ខណៈលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រងការឃុំខ្លួន ប្រជាពលរដ្ឋកម្ពុជា ដែល VOA បានជួបសម្ភាសន៍បង្ហាញទស្សនៈផ្សេងៗគ្នាអំពីស្ថានភាពចម្រូងចម្រាស ផ្នែកនយោបាយនៅកម្ពុជា។
តាមដងវិថីនៃរាជធានីភ្នំពេញនាថ្ងៃអាទិត្យនេះ មានសភាពស្ងប់ស្ងាត់ដូចសព្វមួយដង ក៏ប៉ុន្តែគេឃើញមានការជជែកគ្នាយ៉ាងសកម្មអំពីការចាប់ខ្លួនលោក កឹម សុខាតាមទីប្រជុំជនមួយចំនួននៅទីក្រុងភ្នំពេញ ពិសេសតាមហាងកាហ្វេ។
នៅក្នុងទាមកាហ្វេមួយក្នុងរាជធានីភ្នំពេញ លោក ដារ៉ា វ័យ៥៦ ដែលសុំមិនបញ្ចេញនាមត្រកូល ដោយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ លោកប្រាប់ VOAថា លោក ពុំយល់ស្រប ហេតុផល ដែលថា ការចាប់ខ្លួនលោក កឹម សុខា គឺដោយសារតែលោក «ក្បត់ជាតិ» ដូចការលើកឡើងរបស់រាជរដ្ឋាភិបាលនោះទេ។
«នេះគេហៅថាចាប់ទាំងកំរ៉ោល ដោយមិនមានដីកាអីច្បាស់លាស់ត្រឹមត្រូវទៅតាមបែបច្បាប់ទម្លាប់អីពិតប្រាកដទេ។ ដូច្នេះ ការចាប់ខ្លួននេះ វាមិនមែនជារឿងច្បាប់ទម្លាប់ទេ វាជារឿងផែនការរបស់ បក្សមួយប្រឆាំងជាមួយបក្សមួយដោយយល់ ថាបក្សមួយហ្នឹងគឺត្រូវតែមានជ័យជំនះនៅថ្ងៃខាងមុខ»។
លោក កឹម សុខា ត្រូវបានឃាត់ខ្លួននៅពាក់កណ្តាលអាធ្រាតថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យនេះ ពីបទ «ក្បត់ជាតិ»។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ បានឲ្យដឹងថា លោក កឹម សុខា ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី៣ (ឬមណ្ឌលត្រពាំងថ្លុង) នៅខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។
ការចាប់ខ្លួនមេបក្សជំទាស់រូបនេះ កើតមានឡើងជាង ១០ ខែមុនពេលប្រទេស កម្ពុជា រៀបចំដំណើរការបោះឆ្នោតថ្នាក់ជាតិ ដែលជាការជ្រើសរើសគណបក្សកាន់អំណាចដឹកនាំប្រទេសសារជាថ្មី។
លោក ដារ៉ា ដែលរស់នៅទីក្រុងភ្នំពេញសម្តែងក្តីបារម្ភ ប្រាប់ VOA អំពីដំណើរវិវត្តនៃនយោបាយនៅកម្ពុជា ដែលលោកយល់ថា មានភាពអាថ៍កំបាំង។
«រហូតដល់តែមេបក្សមួយទាំងមូល ហើយដល់ទៅចាប់ទាំងកណ្តាលយប់អញ្ចឹងវា យើងអ្នកសាមញ្ញធម្មតាក៏យល់ថាវា មិនមែនជារឿងច្បាប់ទម្លាប់អីនោះទេ»។
លោក សារូ រិន វ័យ ៤៦ ឆ្នាំ ដែលកំពុងចតម៉ូតូនៅទីសារធាណៈ បានឲ្យដឹងថា ការចាប់លោក កឹម សុខា ទាំងកណ្តាលអាធាត្រ ដែលលោកនៅមានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រ គឺជាការគំរាមកំហែងដែលរាជរដ្ឋាភិបាលរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជាចង់ បំបាក់ស្មារតីរបស់អ្នកដែលហ៊ានប្រកួតប្រជែងនឹងគណបក្សកាន់អំណាច។
«កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេថាសេរីពហុបក្ស។ ឥលូវពហុបក្សអីទៀត? គណបក្សប្រឆាំង (ត្រូវបាន) បំបិទហើយ ឥលូវហ្នឹងបំបិទហើយ ចាប់អញ្ចឹងគឺថាឲ្យគ្នាបាក់ស្បាត អ្នកក្រោមៗ សង្ឃឹមអីទៀត បើចាប់មេហើយ?»
លោក បន្តទៀតថា បើពុំមានការចូលរួមពីពីសហគមន៍អន្តរជាតិ នោះការអនុវត្តលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែស្រពិចស្រពិល។
«អាហ្នឹងមានតែអ្នក ចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសទាំង១៨ហ្នឹងមកជួយ រកយុត្តិធម៌ឲ្យកូនខ្មែរផង។ ខ្មែរយើងមិនដឹងសង្ឃឹមអីទៀតទេបើ (ប្រធាន)គណបក្សប្រឆាំងគេចាប់ហើយ។ ឲ្យគ្នាសង្ឃឹមអីទៀត ប្រជាជនហ្នឹងណា។ បើបោះឆ្នោតក៏ដូចជាអត់មានន័យអីដែរ»។
ស្រដៀងគ្នានោះដែរ លោក ព្រំ សូធី វ័យ៦៣ ឆ្នាំ ប្រកបរបររត់រ៉ឺម៉កកង់បី ដែលកំពុងអង្គុយតាមដានព័ត៌មានតាមទូរស័ព្ទ យល់ថា នេះជាវិធីសាស្ត្រប្រកួតប្រជែងសន្លឹកឆ្នោតដែលគណបក្សកាន់អំណាចតែងតែអនុវត្ត។
«ការចាត់ការមុនគឺថាដូចជាការគំរាមកំហែងដល់គណបក្សប្រឆាំង ព្រោះថាបើមិនគំរាមកំហែងគាត់ខ្លាចចាញ់ឆ្នោត ដូច្នេះគាត់ត្រូវធ្វើមុន ចាត់ការមុន។ កឹមសុខា មិនអាចផ្តួលបានព្រោះគាត់គ្មានកម្លាំងទ័ពអីផង»។
ប្រជាពលរដ្ឋមួយរូបទៀត ដែលជាមន្ត្រីរាជការចូលនិវត្តមានវ័យ ៧០ឆ្នាំ សុំមិនបញ្ចេញអត្តសញ្ញាណ ដោយសារលោកមានប្រវត្តិការងារនៅក្នុងជួររាជរដ្ឋាភិបាល។
«អញ្ចឹងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់ដូចជាមិនទាន់ច្បាស់លាស់ដែលឲ្យប្រជាជនទុកចិត្តបានទេ។ មិនថាអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិឬក៏អ្នកមិនគាំទ្រគណបក្សសង្គ្រោះជាតិទេ គឺគេស្រលាញ់ប្រជាធិបតេយ្យ និងយុត្តិធម៌នៅក្នុងសង្គម»។
សេចក្តីថ្លែងការណ៍រាជរដ្ឋាភិបាលបញ្ជាក់ថា ការចាប់ឃាត់ខ្លួននេះពាក់ព័ន្ធនឹងព័ត៌មានលេចធ្លាយតាមបណ្តាញសារព័ត៌មានខ្មែរនៅប្រទេសអូស្ត្រាលី ថ្លែងពាក់ព័ន្ធនឹងគម្រោងធ្វើបដិវត្តន៍ពណ៍។
ស្ថានភាពនយោបាយកម្ពុជាកាន់តែតានតឹងប៉ុន្មានសប្តាហ៍ចុងក្រោយ តាំងពីមានការការបិទការិយាល័យវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ការគំរាមបិទកាសែត The Cambodia Daily និងផ្អាកការផ្សាយបន្តកម្មវិធីវិទ្យុអាស៊ីសេរី និង វិទ្យុសម្លេងសហរដ្ឋអាមេរិកVOAជាដើម។
លោក មាស នី អ្នកវិភាគសង្គម បានឲ្យដឹងថាក្នុងស្ថានភាពបែបនេះ មិនមែនតែគណបក្សសង្គ្រោះជាតិនោះទេ គណបក្សប្រឆាំងណាក៏ដោយ ក៏ពិបាកគេចពិបាកនឹងរកច្រកចេញ និងមើលទៅដូចជា«អន្ទាក់ដាក់គ្រប់ជ្រុងទាំងអស់»។
លោកបន្តទៀតថា ការលើកឡើងអំពីបទ «ក្បត់ជាតិ» ពុំមានមូលដ្ឋានច្បាស់លាស់ និងអាស្រ័យលើការដាក់បន្ទុក ហើយលោកយល់ថា ក្នុងនយោបាយបច្ចុប្បន្ន អ្នកនយោបាយយកហេតុផល «ក្បត់ជាតិ» ជាដើម្បីលាបពណ៍ទៅលើបុគ្គលណាម្នាក់ឬក្រុមណាមួយ។
ការចាប់ខ្លួនលោក កឹម សុខាធ្វើឡើមិនប៉ុន្មានថ្ងៃក្រោយពីការ បង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់លោក កឹម សុខានិងកូនស្រី ថាមានពាក់ព័ន្ធនឹងបណ្តាញសម្ងាត់របស់អាមេរិក CIA៕