ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ជំរុញ​ឲ្យ​បន្ត​បង្កើន​ចំនួន​ស្ត្រី​ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ​គ្រប់​កម្រិត


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ​ ជំរុញ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​វិស័យ​ ព្រមទាំង​ប្រជាពលរដ្ឋ​ផង​ បន្ត​បង្កើន​ឲ្យ​មាន​ចំនួន​ស្ត្រី​ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ​គ្រប់​កម្រិត។

​ថ្លែង​ក្នុង​ពិធី​អបអរ​ទិវា​នារី ​អន្តរជាតិ​៨ មីនា ខួប​ទី១០៩ នៅ​ថ្ងៃទី០៦ ខែមីនា​នេះ លោក ហ៊ុន សែន លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​របស់​ស្ត្រី និង​ក្មេងស្រី កន្លង​មក​រដ្ឋា​ភិបាល​មាន​យន្តការ​ច្បាប់ ផែនការ​សកម្មភាព​ជាតិ គោល​នយោបាយ​ជាតិ ព្រមទាំង​មាន​ការផ្តល់​សេវា​ជួយ​ដល់​ស្ត្រី និង​ក្មេងស្រី​រងគ្រោះ។ ក្នុង​ពិធី​នោះ លោក​បាន​ដាក់​ចេញ​នូវ​ចំណុច​សំខាន់​មួយ​ចំនួន ដោយ​ក្នុង​ចំណុច​ដំបូង លោក​បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បន្តបង្កើន​ចំនួន​ស្រ្តី​ក្នុង​វិស័យ​ដឹកនាំ​គ្រប់​កម្រិត។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «គ្រប់​ថ្នាក់​ដឹកនាំ​ក្រសួង​ ស្ថាប័ន ត្រូវ​បន្ត​បង្កើន​ឲ្យ​មាន​ចំនួន​ស្ត្រី​ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ​នៅ​គ្រប់​កម្រិត»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​រួមគ្នា​ទប់ស្កាត់​និង​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល​វេលា​នូវ​គ្រប់​ទិដ្ឋភាព​នៃ​អំពើ​ហិង្សា​ដែល​ទាក់ទង​នឹង​បញ្ហា​យេនឌ័រ ជាពិសេស​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ផ្លូវ​ភេទ។

កាលពី​ជាង​ពីរ​សប្តាហ៍​មុន សមត្ថកិច្ចបាន​ចាប់​ និង​ឃុំ​ខ្លួន​ស្រ្តី​លក់​អនឡាញ​ម្នាក់​ដាក់​ពន្ធនាគារ ដោយ​ចោទ​ថា​ស្រ្តី​រូប​នោះ​ស្លៀកពាក់​ស៊ិចស៊ី​ហួស​ហេតុ បណ្តាល​ឲ្យផ្ទុយ​នឹង​ក្រម​ព្រហ្មទណ្ឌ​ និង​ច្បាប់​ស្តីពី​អាជីវ​កម្ម​ផ្លូវ​ភេទ។​ ការ​ចាប់​នោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ ហ៊ុន សែន ប្រកាស​ឲ្យ​ចាត់​វិធានការ​លើស្រ្តី​លក់​អនឡាញ​ណា​ដែល​ស្លៀក​ពាក់​ស៊ិចស៊ី​ថត​ផ្សាយ​លក់​ផលិតផល។ ក្រោយ​ការ​ចាប់​ខ្លួន​ស្រ្តី​រូប​នោះ គេ​ឃើញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ចំណាត់​ការ​នោះ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

អ្នកស្រី សើនកេត សិរីលក្ខណ៍ អ្នក​សម្រប​សម្រួល​កម្មវិធី​អប់​រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល ប្រាប់ VOAថា រដ្ឋាភិបាល​តែង​ប្រកាស​ជារៀង​រាល់​ឆ្នាំ​ក្នុងការ​ជំរុញ​ឲ្យបង្កើន​ចំនួន​ស្រ្តី​ក្នុង​ថ្នាក់​ដឹកនាំ និង​វិស័យ​នយោបាយ ប៉ុន្តែ​អ្នកស្រី​ថា ចំនួន​និង​អំណាច​របស់​ស្រ្តីនៅ​តែ​មាន​កម្រិតទាប​ខ្លាំង បើ​ធៀប​នឹង​បុរស។

«នៅក្នុង​រចនា​សម្ព័ន្ធ​ដឹកនាំ​តាំង​ពី​ថ្នាក់​ជាតិ រហូត​ដល់ថ្នាក់​ក្រោម​ជាតិ​មូលដ្ឋាន​ហ្នឹង ភាគ​ច្រើន​ជា​បុរស ហើយ​បុរស​ខ្លួន​ឯង​ហ្នឹង​អត់​ចង់​ចុះ​ចេញ​ពី​តំណែង​ទេ នេះ​បញ្ហា​ធំ​មែន​ទែន។ ហើយ​ទីពីរ​ទាក់ទង​នឹង​ច្បាប់​ ឬ​គោល​នយោបាយ​មួយ​ចំនួន ដូច​ជា​ក្នុង​វិស័យ​នយោបាយ អត់​ទាន់​មាន​គោល​នយោបាយ​ស្តីពី​សមភាព​យេនឌ័រ​ ហើយបើ​ក្នុងច្បាប់​បោះ​ឆ្នោត​វិញក៏​អត់​បានគិត​ពី​សមធម៌​ សម្រាប់​ស្រ្តី និង​បុរស មធ្យោបាយ​ដាក់​ឲ្យ​ស្រ្តី​ហ្នឹង​បុរស​ហ្នឹង​ចូលរួម​ឲ្យ​បាន​ស្មើ​ភាព​គ្នា»។

អ្នកស្រី​បន្ថែម​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​មួយ​មាន​ចំនួន​ស្រ្តី​ក្នុងការ​ដឹកនាំ​ច្រើន នោះ​នឹង​ជំរុញ​ដល់​ការអភិវឌ្ឍ​គ្រប់​វិស័យ​មាន​ការ​រីក​ចម្រើន​លឿន ដោយសារ​ស្រ្តី​យល់​ដឹង​ពី​តម្រូវការ​របស់​ស្រ្តី និង​កុមារ ព្រមទាំង​ក្រុម​ជនងាយ​រងគ្រោះ​បាន​ល្អ​ជាង​បុរស។

ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង ​១៦​លាន​នាក់ ​ចំនួន​ស្រ្តី​មាន​ប្រមាណ ​៥២​ភាគ​រយ។ ​តែចំនួន​ស្រ្តី​នៅ​ក្នុង​តំណែង​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ​នៅ​ទាប​នៅ​ឡើយ។ ​ក្នុង​ចំណោម​សមាជិក​រដ្ឋសភា ​សរុប​ទាំង​ ១២៥​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​តែ​ស្រ្តី​២៥​នាក់​តែ​ប៉ុណ្ណោះ​ គឺ​ស្មើ​នឹង​២០​ភាគរយ។ សមាជិក​ព្រឹទ្ធ​សភា​ស្រ្តី​មាន​ប្រមាណ​ ១៨​ភាគរយ។ ​សម្រាប់​តំណែង​មន្រ្តី​រដ្ឋាភិបាល ​ទាំង​គ្រប់​កម្រិត​ភាគ​ច្រើន​គ្រប់​ដណ្តប់​ដោយ​បុរស។

ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ១១៥៧២​នាក់ ​ស្រ្តី​មាន​ចំនួន​ ២៣២៣​នាក់​គឺ​ស្មើ​នឹង​ប្រមាណ២០​ភាគរយ។ ​នៅ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​សរុប​ ១៦៤៦ឃុំ​សង្កាត់​ មាន​ឃុំ​សង្កាត់​ជាង​ ៣០០​មិន​មាន​ក្រុម​ប្រឹក្សា​ស្រ្តី​សូម្បី​តែ​ម្នាក់។

កាលពី​ចុងឆ្នាំ​ ២០១៧ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ប្រមូល​យក​អាសនៈ​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជាង​ ៥​ពាន់ ដែល​ក្នុង​នោះ​មាន​ស្រ្តី​ចំនួន​ ៥៥៣​នាក់ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​ត្រូវបាន​តុលាការ​កំពូល​រំលាយ។ គណបក្ស​សង្គ្រោះជាតិ​នា​ពេល​នោះ ​ក៏​មានស្រ្តី​ជា​តំណាង​រាស្រ្ត​ចំនួន ៧​នាក់​ផង​ដែរ។

នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ អង្គការ​ចំនួន​បួន​ រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR) NGO-CEDAW មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​(CCIM) និង​អង្គការDCA បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយសម្រាប់​ឱកាស​នៃ​ទិវា​នារី​អន្តរជាតិ​ ៨ មីនា ឆ្នាំ​២០២០ ​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​សិទ្ធិ​ស្រ្តី។

​អង្គការ​ទាំង​បួន​បាន​បញ្ជាក់ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នោះ​ថា​ សូម​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាទិភាព​លើ​សិទ្ធិ​ស្រ្តី​ តាម​រយៈការ​ចាត់​វិធាន​ការ​បន្ទាន់​និង​ជាក់លាក់ ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​យក ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​នៃ​ការពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UPR) និង​អនុសាសន៍របស់​គណៈ​កម្មាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​លើ​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​ស្រ្តី​ភេទ​ (ស៊ី-ដ)។

ពួកគេ​ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​ជាក់​លាក់​ដូចជា ពង្រឹង​ក្របខណ្ឌ​ច្បាប់​ដោយ​អនុម័ត​ច្បាប់​ប្រឆាំង​ការ​រើសអើង ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពីកា​ទប់​ស្កាត់​អំពើ​ហិង្សាក្នុង​គ្រួសារ ​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​យេនឌ័រ​រាល់ពេល​អនុម័ត​ ឬ​កែច្បាប់​ មាន​ថវិកា​សម្រាប់​ឆ្លើយ​តប​នឹង​យេនឌ័រ និង​យន្តការ​ជាតិ​សម្រាប់​លើក​កម្ពស់​ស្រ្តី ​ ផ្តល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​សម្រាប់​សង្គម​ស៊ីវិល ​រួម​ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្រ្តី ​និង​បញ្ចូល​ការ​អប់រំ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ឲ្យ​ក្មេងស្រី​ទទួល​បាន​ការ​អប់រំ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG