ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​មាន​មួយ​ភាគ​បួន​នៅ​ក្នុង​ចំណោម​សមាជិក​សភា​ក្នុង​ពិភពលោក


រូបឯកសារ៖ មនុស្ស​ប្រមូលផ្ដុំ​គ្នា​នៅ​ឯ​ទីលាន Plaza del Castillo នៅ​ថ្ងៃ​នារី​អន្តរជាតិ​ ៨ មីនា នៅ​ទីក្រុង Pamplona នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី​៨ មីនា ២០២០។
រូបឯកសារ៖ មនុស្ស​ប្រមូលផ្ដុំ​គ្នា​នៅ​ឯ​ទីលាន Plaza del Castillo នៅ​ថ្ងៃ​នារី​អន្តរជាតិ​ ៨ មីនា នៅ​ទីក្រុង Pamplona នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី​៨ មីនា ២០២០។

សហភាព​អន្តរសភា​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៦​ ខែ​មីនា​ថា​ ចំនួន​សមាជិកា​សភា​នៅ​ក្នុង​ពិភព​លោក​​មាន​ច្រើន​ឡើង​ជាង​ពីរ​ដង​ចាប់​តាំង​ពី​សន្និសីទ​អ.ស.ប.​ពិភព​លោក​អំពី​ស្ត្រី​លើក​ទី​បួន​នៅ​ក្នុង​ក្រុង​ប៉េកាំង​ កាល​ពី​២៥​ឆ្នាំ​កន្លង​ទៅ​នេះ។​ ​ហេតុផល​មួយ​ផ្នែក​គឺ​ដោយសារ​តែ​ការ​ផ្ដល់​កូតា។

ទោះ​បីមាន​កំណើន​ចំនួន​សមាជិកា​សភា​ជាតិ​នៅ​ក្នុង​ពិភព​លោក​ក៏​ពិត​មែន​ ​តែ​ ​សមភាព​ខាង​ភេទ ឬ​យែន័រ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​ការ​ប្រែ​ប្រួល​ច្រើន​គួរ​សម​ដែរ។​ កាល​ពី​ឆ្នាំ​១៩៩៥ ប្រទេស​ដែល​មាន​សមាជិកា​សភា​ច្រើន​ជាង​គេ​គឺ​ប្រទេសស៊ុតអែត​ បន្ទាប់​មក​ក៏​មាន​ប្រទេស​នានា​ក្នុង​តំបន់​ Nordic ​និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

នៅ​ឆ្នាំ​នេះ​ ​ប្រទេស​រវ៉ាន់ដា ​មាន​សមាជិកា​សភា​ជាង​៦០ភារគ​ ដោយ​ឈ្នះ​ប្រទេស​ចំនួន​១៧១​ទៀត​សម្រាប់​លំដាប់​ថ្នាក់​ទី​មួយ។​ បន្ទាប់​មកមាន​ប្រទេស​គុយបា​ បូឡេវី​ និង​ប្រទេស​អេមីរាត​អារ៉ាប់រួម។ ប្រទេស​ស៊ុយអេតកធ្លាក់​ចុះ​ដែរ​គឺ​ដល់​លំដាប់​ទី​៧។​

សហភាព​អន្តរសភាបាន​រក​ឃើញ​ថា​ ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​អាមេរិក​បាន​ធ្វើ​ឱ្យ​មាន​ការ​ជឿន​លឿន​ខ្លាំង​បំផុត​ខាង​ភាព​តំណាង​របស់​ស្ត្រី​នៅ​ក្នុង​សភា។​ បន្ទាប់​មក​មាន​ទ្វីបអឺរ៉ុប​ តំបន់​សាហារ៉ាខាង​ត្បូង ភូមិ​ភាគ​មជ្ឈិម​បូព៌ា​ និង​ប៉ែក​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក និង​ទ្វីបអាស៊ី។​ តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ​ដែល​ឋិត​ក្នុង​លំដាប់​ទាប​បំផុត​ ​ជា​តំបន់តែ​មួយ​គត់​ដែល​នៅ​ទី​នោះ​សភា​ខ្លះ​គ្មាន​សមាជិកា​ទេ។

លោក ​Martin Chungong ​អគ្គលេខាធិការសហភាព​សភា​ IPU ​និយាយ​ថា​ មាន​សមាជិកា​សភា​ច្រើន​នៅ​ក្នុង​សភា​ប្រទេស​ខ្លះ​ ដោយសារ​ប្រទេស​ទាំង​នោះ​អនុវត្ត​ប្រព័ន្ធ​ផ្ដល់​កូតា​ សម្រាប់​ភាព​តំណាង​របស់​ពួក​សមាជិកា​សភា​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​ប្រទេស​ទាំង​ឡាយ​ណា​ដែលផ្ដល់​កូតាដែល​ប្រើ​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត ​ យើង​ឃើញ​មាន​កំណើនភាព​តំណាង​របស់​ស្ត្រី​ ​បើ​ប្រៀប​ធៀប​ជាមួយ​បណ្តា​ប្រទេស​ដែល​គ្មាន​ប្រព័ន្ធផ្ដល់​កូតា។​ ដូច្នេះ​យើង​បន្ត​គូស​បញ្ជាក់​លើ​សេចក្តី​ត្រូវ​ការ​ឱ្យ​មាន​កូតា ​ដោយ​ដាក់​ក្នុង​ច្បាប់​ដើម្បី​ឱ្យ​មាន​សមភាព​យែនឌ័រ»។​

លោក ​Chungong ​និយាយ​ប្រាប់​វីអូអេ​ថា ស្ថិតិ​បង្ហាញ​ថា​ ការ​ចូល​រួម​ច្រើន​របស់​ស្ត្រី​ក្នុង​សភា​នាំ​ឱ្យ​មាន​ច្បាប់​ដែល​រៀប​ចំ​ល្អ​ជាង​មុន​ និង​ត្រូវ​អនុវត្ត​ប្រសើរ​ជាង​មុន​ខាង​សមភាព​យែនឌ័រ។​

លោក​ថា៖ «មាន​លទ្ធភាព​ច្រើន​ជាង​មុន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ដែល​មាន​លក្ខណៈ​ពិសេស​សម្រាប់​ស្ត្រី​ ដូច​ជាសុខភាព​នៅ​ពេល​មាន​ផ្ទៃពោះ សុខភាព​ទារក​ទើប​កើត ​និង​សុខភាព​កុមារ​គួរ​មាន​នៅលើ​របៀប​វារៈ។ ​ក្រៅ​ពី​នេះ​មាន​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​នយោបាយ​ អំពើ​ហិង្សា​លើ​ស្ត្រី​និង​ការ​និយម​ខាង​យែនឌ័រ។​ បញ្ហា​ទាំង​អស់​នេះ​ជា​បញ្ហា​សំខាន់ៗ​នៅ​ខាង​មុខ​នៅ​ពេល​មាន​ការ​ចូល​រួម​របស់​ស្ត្រី​ច្រើន​នាក់​ក្នុង​សភា‍‍»។

លោក ​Chungong ​និយាយ​ថា​ លោក​មាន​ជំនឿ​ថា ​ចលនា ​Me Too ​អាច​ជួយ​បង្កើន​ភាព​តំណាង​ខាង​នយោបាយ​របស់​ស្ត្រី។​ លោក​ថ្លែង​ថា​ ចលនា​នេះ​ប្រឈម​ដោយ​ផ្ទាល់​នឹង​ការ​និយម​ខាង​យែនឌ័រ ​ការ​យាយី​ខាង​យែនឌ័រ និង​អំពើ​ហិង្សា​ផ្អែក​លើ​ភេទ ដែល​រារាំង​ស្ត្រី​មិន​ឱ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ​និង​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG