ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​ស្ត្រី​រិះគន់​លោក​ហ៊ុន សែន ទាក់ទិន​ការ​បង្ក្រាប​លើ​អ្នក​លក់​ផលិតផល​តាម​អ៊ីនធឺណិត​ដែល​ស្លៀកពាក់ «ស៊ិចស៊ី​ជ្រុល»


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់រដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់រដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ចាត់​វិធានការ​លើ​ស្ត្រី​លក់​ផលិតផល​តាម​អ៊ីនធឺណិត​រូប​ណា​ដែល​ស្លៀកពាក់ «ស៊ិចស៊ី​ជ្រុល»។ ការ​ប្រកាស​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​នានា ដោយ​អង្គការ​ទាំង​នោះ​បាន​បញ្ជាក់​ថា វិធានការ​នេះ​គឺ​ជា​ការ​រើសអើង​លើ​ស្ត្រី។

នៅ​ក្នុង​ការ​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី ១៧ ខែ​កុម្ភៈ ទៅ​កាន់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា អ្នក​លក់​ផលិតផល​តាម​បណ្ដាញ​សង្គម​លើ​អ៊ីនធឺណិត​មួយ​ចំនួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ ដោយសារ​បាន​បង្ហាញ​ភាព​ស៊ិចស៊ី​ជ្រុល។

វីដេអូ​របស់​អ្នក​លក់​ផលិតផល​មួយ​ចំនួន​ដែល​បាន​បង្ហោះ​នៅ​លើ Facebook និង​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​ផ្សេង​ទៀត បាន​បង្ហាញ​ពី​ស្ត្រី​ផ្សព្វផ្សាយ​លក់​ផលិតផល​ជា​ច្រើន​ប្រភេទ​ដូចជា​របស់របរ​ប្រើប្រាស់ គ្រឿង​កែ​សម្ផស្ស និង​សំលៀកបំពាក់​ជា​ដើម។ ក្នុង​នោះ អ្នក​លក់​ខ្លះ​ស្លៀក​សំលៀក​បំពាក់​ស៊ិចស៊ី​បញ្ចេញ​រាង។

អង្គការ​ការពារ​សិទ្ធិ​ស្ត្រី​ចំនួន ៧ ដូចជា​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​សិទ្ធិ​មនុស្ស និង​អង្គការ ActionAid Cambodia ជា​ដើម បាន​រិះគន់​វិធានការ​នេះ​នៅ​ក្នុង​លិខិត​ចំហ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

លិខិត​នោះ​លើក​ឡើង​ដូច្នេះ​ថា៖ «វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​យល់​ថា តម្លៃ​សង្គម​គឺ​តែងតែ​មាន​ការ​ប្រែប្រួល​តាម​ដំណើរ​វិវត្តន៍។ ជាង​នេះ​ទៀត មិន​មាន​ការ​ស្រាវជ្រាវ​ផ្អែក​លើ​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា ជម្រើស​របស់​ស្ត្រី​នៅ​ក្នុង​ការ​ស្លៀក​សំលៀក​បំពាក់​គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​សីលធម៌​សង្គម​នោះ​ទេ»។

កញ្ញា សេង រាសី ដែល​ជា​អ្នក​តស៊ូ​មតិ​មួយ​រូប​នៃ​អង្គការ​លីលការ ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​ស្ត្រី ក៏​មាន​ចម្ងល់​អំពី​វិធានការ​របស់​លោក​នាយករដ្ឋមន្ត្រី​ចំពោះ​បញ្ហា​វប្បធម៌​ខ្មែរ​ទាក់ទិន​នឹង​រឿង​នេះ​ដែរ។

កញ្ញា​ថ្លែង​ដូច្នេះ​ថា៖ «តើ​វប្បធម៌​អ្វី​ដែល​យើង​ចង់​សំដៅ​លើ និង​ក្នុង​សម័យ​ណា? ជា​ឧទាហរណ៍ កាល​ពី​សម័យ​អប្សរា ក៏​យើង​ឃើញ​មាន​ផ្នែក​ខ្លះ​នៃ​អប្សរា​មិន​មាន​សំលៀក​បំពាក់​បិទ​បាំង​ដែរ។ ហើយ​សម័យ​បន្ទាប់​មក​ក៏​អីចឹង​ដែរ»។

កញ្ញា​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​គេ​បន្ទោស​តែ​ស្ត្រី​ថា​ជា​អ្នក​បំផ្លាញ​វប្បធម៌...។ ខ្ញុំ​គិត​ថា វប្បធម៌​ខ្មែរ​មាន​លក្ខណៈ​ល្អ​ផូរផង់​ច្រើន​យ៉ាង​ណាស់។ ហេតុអ្វី​បាន​ជា​យើង​តែងតែ​ថា​ស្ត្រី​ជា​អ្នក​បំផ្លាញ​វប្បធម៌?...។ ប្រសិនបើ​យើង​រក្សា​នូវ​វប្បធម៌​មួយ​ដែល​ភាគ​ច្រើន​ដាក់​កំហិត និង​ហាម​ប្រាម​សេរីភាព​ទៅ​វិញ​ទៅ​មក​បែប​នេះ នោះ​យើង​ត្រូវ​សួរ​ថា​តើ​យើង​ចង់​បាន​វប្បធម៌​បែប​នេះ​ឬ​ក៏​អត់»។

លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ដែល​ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ពិនិត្យ​មើល និង​ចាត់​វិធានការ​ប្រឆាំង​រាល់​វីដេអូ​ស៊ិចស៊ី​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន ដែល​បាន​ថត និង​បែក​ធ្លាយ​ដោយ​ខ្លួន​ឯង ដែល​មាន​តាម​វិបសាយ​មួយ​ចំនួន។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International បាន​រិះគន់​វិធានការ​នេះ​របស់​រដ្ឋាភិបាល។

លោក Nicholas Bequilin ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក នៃ​អង្គការ Amnesty International បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា៖ «បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ការ​ចាត់​វិធានការ និង​អប់រំ​ស្ត្រី​ទាំង​នោះ តំណាង​ឲ្យ​ការ​អនុវត្ត​បែប​គំរាម​កំហែង​នូវ​ការ​តាមដាន​របស់​រដ្ឋ ដើម្បី​បំពេញ​តាម​គោលការណ៍​បែប​រើសអើង និង​ផ្ដល់​តម្លៃ​លើ​បុរស។ ក្រុមហ៊ុន Facebook គួរតែ​បដិសេធ​កុំ​សហការ​ជាមួយ​នឹង​សំណើ​បែប​រើសអើង​ណា​មួយ​របស់​អាជ្ញាធរ​កម្ពុជា​នៅ​ក្នុង​ការ​បិទ​ចោល​នូវ​គណនី​របស់​ស្ត្រី​ទាំង​នោះ»។

លោក Nicholas Bequilin បាន​បន្ត​ថា៖ «ការ​អប់រំ​សីលធម៌​បែប​បង្ខិតបង្ខំ​របស់​អាជ្ញាធរ​លើ​ស្ត្រី​ទាំង​នេះ គឺ​ជា​អំពើ​មិន​ត្រឹមត្រូវ​ដែល​មាន​រួច​មក​ហើយ។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​ច្បាប់​នោះ​ទេ ហើយ​មើល​ទៅ អាជ្ញាធរ​ដូចជា​ធ្វើ​តាម​គំនិត​នឹក​ឃើញ​ផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន សែន»។

សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី​បាន​អះអាង​នៅ​ក្នុង​លិខិត​ចំហ​នោះ​ថា៖ «ការ​ពិន័យ​លើ​ស្ត្រី​ដោយសារតែ​ការ​ស្លៀក​សំលៀក​បំពាក់​បែប​ស៊ិចស៊ី​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ឫស​គល់​អំពើ​ហិង្សា ជាជាង​ការ​ដោះស្រាយ​បញ្ហា និង​មិន​គួរ​កើត​ឡើង​នោះ​ទេ»។

ពីរ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ប្រកាស​ចាត់​វិធានការ​លើ​រឿង​នេះ អ្នក​លក់​ផលិតផល​តាម​អ៊ីនធឺណិត កញ្ញា ថៃ ស្រីនាង បាន​ធ្វើ​ការ​សុំទោស​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ Facebook របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​បាន​សន្យា​ថា​នឹង​ឈប់​បង្ហោះ​រូប​ដែល​មាន​លក្ខណៈ​ស៊ិចស៊ី។

កញ្ញា ឆន ណាវី អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន បាន​និយាយ​ថា ក្រសួង​វប្បធម៌​គួរតែ​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ពន្យល់​អំពី​ថា​តើ​ការ​ស្លៀក​សំលៀក​បំពាក់​បែប​ណា​ដែល​មាន​លក្ខណៈ «ស៊ិចស៊ី​ជ្រុល»។

កញ្ញា​បាន​បញ្ជាក់​ថា ក្រសួង​មាន​ក្រុម​ប្រឹក្សា​វិន័យ​ដើម្បី​ចាត់​វិធានការ​លើ​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​ប្រពៃណី វប្បធម៌ ជាតិ និង​គុណធម៌​សង្គម។

កញ្ញា​បាន​បន្ថែម​ថា កញ្ញា​មិន​ដឹង​ថា​មាន​អ្នក​លក់​សំលៀក​បំពាក់​តាម​អ៊ីនធឺណិត​ប៉ុន្មាន​នាក់​នោះ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​អ្នក​ទាំង​នោះ​មិន​បាន​ចុះ​ឈ្មោះ។ ប៉ុន្តែ​កញ្ញា​បាន​បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ដូចជា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជា​ដើម គួរតែ​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ»៕

ប្រែសម្រួលដោយ ភី សុភាដា

XS
SM
MD
LG