ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​មហា​បាតុកម្ម​នៅ​ទីក្រុង​តាខ្មៅ​ខេត្ត​កណ្តាល

  • ហេង រស្មី

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើរ​ក្បូន​ក្នុង​បាតុកម្ម​ដើម្បី​នាំ​ញត្តិ​ទៅ​ស្ថានទូត​បស្ចិមប្រទេស​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ តុលា ២០១៣ កន្លង​ទៅ​នេះ។
ក្នុង​ខណៈ​ពេល​ដែល​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ពី​ជំហរ​ចូល​រួម​តុ​ចរចា​សារ​ជាថ្មី​ដើម្បី​ដោះ​ស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត មេដឹក​នាំគណបក្ស​សង្គ្រោះជាតិ​បាន​ព្រមាន​ថា​នឹង​មាន​មហា​បាតុកម្ម​សារជាថ្មី​ដើម្បី​ទាមទារ​រក​យុត្តិ​ធម៌​សម្រាប់​ម្ខាស់​ឆ្នោត។

មហា​បាតុកម្ម​ដែល​គណបក្ស​សង្គ្រោះជាតិ​គ្រោង​ដឹកនាំ​ធ្វើ​ជាថ្មី​នោះ​មិន​មែន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដូច​ពេល​មុនៗ​ទេ គឺ​នៅ​ក្នុង​ទី​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គេហដ្ឋាន​ដ៏​ធំស្កឹម​ស្កៃ​មួយ​ផ្សេង​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​វិញ។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​ជាច្រើន​រាប់​រយ​នាក់​ នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​បើក​សម្ភោធ​ទី​ស្នាក់​ការ​គណបក្ស​ជាលើក​តំបូង​ក្នុង​ខេត្ត​កណ្តាល លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​បាន​កៀង​គរ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​នៅ​ក្នុង​ខេត្ត​កណ្តាល​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

លោក​កឹម សុខា​ មិន​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​នេះ​នឹង​ធ្វើ​នៅ​ពេល​ណាទេ។ តែ​លោក​ឲ្យ​ប្រជា​ពលរដ្ឋ​ត្រៀម​ខ្លួន​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ដ៏ធំ​នេះ​នៅ​ក្នុង​ខេត្ត​កណ្តាល​ម្តង​វិញ។

«អាច​ធ្វើ​មហា​បាតុកម្ម​នៅ​ទី​ផ្សារ​តាខ្មៅ​ក៏បាន​ ទៅ​មាត់​ទន្លេ​ក៏បាន​ ពី​ព្រោះ​នៅ​ទី​នេះ​ខ្ញុំ​ជឿថា​ជម្រក​របស់​មេ​ផ្តាច់​ការ​នៅ​ក្បែរ​នេះ»។

ការ​ព្រមាន​ពី​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​ក្រុម​ការងារ​បច្ចេកទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​គ្រោង​និង​ជូប​ចរចា​គ្នា​នៅ​ថ្ងៃទី​៥​ខែ​វិច្ឆកា​នេះ។

លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័ក្រ​ អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ថ្លែង​ថា​លោក​មិន​ជំទាស់​នឹង​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ទេ ក៏ប៉ុន្តែ​លោក​ទទួច​ឲ្យ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​ត្រូវ​គោរព​ច្បាប់​ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច។

«បាទ​យើង​អនុវត្ត​តាម​ច្បាប់​បាតុកម្ម​ជា​ធរមាន​ទៅ​គាត់​ ត្រូវ​ដាក់​ពាក្យ​ស្រប​ច្បាប់​នៅ​សាលា​ខេត្ត​កណ្តាល​ទៅ។ អនុវត្ត​ដូច​ដែល​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​សាលា​រាជធានី​ភ្នំពេញ​យើង​ទៅ»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចំនួន​បី​លើក​រួច​មក ហើយ​ព្រម​ទាំង​ដាក់​ញត្តិ​ដែល​មាន​ស្នាម​ផ្តិត​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់​ទៅ​ការិយាល័យ​អង្កការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ និង​ ស្ថានទូត​នានា​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្រោយ​ការ​បោះ​ឆ្នោត។

គណបក្ស​នេះ​បាន​ប្រកាស​ថា​នឹង​ប្រមូល​ស្នាម​ផ្តិត​មេដៃ​ឲ្យ​បាន​រហូត​ដល់​ជាង​៣​លាន​៥​សែន​នាក់​ដើម្បី​បង្ហាញ​ថា​ប្រជាពលរដ្ឋ​មិន​សុខចិត្ត​និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះទេ។

យោង​តាម​លទ្ធផល​ផ្លូវការណ៍​ដែល​ប្រកាស​ដោយ​គ.ជ.ប.​បាន​ឲ្យ​ដឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ពេល​ដែល​លោក​បាន​ចូល​រួម​បើក​សម្ភោធ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ក្នុង​ខេត្ត​កណ្តាល​ថា​ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត​នៅ​លទ្ធផល​ដែល​បាន​មក​ដោយសារ​ការ​លួច​បន្លំ​នេះ​ទេ។ ហើយ​លោក​ប្តេជ្ញា​ថា​នឹង​ទាមទារ​រក​យុត្តិធម៌​ជួន​ម្ចាស់​ឆ្នោត​ឲ្យ​ទាល់​តែបាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG