ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​តាម​អ៊ិនធឺណិត​បន្លឺ​សំឡេង​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​គ្មាន​រដ្ឋ


ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី២​នៃ​ការ​រត់គេច​ខ្លួន​នៅ​ជំរំ Kutupalong ក្នុង​ក្រុង Cox’s Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។
ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី២​នៃ​ការ​រត់គេច​ខ្លួន​នៅ​ជំរំ Kutupalong ក្នុង​ក្រុង Cox’s Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

ពាក្យ​ស្លោក​មួយ​សរសេរ​ថា «យើង​គឺ​ជា​សំឡេង​របស់​អ្នក​ដែល​គ្មាន​សំឡេង‍» គឺជា​ពាក្យ​ស្លោក​របស់​អ្នក​រាយការណ៍​ព័ត៌មាន​និង​ជា​អ្នក​អាន​ព័ត៌មាន​ប្រចាំទូរទស្សន៍​ Rohingya Vision ដ៏​អង់អាច​ម្នាក់​គឺ​លោក Ajmeer Omar។

នេះ​គឺ​ជា​ពាក្សស្លោក​ពេញនិយម​មួយដែល​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ចំណោម​អ្នកសារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ​សម្រាប់​លោក Ajmeer និងសហការី​របស់​លោក​ ពាក្យ​ស្លោក​នេះ​ប្រហែល​ជា​មាន​ន័យ​យ៉ាង​ពិសេស​សម្រាប់​ពួកគេ។

កាលពីឆ្នាំ២០១២​ទូរទូស្សន៍ Rohingya Vision ឬ​ហៅ​កាត់​ថា R-Vision បាន​ក្លាយ​ជា​បណ្តាញ​សារព័ត៌មាន​ដំបូងគេ​របស់​ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​សម្រាប់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ ដែល​ជា​ក្រុមជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​គ្មាន​រដ្ឋ​សម្រាប់​រស់នៅ​ ហើយ​ជា​ក្រុមជនជាតិ​ភាគតិច​ដែល​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដែល​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ មិន​ទទួល​ស្គាល់​អត្តសញ្ញាណ​របស់​ពួកគេ​ ​និងត្រូវ​បាន​គេ​បដិសេធ​មិន​ព្រម​ឲ្យ​ចូល​សញ្ជាតិ​ បើទោះបី​ជា​ពួកគេ​រស់​នៅ​ចាក់​ឬស​ចាក់គល់​លើទឹកដី​នេះ​អស់រាប់​ជំនាន់​មក​ហើយក្តី។

ក្រុម​ជនជាតិ​ភាគតិច​ទាំង​នេះ​ត្រូវ​បានចាត់ទុកថា​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក។ បច្ចុប្បន្ន​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​១លាននាក់​រស់​នៅ​ក្នុង​ជំរំជនភៀសខ្លួន​នៅ​ភាគខាងកើត​ប្រទេស​បង់ក្លាដែស។ ពួកគេ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​ក្នុងរដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា ដោយ​សារ​ការ​បង្ក្រាប​និង​ការ​វាយឆ្មក់​យ៉ាង​ព្រៃផ្សៃ​ដោយ​ពួកយោធា​មីយ៉ាន់ម៉ា។ ចំណែក​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាច្រើន​នាក់ផ្សេង​ទៀត​ដែល​រស់នៅ​ក្នុងរដ្ឋ Rakhine ​ត្រូវ​បាន​គេ​ផ្តាច់​ចេញ​ពី​សហគមន៍​នានា​ ចេញ​ពី​ផ្សារ​ក្នុង​តំបន់ មន្ទីពេទ្យ​និង​សាលារៀន​ផងដែរ។

ទាហាន​មីយ៉ាន់ម៉ា​បាន​អះអាង​ថា​ ប្រតិបត្តិការ​វាយឆ្មក់​ចុងក្រោយ​របស់​ពួកគេ​កាលពី​ឆ្នាំ២០១៧ គឺ​ជា​ផ្នែកមួយ​នៃ​ប្រតិបត្តិការ​ស្របច្បាប់​ប្រឆាំង​នឹង​ពួកសកម្មជន​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋRakhineភាគខាងជើង។ ពួកទាហាន​បាន​ជំទាស់​ទៅ​នឹង​របាយការណ៍​ជាច្រើន​អំពី​ការ​ដុត​សម្លាប់​ជាប្រព័ន្ធ​ ការចាប់​រំលោភ​សេពសន្ថវៈ​ និង​ការកាប់​សម្លាប់​មនុស្ស​ដោយ​កងកម្លាំង​សន្តិសុខ ​ខណៈ​ខ្លួន​បាន​រឹតបន្តឹង​មិន​ឲ្យ​អ្នកកាសែត​ និង​ក្រុមផ្តល់​ជំនួយ​ចូល​ទៅ​កាន់​តំបន់​នោះ។

រូបភាព​ឯកសារ៖ បុរស​រ៉ូហ៊ីងយ៉ា​១០នាក់​ត្រូវ​បាន​កងកម្លាំង​មីយ៉ាន់ម៉ា​ចង​ដៃ និង​ឲ្យ​លុត​ជង្គង់ នៅ​ក្នុង​ភូមិ Inn Din កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។
រូបភាព​ឯកសារ៖ បុរស​រ៉ូហ៊ីងយ៉ា​១០នាក់​ត្រូវ​បាន​កងកម្លាំង​មីយ៉ាន់ម៉ា​ចង​ដៃ និង​ឲ្យ​លុត​ជង្គង់ នៅ​ក្នុង​ភូមិ Inn Din កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។

លោក Muhammad Noor ជា​អ្នកបង្កើត​ទូរទស្សន៍ R-Vision ដើម្បី​ប្រឆាំង​នឹង​ការ​ឆ្លើយ​ដោះសារ​របស់​ពួកយោធា។

លោក Muhammad Noor បាន​កើត​និង​បាន​ធំ​ដឹង​ក្តី​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជាមួយ​ឳពុកម្តាយ​ជាជនជាតិ​រ៉ូហ៊ីងយ៉ា​ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​រដ្ឋ Rakhine​ កាល​ពី​ទសវត្ស​១៩៧០។ អ្នកវិភាគ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​រូបនេះ​ក៏​ចង់​វាយបក​ទៅ​លើការ​រាយការណ៍​ព័ត៌មាន​ដែល​លោក​គិត​ថា​តែងតែ​រាយការណ៍​ព័ត៌មាន​មិន​តំណាង​ឲ្យ​ពលរដ្ឋ​របស់​លោក ​និង​មិន​រាយការណ៍​អំពី​ស្ថានភាព​ពិតប្រាកដ​ដែល​ពួកគេកំពុង​ប្រឈម។ លោក Noor បាន​ប្រាប់ VOA ថា «យើង​គិត​ថា ​យើង​មិន​អាច​រង់ចាំ​ទាល់​តែ​មាន​បណ្តាញ​សារព័ត៌មាន​ផ្សេងទៀត​មក​សួរនាំ​អំពី​រឿងរ៉ាវ​របស់​យើង​ទេ។ បើ​វា​ជា​បញ្ហា​របស់​យើង​ នោះ​យើង​នឹង​ផ្សព្វផ្សាយ​វា។ យើង​ត្រូវ​តែ​ផ្តួចផ្តើម​គំនិត​ឡើង»។

ខណៈ​ពន្យល់​អំពី​ឈ្មោះ​របស់​បណ្តាញផ្សព្វផ្សាយ​ លោក​បាន​ថ្លែង​ថា «ឈ្មោះ​នេះ​មាន​ន័យ​ថា​ យើង​ត្រូវ​តែ​យក​ទស្សនៈវិស័យ​របស់​យើង​ត្រឡប់​មក​វិញ​ យើង​ចាំ​បាច់ត្រូវ​ផ្តល់​ទស្សនៈវិស័យ​មួយ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ឲ្យ​មើលឃើញ​ពី​ពិភពលោក​និង​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពិភពលោក ​និង​ត្រូវ​ធ្វើ​ឲ្យ​ពិភពលោក​ឮ​សំឡេង​របស់​ពួក​យើង»។

ស្ថានីយ៍ R-Vision ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​បន្ទាប់​មក​បាន​បើក​សាខា​ទីពីរ​របស់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ២០១៤ និង​បាន​ជ្រើសរើស​ជនភៀស​ខ្លួន​ជាច្រើន​ក្នុង​សហគមន៍​រ៉ូហ៊ីងយ៉ា​ឲ្យ​ធ្វើ​ជា​បុគ្គលិក​នៅក្នុង​គម្រោង​របស់​ស្ថានីយ៍ទូរទស្សន៍​ ដូចជា​លោក Noor ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍ ​ឬធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ការងារ​កាសែត​ជាផ្លូវការ​ពី​មុន​មក​នោះ។ ចាប់​តាំង​ពី​ពេលនោះ​មក​ ស្ថានីយ៍ R-Vision បាន​បើក​សាខា​តូចៗ​បន្ថែម​ទៀត​ទៅក្នុង​ប្រទេស​បង់ក្លាដែស​ ប៉ាគីស្ថាន​ និង​កាណាដា ដែល​ផ្សាយ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​តាម​អ៊ិនធឺណិត​ជា​ភាសារ៉ូហ៊ីងយ៉ា​ និង​មាន​ផ្សាយ​តិចតួច​ជា​ភាសាអារ៉ាប់ ​ភាសាភូមា និង​ភាសា​អង់គ្លេស។

លោក Noor និយាយ​ថា​ ចំនួន​នៃ​ការចូល​មើល​ព័ត៌មាន​នៅ​លើ​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់​របស់​ស្ថានីយ៍​អាច​មាន​ដល់​ទៅ​២សែនដង​ក្នុង​មួយ​ថ្ងៃ។ ដើម្បី​ទម្លាយ​របាំង​ព័ត៌មាន​ក្នុង​រដ្ឋ Rakhine ស្ថានីយ៍ R-Vision បាន​ជួល​បណ្តាញ​ផ្សព្វផ្សាយ​ដែល​ជា​ប្រភព​សម្ងាត់​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ និង​បាន​បណ្តុះបណ្តាល​ពួកគេ​ឲ្យ​ក្លាយ​ជា​អ្នកសារព័ត៌មាន​ ដើម្បី​ផ្តល់ព័ត៌មាន​ឲ្យ​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ខាង​ក្រៅ​ប្រទេស​មីយ៉ាន់ម៉ា។ លោក Noor បាន​និយាយ​ទៀត​ថា​ស្ថានីយ៍​បាន​លួច​ផ្ញើ​ទូរស័ព្ទ​រាប់ពាន់​គ្រឿង​ និង​បន្ទះសូឡា​ទៅ​រដ្ឋ Rakhine នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដើម្បី​ឲ្យ​ពួកគេ​អាច​បញ្ចូល​ថ្ម​ទូរស័ព្ទ​ និង​បាន​បង្រៀន​ពី​របៀបប្រើ​ និង​ប្រាប់​ពី​គន្លឹះ​សំខាន់ៗ​ដើម្បី​រក្សា​សុវត្ថិភាព​ពួកគេ​ផងដែរ។​

លោក Ajmeer បាន​និយាយ​នៅ​អំឡុងពេល​អាហារ​ពេលល្ងាច​នៅក្នុង​ហាង​កាហ្វេ​តូច​មួយ​នៅ​ជិត​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​កូឡាឡាំពួរ​យ៉ាង​ដូច្នេះ​ថា «បើសិន​ជា​អាជ្ញាធរ​មីយ៉ាន់ម៉ា​ដឹងថា​អ្នក​គឺ​ជា​អ្នកផ្តល់ព័ត៌មាន​ឲ្យ​ស្ថានីយ៍ R-Vision​ នោះ​ ពួកគេ​នឹង​សម្លាប់​អ្នក‍»។ លោក John Quinley អ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ Fortify Rights ដែល​តាមដានបញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​ថ្លែងថា​ ក្រុម​របស់​លោក​និង​អ្នក​ផ្សេងទៀត​ពឹងលើ​របាយការណ៍​របស់​ស្ថានីយ៍ R-Vision និង​ពីប្រភព​ផ្សេងៗ​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​អ្វី​នៅពី​ក្រោយ​សកម្មភាព​របស់​យោធា​មីយ៉ាន់ម៉ា​នៅរដ្ឋ Rakhine​ ភាគ​ខាង​ជើង។

លោក​បាន​ថ្លែងបន្ត​ទៀត​ថា «ពួកគេ​ទាំងនោះ​ប្រឈម​នឹង​គ្រោះថ្នាក់​ដើម្បី​ស្វែង​រក​ព័ត៌មាន​ផ្ញើ​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​អ្នកសារព័ត៌មាន​ជាច្រើន​បាន​តាម​ដាន​សេចក្តី​រាយការណ៍​លម្អិត​ដែល​ពួកគេ​បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​ស្ថានីយ៍‍»។ លោក​បាន​និយាយ​បន្ថែមទៀត​ដោយ​សំដៅ​ទៅ​លើ​ប្រភពបណ្តាញ​ផ្សព្វផ្សាយ​នានា​ថា‍‍‍ «ពួក​អ្នក​ស្វែងរក​ការពិត​ទាំងនេះ​កំពុង​យក​ជីវិត​ពួកគេ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​ការរំលោភបំពាន​នានា​ ដែល​អ្នកផ្សេង​ទៀត​មិន​អាច​រក​បាន‍»។ ចាប់តាំង​ពី​ខែមិថុនា​មក​ យោធា​បាន​កាត់ផ្តាច់​ប្រព័ន្ធអ៊ិនធឺណិត​ក្នុងរដ្ឋ Rakhine ដែល​ការណ៍​នេះ​បាន​បង្កការលំបាក​នៅក្នុង​ការបំពេញ​ការងារ​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន​ទាំង​នោះ។

ខណៈ​ព្យាយាម​ប្រឆាំង​ទៅ​នឹង​ភាព​លម្អៀង​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ និង​បណ្តាញ​ផ្សព្វផ្សាយ​ ស្ថានីយ៍ R-Vision ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​ស្ថានីយ៍​មាន​ភាព​លម្អៀង​ក្នុង​ការ​ផ្យាយ​ព័ត៌មាន។

លោក Noor គ្មាន​ការសោកស្តាយ​ទេ​ ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​នៅក្នុង​ការចែក​រំលែក​ព័ត៌មាន​ជាមួយ​នឹង​អ្នកសារព័ត៌មាន​បស្ចឹម​ប្រទេស​ដែល​បាន​លើកឡើង​អំពី​បញ្ហា​នេះ​នៅ​អំឡុងពេល​សន្និសីទ​នៅ​ទីក្រុង​បាងកក។​

លោក​បាន​និយាយ​ថា «ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា​ នៅពេល​និយាយ​ដល់​ព័ត៌មាន​រ៉ូហ៊ីងយ៉ា មាន​បណ្តាញ​ផ្សព្វផ្សាយ​បី​ប្រភេទ។ ទីមួយ​គឺ​បណ្តាញ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​រដ្ឋាភិបាល​ ទីពីរ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កណ្តាល​ ហើយ​មួយ​ទៀតគឺ​ជាពួក​យើង​ជា​បណ្តាញ​ផ្សព្វផ្សាយ​គាំទ្រ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ហើយ​យើង​និយាយ​ដោយ​សាមញ្ញ​ថា​យើង​គាំទ្រ​ជនជាតិ​រ៉ូហ៊ីងយ៉ា‍​មែន»។ លោក​បាន​រំឭក​ពី​ការចែករំលែក​ព័ត៌មាន​នាពេល​នោះ​ថា «ខ្ញុំ​ដឹងថា​ អ្នក​ក៏​មាន​ជនជាតិ​ភាគតិច​ផ្ទាល់ខ្លួន​ដែរ​ ហើយ​អ្នក​ក៏​មាន​របៀបវារៈ​ផ្ទាល់​ខ្លួនដែរ។ អ្នក​ចង់​និយាយ​នៅ​កណ្តាល។ យើង​មិន​ចង់​នៅ​កណ្តាល​ទេ។ បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ​គឺ​យើង​នៅ​ទីនេះ​ដើម្បី​ឈរ​នៅ​ជាមួយ​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា‍»។

លោក Noor បាន​អះអាង​ថា​វា​មិនមែន​ជា​បញ្ហា​នៃ​ភាពសុក្រិត​របស់​របាយការណ៍​ទេ។ លោក​បាន​និយាយ​ថា​ ស្ថានីយ៍ R-Vision យក​របាយការណ៍​ពី​ពីរទៅ​បី​ប្រភព​ដែល​មិន​ស្គាល់​គ្នា​ទៅវិញ​ទៅមក​ សូម្បី​តែ​ពួកគេ​នៅ​ជិត​គ្នា​ក៏ដោយ​ ដើម្បី​ត្រួតពិនិត្យ​របាយការណ៍​មុន​នឹង​ចាក់​ផ្សាយ។
លោក Quinley បាន​ថ្លែង​ថា​ ក្រុម​អ្នកសារព័ត៌មាន​ និង​អ្នក​តាមដាន​សិទ្ធិមនុស្ស

គួរ​ពិនិត្យ​ឲ្យ​បាន​ទ្វេដង​ចំពោះ​អ្វី​ដែល​ស្ថានីយ៍ R-Vision បាន​រាយការណ៍​ និង​បាន​និយាយ​ទៀត​ថា​ លោក​ក៏​ចង់​ឲ្យ​មាន​របាយការណ៍​អំពី​បញ្ហានេះ​ពីខាង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​ផងដែរ។​ លោក​បាន​ថ្លែង​ថា «ពួកគេ​ពិត​ជា​ធ្លាប់​មាន​កំហុស​កាល​ពី​អតីតកាល ប៉ុន្តែ​ភាគច្រើន​ពួកគេ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន‍»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG