ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​វិស័យ​កសិកម្ម​អាមេរិក​ចង់​ឱ្យ​លោក Trump កុំ​បណ្តេញ​កម្មករ​របស់​ខ្លួន​ចេញ​ពី​អាមេរិក


រូបឯកសារ៖ កម្មករ​កសិដ្ឋាន​អន្តោ​ប្រវេសន៍​ច្រូត​កាត់​វាលស្រែ ខណៈ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ចាត់​វិធានការ​បង្កើន​ការ​និរទេស​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០១៧ នៅ​ជិតក្រុង Coachella រដ្ឋ California។
រូបឯកសារ៖ កម្មករ​កសិដ្ឋាន​អន្តោ​ប្រវេសន៍​ច្រូត​កាត់​វាលស្រែ ខណៈ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ចាត់​វិធានការ​បង្កើន​ការ​និរទេស​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០១៧ នៅ​ជិតក្រុង Coachella រដ្ឋ California។

ក្រុម​វិស័យ​កសិកម្ម​អាមេរិក​ចង់​ឱ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump លើកលែង​ដល់​វិស័យ​របស់​ខ្លួន​ឱ្យ​រួចផុត​ពី​ការ​សន្យា​របស់​លោក​ក្នុង​ការ​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ចេញពី​សហរដ្ឋ​អាមេរិក ដែល​ការ​បណ្ដេញចេញ​នេះ​អាច​ប៉ះពាល់​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ម្ហូបអាហារ​របស់​អាមេរិក​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនេះ។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ។

កន្លងមក មន្ត្រី​របស់​លោក Trump មិន​បាន​តាំងចិត្ត​ថា​នឹង​ធ្វើការ​លើកលែង​ណាមួយ​ទេ។ នេះ​បើ​យោង​តាម​បទសម្ភាសន៍​ជាមួយ​ក្រុម​តំណាង​កម្មករ​និង​កសិដ្ឋាន និង​លោក Tom Homan ដែល​ជា «ប្រធាន​ផ្នែក​ព្រំដែន» របស់​លោក Trump កាលពី​ពេល​ថ្មីៗ​នេះ។

លោក Dave Puglia ដែល​ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​សមាគម Western Growers ដែល​តំណាង​ឱ្យ​កសិករ​ដាំ​បន្លែ​ផ្លែឈើ បាន​និយាយ​ថា ក្រុម​នេះ​បារម្ភ​អំពី​ផល​ប៉ះពាល់​ចំពោះ​វិស័យ​កសិកម្ម បើ​ផែនការ​បណ្តេញចេញ​របស់​លោក Trump ដៅ​លើ​កម្មករ​ក្នុង​វិស័យ​នេះ។

ជិត​ពាក់​កណ្តាល​នៃ​កម្មករ​ក្នុង​វិស័យ​ដាំដុះ​ប្រមាណ ២ លាន​នាក់​នៅក្នុង​សហរដ្ឋ​អាមេរិក​ខ្វះ​ភាព​ស្របច្បាប់។ នេះ​បើ​យោង​តាម​ក្រសួង​ការងារ​និង​ក្រសួង​កសិកម្ម​អាមេរិក។ កម្មករ​ខាង​វេចខ្ចប់​សាច់​និង​ទឹកដោះគោ​ជាច្រើន​ទៀត​ក៏​រស់នៅ​ខុសច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក​ដែរ។

លោក Trump បាន​សន្យា​បណ្តេញ​ជនអន្តោប្រវេសន៍​រាប់​លាន​នាក់​ដែល​រស់នៅ​ខុសច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ដើម្បី​បាន​កាន់​តំណែង​នៅ​សេតវិមាន​ម្តងទៀត។ ការ​បណ្តេញ​ចេញ​នេះ​គឺជា​បញ្ហា​ប្រឈម​ដែល​ក្រុម​អ្នករិះគន់​ថា​អាច​ធ្វើឱ្យ​គ្រួសារ​នានា​ព្រាត់ប្រាស​គ្នា​និង​ធ្វើឱ្យ​រអាក់រអួល​ដល់​អាជីវកម្ម​អាមេរិក។

លោក Homan ធ្លាប់​បាន​និយាយ​ថា​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នឹង​ផ្តោតលើ​ឧក្រិដ្ឋជន​និង​អ្នក​ដែល​ស្ថិត​ក្នុង​បញ្ជី​ដែល​ត្រូវ​បណ្តេញ​ចេញ តែ​លោក​ថា​នឹង​គ្មាន​ការ​លើកលែង​ដល់​ជនអន្តោប្រវេសន៍​ណា​ដែល​រស់នៅ​ខុសច្បាប់​នៅក្នុង​សហរដ្ឋ​អាមេរិក​នោះឡើយ។

លោក​បាន​ថ្លែង​ក្នុង​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​ថា ការ​អនុវត្ត​ច្បាប់​លើ​អាជីវកម្ម​នឹង «ត្រូវតែ​ធ្វើ» តែ​លោក​មិន​បាន​និយាយ​ថាតើ​វិស័យ​កសិកម្ម​នឹង​ក្លាយជា​គោលដៅ​នៃ​ការ​អនុវត្ត​នេះ​ឬ​ក៏អត់​នោះទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG