ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បាតុកម្ម​ទាំង៣ថ្ងៃ​របស់​គណបក្ស​ប្រឆាំង​បាន​ចប់​ដោយ​សុវត្ថិភាព

  • ហេង រស្មី

នាយក​​ចាក់​សោរ​ទ្វារ​​សាលារៀន​មិនឲ្យ​​កូនសិស្ស​​ចេញ​ក្រៅ ​ដែល​អាច​​ចូលរួម​បាតុកម្ម​​របស់​គណបក្ស​​សង្គ្រោះជាតិ។​​
បាតុករ​ស្រែក«ដូរ! ដូរ!»​និង​«ចុះ​ចេញ​ទៅ!»​។ សម្រែកនេះ​លាន់​ឮ​កក្រើក​ពាស​ពេញ​ទី​ក្រុង​ភ្នំពេញ ​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​រយៈ​ពេលបី​ថ្ងៃ​កន្លង​ទៅ​នេះ។​

ក្រុម​បាតុករ​ភាគ​ច្រើន​ ដែល​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​រយៈ​ពេលជាង​៣០​ឆ្នាំ​កន្លង​ទៅ​នេះ​ បាន​នាំគ្នា​ស្រែក​ដោយ​សំឡេងខ្លាំង​នៅ​តាម​វិថី​សំខាន់ៗ​ជាច្រើន​ដើម្បី​ដាក់​សម្ពាធ​ឲ្យលោក​ហ៊ុន សែន​ចុះ​ចេញ​ពី​មុខ​តំណែង។​

«ចុះ​ចេញ​ទៅ! ខ្ញុំ​ខ្មាស់​ប្រទេស​ជិត​ខាង​ណាស់​! អាចោរ​លក់​ជាតិ​ លក់​ទឹកដី​ឲ្យយួន​អស់​ហើយ! ​លក់​រ៉ែ​ឲ្យគេ​យក​រ៉ែ​អស់​រលីង​ហើយ​ មួយ​ថ្ងៃ​រាប់​តោន»! ​ចុះ​ចេញ​ទៅ! ​សូម​អង្គការ​សហ​ប្រជាជាតិ​ជួយ​ខ្មែរ​ផង​ អស់​ទឹក​ដី​ហើយ»។​

ក្រុម​បាតុករ​ជាច្រើន​ម៉ឺននាក់​ ដែល​ដឹក​នាំ​ដោយ​លោក​សម​ រង្ស៊ី​ និង​លោក​កឹម សុខា​បានដើរ​ដង្ហែដោយ​សន្តិវិធី​តាម​ផ្លូវ​លេខ​៥១​ ផ្លូវ​នរោត្តម​ និង​ផ្លូវ​ម៉ៅ​សេទុង​ ដោយ​ស្រែក​ទាម​ទារឲ្យមាន​ការ​ផ្លាស់​ប្តូរតាំង​ពី​ថ្ងៃ​ដំបូងរហូត​ដល់​ថ្ងៃ​បញ្ចប់។​

ប្រជា​ពលរដ្ឋ​មួយ​រូប​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើរ​បណ្តើរ​និយាយ​បណ្តើរ​នៅ​កណ្តាល​ហ្វូង​បាតុករ​ថា ​លោក​បាន​ចូល​រួម​បាតុកម្ម​រយៈ​ពេលបី​ថ្ងៃ​ហើយដើម្បី​ចង់​ដឹង​ថា​ «តើ​សន្លឹក​ឆ្នោតខ្ញុំ​នៅ​ឯណា?» ​លោក​បាន​បញ្ជាក់​ថា​ប្រជា​ពលរដ្ឋ​ជាច្រើន​មិន​ពេញ​ចិត្ត​នឹង​លទ្ធ​ផល​នេះ​ទេ​ ដោយ​សារ​តែ​គណបក្ស​ប្រជាជន​ឈ្នះ​ដោយ​សារ​ការ​លួច​បន្លំ។​

​លោក​បាន​ទទួច​ថា ​ដល់​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ហើយ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​ទាមទារ​ឲ្យគាត់​ផ្លាស់​ប្តូរ​ចេញ​ពី​មុខ​តំណែង​ទៅ! ពី​ព្រោះ​អ្វី​បាត់​ទឹកដី​អស់​ច្រើន​ណាស់​ ប្រជា​ពល​រដ្ឋ​យំស្រែក​ ច្រើន​ណាស់​ យំ​ដោយ​សារ​តែ​គាត់។​ ​អញ្ចឹង​ខ្ញុំ​ទាមទារ ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ចេញ»។

លោក​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​ និង​ជា​រដ្ឋលេខាធិការ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ បាន​និយាយថា ​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​និង​ការ​ពឹង​ពាក់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​បារីស​ មិន​អាច​រក​ច្រក​ចេញ​បាន​ទេ។​

លោក​និយាយ​ថា៖«ការ​ទាម​ទារ​ដាក់​សម្ពាធ​ទៅ​លើ​រាល់​អង្គការ​ទូត​ទាំង​ឡាយ​ទាំង​ពួង​ហ្នឹង​ ខាង​រាជ​រដ្ឋា​ភិបាល​បាន​ចលនា​ទូត​ហ្នឹង​ឲ្យទទួល​ញត្តិ។ធ្វើ​អ្វី​គេ​យល់​ឃើញ​ថា ត្រូវ​ គេ​ធ្វើ​ទៅ»។​

គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃសុក្រ ដែល​ជាថ្ងៃ​ទី​បី​នៃ​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នេះ ​បាន​បន្ត​ដាក់​ញត្តិ​ទៅកាន់​ស្ថាន​ទូត​ចំនួន​៥ដែល​ជាប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​បារីសគឺ​ប្រទេសអូស្ត្រាលី​ រុស្ស៊ី​ ឥណ្ឌូនេស៊ី​ ជប៉ុន​ និង​ប្រទេស​ចិន​កុម្មុយនីស។

ក្នុង​ចំណោម​ស្ថាន​ទូតទាំង​៥​ នេះ​ មាន​ស្ថានទូត​រុស្ស៊ី​ ឥណ្ឌូនេស៊ី​ ជប៉ុន​ និង​ប្រទេស​ចិន​បាន​និយាយ​ថា ​នឹង​នាំ​យក​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជូន​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​ជា​អ្នក​សម្រេច។ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​សម រង្ស៊ី។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ស្ថានទូត​អូស្ត្រាលី​បាន​គាំទ្រ​ដល់​គណបក្ស​សង្គ្រោះជាតិ​ និង​បាន​បដិសេធ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ទេ។

លោក​និយាយ​ថា៖​ «រដ្ឋាភិបាល​អូស្ត្រាលី​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នេះ​ទេ​ មិន​ទទួល​ស្គាល់​រដ្ឋា​ភិបាល​លោក​ហ៊ុន សែន​ទេ។ ​ដូច្នេះ​កុំ​ឲ្យមាន​ការ​ភាន់​ច្រឡំ​ កុំ​ឲ្យបក​ស្រាយ​ខុស​ពី​ការណ៍​ពិត»។​

ព្រះ​តេជព្រះ​គុណ​មួយ​អង្គ​គង់​នៅ​វត្ត​មួយ​នៃ​ទី​ក្រុង​ភ្នំពេញ​ដែល​បាន​និមន្ត​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​រយៈ​ពេលបី​ថ្ងៃ​ បាន​សម្តែងការពេញ​ព្រះ​ទ័យ​នៅ​ពេល​ដែល​បាន​ ឮ​លោក​សម រង្ស៊ី​ថា​ រដ្ឋា​ភិបាល​អូស្ត្រាលី​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។

ព្រះ​អង្គមាន​សង្ឃដិកា​ថា៖«អូ!​ អាត្មា​ពេញ​ចិត្ត ​ហើយ​សប្បាយ​ចិត្ត​ ដែល​អូស្ត្រាលី​គាត់មិន​ទទួល​ស្គាល់​បែប​នេះ​គឺ​អាត្មា​ថា​ ពេញ​ចិត្ត ​ហើយ​ប្រជា​ពលរដ្ឋ​គាំទ្រ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រកម្ពុជា»។​

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័តមាន​មួយ​ស្តី​ពី​ជំនួប​ជាមួយ​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ តែ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​មិន​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​អូស្ត្រាលី​មិន​បានគាំទ្រ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទេ។

សេច​ក្តី​ប្រកាស​ព័តមាន​ដដែល​បាន​ឲ្យដឹង​ថា ​ក្នុង​រយៈ​ពេលនៃ​ជំនួប​ជាមួយ​គណៈ​ប្រតិ​ភូ​គណបក្ស​សង្គ្រោះជាតិ​ លោក​ស្រី ​Alison Burrows​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ត​ការ​ពិភាក្សា​របស់​ពួកគេ​ដោយ​រាប់​បញ្ចូល​ទាំង​កំណែ​ទម្រង់បោះ​ឆ្នោត។​

លោក​ស្រី​បាន​បញ្ជាក់​ថា ​វា​ជា​សារៈ​សំខាន់​មួយ​ទៀត​ដែល​ទ្វារនៅ​តែ​បើក​ចំហរ​ស្វាគមន៍​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ទទួល​យក​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG