ខណៈអាជ្ញាធរមីនកម្ពុជាកំពុងតែខិតខំប្រឹងប្រែងបោសសម្អាតមីនឱ្យអស់ពីប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥ ដើម្បីកុំឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់មីនបន្តទៀត ពលរដ្ឋកម្ពុជាមួយចំនួននៅតែក្លាយជាជនរងគ្រោះនៃគ្រាប់មិនទាន់ផ្ទុះដែលសល់ពីសម័យសង្រ្គាម។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មានករណីផ្ទុះគ្រាប់មីន នៅចំណុចភ្នំណងទឹម ភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្តាលឱ្យប្រជាពលរដ្ឋម្នាក់ គឺលោក និល ចាន់ អាយុ៤២ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៧នាក់ បានរងរបួសជើងធ្ងន់ធ្ងរ។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយដោយអាជ្ញាធរមីនកម្ពុជា។ បុរសម្នាក់នោះបានដើរចូលព្រៃរុករកបន្លែផ្លែឈើ ហើយក៏ជាន់មីនផ្ទុះ បណ្តាលឱ្យដាច់កជើងខាងស្តាំ និងត្រូវបានបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដោយអាជ្ញាធរបញ្ជាក់ថាករណីផ្ទុះមីននេះមិនបានឈានទៅដល់ស្លាប់ឡើយ។
កម្ពុជាបានដាក់ផែនការបោសសម្អាតមីនឱ្យអស់ ឬហៅថាកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ដែលនឹងត្រូវបោសសម្អាតលើផ្ទៃដីមានមីនប្រមាណជាង៧០០គីឡូម៉ែត្រក្រឡាទៀត។ ការចំណាយថវិកាមានប្រមាណជាង១០០លានដុល្លារអាមេរិកទៀតសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីន។
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការសម្អាតមីន ឬបង្ហើយការងារដោះមីនឱ្យបានឆាប់ ដើម្បីប្រកាសថាខេត្ត ស្រុក ឃុំរបស់កម្ពុជាគ្មានមីន។
អនុប្រធានទី១របស់អាជ្ញាធរមីន លោក លី ធុជ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាការបោសសម្អាតមីននៅកម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនដូចជាសមត្ថភាពធនធានមនុស្ស ឧបករណ៍ក្នុងការប្រើប្រាស់បោសសំអាតមីន បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាថវិកាជាដើម។ លោកបន្ថែមថាផ្ទៃដីប្រមាណ២៥០០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតមីនរួចហើយ ដែលជួយកាត់បន្ថយការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «យើងកំពុងតែខិតខំប្រឹងប្រែងឆ្នាំ២០២៣នេះ យើងត្រៀមបោសសម្អាតជាង៣០០គីឡូម៉ែត្រក្រឡា ជាឆ្នាំដែលយើងត្រៀមបោសសម្អាតធំជាងគេ ក្នុងមួយឆ្នាំនេះជាឆ្នាំដ៏សំខាន់គឺការងារបោសសម្អាតមីននៅកម្ពុជាយើងបាទ។ យើងមានក្តីសង្ឃឹម និងជំនឿ[ចិត្ត]ខ្ពស់ និងពោរពេញដោយការខិតខំប្រឹងប្រែង ធ្វើម៉េចឱ្យ២០២៥នេះ សម្រេចឱ្យបានជោគជ័យតាមចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីរបស់យើង»។
លោកបន្តថាកន្លែងដែលសម្បូរមីនច្រើនជាងគេ គឺតំបន់ដែលនៅជាប់ព្រំប្រទល់ប្រទេសថៃ ហើយអាជ្ញាធរមីនកម្ពុជាកំពុងតែបញ្ជូនក្រុមការងារចុះទៅប្រតិបត្តិការបន្ថែម។
លោក លី ធុជ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានជាមុនសិន។ លោកបន្ថែមថាប្រជាពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ និងប្រតិបត្តិករបោសសម្អាតមីន នៅពេលប្រទះឃើញ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បុគ្គលិកជំនាញដោះមីនរបស់អង្គការដោះមីនកម្ពុជា (Cambodia Self Help Demining ឬ CSHD) ឬគេស្គាល់ឈ្មោះថាអង្គការអាគីរ៉ា មានគ្នា៤នាក់ បានចុះទៅប្រតិបត្តិការបោសសម្អាត និងដោះមីននៅក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ខណៈកំពុងប្រតិបត្តិការដោះមីនតោននោះ ស្រាប់តែមីនផ្ទុះ បានបណ្តាលឱ្យបុគ្គលិក៣នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់។
បើតាមលោក លី ធុជ ប្រទេសដែលបានផ្ដល់ជាមូលនិធិមកកម្ពុជាក្នុងការបោសសម្អាតមីន រួមមានជាង១០ប្រទេស ក្នុងនោះសហរដ្ឋអាមេរិកបានផ្តល់ជំនួយច្រើនជាងគេ គឺរហូតដល់១៩២លានដុល្លារអាមេរិក ក្នុងរយៈពេល៣០ឆ្នាំនេះ។
កាលពីចុងឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យកងទ័ពចិនជួយដោះមីននៅកម្ពុជា ដែលលោកថានៅសល់ប្រមាណ៥%លើផ្ទៃដីប្រទេស។ លោក ហ៊ុន សែន ក៏បានប្រកាសកៀរគរជំនួយថវិកាពីសប្បុរសជន ដើម្បីសម្រេចគោលដៅនៃការសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ ២០២៥។
គួរបញ្ជាក់ថាកាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថាចំនួនជនរងគ្រោះដោយសារគ្រាប់មីន បានថយចុះពី៤៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤១នាក់ក្នុងឆ្នាំ២០២២ និងមកនៅក្រោម១០០នាក់ក្នុងមួយឆ្នាំជាមធ្យម រយៈពេល១០ឆ្នាំចុងក្រោយ៕