លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានថ្លែងថា ប្រទេសកម្ពុជានឹងលែងមានគ្រាប់មីនទៀត នៅត្រឹមឆ្នាំ ២០២៥ ស្របតាមយុទ្ធសាស្ត្រដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ ២០២៣ ដល់ ២០២៨ ខណៈលោកបានស្នើឲ្យកងទ័ពចិនជួយដោះមីន។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមួយ លោក ហ៊ុន សែន បានជំរុញឲ្យកងទ័ពប្រទេសចិនដោះគ្រាប់មីនដែលលោកថា នៅសល់ប្រមាណ ៥% លើផ្ទៃដីប្រទេស។
នៅចំពោះមុខឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង វិនធៀន នៅក្នុងពិធីសម្ពោធផ្លូវលេខ ៤១ លោក ហ៊ុន សែន បានថ្លែងថា ពលរដ្ឋនឹងទទួលបានដីប្រកបដោយសុវត្ថិភាព នៅក្រោយការបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។
លោកលើកឡើងថា៖ «ឥឡូវកន្លែងដែលធ្លាប់ច្បាំងរាំងជល់ទាំងប៉ុន្មានគឺថា ក្លាយទៅជាតំបន់ទេសចរណ៍។ ហើយខ្ញុំកំពុងតែពន្លឿននៃការរុញដោះមីនដែលនៅសេសសល់ ដែលនៅសេសសល់ សូម្បីតែជួបជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ចិន ក្រៅពីជំនួយរដ្ឋាភិបាលចិនដែលបានដោះមីន ខ្ញុំសុំស្នើឲ្យកងទ័ពចិន ជួយមកដល់កងទ័ពកម្ពុជាដើម្បីបំផ្លាញចោលគ្រាប់មីន ធ្វើម៉េចឲ្យអស់មីននៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់ប្រជាជនយើងផង និងដើម្បីផ្តល់ដីដោយសុវត្ថិភាពសម្រាប់ប្រជាជនរបស់យើងបង្កបង្កើនផល»។
លោកបន្ថែមថា៖ «ថ្ងៃមុនគណបក្សប្រជាជន … អចិន្ត្រៃយ៍គណបក្សប្រជាជនរៀបចំយុទ្ធសាស្ត្រក្នុងហ្នឹងយើងដាក់ចេញនូវយុទ្ធសាស្ត្រមួយ គឺបំផ្លាញចោលគ្រាប់មីនឲ្យបាននៅក្នុងឆ្នាំ ២០២៥ ដែលជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំប្រទេស សម្រាប់ឆ្នាំ ២០២៣-២០២៨ ដែលនៅក្នុងខែមករានេះ គណបក្សប្រជាជននឹងបើកមហាសន្និបាតដើម្បីអនុម័តលើគោលនយោបាយ មាគ៌ាគោលនយោបាយរបស់ខ្លួនសម្រាប់អាណត្តិ បន្ត»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតប្រទេសចិនប្រចាំនៅរាជធានីភ្នំពេញ តែគ្មានការឆ្លើយតបសំណួរដែលផ្ញើតាមសារអេឡិចត្រូនិកអ៊ីមែលទេ គិតត្រឹមរសៀលថ្ងៃអង្គារនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការប្រកាសដោះមីនឲ្យអស់ពីផ្ទៃប្រទេសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាគោលនយោបាយដែលគណបក្សកាន់អំណាចចង់សម្រេចឲ្យបាន នៅពេលគណបក្សឈ្នះឆោ្នតទៀត។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «អានេះជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ បើថ្ងៃក្រោយទៅ គណបក្សមិនឈ្នះឆ្នោត អាហ្នឹងគណបក្សគេចង់ផ្តាច់គោលការណ៍ហ្នឹង អាហ្នឹងស្រេចលើគេទៅ! ក៏ប៉ុន្តែក្នុងនាមគណបក្សប្រជាជនកម្ពុជា គឺនៅពេលណា ដែលគណបក្សប្រជាជនជាប់ឆ្នោតតទៅអាហ្នឹងគណបក្សប្រជាជនសម្រេចផែនការដើម្បីជម្រះមីនហ្នឹងឲ្យអស់ឆ្នាំ ២០២៥ ហ្នឹង។ អាហ្នឹងជាគោលការណ៍របស់យើងទេ។ យើងមិនចាប់បង្ខំគណបក្សណាឲ្យធ្វើតាមយើងទេ»។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកៀរគរជំនួយថវិកាពីសប្បុរសជនដើម្បីសម្រេចគោលដៅនៃការសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ ២០២៥ នៅលើផ្ទៃដីនៅសេសសល់មីនប្រមាណជាង ៧០០ គីឡូម៉ែត្រក្រឡាទៀត។
ការចំណាយថវិកាមានប្រមាណជាង ១០០ លានដុល្លារអាមេរិកទៀតសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ នេះបើតាមលោក លី ធុជ អនុប្រធានទី ១ របស់អាជ្ញាធរមីន ដែលបានថ្លែងកាលពីខែកក្កដា ឆ្នាំ ២០២២។
ប្រទេសមួយចំនួនបានផ្តល់ថវិកាដល់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការដោះមីននេះ។ សហរដ្ឋអាមេរិកបានចំណាយថវិកាចំនួនជាង ១៣០ លានដុល្លារមកហើយ នៅក្នុងរយៈពេល២ទសវត្សរ៍កន្លងទៅនេះ ដើម្បីរកមើល និងដោះចេញ មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែកាលពីឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានបញ្ចប់ជំនួយសម្រាប់ប្រតិបត្តិការដោះមីននៅកម្ពុជាទៅឱ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលជាស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា។
ការប្រកាសកាត់ផ្តាច់ជំនួយនេះ ធ្វើឡើងនៅចំពេលមានការប្រើប្រាស់វោហារសាស្ត្រនយោបាយ ប្រឆាំងនឹងសហរដ្ឋអាមេរិកថាអាមេរិកនៅពីក្រោយគណបក្សសង្គ្រោះជាតិ ក្នុងការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សាទរនឹងការប្តេជ្ញារបស់គណបក្សកាន់អំណាច និងរដ្ឋាភិបាលក្នុងការបោសសម្អាតមីនឲ្យអស់នៅកម្ពុជា តែលោកថា រដ្ឋាភិបាលគួរមានគោលដៅជាក់លាក់មួយផ្សេងទៀតក្នុងការដោះស្រាយជម្លោះដីធ្លីដែលនៅបន្តកើតមានផងដែរ។
លោកថ្លែងថា៖ «ទន្ទឹមហ្នឹងសាទរជាមួយនឹងអាការបញ្ចប់ដីសុវត្ថិភាពដោយគ្មានមីន គួរតែមានការពន្លឿនក្នុងការដោះស្រាយបញ្ហាដីធ្លីដែលបន្តមានចំពោះប្រជាពលរដ្ឋ ឬក៏ដោះស្រាយមិនទាន់ចប់ហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានដីធ្លីទាំងអស់ហ្នឹងបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ ហើយក៏ជាការទទួលបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាពលរដ្ឋ។ បើសិនពលរដ្ឋទទួលបានដី បានធ្លី ហើយមិនមានបញ្ហាដីធ្លីទេ វាជារឿងសុវត្ថិភាពមួយសម្រាប់បង្កបង្កើនផលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលដ្ឋផងដែរ»។
ក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ដែលធ្វើឡើងក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃចន្ទនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងទៀតថាបើគណបក្សប្រជាជនកម្ពុជានៅកាន់អំណាច សន្តិភាពនៅតែមាន និងថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន កំពុងមានសិទ្ធិសេរីភាពហៀរហូរ មិនដូចការរិះគន់ពីអ្នកនយោបាយជំទាស់មួយចំនួននោះឡើយ៕