែលត្រូវធ្វើឡើងដើម្បីទប់ទល់នឹងបញ្ហានេះ។
លោកTariq Sardar អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ាគីស្ថានបានត្រូវគេដកស្រង់សម្តីនៅពេលប្រាប់ជំនួបនោះថា៖ «ការិយាល័យរៀបអាពាហ៍ពិពាហ៍ឯកជនខ្លះ បានទាក់ទិនទៅនឹងការរៀបការទាំងនោះ។ ហើយពាក្យបណ្តឹងជាច្រើនត្រូវបានទទួលមកពីទីក្រុង Lahore និងទីក្រុង Abbottabad នៃប្រទេសប៉ាគីស្ថាន»។
ប៉ាគីស្ថាននិងចិនមានការប្រុងប្រយ័ត្នបំផុតដល់សេចក្តីរាយការណ៍ណា ដែលរិះគន់ទំនាក់ទំនងរបស់ប្រទេសទាំង២។ ក្រុមមន្រ្តីប្រទេសទាំង២ ក៏បានរារាំងការិះគន់របៀងសេដ្ឋកិច្ចទ្វេភាគីរវាងចិន និងប៉ាគីស្ថាន ឬ (CPEC) និងការវិនិយោគទុនកិច្ចផ្តួចផ្តើមផ្លូវពាណិជ្ជកម្ម ឬ (BRI) ថា ជាការឃោសនារបស់ប្រទេសលោកខាងលិច។
រដ្ឋាភិបាលក្រុងប៉េកាំងការពាររបៀងសេដ្ឋកិច្ចទ្វេភាគីរវាងចិននិងប៉ាគីស្ថាន ឬ (CPEC) ថា ជាកិច្ចផ្តួចផ្តើមប្រកបដោយផ្លែផ្កាយ៉ាងខ្លាំង ដោយនិយាយថា របៀងសេដ្ឋកិច្ចទ្វេភាគីរវាងចិននិងប៉ាគីស្ថាន ឬ (CPEC) បានបង្កើតការងាររាប់ពាន់ក្នុងស្រុក និងដោះស្រាយវិបត្តិថាមពលដែលបានធ្វើឲ្យជាប់គាំងអស់រាប់ទសវត្សនៅក្នុងប្រទេសប៉ាគីស្ថាន។
សហរដ្ឋអាមេរិកបានពោលអះអាងថា គម្រោងកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងផ្លូវមួយរបស់ចិន ជាគម្រោងសេដ្ឋកិច្ចមានការមន្ទិលសង្ស័យ ហើយមានផលប្រយោជន៍ផ្នែកសន្តិសុខជាតិដល់រដ្ឋាភិបាលក្រុងប៉េកាំង។ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមព្រមានប្រទេសផ្សេងៗទៀតអំពីហានិភ័យនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន