ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នករាយការណ៍​ពិសេស​ អ.ស.ប ​នឹង​ផ្ដោត​សំខាន់​លើ​ការ​ជួញដូរ​កុមារ​ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​បួន​មក​កាន់​កម្ពុជា


រូបឯកសារៈ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (ឡេង ឡែន/VOA)

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ បាន​ដកស្រង់​សម្ដី​អ្នកស្រី​ ស្មីត​ ក្នុង​ន័យ​ដើម​ថា៖ «នៅ​ក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្ញុំ​លើក​នេះ​ ខ្ញុំ​នឹង​ផ្ដោត​លើ​សិទ្ធិ​កុមារ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ​លើ​វិស័យ​នៃ​ការ​រើស​អើង​ និង​ក្រុម​ដែល​ងាយ​រងគ្រោះ»។​

​អ្នកស្រី​ រ៉ូណា​ ស្មីត​ (Rhona Smith) ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​លើក​ទី​បួន​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​ ២០១៧​ ដើម្បី​ពិនិត្យមើល​សិទ្ធិ​កុមារ​ និង​ស្ថានភាព​សិទ្ធិមនុស្ស​ទូទៅ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំ​កម្ពុជា ដែលVOA ​ទទួល​បាន​នា​រសៀល​ ថ្ងៃ​ពុធ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ បាន​ដកស្រង់​សម្ដី​អ្នកស្រី​ ស្មីត​ ក្នុង​ន័យ​ដើម​ថា៖ «នៅ​ក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្ញុំ​លើក​នេះ​ ខ្ញុំ​នឹង​ផ្ដោត​លើ​សិទ្ធិ​កុមារ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ​លើ​វិស័យ​នៃ​ការ​រើស​អើង​ និង​ក្រុម​ដែល​ងាយ​រងគ្រោះ»។​

អ្នកស្រី​បាន​និយាយ​បន្ត​ថា៖​ «ខ្ញុំ​មាន​បំណង​ស្វែង​យល់​ជាពិសេស​អំពី​ការ​ជួញដូរ​ និង​កេងប្រវ័ញ្ច​លើ​កុមារ​ រួម​ទាំង​គោលជំហរ​ក្នុង​ការ​មើល​ថែ​កុមារ»។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ​របស់​អ្នកស្រី​ ស្មីត​ មកកាន់​កម្ពុជា​ អ្នក​រាយ​ការណ៍​ពិសេស​រូប​នេះ​ នឹង​ជួប​ប្រជុំ​ជាមួយ​ក្រុម​ និង​មន្ត្រី​ជា​ច្រើន​ រួមមាន​ សមាជិក​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​ តំណាង​សង្គម​ស៊ីវិល​ និង​សមាជិក​នៃ​សហគមន៍ការទូត។

ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​របស់​អ្នកស្រី រ៉ូណា​ ស្មីត​ កើត​មាន​ឡើង​ ​ក្រោយ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​បួន​រូប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី៣​រយៈពេល​១០ថ្ងៃ​នៅ​កម្ពុជា​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៦​ ​អ្នកស្រី​ ​រ៉ូណា ស្មីត ​លើក​ឡើង​ថា ​ការ​មិន​ចុះ​សម្រុង​នៅ​ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ភាព​មិន​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ គឺជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អ្នកស្រី​ ​ស្មីត​ ​ក៏​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​រាយការណ៍​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដែល​ជា​កាតព្វកិច្ច​មួយ​នៃ​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិមនុស្ស៕​

XS
SM
MD
LG