ក្រោយពីមានការរិះគន់អស់រយៈពេលជាច្រើនឆ្នាំពីសំណាក់ប្រជាពលរដ្ឋ តុលាការ និងសហគមន៍អន្តរជាតិមក អង្គនីតិប្បញ្ញត្តិរបស់ទីក្រុងហុងកុងនឹងពិចារណាលើសំណើច្បាប់មួយ ដែលមានគោលបំណងរារាំងការជួញដូរមនុស្សដែលកំពុងតែរីករាលដាលឡើង និងការរំលោភបំពានទៅលើពលករចំណាកស្រុក និងអ្នកបម្រើការងារតាមផ្ទះ។
សេចក្ដីព្រាងនៃសំណើច្បាប់នេះ នឹងបង្កើតការិយាល័យមើលការខុសត្រូវមួយ ដែលនឹងស៊ើបអង្កេត និងកាត់ទោសលើករណីទាសភាព និងការជួញដូរមនុស្ស។ ការិយាល័យនេះក៏ធ្វើការស្រាវជ្រាវ និងសម្របសម្រួលផងដែរជាមួយនឹងទីភ្នាក់ងារអន្តរជាតិនានាអំពីពលករដែលត្រូវគេជួញដូរ។
សំណើច្បាប់សម្រាប់ដោះស្រាយបញ្ហារំលោភបំពានលើពលករចំណាកស្រុក
សេចក្ដីព្រាងច្បាប់នេះគ្រោងនឹងពិភាក្សានៅថ្ងៃទី ៤ ខែឧសភា នៅឯគណៈកម្មាធិការសន្តិសុខរបស់រដ្ឋសភាហុងកុង ដែលសមាជិករបស់គណៈកម្មាធិការនេះធ្វើការពិភាក្សាវែកញែកដេញដោលលើគោលនយោបាយ។ នេះគឺជាជំហានដំបូងមួយ និងជាជំហានដែលមិនទាន់មានការធានាណាមួយថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានដំណើរការទៅមុខនោះទេ។
លោកមេធាវី Azan Marwah ដែលជាអ្នកតាក់តែងសេចក្ដីព្រាងច្បាប់នេះម្នាក់ បាននិយាយថា៖ «ការពិតដ៏សាមញ្ញនោះគឺថា ប្រព័ន្ធច្បាប់បច្ចុប្បន្នមិនអនុញ្ញាតឲ្យមានការការពារប្រកបប្រសិទ្ធភាព ការស៊ើបអង្កេត ការកាត់ទោស ការជួយសង្គ្រោះ ឬក៏ការកែទម្រង់នោះទេ។ ការណ៍ដែលរដ្ឋាភិបាលមិនអើពើចំពោះបញ្ហានេះ ត្រូវបានគេទទួលស្គាល់ថា រដ្ឋាភិបាលចង់ធ្វើឲ្យទីក្រុងហុងកុងក្លាយជាកន្លែងមិនមិនស្វាគមន៍ចំពោះពលករចំណាកស្រុកដែលពួកគេមិនចង់បាន»។
លោក Marwah គឺជាមេធាវីតំណាងឲ្យពលករប៉ាគីស្ថានម្នាក់ ដែលពាក្យបណ្ដឹងរបស់ពលករនេះអំពីការរងការរំលោភបំពាន ត្រូវបានតុលាការជាន់ខ្ពស់របស់ទីក្រុងហុងកុងទទួលស្គាល់កាលពីឆ្នាំមុន។
លោក Marwah បានបញ្ជាក់ថា ការស៊ើបអង្កេតត្រូវបានរារាំង ដោយសារតែការទទួលខុសត្រូវមិនមានភាពច្បាស់លាស់។
លោក Marwah និយាយថា៖ «នៅក្នុងករណីរបស់លោក ZN ដែលជាពលករប៉ាគីស្ថាន ការរំលោភបំពានមានដូចជា ការធ្វើបាប ការមិនផ្ដល់ប្រាក់បៀវត្សឲ្យ និងបទល្មើសផ្នែកអន្តោប្រវេសន៍ផ្សេងៗ សុទ្ធតែត្រូវបានរាយការណ៍ទៅទីភ្នាក់ងារដែលពាក់ព័ន្ធទាំងអស់ ប៉ុន្តែគ្មានទីភ្នាក់ងារណាមួយចាត់ទុកថានេះជាបញ្ហារួមនោះទេ។ ជាលទ្ធផល ករណីនេះមិនត្រូវបានចាត់ទុកថាជាករណីសំខាន់នោះទេ ហើយគ្មានការស៊ើបអង្កេត ឬក៏ការកាត់ទោសណាមួយត្រូវបានធ្វើឡើងនោះដែរ»។
ភាពស្ទាក់ស្ទើររបស់រដ្ឋាភិបាលទីក្រុងហុងកុង
ឧបសគ្គមួយចំពោះបញ្ហាសំណើច្បាប់នេះ គឺការបញ្ចុះបញ្ចូលមេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam ឲ្យដឹងថា ច្បាប់នេះគឺពិតជាចាំបាច់។ គ្រប់ច្បាប់ទាំងអស់ត្រូវតែមានប្រភពដើមចេញពីការិយាល័យរបស់មេដឹកនាំទីក្រុងហុងកុង ហើយកន្លងមក រដ្ឋបាលទីក្រុងនេះមានការស្ទាក់ស្ទើរក្នុងការផ្ដល់សិទ្ធិកាន់តែច្រើនជាងមុនដល់ពលករចំណាកស្រុក។
មជ្ឈមណ្ឌលយុត្តិធម៌ (Justice Center) ដែលជាអង្គការការពារសិទ្ធិជនរងគ្រោះនៅក្នុងទីក្រុងហុងកុង បានប៉ាន់ប្រមាណថា នាពេលបច្ចុប្បន្ននេះ ពលករចំណាកស្រុកនៅក្នុងទីក្រុងហុងកុងមានចំនួន ៣ សែន ៣ ម៉ឺន ៦ ពាន់នាក់។
អ្នកស្រី Patricia Ho ដែលជាមេធាវីម្នាក់ដែលចូលរួមក្នុងការតាក់តែងសំណើច្បាប់នេះ បាននិយាយថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនពិចារណាអំពីសំណើច្បាប់នេះទេ ហើយពួកគេប្រហែលជានឹងពិចារណាអំពីសំណើច្បាប់នេះ តែនៅពេលដែលតុលាការបញ្ជាឲ្យពួកគេធ្វើដូច្នេះតែប៉ុណ្ណោះ។ ខ្ញុំគិតថា ទាល់តែមានការលើកទឹកចិត្ត ឬការដាក់សំពាធរបស់សហគមន៍អន្តរជាតិ ទើបរដ្ឋាភិបាលទីក្រុងហុងកុងចាប់ផ្ដើមយល់ពីទំហំ និងភាពធ្ងន់ធ្ងរនៃបញ្ហានេះ»។
អង្គការក្នុងស្រុកនិងអន្តរជាតិមួយចំនួន បានរកឃើញបញ្ហារីករាលដាលនានា ដែលពលករចំណាកស្រុកត្រូវបានគេនាំចូលមកក្នុងទីក្រុងហុងកុង ហើយអ្នកខ្លះទៀតបន្ទាប់មក ត្រូវបានគេបញ្ជូនទៅកាន់ប្រទេសផ្សេងទៀត។ រដ្ឋាភិបាលក្រុងហុងកុងបានឲ្យដឹងថា ខ្លួនមានគម្រោងស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែបានទទួលស្គាល់ថា ការស៊ើបអង្កេតនេះនឹងមិនរាប់បញ្ចូលច្បាប់ ដែលឆ្លើយតបជាក់លាក់ណាមួយទៅនឹងការផ្លាស់ទី និងការឃុំឃាំងដោយបង្ខំចំពោះពលករចំណាកស្រុកនោះទេ។
លោក Lawrence Li អ្នកនាំពាក្យឲ្យការិយាល័យសន្តិសុខរបស់រដ្ឋាភិបាលទីក្រុងហុងកុង បានសរសេរនៅលើសេចក្ដីប្រកាសតាមអ៊ីមែលមួយ ដែលសំដៅលើការជួញដូរមនុស្ស យ៉ាងដូច្នេះថា៖ «នាពេលបច្ចុប្បន្ននេះ ច្បាប់របស់ទីក្រុងហុងកុងបានផ្ដល់រចនាសម្ព័ន្ធផ្លូវច្បាប់គ្រប់គ្រាន់ និងរឹងមាំរួចហើយ ដើម្បីប្រឆាំងនឹងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព»។
លោក Lawrence Li បានទទួលស្គាល់ថា ទីក្រុងហុងកុងមិនមានច្បាប់ជាក់លាក់ណាមួយ ហាមឃាត់ការបង្ខាំង ឬផ្លាស់ទីពលករដោយខុសច្បាប់នោះទេ។ លោក
Marwah បានជំទាស់យ៉ាងដាច់អហង្ការចំពោះការណ៍ដែលថាវិធានការរបស់រដ្ឋាភិបាលគឺមានលក្ខណៈគ្រប់គ្រាន់នោះ។ លោកបាននិយាយថា ច្បាប់ហុងកុងមិនបានបញ្ជាក់អំពីការហាមឃាត់អំពើទាសភាព ការជួញដូរទាសករ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការលាងលុយកង្វក់ពាក់ព័ន្ធនឹងការជួញដូរឡើយ។
ការដាក់សំពាធកើនឡើង
រដ្ឋាភិបាលក្រុងហុងកុងកំពុងរងសំពាធនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីឲ្យបញ្ឈប់ការជួញដូរពលករចំណាកស្រុកដោយខុសច្បាប់ ដែលពលករភាគច្រើនបានធ្វើការជាអ្នកបម្រើការងារតាមផ្ទះនៅក្នុងគ្រួសារមធ្យម និងគ្រួសារអ្នកមាន។
កាលពីឆ្នាំ ២០១៦ តុលាការជាន់ខ្ពស់ក្នុងទីក្រុងនេះបានរកឃើញថា ពលករចំណាកស្រុកជនជាតិប៉ាគីស្ថានលោក ZN ដែលត្រូវថៅកែរបស់លោកវាយដំ និងមិនបើកប្រាក់បៀវត្សរ៍ឲ្យ មិនត្រូវបានទីភ្នាក់ងារផ្លូវការណាមួយ ដែលមានទាំងប៉ូលិសផងដែរ ជួយសង្គ្រោះនោះទេ។
ចៅក្រមបានរកឃើញថា លោកធ្លាប់ជាជនរងគ្រោះនៅក្នុងការជួញដូរមនុស្ស និងបានរកឃើញថា វិធានការរបស់រដ្ឋាភិបាលក្រុងហុងកុងមិនបានទទួលជោគជ័យអ្វីនោះទេ សូម្បីតែវត្ថុបំណងជាមូលដ្ឋានសាមញ្ញបំផុតក៏ដោយ។
កាលពីខែសីហាឆ្នាំមុន ក្រសួងការបរទេសអាមេរិកបានបញ្ចូលទីក្រុងហុងកុងទៅក្នុងបញ្ជីឃ្លាំមើលនៃបណ្ដាប្រទេសដែលមិនបានបំពេញតាមស្តង់ដាររបស់អង្គការសហប្រជាជាតិក្នុងការបញ្ឈប់ការជួញដូរមនុស្ស ដូចជាការកាត់ទោសអ្នកជួញដូរ ឬក៏ការកំណត់អត្តសញ្ញាណជនរងគ្រោះជាដើម។
ភាពអសកម្មនេះក៏ត្រូវបានគេរកឃើញថាមានកើតឡើងនៅក្នុងបណ្ដាប្រទេសមួចំនួនទៀតផងដែរដូចជា ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានជាដើម។ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនោះបានជំរុញឲ្យរដ្ឋាភិបាលទីក្រុងហុងកុងអនុម័តច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស។
ការសិក្សាដែលរៀបរាប់លំអិតអំពីការរំលោភបំពាន
ជាងនេះទៅទៀត មជ្ឈមណ្ឌលយុត្តិធម៌ (Justice Center) ដែលជាអង្គការសិទ្ធិមនុស្សនៅទីក្រុងហុងកុង បានរកឃើញថានៅក្នុងការសិក្សាស្រាវជ្រាវមួយដែលបានចេញផ្សាយកាលពីឆ្នាំ ២០០៦ ថា ពលករចំណាកស្រុកជាច្រើននៅក្នុងទីក្រុងហុងកុង បានរាយការណ៍ថា ពលករភាគច្រើនចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីទទួលបានការងារធ្វើនៅក្នុងទីក្រុងហុងកុង។
នៅពេលដែលពួកគេនៅក្នុងទីក្រុងហុងកុង ពួកគេត្រូវបានរឹតត្បិតសេរីភាពក្នុងការធ្វើដំណើរ និងការទាក់ទងផ្សេងៗ។ ពលករជាច្រើនត្រូវបានតម្រូវឲ្យធ្វើការជាច្រើនម៉ោង រងការគំរាមកំហែងផ្លូវកាយ ឬការគំរាមកំហែងផ្លូវភេទ ហើយទូរស័ព្ទ និងឯកសារធ្វើដំណើររបស់ពួកគេត្រូវបានដកហូត។
ក្រុមអ្នករិះគន់និយាយថា ពលករចំណាកស្រុកហុងកុងមានចំណងជាមួយនឹងនិយោជករបស់ពួកគេ ដោយសារពលករភាគច្រើនមិនមានសេរីភាពក្នុងសុំឈប់ធ្វើការងារ និងស្វែងរកការងារថ្មីធ្វើឡើយ ដោយសារពួកគេខ្លាចទិដ្ឋាការរបស់ខ្លួនត្រូវបានលុបចោល ឬក៏ពួកគេមិនអាចសងប្រាក់រាប់ពាន់ដុល្លារដែលពួកគេបានបង់ឲ្យទីភ្នាក់ងាររកការងារឲ្យពួកគេធ្វើ។
អ្នកស្រាវជ្រាវរកឃើញថា ជាមធ្យមពលករចំណាកស្រុកដូចនេះធ្វើការចំនួនជាង ៧១ ម៉ោងក្នុងមួយអាទិត្យ ដែលស្មើនឹងជិត ១២ ម៉ោងក្នុងមួយថ្ងៃ និងធ្វើការ ៦ ថ្ងៃក្នុងមួយសប្ដាហ៍។ ពលករមួយចំនួនទទួលបានប្រាក់ឈ្នួលតិចបំផុតចំនួន ៥២៣ ដុល្លារអាមេរិកក្នុងមួយខែ។
ការរំលោភបំពានលើពលករបម្រើការងារតាមផ្ទះនៅក្នុងទីក្រុងហុងកុងបានក្លាយទៅជារឿងរ៉ាវដែលគេចាប់អារម្មណ៍ជាអន្តរជាតិមួយកាលពីឆ្នាំ ២០១៤ នៅពេលដែលរូបថតបង្ហោះតាមអ៊ីនធឺណិតបានបង្ហាញពីស្ត្រីជនជាតិឥណ្ឌូណេស៊ីអាយុ ២១ ម្នាក់ ឈ្មោះ Erwiana Sulistyaningsih ដែលមានរូបរាងស្គមស្គាំង និងមានស្នាមជាំនៅលើដងខ្លួន។
នាង Erwiana Sulistyaningsihបានមកធ្វើការនៅទីក្រុងហុងកុង ដើម្បីរកលុយសម្រាប់ចូលរៀននៅមហាវិទ្យាល័យ។ នាងត្រូវបានបង្ខំឲ្យធ្វើការនៅតាមផ្ទះមួយចំនួន ដែលនាងមិនបានទទួលប្រាក់បៀវត្សរ៍អ្វីនោះទេ ហើយថែមទាំងត្រូវបានគេបង្អត់អាហារ រងការវាយដំ ទទួលដំណេកមិនគ្រប់គ្រាន់ និងមិនមានពេលទៅបន្ទប់ទឹកជាដើម។
ការប្រើជាទូទៅនូវពលករបម្រើការងារតាមផ្ទះ ដែលទទួលបានប្រាក់ឈ្នួលមិនគ្រប់គ្រាន់ គឺជាបែបផែននៃជីវិតមិនងាយស្រួលមួយ និងងាយមើលឃើញនៅក្នុងទីក្រុងហុងកុង។ លក្ខខណ្ឌទិដ្ឋាការរបស់ពួកគេតម្រូវឲ្យពួកគេរស់នៅក្នុងផ្ទះជាមួយនិយោជករបស់ពួកគេ។ នៅរៀងរាល់ថ្ងៃអាទិត្យ ពលកររាប់ម៉ឺននាក់ ចំណាយពេលឈប់សម្រាកមួយថ្ងៃប្រចាំសប្ដាហ៍របស់ពួកគេនេះដើម្បីជួបជុំគ្នានៅតាមឧទ្យានសាធារណៈ ឬទីសាធារណៈនានា៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា