សហគមន៍អន្តរជាតិបន្តប្រតិកម្មនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចិត្តធ្វើការចោទប្រកាន់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសស្មើនឹងអំពើក្បត់ជាតិ ហើយអាចប្រឈមនឹងការដាក់ទោសក្នុងពន្ធនាគារដល់៣០ឆ្នាំ។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលចេញផ្សាយនៅថៃ្ងអង្គារនេះ។
មាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌបានចែងថា៖ «បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំ»។ បទល្មើសខាងលើនេះគឺជាផ្នែកមួយនៃអំពើក្បត់ជាតិ។
សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៧ បានបញ្ជាក់ឲ្យដឹងថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃចាប់ខ្លួននៅក្នុងអង្គហេតុនៃបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងផែនការសម្ងាត់ និងសកម្មភាពនៃការឃុបឃិតគ្នារវាងលោក កឹម សុខា ជាមួយបរទេសដែលធ្វើឲ្យមានភាពវឹកវរនិងប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងក្នុងន័យដើមថា៖
«ផែនការសម្ងាត់នេះត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៣ និងបានបន្តរហូតមកដល់បច្ចុប្បន្ននេះ ហើយខ្លឹមសារនៃផែនការរួមជាមួយបរទេសក្បត់នឹងកម្ពុជានេះ ត្រូវលាតត្រដាងបង្ហាញតាមរយៈវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodian Broadcasting Network) មានទីតាំងនៅប្រទេសអូស្រ្តាលី រួមជាមួយនិងភស្តុតាងដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបានកន្លងមក»។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តថា៖
«ការធ្វើសកម្មភាពបន្តមកដល់ពេលនេះគឺកំណត់បានជាស្ថានភាពនៃបទល្មើសជាក់ស្តែង ដោយយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ការចាប់ខ្លួនឈ្មោះ កឹម សុខា ត្រូវបានធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងមាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ»។
លោក កឹម សុខា ប្រធានគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅដោយសំអាងលើការថ្លែងរបស់លោកនៅក្នុងវីដេអូខ្លីមួយ ដែលគេចែកចាយពេញបណ្តាញហ្វេសប៊ុក ហើយត្រូវបានអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីផ្សាយបន្តជាសាធារណៈតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយការចាប់ខ្លួនមេដឹកគណបក្សជំទាស់រូបនេះ។
តាមរយៈខ្សែអាត់វីដេអូដែលគ្មានកាលបរិច្ឆេទនេះ លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រក្នុងប្រទេសអូស្ត្រាលី ដោយលើកឡើងអំពីយុទ្ធសាស្ត្រនយោបាយរបស់គណបក្សជំទាស់តទល់នឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
គ្រាដែលព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់លោក កឹម សុខា និងសម្រេចឃុំខ្លួនលោកបណ្តោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតបន្ត សហគមន៍អន្តរជាតិបន្តសម្តែងក្តីបារម្ភចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា នៅមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដែលគ្រោងនឹងរៀបចំឡើងនៅខែ កក្កដា ឆ្នាំក្រោយនេះ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអូស្រា្តលីប្រចាំនៅរាជធានីភ្នំពេញចុះថ្ងៃទី ៤ ខែកញ្ញា ដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ បានបញ្ជាក់ឲ្យដឹងផងដែរថា អូស្ត្រាលីមានក្តីបារម្ភចំពោះការវិវត្តនាពេលថ្មីៗនៅកម្ពុជា ដែលបានគំរាមកំហែង រឹតត្បិតលំហនយោបាយ ជាពិសេសសេរីភាពរបស់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងសារព័ត៌មាន ក្នុងការដើរតួនាទីរបស់ពួកគេក្នុងលទ្ធិប្រជាធិបតេយ្យដ៏ទូលំទូលាយនៅកម្ពុជា។ អូស្រ្តាលីមានក្តីបារម្ភជាពិសេសលើការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួននេះបង្ហាញនូវការវិវត្តកាន់តែអាក្រក់ទៅនៃស្ថានភាពនយោបាយមុនការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ឲ្យដឹងក្នុងន័យដើមថា៖
«យើងសូមជំរុញឲ្យអាជ្ញាធរកម្ពុជាចាត់វិធានការចាំបាច់នានាដើម្បីរក្សានូវលំហលទ្ធិប្រជាធិបតេយ្យបើកចំហរ ដែលអាចឲ្យមានការបញ្ចេញនូវទស្សនៈផ្សេងៗ។ សេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំ សារព័ត៌មានដែលរស់រវើក និងបក្សប្រឆាំងដែលសកម្មគឺជាធាតុផ្សំដ៏សំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យប្រកបដោយជោគជ័យ»។
ស្ថានទូតអូស្ត្រាលីក្នុងប្រទេសកម្ពុជាបានបន្តក្នុងន័យដើមថា៖
«ក្នុងនាមជាមិត្តភក្តិដ៏យូរអង្វែងរបស់កម្ពុជា អូស្រា្តលីសូមជំរុញឲ្យកម្ពុជាអនុវត្តយ៉ាងពេញលេញនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដូចដែលបានចែងក្នុងធម្មនុញ្ញអាស៊ាន និងគោរពសេរីភាពនៃការបញ្ចេញមតិ សមាគមន៍ និងការប្រមូលផ្តុំដោយសន្តិភាព»។
ក្នុងថ្ងៃដដែលនេះ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ពីក្តីបារម្ភរបស់លោក Mark Field រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសអង់គ្លេស ជុំវិញការវិវត្តចុងក្រោយនៃស្ថានការណ៍នយោបាយនៅកម្ពុជា។
លោក Mark Field បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានក្នុងន័យដើមថា៖
«ខ្ញុំមានក្តីបារម្ភយ៉ាងខ្លាំងដោយសារសកម្មភាពជាហូរហែរថ្មីៗនេះរបស់អាជ្ញាធរកម្ពុជា ដែលបង្កើនកិច្ចខិតខំយ៉ាងខ្លាំងក្នុងការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង»។
លោក Mark Field បានថ្លែងបន្ថែមថា៖
«ខ្ញុំទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់នានាដើម្បីស្តារស្ថានការណ៍នានាដើម្បីឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ សេរី និងត្រឹមត្រូវ ហើយស្ថាបនាការជឿនលឿនទៅមុខដែលគួរឲ្យលើកទឹកចិត្ត ដូចដែលយើងបានឃើញនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ទូទាំងប្រទេស ដែលទើបតែកន្លងទៅបីខែនោះ»។
លោក កឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម កំពុងស្ថិតក្នុងពន្ធនាគារត្រពាំងផ្លុងនៃខេត្តត្បូងឃ្មុំ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា គណបក្សកាន់អំណាចមិនមានជាប់ពាក់ព័ន្ធអ្វីក្នុងរឿងក្តីលោក កឹម សុខា នោះទេ។
«គណបក្សអត់មានជំហរអីទាំងអស់ ព្រោះគណបក្សមិនមានពាក់ព័ន្ធនឹងរឿងហ្នឹងទេ។ នេះជារឿងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល របស់តុលាការ។ អិចឹងគឺខាងគណបក្សគឺមិនលូកដៃក្នុងរឿងហ្នឹងទេបាទ»។
ក៏ប៉ុន្តែ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង បានចេញខ្សែអាត់វីដេអូនៅថ្ងៃអង្គារនេះ បញ្ជាក់ពីការចាប់ឃុំខ្លួនលោក កឹម សុខា ថា គឺជាការវាយប្រហារលើអ្នកប្រជាធិបតេយ្យ និងបានបង្ហាញសុទិដ្ឋិនិយមថា របបផ្តាច់ការនៅកម្ពុជានឹងបញ្ចប់ទៅដោយកម្លាំងប្រជាជន។
«ទោះជាគេតាមធ្វើបាបយើងយ៉ាងណា ខ្ញុំសូមឲ្យអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ គឺជនជាតិខ្មែរគ្រប់រូប ដែលស្រឡាញ់សេរីភាព និងយុត្តិធម៌ សូមបងប្អូនក្មួយៗកុំអស់សង្ឃឹម។ អំណាចផ្តាច់ការដូចនៅប្រទេសកម្ពុជាសព្វថ្ងៃ ដែលធ្វើអំពើអាក្រក់កាន់តែច្រើនឡើងៗ មិនអាចនៅឋិតថេរបានយូរទេ ពីព្រោះបទពិសោធន៍ពីប្រវត្តិសាស្ត្រគ្រប់សម័យ ក្នុងពិភពលោក បង្ហាញថា គ្មានអ្វីឈ្នះកម្លាំងប្រជារាស្រ្តបានទេ។ នៅប្រទេសកម្ពុជាសព្វថ្ងៃ កម្លាំងប្រជារាស្ត្រដែលតំណាងឲ្យអំពើល្អ ច្បាស់ជានឹងដណ្តើមយកជ័យជំនះ ក្នុងពេលអនាគតដ៏ឆាប់ៗខាងមុខ លើរបបតិរច្ឆានសព្វថ្ងៃជាពុំខាន»។
VOA ព្យាយាមសុំការអធិប្បាយពីកូនស្រីទាំងពីររបស់លោក កឹម សុខា គឺកញ្ញាកឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ និងកញ្ញា កឹម សាម្មាធីតា តែអ្នកទាំងពីរមិនឆ្លើយតបទៅនឹងសំណួររបស់ VOA ដែលបានផ្ញើទៅអ្នកទាំងពីរតាមសារអេឡិចត្រូនិក ឬ Email ទេ មកដល់ល្ងាចថ្ងៃអង្គារនេះ។
ដោយឡែកក្រុមមេធាវីចំនួនប្រាំរូបដែលការពារក្តីលោក កឹម សុខា បានច្រានចោលការចោទប្រកាន់លោក កឹម សុខា បើផ្អែកតាមអង្គហេតុដែលមាននៅក្នុងវីដេអូឃ្លីបដែលចេញដោយអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមការបញ្ជាក់របស់លោក ហែម សុជាតិមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំងប្រាំនាក់។
លោកបានប្រាប់ VOA ថា ក្រុមមេធាវីនឹងធ្វើការតស៊ូខាងច្បាប់ដើម្បីទាមទារឲ្យតុលាការទម្លាក់ចោលការប្រកាន់ប្រឆាំងនឹងលោក កឹម សុខា។ យ៉ាងណាក្តីលោកថា មានតែសម្ពាធពីសហគមន៍អន្តរជាតិ ឬការចរចាណាមួយខាងនយោបាយទេ ទើបអាចជួយកូនក្តីរបស់លោកបាន។
«ការតស៊ូមតិតាមផ្លូវច្បាប់របស់យើងគឺយើងបានធ្វើច្រើន ប៉ុន្តែលទ្ធផលដែលយើងទទួលបានមកវិញគឺការខកចិត្តមិនដែលបានទទួលនូវសំណើណាមួយដែលបានសម្រេចនោះទេបាទ។ គឺទាល់តែមាន គេហៅថា ការចរចា ឬសម្ពាធណាមួយ ទើបកូនក្តីយើងស្ថានភាពវាអាចបានប្រសើរឡើងខ្លះ អីចឹងណា៎»។
អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ផងដែរ បង្ហាញពីការបារម្ភទាក់ទិនការចាប់មេដឹកនាំគណបក្សប្រឆាំងនៅមុនការបោះឆ្នោតជាតិ ដែលគ្រោងនឹងរៀបចំឡើងនៅខែកក្កដា ឆ្នាំ ២០១៨។
សេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃអង្គារនេះរបស់អង្គការ Amnesty International បានបញ្ជាក់ថា៖
«ការចោទប្រកាន់បែបប្រឌិតប្រឆាំងនឹងលោក កឹម សុខា គឺជារឿងដែលបានកើតឡើងចុងក្រោយបំផុតក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលដែលកំពុងតែរីករាលដាលដ៏ឆាប់រហ័សនោះ ហើយយុទ្ធនាការនេះក៏កំពុងរឹតត្បិតបណ្តាញព័ត៌មានឯករាជ្យ ការវិភាគមុនការបោះឆ្នោតជាសាកលឆ្នាំ ២០១៨ផងដែរ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ អង្គការ Amnesty International អំពាវនាវឲ្យក្រុមប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. រួមទាំងប្រទេសផ្តល់ជំនួយធំៗរបស់កម្ពុជា ដូចជាអាមេរិក ចិន អាល្លឺម៉ង់ ជប៉ុន អង់គ្លេស បានយល់អំពីភាពចាំបាច់ និងភាពធ្ងន់ធ្ងរនៃដំណើរការដែលធ្វើឲ្យខូចខាតដល់ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយឆ្លើយតបតាមដំណើរការនោះក្នុងកិច្ចប្រជុំប្រចាំឆ្នាំនាពេលខាងមុខ ដោយមិនគួរបែរចេញពីបញ្ហាកម្ពុជាទេ។ ហើយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសផ្សេងទៀតត្រូវធានាពីការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងនេះក៏ដោយ ប្រទេសចិនត្រូវគេរាយការណ៍ថា បានគាំទ្រជំហររដ្ឋាភិបាលកម្ពុជានៅក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេស។
ចំណែកឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺលោក Zeid Ra’Ad Al Hussein បានរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះការចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ ដោយអះអាងថា នេះជាការរំលោភលើច្បាប់និងអភ័យឯកសិទ្ធិសភា៕