ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកៀរគរជំនួយថវិកាពីសប្បុរសជនក្នុងការសម្អាតមីន ថវិកាដែលប្រមូលបានរហូតមកដល់ថ្ងៃចន្ទនេះ មានប្រមាណជាង១៣លានដុល្លារអាមេរិក។ នេះបើយោងតាមមន្រ្តីពាក់ព័ន្ធ។
កម្ពុជាបានដាក់ផែនការសម្អាតមីនឱ្យអស់ ឬហៅថា កម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ដែលនឹងត្រូវបោសសម្អាត លើផ្ទៃដីមានមីនប្រមាណជាង៧០០គីឡូម៉ែត្រក្រឡាទៀត។ ការចំណាយថវិកាមានប្រមាណជាង១០០លានដុល្លារអាមេរិកទៀតសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែកក្កដា បានប្រកាសឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការសម្អាតមីន ឬបង្ហើយការងារដោះមីនឱ្យបានឆាប់ ដើម្បីប្រកាសថាខេត្ត ស្រុក ឃុំរបស់កម្ពុជាគ្មានមីន។
នៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន បានប្រកាសកៀរគរជំនួយមនុស្សធម៌ក្នុងការដោះមីននេះ ហើយលោកក៏បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យពិចារណាប្រើប្រាស់ថវិកាជាតិ ឆ្នាំ២០២៣-២០២៤ ក្នុងការសម្អាតមីនទៅតាមដំណាក់កាលៗផងដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «ហើយខ្ញុំក៏សុំយកឱកាសនេះ អំពាវនាវចំពោះវិស័យឯកជន ប្រសិនបើមានបំណង ខ្ញុំសូមអរគុណទុកជាមុន ដើម្បីទទួលយកការចូលរួមពីសំណាក់វិស័យឯកជនរបស់យើង ជួយដោះមីននៅកន្លែងណា។ ឧទាហរណ៍ កន្លែងខ្លះត្រឹម១០ម៉ឺនដុល្លារ តែប៉ុណ្ណឹងទេ។ កន្លែងខ្លះ មានភូមិមួយ ឥណ្ឌា...គេជួយ៥ម៉ឺនដុល្លារដើម្បីបញ្ចប់...។ អ៊ីចឹងទេ យើងអាចប្រើការគួបផ្សំពីរ [គឺ]មួយថវិកាជាតិ មួយទៀតគឺសប្បុរសជនអាចចូលរួមដើម្បីអាចរក្សាសុវត្ថិភាព»។
លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការនាយករដ្ឋមន្រ្តីដែលជាអ្នកទទួលថវិកា បានបញ្ជាក់ប្រាប់វីអូអេយ៉ាងខ្លីថាមកដល់ថ្ងៃចន្ទនេះ ក្រុមការងារទទួលបានថវិកាជាង១០លានដុល្លារអាមេរិកហើយ។
លោកថ្លែងថា៖ «បានជាង១០លាន[ដុល្លារអាមេរិក]បន្តិចហើយ»។
ថវិកាទាំងនោះបានមកពីអ្នកជំនួញធំៗ សិល្បករ និងក្រុមមនុស្សផ្សេងទៀត។ ភ្លាមៗក្រោយការប្រកាសរបស់លោក ហ៊ុន សែន កូនស្រីរបស់លោក គឺអ្នកស្រី ហ៊ុន ម៉ាណា និងស្វាមី និងកូនស្រីម្នាក់ទៀត គឺអ្នកស្រី ហ៊ុន ម៉ាលី និងស្វាមី បានចេញមុខប្រកាសបរិច្ចាគថវិកាចំនួន១លានដុល្លារអាមេរិកដល់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាមីន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល។
ក្រុមហ៊ុន និងឧកញ៉ាល្បីឈ្មោះដែលចូលរួមថវិកា១លានដុល្លារអាមេរិក រួមមានក្រុមហ៊ុនជីប ម៉ុង ក្រុមហ៊ុន ប៉េងហួត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពុង ឃាវសែ ហុង ពីវ ចេន ហ្ស៊ី គិត ម៉េង លី យ៉ុងផាត់ និងអ្នកឧកញ៉ាឡាវ ម៉េងឃីនជាដើម។ ចំណែកកាកបាទក្រហមកម្ពុជាដែលដឹកនាំដោយអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន បានបរិច្ចាគថវិកាចំនួន២លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ Fresh News ។
ក្រៅពីអ្នកជំនួញធំៗ គេក៏ឃើញមានក្រុមសិល្បករមួយចំនួនបានចូលរួមឧបត្ថម្ភផងដែរ ដោយមានអ្នកខ្លះឧបត្ថម្ភចំនួន១ពាន់ដុល្លារ ៣ពាន់ដុល្លារ និង១ម៉ឺនដុល្លារជាដើម។
លោក លី ធុជ អនុប្រធានទី១របស់អាជ្ញាធរមីន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាកម្ពុជាបានដាក់ផែនការថាគ្មានមីនត្រឹមឆ្នាំ២០២៥ ហើយក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ គឺត្រូវការថវិកាប្រមាណជាង១០០លានដុល្លារអាមេរិក ក្នុងការសម្អាតផ្ទៃដីមីនជាង៧០០គីឡូម៉ែត្រក្រឡាទៀត ដោយមិនទាន់រាប់បញ្ចូលផ្ទៃដីគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះនោះទេ។
លោកថ្លែងថា៖ «ចំការមីនដែលយើងមានលើផ្ទៃដីជាង៧០០គីឡូម៉ែត្រក្រឡា អ៊ីចឹងយើងធ្វើម៉េចខិតខំបោសសម្អាតឱ្យបានគ្រប់ចំនួនរបស់វា ដើម្បីឈានឱ្យបានជោគជ័យឆ្នាំ២០២៥នេះ»។
លោកបន្តថា៖ «យើងត្រូវការលុយប្រមាណ១២០ជាង [ឬ] ១៣០ជាងលានដុល្លារអាមេរិកទៀត ដើម្បីបញ្ចប់កិច្ចការហ្នឹង»។
លោកបន្ថែមថាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបោសសម្អាតមីនប្រឆាំងមនុស្សលោក និងមីនប្រឆាំងគោយន្ត លើផ្ទៃដីប្រមាណ៩០ ឬ១០០គីឡូម៉ែត្រក្រឡាក្នុងមួយឆ្នាំៗ ហើយបើបូកគ្រាប់បែកបង្កោម និងសំណល់ជាតិផ្ទុះ គឺសម្អាតបានផ្ទៃដីជាង១០០គីឡូម៉ែត្រក្រឡា។ ទាក់ទងការសម្អាតមីននេះ លោកថាក៏មានបញ្ហាប្រឈមមួយចំនួនដែរ ដូចជាធនធានថវិកាមិនទាន់ឆ្លើយតបគ្រប់គ្រាន់នៅឡើយ ព្រោះបើមានថវិកាគ្រប់គ្រាន់ឬច្រើន នោះការងារដោះមីននឹងធ្វើបានលើផ្ទៃដីច្រើន ហើយឧបសគ្គរារាំងផ្សេងទៀត មានដូចជាការរាតត្បាតជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ ដែលជាការរំខានដល់ប្រតិបត្តិការសម្អាតមីន ខណៈបុគ្គលិកមួយបានចំនួនចូលនិវត្តន៍ជាដើម។
ប្រទេសមួយចំនួនបានផ្តល់ថវិកាដល់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការដោះមីននេះ។ សហរដ្ឋអាមេរិកបានចំណាយថវិកាចំនួនជាង១៣០លានដុល្លារមកហើយ នៅក្នុងរយៈពេល២ទសវត្សរ៍កន្លងទៅនេះ ដើម្បីរកមើល និងដោះចេញ មិនត្រឹមតែយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែកាលពីឆ្នាំ២០១៧ សហរដ្ឋអាមេរិកបានបញ្ចប់ជំនួយសម្រាប់ប្រតិបត្តិការដោះមីននៅកម្ពុជាទៅឱ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលជាស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា។ ការប្រកាសកាត់ផ្តាច់ជំនួយនេះ ធ្វើឡើងនៅចំពេល មានការប្រើប្រាស់វោហាសាស្ត្រនយោបាយ ប្រឆាំងនឹងសហរដ្ឋអាមេរិកពីមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលបានចោទអាមេរិកថានៅពីក្រោយគណបក្សសង្គ្រោះជាតិ ក្នុងការរៀបគម្រោងផ្តួលរដ្ឋាភិបាលរបស់លោក។
ទោះជាយ៉ាងណា នៅឆ្នាំ២០១៧ដដែល រដ្ឋាភិបាលចិនបានសន្យាថានឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាឱ្យបានឆាប់រហ័ស។ ក្រោយការប្រកាសនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយមកកម្ពុជាជាបន្តបន្ទាប់។
បើតាមគេហទំព័ររបស់អាជ្ញាធរមីន បច្ចុប្បន្នមានប្រតិបត្តិករជាតិ និងអន្តរជាតិចំនួន៩ស្ថាប័ន ដែលកំពុងអនុវត្តការងារបោសសម្អាតមីននៅកម្ពុជា ក្នុងនោះប្រតិបត្តិករផ្នែកមនុស្សធម៌មាន៨ រួមមានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) អង្គការហាឡូត្រាស្ត (HALO Trust) អង្គការម៉ែក (MAG) អង្គការ NPA អង្គការ APOPO អង្គការដោះមីនកម្ពុជា (CSHD) និងបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក និងប្រតិបត្តិករផ្នែកពាណិជ្ជកម្មមានមួយ គឺក្រុមហ៊ុន D&Y។
បើតាមលោក លី ធុជ អនុប្រធានទី១របស់អាជ្ញាធរមីន បច្ចុប្បន្ននេះ ផ្ទៃដីមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗ គឺកម្ពុជានៅសល់ប្រមាណ១.៩០០គីឡូម៉ែត្រក្រឡាទៀត ហើយអ្នកបោសសម្អាតមីនទាំងជាតិ និងអន្តរជាតិមានចំនួនប្រមាណ២.០០៦នាក់ ដែលកំពុងបំពេញការងារប្រឈមហានិភ័យខ្ពស់មួយនេះ។ លោកក៏បានឱ្យដឹងដែរថាតាំងពីឆ្នាំ១៩៧៩មក ប្រជាពលរដ្ឋរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង៦.៥០០នាក់ ដែលស្លាប់ និងពិការដល់បច្ចុប្បន្ននេះ៕
អ្នកជំនួញធំៗចូលរួមថវិកាជួយដោះមីននៅកម្ពុជា ប្រមាណ១៣លានដុល្លារ តាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តី
ភ្នំពេញ —