ការសិក្សាស្រាវជ្រាវមួយរបស់ទីភ្នាក់ងារមូលនិធិកុមារអង្គការសហប្រជាជាតិបានរកឃើញថា កុមារភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់ នៅក្នុងក្រុង Cox's Bazar ប្រទេសបង់ក្លាដែស មិនបានរៀនពីបំណិនជីវិត ដែលពួកគេត្រូវការសម្រាប់អនាគត ឬដើម្បីការពារពួកគេពីការបំពាន និងការកេងប្រវ័ញ្ចនាពេលបច្ចុប្បន្ននោះទេ។
កុមាររ៉ូហ៊ីងយ៉ារាប់សែននាក់កំពុងរស់នៅក្នុងជំរំភៀសខ្លួនដែលចង្អៀតណែនណាន់តាន់តាប់ និងកខ្វក់ នៅក្នុងក្រុង Cox's Bazar អស់រយៈពេល២ឆ្នាំ ចាប់តាំងពីពេលដែលជនភៀសខ្លួនប្រមាណ៧សែន ៤ម៉ឺន ៥ពាន់នាក់ បានរត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតឡើង។
ទីភ្នាក់ងារមូលនិធិកុមារអង្គការសហប្រជាជាតិបានរកឃើញថា កុមារជាង២សែន ៥ម៉ឺននាក់ ដែលមានអាយុរហូតដល់១៤ឆ្នាំកំពុងតែទទួលបានការអប់រំក្រៅប្រព័ន្ធ ខណៈដែលកុមារជាង២សែន ៥ម៉ឺននាក់ផ្សេងទៀតមិនទទួលបានការអប់រំនោះទេ។
លោក Simon Ingram ដែលជាអ្នកសរសេររបាយការណ៍របស់អង្គការយូនីសេហ្វ បាននិយាយថា ក្មេងជំទង់ៗជាក្រុមជនរងគ្រោះខ្លាំងបំផុត។
លោកបាននិយាយថា ៩៧%នៃក្មេងដែលមានអាយុពី១៥ ដល់១៨ឆ្នាំ មិនបានចូលសាលារៀននោះទេ ហើយការណ៍នេះធ្វើឲ្យពួកគេងាយរងគ្រោះ។
លោកបាននិយាយថា៖ «នៅពេលអ្នកជួបក្មេងជំទង់នៅក្នុងជំរំ ពួកគេរៀបរាប់ពីគ្រោះថ្នាក់ដែលពួកគេប្រឈម ជាពិសេសនៅពេលយប់ នៅពេលដែលអ្នកជួញដូរគ្រឿងញៀនចេញប្រតិបត្តិការ។ ការវាយតប់គ្នានៅក្នុងក្រុមបងតូចបងធំត្រូវបានគេរាយការណ៍ថា បានកើតឡើងជាប្រចាំ។ ករណីនៃការជួញដូរក៏ត្រូវបានគេរាយការណ៍ថា កើតមានផងដែរ ទោះជាគេមិនអាចកំណត់ចំនួនក៏ដោយ។ ជំរំទាំងនោះមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្មេងស្រី និងស្ត្រី»។
អង្គការយូនីសេហ្វ និងដៃគូ បានផ្តល់ការអប់រំដល់ក្មេងៗរ៉ូហ៊ីងយ៉ាជាង១សែន ៩ម៉ឺននាក់ នៅតាមមជ្ឈមណ្ឌលជាង ២ពាន់កន្លែង។ ទីភ្នាក់ងារទាំងនេះកំពុងអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែស អនុញ្ញាតឲ្យប្រើប្រាស់ធនធានអប់រំថ្នាក់ជាតិរបស់ពួកគេដើម្បីផ្ដល់ការអប់រំត្រឹមត្រូវជាងនេះដល់ក្មេងៗរ៉ូហ៊ីងយ៉ា។
លោក Ingram បានប្រាប់ VOA ថា អង្គការយូនីសេហ្វកំពុងអំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ាឲ្យផ្តល់ការអប់រំដល់ក្មេងៗនៅក្នុងជំរំភៀសខ្លួន។ លោកបាននិយាយថា រហូតមកដល់ពេលនេះ ក្មេងៗបានរៀនភាសាមីយ៉ាន់ម៉ា ដោយគ្រូស្ម័គ្រចិត្ត ដែលនៅក្នុងជំរំជនភៀសខ្លួន។
លោកបាននិយាយថា៖ «បើគិតតាមគោលការណ៍អន្តរជាតិ ការអប់រំបែបនេះមិនដូចការអប់រំដែលមានគ្រូទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ ឬអ្នកដែលមានបទពិសោធន៍អនុវត្តកម្មវិធីសិក្សារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាត្រឹមត្រូវនោះទេ។ នេះជាអ្វីដែលយើងចង់បាន ហើយយើងកំពុងតែពិភាក្សាជាមួយនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា។ យើងសង្ឃឹមថា យើងនឹងទទួលបានចម្លើយវិជ្ជមាន»។
លោក Ingram និយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗទាំងនោះរៀនភាសាមីយ៉ាន់ម៉ា ដោយសារតែវាជាភាសាដែលពួកគេនឹងត្រូវការ ប្រសិនបើឬនៅពេលដែលពួកគេត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ក្មេងៗជំទង់រ៉ូហ៊ីងយ៉ានឹងបន្តរស់នៅក្នុងភាពមិនប្រាកដប្រជា រហូតទាល់តែពួកគេអាចត្រឡប់ទៅមាតុភូមិដោយសុវត្ថិភាព។ លោកទទួលស្គាល់ថា ការត្រឡប់ទៅមាតុភូមិវិញទំនងនឹងមិនកើតឡើងក្នុងពេលឆាប់ៗនោះទេ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា