ក្រោយការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានព្រមានតាមចាប់ខ្លួនជនបរទេសមួយចំនួន ដែលលោកថាអាចពាក់ព័ន្ធនឹង«ការរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល»។
ថ្លែងក្នុងពិធីសម្ពោធព្រះវិហារឥស្លាមក្រុងកំពង់ចាម និងដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍និងទំព័រហ្វេសប៊ុកនានា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានខ្លាំងៗដល់អ្នកដែលចង់ជ្រៀតជ្រែក ដល់ករណីមេបក្សជំទាស់ លោក កឹម សុខា ដែលត្រូវបានឃាត់ខ្លួនពីថ្ងៃអាទិត្យ ពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្ត«អំពើក្បត់ជាតិ»។ នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលលោកក៏បានឱ្យដឹងផងដែរថា អាជ្ញាធរកំពុងស្រាវជ្រាវរកជនបរទេសមួយចំនួនផ្សេងទៀត ដែលឃុបឃិតនឹងប្រធានគណបក្សប្រឆាំងដ៏ធំនេះ។ នៅចំពោះមុខខ្មែរឥស្លាមរាប់រយនាក់ លោក ហ៊ុន សែន បានហៅលោក កឹម សុខា ថាជា «អាយ៉ងបរទេស»។
លោកហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣ទសវត្សរ៍ បានថ្លែងថា៖
«ជាមួយនឹងសន្តិភាពដែលត្រូវរក្សាឲ្យបាននៅក្នុងដៃរបស់យើង ហើយមិនត្រូវឲ្យក្រុមណាមួយមកបំផ្លិចបំផ្លាញតាមរយៈការធ្វើអាយ៉ងរបស់ជនបរទេស ហើយមកបំផ្លិចបំផ្លាញខ្មែរ ដូចជាក្នុងឆ្នាំ១៩៩០ដែលយើងទើបនឹងរកឃើញថ្មីៗនេះ អំពីអំពើក្បត់របស់ជនដែលយើងចាប់ខ្លួនរួចទៅហើយ»។
លោក ហ៊ុន សែន បានបន្ថែមថា៖
«ទោះដោយតម្លៃណាក៏ដោយ មិនអាចឲ្យបរទេស មកប្រើប្រាស់ជនជាតិខ្មែរ ដើម្បីសម្លាប់ខ្មែរតទៅទៀតទេ។ បរទេសទាំងឡាយត្រូវមើលឲ្យឃើញ ត្រូវស្រាវជ្រាវឲ្យច្បាស់ ហើយយើងក៏ចង់ស្គាល់មុខ ចំពោះអ្នកដែលបានផ្តល់នូវមេរៀន ហើយមកអនុវត្តយុទ្ធសាស្រ្តបំផ្លាញជាតិរបស់យើង»។
លោក ហ៊ុន សែន ក៏បានព្រលយថា មានជនបរទេសមកពីសហរដ្ឋអាមេរិក និងកាណាដា ដែលលោកថា ពាក់ព័ន្ធនឹងលោក កឹម សុខា។
លោកមានប្រសាសន៍ថា៖
«យើងសូមផ្ញើសារទៅកាន់ជនបរទេស ដែលបានប្រើប្រាស់មនុស្សនេះ ឲ្យបញ្ឈប់នូវសកម្មភាព ហើយយើងនឹងស្រាវជ្រាវតាមផ្លូវតុលាការ ដើម្បីឲ្យដឹងថា អ្នកណាខ្លះបានចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេលកន្លងទៅ។ ជនបរទេសណាខ្លះដែលគេថា មកពីអាមេរិក និងមកពីកាណាដា។ តើអ្នកណាខ្លះ? រឿងនេះវាមិនតូចទេ»។
ជាមួយគ្នានេះផងដែរ លោក ហ៊ុន សែន បានចាត់ទុកការសម្លាប់ដោយសារការតវ៉ាក្រោយការបោះឆ្នោតសាកលឆ្នាំ២០១៣ ជាការទទួលខុសត្រូវរបស់លោក កឹម សុខា តាមអ្វីដែលលោក ថាជាសម្តីផ្ទាល់របស់លោកកឹម សុខាក្នុងវីដេអូដែលគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក។
ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានបដិសេធទទួលយកលទ្ធផលបោះឆ្នោត ហើយបានធ្វើបាតុកម្មប្រឆាំង ក្រោមហេតុផលថាមានការលួចបន្លំសន្លឹកឆ្នោត។ បាតុកម្មក្រោយការបោះឆ្នោតនេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច៦នាក់បានស្លាប់ក្នុងព្រឹត្តិការណ៍ហិង្សានៅស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យយុវជនម្នាក់បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង និងការបាញ់កម្មករនៅផ្លូវវ៉េងស្រេងដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានបញ្ជាក់ថា វីដេអូដែលត្រូវបានបង្ហោះតាមបណ្តាញCBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដែលប្រមូលបានដទៃទៀត បង្ហាញឲ្យឃើញច្បាស់ពី«ផែនការសម្ងាត់នៃការឃុបឃិតគ្នា រវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេសដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា»។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «អំពើនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ»។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ VOA ថា គណបក្សមិនមានទំនាក់ទំនងជាមួយបរទេស ក្នុងភាពលាក់បាំង ចង់ផ្តួលរំលំរដ្ឋាភិបាលនោះទេ។
លោកស្រីមានប្រសាសន៍ថា៖
«ពេលណាលោកប្រធានគាត់[លោក កឹម សុខា] ជួបជាមួយទូតណាក៏ដោយ ជាមួយអ្នកណាក៏ដោយ គឺមានរូបភាពទាំងអស់។ យើងអត់មានអ្វីលាក់បាំងទេ។ មានទាំងធ្វើជូនព័ត៌មានទៀត»។
លោកស្រីបានអំពាវនាវដល់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសជួយអន្តរាគមន៍ករណីនេះ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំសូមឲ្យមេត្តាអាណិតដល់លទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសជាតិយើងផង»។
លោកស្រីបានបញ្ជាក់បន្ថែមថា ជំហររបស់គណបក្សសង្រ្គោះជាតិ មិនមានការអំពាវនាវឲ្យប្រជាពលរដ្ឋទៅធ្វើបាតុកម្មនោះទេ។
ដោយឡែក លោក មាស នី អ្នកវិភាគនយោបាយ និងការអភិវឌ្ឍសង្គម ប្រាប់ VOA ថា បដិវត្តន៍កើតឡើងដោយសារប្រជាពលរដ្ឋនៅក្នុងប្រទេសមួយមិនពេញចិត្តនឹងរដ្ឋាភិបាលរបស់គេ។ លោកបន្តថា លោកមើលមិនឃើញថា មានចលនាចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ។
លោកមានប្រសាសន៍ថា៖
«អ៊ីចឹងបើនៅស្រុកយើង ពេលខ្លះ ខ្ញុំមើលទៅមិនឃើញមានសញ្ញាណាដែលវានឹងក្លាយជាបដិវត្តន៍ពណ៌បានទេ។ អ៊ីចឹងបានជាយើងឆ្ងល់ដែរថា ពេលខ្លះពូមានអារម្មណ៍ថា រដ្ឋាភិបាលដូចជាបង្ហាញការព្រួយបារម្ភហ្នឹងលើសពីការពិត»។
លោក មាស នី ក៏មិនឯកភាពនឹងការលើកឡើងថា បរទេសនៅពីក្រោយការប៉ុនប៉ងធ្វើបដិវត្តន៍នៅកម្ពុជា ដោយសារប្រទេសកម្ពុជាមិនមែនជាចំណាប់អារម្មណ៍នៃប្រទេសមហាអំណាច។
លោកមានប្រសាសន៍ថា៖
«សម្រាប់ទស្សនៈរបស់ខ្ញុំ ខ្ញុំមិនទាន់ឃើញសញ្ញាអីទៅដល់កម្រិតថាប្រទេសទាំងអស់ហ្នឹងនៅពីក្រោយ ការរៀបចំឲ្យមានបដិវត្តន៍ពណ៌។ ខ្ញុំមិនទាន់មើលឃើញ»។
លោក មាស នី មើលឃើញថា ការថ្លែងរបស់លោក ហ៊ុន សែន ប្រតិកម្មជាមួយអាមេរិក គឺដើម្បីឲ្យប្រទេសចិនឃើញពីការផ្តាច់ឆ្ងាញពីអាមេរិក ដើម្បីទទួលជំនួយពីប្រទេសចិន ឬអាចជាការចង់បានការចរចាមួយជាមួយអាមេរិកទៅលើបញ្ហាជំពាក់បំណុលទៅថ្ងៃខាងមុខ។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Occidental College នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក មានប្រសាសន៍ថាវាជាការពិបាកយល់ដែលលើកឡើងថា បរទេសមានទំនាក់ទំនងជាមួយ «ជនក្បត់ជាតិ»។
លោកបានថ្លែងប្រាប់ VOA តាមរយៈអ៊ីម៉ែលឬសារអេឡិចត្រូនិកថា៖ «ជនក្បត់ជាតិនៅថ្ងៃនេះ និងអ្នកទោសនយោបាយ អាចក្លាយជានាយករដ្ឋមន្រ្តីនៅថ្ងៃស្អែក។ វាស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកមើល។ វាដូចជារឿងជាមួយភេរវករ និងអ្នកតស៊ូដើម្បីសេរីភាពអញ្ចឹង។ អ្វីៗអាស្រ័យលើការយល់ឃើញ»។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសម្តែងការព្រួយបារម្ភអំពីការចាប់ខ្លួនលោក កឹម សុខា និងបានចោទជាសំណួរអំពីលទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំការបោះឆ្នោតដែលអាចទុកចិត្តនាពេលខាងមុខ។
លោក Heather Nauert ស្រីបានថ្លែងថា៖
«វិធានការទាំងនោះបានធ្វើឲ្យអន់ថយនៃការវិវឌ្ឍន៍កម្ពុជាក្នុងទសវត្សរ៍ថ្មីៗនេះ ហើយធ្វើឲ្យមានសំណួរម៉ត់ចត់មួយអំពីលទ្ធភាពរដ្ឋាភិបាល ដើម្បីរៀបចំការបោះឆ្នោតថ្នាក់ជាតិ២០១៨ ដែលអាចទុកចិត្តបាន ដែលអាចបង្កើតជាលទ្ធផលដែលបង្ហាញពីភាពស្របច្បាប់នៃលទ្ធិប្រជាធិបតេយ្យ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ គណៈប្រតិភូសហភាពអឺរ៉ុប បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីយាយីអ្នកនយោបាយបក្សប្រឆាំង។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា រំលោភលើអភ័យឯកសិទ្ធិជាតំណាងរាស្រ្ត និងធ្វើឲ្យមានការកើនឡើងកម្តៅនយោបាយ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖
«ដំណើរការប្រជាធិបតេយ្យដែលអាចទុកចិត្តបាន ដែលនាំឲ្យមានការបោះឆ្នោតសភាក្នុងឆ្នាំ២០១៨ ត្រូវការបរិយាកាសដែលគណបក្សនយោបាយទាំងអស់ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ អាចបន្តនូវតួនាទីស្របច្បាប់របស់ពួកគេ ដោយគ្មានភ័យខ្លាច ការគំរាមកំហែង និងការរឹតត្បិតតាមអំពើចិត្ត»។
VOA មិនអាចទំនាក់ទំនងស្ថានទូតកាណាដាប្រចាំប្រទេសកម្ពុជា ដើម្បីសុំក្តីអធិប្បាយបានទេនៅថ្ងៃចន្ទនេះ៕