ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​ចង់​បាន​តំណែង​នៅ​កន្លែង​ដែល​ខ្លួន​ឈ្នះ​ឆ្នោត


អ្នក​ភូម​បឹងកក់​ធ្វើ​បាតុកម្ម​តវ៉ា​រឿង​​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ដែល​ស្ថិត​ក្នុង​ចំណោម​ខេត្ត/រាជធានី​ដែល​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​កៅអី​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នក​ភូម​បឹងកក់​ធ្វើ​បាតុកម្ម​តវ៉ា​រឿង​​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ដែល​ស្ថិត​ក្នុង​ចំណោម​ខេត្ត/រាជធានី​ដែល​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​កៅអី​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។
នៅ​មុន​ពេល​មួយ​ថ្ងៃ​នៃ​ក្រុម​ការងារ​បច្ចេកទេស​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ជួប​ចរចា​គ្នា​នៅ​ថ្ងៃ​អង្គារស្អែក​នេះ។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឲ្យមាន​តុល្យភាព​នៃ​ការ​បែង​ចែក​អំណាច​នៅ​ក្នុង​ថ្នាក់​មូលដ្ឋាន​វិញ។​ ក៏​ប៉ុន្តែ​របៀប​វារៈ​នៃ​ការ​ចរចា​គ្នាមិន​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​តុ​ចរចា​ទេ។​

ក្រុម​ការងារ​បច្ចេកទេស​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ភាគី​ម្ខាងៗ​ចំនួន​៥​នាក់​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​គ្រោង​នឹង​ជួប​ចរចា​គ្នា​សារ​ជាថ្មី​ នៅ​ឯ​មន្ទីរ​រដ្ឋសភា​ជាតិដើម្បី​ទម្លុះ​ទម្លាយភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។​

ភាគី​គណបក្ស​សង្គ្រោះជាតិ​ រួម​មាន​លោក​យឹម សុវណ្ណ​ លោក​សុន ឆៃ​ លោក​យ៉ែម បុញ្ញាឫទ្ធិ លោក​អេង ឆៃអ៊ាង​ និង​លោក​កួយ ប៊ុនរឿន។ ​ចំណែកឯភាគី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ដឹកនាំ​ដោយ​លោក​ព្រំ សុខា​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ។​

មុន​ពេលការ​ចរចា​ឈាន​ចូល​មក​ដល់​ គណបក្ស​សង្គ្រោះជាតិ​បាន​បង្ហាញ​ពី​ការ​ទាមទារ​ថ្មី​មួយ​ទៀត​ នោះ​គឺ​ការ​បែង​ចែក​តុល្យភាព​អំណាច​នៅ​ក្នុង​ថ្នាក់​មូលដ្ឋាន។​

លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​ចូល​រួម​តុ​ចរចា​នៅ​ថ្ងៃ​ស្អែក​នេះ​ បាន​បញ្ជាក់​ថា​ ខេត្ត​ ស្រុក​ ខណ្ឌ​ មួយ​ចំនួន ​ដូច​ជា​ នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​កំពង់​ស្ពឺ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​ឆ្នោត​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​ត្រូវ​បាន​តួនាទី​ជា​អភិបាល​ខេត្ត​ និង​កាន់​កាប់​មុខ​តំណែង​ស្រុក​ ខណ្ឌ​នៃ​បណ្តា​ខេត្ត​ទាំង​នោះ​ដើម្បី​ឲ្យមាន​តុល្យភាព​នៃ​អំណាច។

លោក​បាន​បញ្ជាក់​ថា​ ការ​បែង​ចែក​តុល្យភាព​នៃ​អំណាច​នេះ​មិន​មែន​មាន​ន័យ​ថា​គណបក្ស​សង្គ្រោះជាតិចូល​រួម​បង្កើត​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។​

លោក​និយាយ​ថា៖​ «គឺ​អត់​និយាយ​រឿង​ចូល​រដ្ឋាភិបាល​ជា​ដាច់​ខាត​នៅ​ក្នុង​ខណៈ​នេះ។​ ហើយ​ក្នុង​អាណត្តិ​ផ្សេងៗ​ទៀត​ប្រហែល​ជាមិន​អាច​ទេគឺ​ថា ​សុំឲ្យចែក​គ្នា​ដឹកនាំ​ដាច់​តែ​ម្តង។​ គណបក្ស​ណា​ឈ្នះ​គឺ​គណបក្ស​ហ្នឹង​ដឹក​នាំ។​ ប៉ុន្តែ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ ដែលមាន​ការ​បោះ​ឆ្នោត​ សុំ​បញ្ជាក់​ថា ​មិន​មែន​ការ​បែង​ចែក​អំណាច​ទេ​គឺ​ជា​អំណាច​ប្រជារាស្រ្ត​ប្រគល់​ឲ្យ»។​

លោក​ យឹម សុវណ្ណ ​បាន​បញ្ជាក់​ទៀត​ថា ​ការ​ស្នើឲ្យមាន​ការ​បែង​ចែក​អំណាច​នៅ​ក្នុង​ថ្នាក់​មូលដ្ឋាន​នេះ​គឺ​ជា​ជំហ៊ាន​ចរចា​នៅ​លើក​ក្រោយៗ​ទៀត​ មិន​មែន​លើក​យក​មក​និយាយ​នៅ​ថ្ងៃ​អង្គារស្អែក​នេះ​ទេ។

គណបក្ស​សង្គ្រោះជាតិ​បាន​លើក​យក​នូវ​របៀប​វារៈ​នៃ​ការ​ចរចា​ចំនួន​បី​ចំណុចធំៗ​គឺ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ម្ចាស់ឆ្នោត ស្នើ​សុំ​ឲ្យកែ​ទម្រង់​គ.ជ.ប.​ឲ្យច្បាស់លាស់ ​ក្នុង​នោះ​ថ្នាក់​ដឹកនាំគ.ជ.ប.​ទាំង​៩​រូប​ត្រូវ​លា​ឈប់​ពី​មុខ​តំណែង និង​ពិនិត្យ​មើល​នូវ​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ អង្គការ​សហ​ប្រជាជាតិ​ទាក់​ទិន​នឹង​ការ​កែ​ទម្រង់ប្រព័ន្ធ​បោះឆ្នោត។​

វីអូអេ​បាន​ព្យាយាម​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ពី​លោក​ព្រុំ​ សុខា ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​អ្នក​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មក​ចូល​រួម​តុ​ចរចា​នៅ​ថ្ងៃ​ស្អែក​នេះ​ តែ​មិន​អាច​ស្នើ​បាន​ទេ។​

លោក​ឈាង វ៉ុន​ សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចំអក​ថា​ ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យមាន​ការ​បែង​ចែក​អំណាច​ក្នុង​មូលដ្ឋាន​គឺវា​ផ្ទុយ​នឹង​ច្បាប់។​

លោក​បាន​បញ្ជាក់​ថា​ បើ​គណបក្ស​សង្គ្រោះជាតិ​ចង់​បាន​តំណែង​ជា​អភិបាល​ក្រុង​គួរ​តែ​ធ្វើ​កៅអី​ខ្លួន​ឯង​រួច​យក​ទៅ​អង្គុយ​ធ្វើ​ការ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​វិញ​ទៅ។​

លោក​និយាយ​ថា៖​ «ជា​ការ​យល់​សប្តិ​មួយ​ដែល​មិន​អាច​ទៅ​ដល់​ទេ។ ​បើ​ចង់​ផ្លាស់​ប្តូរ​អ្វី​អញ្ចឹងៗ​ទាល់​តែ​ចូល​នៅ​ក្នុង​សភា​ទៅ។ ​យើង​ធ្វើ​យ៉ាង​ណា​ក្នុង​រដ្ឋសភា​ ក្នុង​ការ​រៀបចំ​ប្រទេស​ជាតិ​ឡើង​វិញ ​ចាំ​គិត​គ្នា​ទៀត​ ពីព្រោះ​នេះ​ត្រូវ​ដូរ​រដ្ឋធម្មនុញ្ញ​ច្រើន​ទៀត»។​

លោក​ហង្ស​ ពុទ្ធានាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​មួយ​ឈ្មោះ​នីចហ្វិក​ បាន​បញ្ជាក់​ថា​ ការ​ទារ​ឲ្យ​មាន​ការ​បែង​ចែក​អំណាច​ក្នុង​មូលដ្ឋាន​បើ​ទោះបី​មិន​មាន​គោលការណ៍​ច្បាស់​លាស់​ទៅ​លើ​ចំណុច​ទាមទារ​នោះ​ក៏​ដោយ​ក៏ប៉ុន្តែ​បើ​មាន​ការ​ចរចា​នយោបាយ​ប្រហែល​ជា​នឹង​អាច​ទៅ​រួច។​

លោក​និយាយ​ថា៖​ «ខ្ញុំយល់​ថា​ ប្រសិន​បើមាន​តុល្យភាព​អំណាច​នោះ​គឺជា​រឿង​សម​ហេតុ​សមផល​ ​បើសិន​ជាអ្នក​នយោបាយ​ចង់​ឲ្យប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន ត្រូវ​តែ​មាន​តុល្យភាព​ដើម្បី​ឆ្លុះ​បញ្ចាំងគ្នា​ទៅ​វិញ​ទៅមក»។​

គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​ទាមទារ​មុខ​តំណែង​ប្រធាន​រដ្ឋសភា​ និង​ការ​បែង​ចែក​ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភា​ទាំង​១២​ឲ្យបាន​ស្មើ​គ្នា​ដើម្បី​តុល្យភាព​នៃ​អំណាច។​ តែ​ការ​ទាមទារ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជំទាស់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG