ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ថ្លែង​ថា​ ករណី​ផ្ទុះ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​២​កន្លែង​នៅ​ខេត្ត​ព្រះ​វិហារ​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់​និង​របួស​ម្នាក់​


បុគ្គលិក​កម្ទេច​​គ្រាប់​ម្នាក់​របស់​អង្គការ​ដោះមីន​កម្ពុជា (CSHD) ​រងរបួស​នៅ​ក្នុង​ករណី​ផ្ទុះ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​ដែល​បាន​សម្លាប់​​បុគ្គលិក​អង្គការ​នេះ​​៣​នាក់ នៅ​​ខេត្ត​ព្រះ​វិហារ ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មករា។ (Facebook/Cambodian Mine Action Authority)

មនុស្ស​ ៤​នាក់​ស្លាប់​ និង​ម្នាក់​បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ករណី​ផ្ទុះ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​២​កន្លែង​ផ្សេង​គ្នា​ក្នុង​ភូមិ​សែនតេជៈ​ក្នុង​ឃុំ​មរកត​ស្រុក​ជាំក្សាន្ត​ខេត្ត​ព្រះ​វិហារ​កាល​ពី​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០២២។​ នេះ​បើ​តាម​មន្រ្តី​ពាក់​ព័ន្ធ។​

ក្នុង​ចំណោម​អ្នក​ស្លាប់​ ៤​នាក់​ មាន ​៣​នាក់​ ជា​បុគ្គលិក​ជំនាញ​ដោះ​មីន​របស់​អង្គការ​ដោះ​មីន​កម្ពុជា​(Cambodia Self Help Demining ឬ​CSHD) ​ឬ​គេ​ស្គាល់​ឈ្មោះ​ថាអង្គ​ការ​អាគីរ៉ា។​ ចំណែក​អ្នក​រង​របួស​ធ្ងន់​ម្នាក់​ក៏​ជា​បុគ្គលិក​របស់​អង្គការ​នេះ​ផង​ដែរ។​នេះ​បើ​យោង​តាម​លោក​ William Morse​ប្រធាន​គម្រោង​អន្តរជាតិ​នៃ​អង្គការ​ដោះ​មីន​កម្ពុជា​ដែល​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ។​

លោក​បន្ថែម​ថា​អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​ដូច្នេះ​លោក​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​ក្រៅ​ពី​នេះ​បាន​ទេ។​

ចំណែក​លោក ​ហេង រតនា​ អគ្គ​នាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ​(CMAC)​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​មាន​ហេតុ​ការណ៍​ផ្ទុះ​យុទ្ធភណ្ឌ​មួយ​ទៀត​នៅ​ថ្ងៃ​ទី​១០​ខែ​មករា​គឺ​ប្រមាណ​២០​នាទី​មុន​មាន​ករណី​ផ្ទុះ​មីន​តោន​សម្លាប់​បុគ្គលិក​អង្គការ​ក្នុង​ឃុំ​មរកត​ ស្រុក​ជាំក្សាន្ត​ ហើយ​វា​សម្លាប់​ពល​រដ្ឋ​ម្នាក់​ដែល​ចុះ​ទៅ​រៀបចំ​និង​សម្អាត​ដុត​ដី​សម្រាប់​ដាំ​ដំឡូង។​

មុន​នឹង​មាន​ហេតុ​ការណ៍​ផ្ទុះ​នេះ​កើត​ឡើង​ អង្គ​ការ​ដោះ​មីន​កម្ពុជា ​(CSHD)​ កាល​ពី​ថ្ងៃ​ទី​៨​ខែ​មករា​បាន​រក​ឃើញ​គ្រាប់​កាំភ្លើង​៨២​មីលីម៉ែត្រ​មិន​ទាន់​ផ្ទុះ​ចំនួន​១២​គ្រាប់​នៅ​លើ​ដី​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ដដែល​នេះ។​ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​អាជ្ញាធរ​មីន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី៩​ខែ​មករា។​

លោក ​ហេង រតនា ​ឲ្យ​ដឹង​ទៀត​ថាបុគ្គលិក​របស់​អង្គការអាគីរ៉ា​ដែល​រង​គ្រោះ​នោះ​កំពុង​ដោះ​មីន​និង​សម្អាត​មីន​នៅ​ក្នុង​តំបន់​នោះ​ពេល​ហេតុ​ការណ៍​ផ្ទុះ​កើត​ឡើង។​

លោក​ថ្លែង​ថា៖​ «ហើយ​អ្វី​ដែល​គាត់​ទៅ​ធ្វើ​នេះ​គឺ​ទៅ​តាម​ផែន​ការ​របស់​គាត់។​ ​គេ​មាន​ផែន​ការ​បោស​សម្អាត​ចម្ការ​មីន​ណា​មាន​ពហុកោណ​ទំហំ​ដី​ប៉ុនណា។​ អ៊ីចឹង​កន្លែង​ពហុកោណ​ទាំង​អស់​របស់​កម្ពុជា​ យើង​ភាគ​ច្រើន​មិន​មាន​ដាក់​ស្លាក​សញ្ញា​ទេ​គឺ​ប្រជា​ពលរដ្ឋ​គាត់​ដឹង។​ គ្រាន់​តែ​របៀប​ព័ត៌មាន​ទទួល​បាន​គឺ​បាន​ពី​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន»។​

លោក​បន្ត​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចម្ការ​មីន​គឺ​នៅ​មាន​ច្រើន​ជាពិសេស​នៅ​តាម​ព្រំ​ដែន​ដែល​តំបន់​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​កត់​ត្រា​ក្នុង​ទិន្ន​ន័យ​ជាតិ​ថា​ជា​តំបន់​ពហុ​កោណ​ចម្ការ​មីន​ដោយ​កំណត់​ទី​តាំង​ណា​មាន​គ្រាប់​មីន​និង​មិន​មាន​គ្រាប់​មីន។​ ដោយ​ឡែក​ស្លាក​សញ្ញា​ដើម្បី​សម្គាល់​ទី​តាំង​នោះ​ថា​មាន​គ្រាប់​មីន​លុះ​ត្រា​តែ​បុគ្គលិក​អង្គការ​ដែល​មាន​ជំនាញ​សម្អាត​មីន​ឬ​ក្រុម​ជំនាញ​សម្អាត​មីន​ចុះ​ទៅ​ប្រតិបត្តិ​ការ​បោស​សម្អាត​នៅ​ទី​តាំង​នោះ​ទើប​មាន​ការ​ដាក់​ស្លាក​សញ្ញា​សម្គាល់។​

លោក​ ហេង រតនា ​ឲ្យ​ដឹង​ទៀត​ថា​ ពលរដ្ឋ​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​សារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ​គឺ​នៅ​ពេល​គាត់​ចុះ​ទៅ​សម្អាត​ដី​សាជាថ្មី​ទុក​ដាំ​ដំឡូង​ហើយ​គាត់​ធ្លាប់​ធ្វើចម្ការ​លើ​ដី​នោះ​ពី​មុន​មក។

លោក​បញ្ជាក់​ថា៖​ «កន្លែង​គាត់​ដាំ​អ៊ី​តើ។គាត់​ដាំ​ដុះ​ដំឡូង​ហូរ​ហែ​ច្រើន​ឆ្នាំ​ដែរ»។​

លោក​ ឡោ ច័ន្ទ​ មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​នៅ​ខេត្ត​ព្រះ​វិហារ​ថ្លែង​ថា​អាជ្ញាធរ​គួរ​តែ​ពន្លឿន​រក​សំបក​ ឬ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ឲ្យ​បាន​លឿន​ជាង​នេះ​និង​ជំរុញ​ការ​ដាក់​ស្លាក​សញ្ញា​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​នេះ​ខណៈ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​សារ​ជីវភាព​ខ្វះ​ខាត​ ហើយ​ទៅ​កាប់​ទន្ទ្រាន​យក​ដី​ដាំ​ដំណាំ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ងាយ​រង​គ្រោះ​និង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។​លោក​បន្ថែម​ថា​ដី​របស់​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​បាន​មួយ​សា​ឬ​ពីរ​សា​រួច​ហើយ​ក្តី​ពេល​ខ្លះ​ក៏​នៅ​តែ​មាន​សំបក​គ្រាប់​មិន​ទាន់​ផ្ទុះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ទីមួយ​អាជ្ញាធរ​គួរ​តែ​ពន្លឿន​ក្នុង​ការ​ស្រាវ​ជ្រាវ​សំបក​ណា​ដែល​មិន​ទាន់​ផ្ទុះ​អស់​ឬ​យើង​ប្រើ​ពាក្យ​សំបក​ណា​ផ្ទុះ​បន្ត​ទៀត។​ទីពីរ​ អាជ្ញាធរ​គួរ​តែ​ដាក់​ស្លាក​សញ្ញា​ដើម្បី​សម្គាល់​នៅ​តំបន់​ហ្នឹង​ថា​វា​មាន​សំបក​ដែល​អាច​ផ្ទុះ​ត​ទៅ​ទៀត»។​

បើ​តាម​អាជ្ញាធរ​មីន​កម្ពុជា​ ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ក្នុង​រយៈ​ពេល​៩​ខែ​នៃ​ឆ្នាំ​២០២១​មាន​ចំនួន​២៨​ករណី​ដែល​បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ស្លាប់​និង​របួស​សរុប​ចំនួន​៣៤​នាក់​ដែល​ថយ​ចុះ​៣៨%បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២០​ដែល​មាន​ជន​រង​គ្រោះ​ចំនួន​៥៥​នាក់។​

គួរ​បញ្ជាក់​ថា​គិត​ចាប់​ពី​ឆ្នាំ​១៩៩២ ​ដល់​ឆ្នាំ ​២០២០ ​ផ្ទៃ​ដី​ទំហំ​២.១៣៨​គីឡូ​ម៉ែត្រ​ក្រឡា​ត្រូវ​បាន​បោស​សម្អាត​ក្នុង​នោះ​មាន​មីន​ប្រឆាំង​មនុស្ស​ មីន​ប្រឆាំង​រថ​ក្រោះ​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។​ នេះ​បើ​តាម​សារ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​«ទិវា​ជាតិ​យល់​ដឹង​អំពី​មីន»​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២១។​

លោក ​ហ៊ុន សែន ​ឲ្យ​ដឹង​ទៀត​ថា​កម្ពុជា​ត្រូវ​បោស​សម្អាត​ផ្ទៃ​ដី​ដែល​មាន​មីន​ចំនួន​៨៣៥​គីឡូ​ម៉ែត្រ​ក្រឡា​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួម​ទាំង​គ្រាប់​បែក​ចង្កោម​នៅលើក​ផ្ទៃ​ដី​ទំហំ​១.៣១៦​គីឡូម៉ែត្រ​ក្រឡា​បន្ថែម​ទៀត​ដើម្បី​សម្រេច​ទៅ​តាម​«ផែន​ការ​យុទ្ធសាស្រ្ត​ជាតិ - កម្ពុជា​មួយ​គ្មាន​មីន​ឆ្នាំ​២០២៥»៕

XS
SM
MD
LG