ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង អ្នក​ច្បាប់ និង​អ្នកតាមដាន ចោទ​ជា​សំណួរ​អំពី​ការចោទ​លោក កឹម សុខា «ក្បត់ជាតិ»


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

មុន​ពេល​នៃ​ការ​ចាប់​ខ្លួន​នេះ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយ​ថា ក្រសួង​កំពុង​ស៊ើប​អង្កេត​គណបក្ស​សង្រ្គោះជាតិ ហើយ​ព្រមាន​ថា នឹង​អាច​រំលាយ​គណបក្ស ប្រសិន​បើ​រក​កំហុស​ឃើញ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ឬ​ បង្កើត​បដិវត្តន៍​ពណ៌។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន នៅរំលងអធ្រាត្រឈានចូលព្រឹក​ថ្ងៃ​អាទិត្យ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក និង​បក្ខពួក ​បាន​ប្រព្រឹត្ត​«អំពើ​ក្បត់​ជាតិ» ដោយ​យោង​តាម​វីដេអូ​ឃ្លីប​មួយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាង​៣ឆ្នាំ​មក​ហើយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ករណី​នេះ គណបក្ស​សង្រ្គោះជាតិ​ អ្នក​ច្បាប់ និង​អ្នក​តាម​ដាន បាន​ចោទ​ជា​សំណួរ​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ចោទ​ប្រកាន់។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ អាជ្ញាធរ​កម្ពុជា​បាន​ប៉ុនប៉ង​ចាប់​ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ទីស្នាក់​ការ​គណបក្ស​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ នៃ​រាជធានី​ភ្នំពេញ។

ទោះ​ជា​យ៉ាងណា ការ​ប៉ុនប៉ង​ចាប់​ខ្លួន​នោះ​មិន​បាន​សម្រេច​ទេ ហើយ​ត្រូវ​បាន​មើល​ឃើញ​ថា ជា​ការ​គំរាម​មួយ​ដល់​លោក កឹម សុខា ក៏​ដូច​ជា​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ក្លាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ស្រួចស្រាល​មួយ​សម្រាប់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង​៣០ឆ្នាំ​មក​ហើយ។

កាល​នោះ លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥​ខែ ពី​បទ​បដិសេធ​បង្ហាញ​ខ្លួន​នៅ​តុលាការ ទាក់ទង​នឹង​សំណុំ​រឿង​ការ​ប្តឹង​ផ្តល់​រឿង​អាស្រូវ​ផ្លូវ​ភេទ។ ក្រោយមក លោក​ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ទាន​ការលើកលែង​ទោស តាម​សំណើ​របស់​លោក ហ៊ុន សែន។

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ មេដឹក​នាំ​បក្ស​ប្រឆាំង​ ដែល​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក កឹម សុខា ត្រូវ​ចាប់​ខ្លួន នៅ​ឯ​ផ្ទះ​របស់​លោក នៅ​ទួល​គោក កាល​ពី​ពាក់កណ្តាល់យប់ថ្ងៃសៅរ៍​ឈានចូល​ថ្ងៃអាទិត្យ​ទី៣ខែកញ្ញា​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​លោក​ថា ​បាន​ប្រព្រឹត្ត​អំពើ​«ក្បត់ជាតិ»។

ការ​ចាប់​ខ្លួន​លោក កឹម សុខា ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ក្រោយ​លោក​ត្រឡប់មក​ពីចូលរួម​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ។ ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា ជា​យុទ្ធសាស្រ្ត​មួយ​ដើម្បី​បំផ្លាញ​គណបក្ស​ប្រឆាំង​មុន​ការ​បោះឆ្នោត​សាកល​ឆ្នាំ​២០១៨។

ការ​ចោទ​ប្រកាន់​លោក កឹម សុខា ថា​ «ក្បត់ជាតិ» ​នៅ​តែ​ជា​សំណួរ​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ អ្នក​ច្បាប់ អ្នក​តាម​ដាន​សង្គម និង​សាធារណជន។

មុន​ពេល​នៃ​ការ​ចាប់​ខ្លួន​នេះ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយ​ថា ក្រសួង​កំពុង​ស៊ើប​អង្កេត​គណបក្ស​សង្រ្គោះជាតិ ហើយ​ព្រមាន​ថា នឹង​អាច​រំលាយ​គណបក្ស ប្រសិន​បើ​រក​កំហុស​ឃើញ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ឬ​ បង្កើត​បដិវត្តន៍​ពណ៌។

សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល Fresh News​ បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់ ដោយ​ចោទ​ប្រកាន់​លោក កឹម សុខា និង​កូន​ស្រី​របស់​លោក​ ថា​មាន​ការ​ឃុបឃិត​គ្នា ជាមួយ​ចារកម្ម​បរទេស។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្រោយ​ការ​ចាប់​ខ្លួន លោក កឹម សុខា រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ធ្វើ​ឡើង​ដោយ​ស្រប​នឹង​ច្បាប់ ហើយ​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង។ រដ្ឋាភិបាល​បាន​បញ្ជាក់ថា វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​CBN (Cambodian Broadcasting Network) ដែល​មាន​ទីតាំង​នៅ​អូស្រ្តាលី និង​ភស្តុតាង​ដែល​ប្រមូល​បាន​ដទៃ​ទៀត ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​«ផែនការ​សម្ងាត់​នៃ​ការ​ឃុបឃិត​គ្នា រវាង​ឈ្មោះ កឹម សុខា និង​បក្ខ​ពួក ជាមួយ​បរទេស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះរាជាណាចក្រកម្ពុជា»។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា៖ «អំពើ​នៃ​ការ​ឃុបឃិត​គ្នា​ជា​សម្ងាត់​ខាង​លើ​នេះ ​គឺ​ជា​អំពើ​ក្បត់​ជាតិ»។​រដ្ឋាភិបាល​បាន​យោង​ទៅ​ដល់​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​ជាង​៣​ឆ្នាំ​មុន ពេល​លោក កឹម សុខា បាន​ថ្លែង​ទៅ​អ្នក​គាំទ្រ​នៅ​ក្នុង​ទីក្រុង​Melbourne ប្រទេស​អូស្រ្តាលី កាល​ពី​ឆ្នាំ​២០១៤។

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី ដោយ​មាន​ការ​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ផង​នោះ លោក កឹម សុខា ថ្លែង​ថា យុទ្ធសាស្រ្ត​របស់​លោក មាន​ការ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។ យុទ្ធសាស្រ្ត​នោះ លោក​ថា គឺ«ដើម្បី​ផ្លាស់​ប្តូរ​មេដឹកនាំ​ផ្តាច់​ការ»។

លោក កឹម សុខា បន្ត​ថា​អង្គការ​អាមេរិក​បាន​ហៅ​រូប​លោក​ទៅ​សហរដ្ឋអាមេរិក ដើម្បី​សិក្សា និង​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ឈប់​ធ្វើ​នយោបាយ​មួយ​រយៈ និង​បង្កើត​អង្គការ​មួយ​កាល​ពី​ឆ្នាំ​២០០២។

លោក កឹម សុខា បាន​ថ្លែង​ថា៖ «ចុង​ក្រោយ​នេះ ក៏​គេ​បាន​សម្រេច​ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ​នោះ គេ​ត្រូវ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ចេញ​អំពី​នយោបាយ​មួយ​ដំណាក់​សិន ​។ ខ្ញុំ​ក៏​លាឈប់​ពី​នយោបាយ ពី​គណបក្ស​នយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ​នោះ នៅ​ឆ្នាំ​២០០២ ដើម្បី​បង្កើត​អង្គការ​មួយ ឈ្មោះ​ហៅ​ថា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «តើ​គេ​ឲ្យ​បង្កើត​ដើម្បី​អី? គេ​ថា​បើ​ចង់​ប្តូរ​មេដឹកនាំ​ផ្តាច់​ការ យើង​មិន​អាច​ទៅ​ជល់​ខាង​លើ​ទេ។ មុន​នឹង​ដូរ​ខាង​លើ​បាន​ ទាល់​តែ​គាស់​អា​ក្រោម​សិន ​ទាល់​ដូរ​ពី​ក្រោម​សិន។ ជា​យុទ្ធសាស្រ្ត​នយោបាយ​របស់​ប្រជាធិបតេយ្យ​គេ​ធ្វើ»។

រដ្ឋាភិបាល​បាន​យក​ការ​ថ្លែង​នេះ ជា​ចំណុច​ចោទ​ប្រកាន់​ដ៏​សំខាន់​មួយ ទាក់​ទង​នឹង​«អំពើ​ក្បត់​ជាតិ»។

ប្រសិន​បើ​រក​ឃើញ​កំហុស លោក កឹម សុខា អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ចន្លោះ​១៥​ទៅ​៣០​ឆ្នាំ។

គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ ​ដោយ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចាប់​ខ្លួន​នេះ។ គណបក្ស​បញ្ជាក់​ថា ការ​ចាប់​ខ្លួន លោក កឹម សុខា ដោយ​តក់​ក្រហល់​នេះ គឺ​ធ្វើ​ឡើង​ដោយ​ហេតុផល​នយោបាយ និង​ជា​ទង្វើ​រំលោភ​បំពាន​ច្បាប់ និង​រដ្ឋ​ធម្មនុញ្ញ ដោយសារ​ថា​ការ​ចាប់​ខ្លួន​នេះ ​ធ្វើ​ឡើង​ទាំង​កណ្តាល​យប់​អធ្រាត្រ និង​ខណៈ​ពេល​ដែល​លោក កឹម សុខា គឺជា​អ្នក​តំណាង​រាស្រ្ត​ដែល​មាន​អភ័យឯក​សិទ្ធិ​សភា។

គណបក្ស​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ​និង​អំពាវនាវ​ដល់​សហគមន៍​អន្តរ​ជាតិ ឲ្យ​ជួយ​អន្តរាគមន៍ និង​ឲ្យ​មាន​ការ​ដោះលែង។

អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​មក​លើ​លោក កឹម សុខា និង​គណបក្ស ដោយ​ចាត់​ទុក​ថា ​នេះ​ជា​ការ​រៀបចំ​មួយ។

លោកស្រី​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា ជា​សេណារីយ៉ូ​មួយ​ដែល​មាន​ការ​រៀបចំ​ទាំង​អស់។ នៅ​ក្នុង​សេណារីយ៉ូ​នោះ ​គឺ​ជា​សេណារីយ៉ូ​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន ហើយ​ជា​សេណារីយ៉ូ​មួយ​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ទៅ​ដល់​ប្រទេស​ជាតិ ​ខាត​បង់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ»។

លោកស្រី មូរ សុខហួរ បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​លោកស្រី​ថា​ប្រសិន​បើ​មាន​ការ​រំលាយ​មែន​នោះ ជា​ការ​បាត់បង់​ប្រជាប្រិយភាព​នៃ​គណបក្ស​ប្រឆាំង ដែល​មាន​សំឡេង​អ្នក​គាំទ្រ​ទៅ​ដល់​ជាង​៣​លាន​នាក់។

ការ​ចាប់​ខ្លួន​លោក កឹម សុខា ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ដោយ​លោក​បាន​ជួប​ជាមួយ​តំណាង​បេសកកម្ម​កាទូត​សំខាន់ៗ​ចំនួន​១០ ដែល​មាន​ស្ថានទូត​នៅ​ទីក្រុង​បាងកក។

លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា អង្គទូត​ទាំង​នោះ​បាន​សម្ដែង​នូវ​សេចក្ដី​ព្រួយ​បារម្ភ ហើយ​បាន​សន្យា​ថា នឹង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានការណ៍​នយោបាយ​តាន​តឹង​នៅ​កម្ពុជា​ចុង​ក្រោយ​នេះ។

លោក ហុង គឹមសួន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​កត់​សម្គាល់​ថា បើ​តាម​វីដេអូ​ឃ្លីប​នោះ លោក​មិន​បាន​ឃើញ​ការ​ថ្លែង​របស់​លោក កឹម សុខា ដែល​មាន​ចរិក«ផ្តួល​រំលំរដ្ឋាភិបាល»​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​មើល​ឃើញ​វីដេអូ​លោក កឹម សុខា គាត់​និយាយ​ហ្នឹង គឺ​និយាយ​អំពី​គោល​នយោបាយ​នៃ​ការ​ដើរ​តាម បែប​ប្រជាធិបតេយ្យ​ក្នុង​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​ប្រទេស មិន​ឃើញ​មាន​ប្រើ​ពាក្យ អំពី​រឿង​ប៉ុន​ប៉ង ឬ​ក៏​សកម្មភាព​ឈាន​ទៅ រក​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ទេ។ អាហ្នឹង​សម្តី​ដែល​យើង​ស្តាប់​មើល​ឃើញ​ហ្នឹង​ណា»។

លោក មាស នី អ្នក​វិភាគ​នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​VOA​ថា​លោក​បាន​ប្រមើល​មើល​ឃើញ​រួច​មក​ហើយ​ថា ​អាច​នឹង​មាន​ការ​ធ្វើ​ព្យុះ​ភ្លៀង​ចំពោះ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​លោក​ហៅ​ថា​នេះ​ជា«អន្ទ្រាក់​មួយ»។ លោក​ថា​អាច​នឹង​មាន​រឿង​រ៉ាវ​ច្រើន​ទៀត ប្រសិន​បើ​មាន​ការ​ចេញ​មុខ ជួយ​លោក កឹម សុខា ក្នុង​នោះ​មានដូចជា​ការ​ធ្វើ​បាតុកម្ម​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «រង់​ចាំ​មើល ថា​តើ​នឹង​មាន​ការ​រំលាយ​គណបក្ស​ឬ​យ៉ាង​ណា ហើយ​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​មួយ»។

ទាក់​ទង​នឹង​ការ​ផ្សព្វផ្សាយ​វីដេអូ​ចាស់ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់​VOA​ថា ការ​ផ្សព្វផ្សាយ​ជាប់ៗ​គ្នា​នៃ​ព័ត៌មាន ទៅ​ជា​បច្ចុប្បន្ន​នៃ​ព័ត៌មាន។ លោក​បន្ត​ថា និរន្តរ​ភាព​នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា មាន​ចរិក​ធ្ងន់ធ្ងរ​ ដែល​លោក​ថា ប៉ះពាល់​ដល់​សន្តិសុខ ការ​បែក​បាក់​ជាតិ និង​ការ​ផ្សះផ្សា​ជាតិ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ទេ បទ​ក្បត់​ជាតិ​នេះ ​វា​កាន់​តែ​ធ្ងន់​ជាង​បទ​ឧក្រិដ្ឋ​ទៅ​ទៀត។ អញ្ចឹង​មិន​ថា​បទ​ល្មើស​ហ្នឹង វា​ហូសហើយ ឬ​មិន​យូរ​ហើយ​ទេ»។

លោក សុខ ឥសាន បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​នេះ គឺ​សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា សមត្ថកិច្ច គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​ឯកសារ​រួច​ហើយ ទាំង​សម្តី​របស់​លោក កឹម សុខា ផ្ទាល់ ទាំង​ឯកសារ​ជា​លាយ​លក្ខអក្សរ។ អញ្ចឹង​ទេ បើ​សិន​ជា​គ្មាន​គ្រប់គ្រាន់​ទេ គេ​មិន​ចាប់​គាត់​ទេ។ អា​នេះ គឺ​ថា​វា​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​អស់​ហើយ បាន​គេ​ដោះស្រាយ​បញ្ហា​ហ្នឹង»។

ក្នុង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ថ្ងៃ​អាទិត្យ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់​លោក កឹម សុខា គឺ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ភ្លាមៗ។ លោក​ចាត់​ទុក​ករណី​នេះ មាន​អាមេរិក​ជា​បាត​ដៃ​ទីបី​នៅ​ពី​ក្រោយ។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ​ការ​ចាប់​ខ្លួន​នៅ​ពេល​នេះ គឺ​ជា​ការ​ទូទាត់​បញ្ជី ​ពី​ដើម​ដល់​ចប់។ ហើយ​បាត​ដៃ​ពី​ក្រោយ​គឺ​នៅ​តែ​ដដែល​គឺ​អាមេរិក​កាំង។ យើង​អត់​មាន​ជម្រើស​ទេ តើ​យក​ជម្រើស​ចាប់​ខ្លួន​តែ​ម្នាក់ ឬ​ត្រូវ​ជម្រើស​បញ្ជូន​កង​ទ័ព​ចូល​បង្រ្កាប​នៅ​ស្នាក់​ការ​គណបក្ស​ទាំង​អស់»។

លោក​បាន​ព្រមាន​ទៅ​បក្ស​ប្រឆាំង​ថា៖ «ហើយ​បើ​សិន​ជា​គណបក្ស​ហ៊ាន​ចេញ​ការពារ ​គណបក្ស​នោះ​ក៏​នឹង​ត្រូវ​ជួប​ជោគ​វាសនា​នៃ​ការ​រំលាយ​ចោលគ​ណបក្ស»។

លោក​បណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​Occidental College នៃទីក្រុងLos Angeles សហរដ្ឋអាមេរិក បាន​ចោទ​ជា​សំណួរ​ពី​ឥទ្ធិពល​របស់​លោក កឹម សុខា ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក​បាន​ថ្លែង​ប្រាប់ ​VOA តាម​រយៈ​អ៊ីម៉េល​ឬ​សារ​អេឡិចត្រូនិក​ថា៖«ធ្វើ​ដូច្នេះ​ដើម្បី ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ?ពិត​ជា​មិន​មែន​ទេ។ គណបក្ស​ប្រឆាំង​ដើរ​តាម​របៀប​នៃ​ការ​រាំ​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច។ នៅ​ពេល​ណា​មួយ ​វា​នឹង​ឈាន​ទៅ​ដល់​ការ​និយាយ​ថា​វា​ល្មម​ហើយ​ជាមួយ​រឿង​នេះ។ យើង​ធុញ​ទ្រាន់ ​ហើយ​យើង​នឹង​យក​គ្រាប់​បាល់ ហើយ​ទៅ​ផ្ទះ»។

លោក​បាន​បន្ត​ថា៖ «គេ​និយាយ​ថា​ប្រសិន​បើ​អ្នក​មិន​អាច​ផ្តួល​ពួក​គេ​ទេ ចូល​រួម​ជាមួយ​ពួក​គេ។ នៅ​កម្ពុជា វា​ហាក់​ដូចជា ​ប្រសិន​បើ​អ្នក​មិន​អាច​ផ្តួល​គេ​ទេ ចាប់​ពួក​គេ ដាក់​ពន្ធនាគារ​ពួក​គេ និង​បណ្តេញ​ពួក​គេ​ចេញ»។

អ្នក​ស្រាវជ្រាវ​នយោបាយ​ជា​ជនជាតិ​អូស្ត្រាលី លោក Lee Morgenbesser ប្រាប់​VOA​ថា​កម្ពុជា​នឹង​ជួប​ការ​បោះ​ឆ្នោត​មួយ​ដ៏​អាក្រក់​បំផុត។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នឹង​អាក្រក់​បំផុត​នៅ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨១។ វា​នឹង​មិន​មាន​សេរីភាព ភាព​ត្រឹម​ត្រូវ និង​ការ​ប្រកួត​ប្រជែង»។

ការ​ចាប់​ខ្លួន លោក កឹម សុខា នាំ​ឲ្យ​មាន​ការ​ទស្សន៍​ទាយ​ថា​ អាច​នឹង​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នា​ពេល​ខាង​មុខ តាម​រយៈ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ពីរ​ដង ដោយ​តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ច្បាប់​នេះ​ត្រូវ​បាន​រិះគន់​ដោយ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ។

បើ​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ គ្រប់​គណបក្សមិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ ដែល​ធ្វើ​ការ​ញុះញង់​ ​អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ និង​គាំទ្រ​ឬរៀប​ចំផែន​ការ​ឬ​ឃុប​ឃិត ជាមួយ​រាល់​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​កម្ពុជា។ ទង្វើ​ទាំង​នេះ តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​មិន​លើស​ពី​៥​ឆ្នាំ និង​អាច​រំលាយ​គណបក្ស​នោះ​ចោល។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​គាប​សង្កត់​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល​ជា​ដើម។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Heather Nauert បាន​ចោទ​ជា​សំណួរ​អំពី​លទ្ធភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ដែល​អាច​ទុក​ចិត្ត។

លោកស្រី​បាន​ថ្លែង​ថា​៖ «វិធាន​ការ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​អន់​ថយ​នៃ​ការ​វិវត្ត​កម្ពុជា​ក្នុង​ទសវត្សរ៍​ថ្មីៗ​នេះ ហើយ​ធ្វើ​ឲ្យ​មាន​សំណួរ​ម៉ត់ចត់​មួយ​អំពី​លទ្ធភាព​រដ្ឋាភិបាល ដើម្បី​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​២០១៨ ដែល​អាច​ទុក​ចិត្ត​បាន ​ដែល​អាច​បង្កើត​ជា​លទ្ធផល​ដែល​បង្ហាញ​ពី​ភាព​ស្របច្បាប់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG