ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​អាហ្វហ្គានីស្ថាន​បារម្ភ​ថា​កិច្ច​ព្រម​ព្រៀង​រវាង​ស.រ.អា.​និង​ពួក​តាលីបង់​នឹងនាំ​ឱ្យ​ចុះ​ថយ​សិទ្ធិ​របស់​ពួក​គេ


រូបឯកសារ៖ ស្ត្រី​ជន​ជាតិ​អាហ្វហ្គានីស្ថាន​រង់​ចាំ​នៅ​ការិយាល័យ​បោះ​ឆ្នោត នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្គានីស្ថាន កាល​ពី​ឆ្នាំ​២០១៩។

កិច្ច​ព្រមព្រៀងរវាង​ស.រ.អា.​និង​ពួក​តាលីបង់​​​បាន​បង្កើន​សេចក្តី​សង្ឃឹម​ថា​ នឹង​មាន​សន្តិភាព​ ក៏​ប៉ុន្តែ​ក៏​បាន​បង្កើន​កង្វល់​ដែរ​ថា​ ក្រុម​ស្ត្រី​អាហ្វហ្គានីស្ថាន​អាច​បាត់​បង់​សិទ្ធិ​និង​សេរីភាព​​របស់​ពួក​គេ​នៅ​ពេល​ក្រុម​ទាហាន​ស.រ.អា.​ដក​ចេញ។​

កិច្ច​ព្រមព្រៀង​រវាង​ស.រ.អា.​និង​ពួក​តាលីបង់​បាន​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថ្មីៗ​សម្រាប់​ពួក​សកម្ម​ជន​ស្ត្រី​អាហ្វហ្គានីស្ថាន។​ ពួក​គេនិយាយ​ថា​ ​កិច្ចព្រម​ព្រៀង​នេះ​មិន​បាន​ការពារ​សិទ្ធិ​របស់​ពួក​គេទេ។​

អ្នកស្រី ​Halima Salimi ​ដែល​ជា​នាយិកាបណ្តាញ​ស្ត្រី​នៅ ​Herat ​និយាយ​ថា៖​ «ខ្ញុំ​យល់​ឃើញ​ថា​ កិច្ច​ព្រមព្រៀង​រវាង​ស.រ.អា.​និង​ពួក​តាលីបង់​ដោយ​ភាគ​ច្រើន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ផល​ប្រយោជន៍​របស់​ស.រ.អា.​និង​ពួក​តាលីបង់​ ជា​ជាង​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ផល​ប្រយោជន៍​របស់​រដ្ឋាភិបាល​ និង​ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន​ជាពិសេស​ពួក​ស្ត្រី»។​

កិច្ច​ព្រមព្រៀង​រវាង​ស.រ.អា.​និង​ពួក​តាលីបង់​បើក​ផ្លូវ​ឱ្យ​មាន​កិច្ច​ចរចា​គ្នា​រវាង​ក្រុម​អាហ្វហ្គានីស្ថាននានា។​ នៅ​ក្នុង​កិច្ចចរចា​ទាំងនោះ​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ចង់​ឱ្យ​មាន​ការ​សន្យា​ជាក់​លាក់ពី​ពួក​តាលីបង់​ក្នុង​ការ​ការពារ​សិទ្ធិ​ស្ត្រី។

អ្នកស្រី Jamille Bigio ​នៃ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​បរទេស​បាន​ថ្លែង​ថា៖​ «សេចក្តី​សង្ឃឹម​គឺ​ថា ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​និង​គណៈប្រតិភូ​ដែល​រដ្ឋាភិបាល​នេះ​នាំ​ទៅ​កាន់តុ​ចរចា​ជា​មួយ​ពួក​តាលីបង់​នឹង​ធ្វើ​ការ​ចរចា​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​មួយ​ដែល​នឹង​ការពារ​សិទ្ធិ​ស្ត្រី។​ ពួក​តាលីបង់​បាន​និយាយ​ថា​ ពួក​គេនឹង​ការពារ​សិទ្ធិ​ស្ត្រី​ក្នុង​ការ​សិក្សា​អប់រំ​ និង​ក្នុងការ​ធ្វើ​ការងារ​ផង​ដែរ»។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ ​ពួក​តាលី​បង់​ក៏​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​នៅ​លាយ​ឡំ​គ្នា​រវាង​ពួក​បុរស​និង​ពួក​ស្ត្រី។ ​ការណ៍​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​សេរីភាព​នៃ​ការ​ធ្វើដំណើរ​និង​ការ​ចូលរួមខាង​សង្គម​និង​ខាង​នយោបាយ​របស់​ក្រុម​ស្ត្រី។​នាង Hasiba Moshtaq ​ដែល​ជា​និស្សិត​បាន​និយាយ​ថា៖​ «នៅ​ក្រោម​របប​គ្រប់គ្រង​តាលីបង់​ ​ពួកស្ត្រី​និង​ពួក​ក្មេង​ស្រី​គ្មាន​សិទ្ធិ​ទៅ​រៀន​សូត្រ​ក្នុង​សាលា​ទេ។​ ដូច្នេះ​ យើង​ព្រួយ​បារម្ភ​ថា​ ការ​វិល​មក​វិញ​នៃ​ពួក​តាលីបង់​អាច​នាំ​ឱ្យ​យើង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​សិក្សា​អប់រំ»។​

អ្នកស្រី​ Morgan Ortagus​ ​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អា.​ច្រាន​ចោល​ការ​រិះគន់​ដែល​ថា​ ស.រ.អា.​មិន​បាន​ផ្តល់​អាទិភាព​ដល់​សិទ្ធិ​របស់​ស្ត្រី​នៅក្នុង​កិច្ច​ចរចា​ជាមួយ​ពួក​តាលីបង់។​

អ្នកស្រី​បាន​និយាយ​ថា៖ «នៅ​រាល់​ពេល​ដែល​លោក​រដ្ឋមន្ត្រី​ Pompeo ​និយាយ​អំពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ពួកតាលីបង់​និង​អំពី​ការ​ធ្វើ​ចលនា​ទៅ​មុខ​ឆ្ពោះ​ទៅ​កាន់​ដំណោះ​ស្រាយ​នយោបាយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​នៅ​រាល់​ពេល​ដែល​លោក​និយាយ​អំពី​កិច្ច​ព្រមព្រៀង​នេះ​ លោក​បាន​និយាយ​អំពី​សិទ្ធិ​ស្ត្រី។​ លោក​ Pompeo ​បាន​និយាយ​អំពី​ការណ៍​ពិត​ជាក់​ស្តែង​ដែល​ថា​ ​ពួក​តាលី​បង់ត្រូវ​តែ​អង្គុយ​ចរចា​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន– ពួក​គេ​បាន​សន្យា​ថា ​នឹង​ធ្វើ​ដូច្នេះ–​ជា​មួយ​ពួកស្ត្រី​ ជា​មួយ​សង្គម​ស៊ីវិល​រហូត​ដល់​ ពេល​យើង​ប្រាកដ​ក្នុងចិត្ត​ថា​ ​យើង​បាន​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់បែប​យ៉ាង​ដើម្បី​ឱ្យ​សំឡេង​ទាំង​អស់​បាន​ត្រូវ​គេ​យក​ចិត្ត​ទុក​ដាក់​ដោយ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​រវាង​ភាគីអាហ្វហ្គានីស្ថាន​ទាំងអស់»។​

អ្នកវិភាគ​ Jamille Bigio ​និយាយ​ថា​ មាន​មធ្យោបាយ​ឯទៀតៗ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​ប្រើ​ប្រាស់​ដើម្បី​ដាក់​គំនាបលើពួក​តាលីបង់។​

អ្នកស្រី​បាន​និយាយ​ថា​ ​អ្វី​ដែល​សំខាន់​គឺ​ថា​ កិច្ច​ព្រម​ព្រៀង​ដែល​បាន​ត្រូវ​ចរចា​រវាង​ភាគី​អាហ្វហ្គានីស្ថាន​ទាំង​ឡាយ​ត្រូវ​មាន​រួម​បញ្ចូល​លក្ខខណ្ឌ។​

អ្នកស្រី​ Jamille Bigio ​បាននិយាយ​ថា៖ «យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​មាន​លក្ខខណ្ឌ​ថា​ ​អ្វី​ដែល​ពួក​តាលីបង់​យល់​ព្រម​អំពី​សិទ្ធិ​ស្ត្រី​ បើ​ពួក​គេ​មិន​ធ្វើ​តាម​លក្ខខណ្ឌ​ទាំង​នេះ​ទេ ​នោះ​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​និង​ភាគី​ឯ​ទៀតៗ​អាច​ដក​ថយ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ និង​លក្ខខណ្ឌ​ឯ​ទៀតៗ​ដែល​ពួក​គេ​បាន​យល់​ព្រម​នៅ​ក្នុង​ដំណោះ​ស្រាយ​នយោបាយ​នោះ»។​

អ្នកស្រី​ Bigio ​បាន​ថ្លែង​បន្ថែម​ថា អ្វីៗ​ទាក់​ទង​នឹង​សិទ្ធិ​ស្ត្រី​ត្រូវ​ទុក​ឱ្យ​ពួក​ស្ត្រី​អាហ្វហ្គានីស្ថាន​នាំមុខ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ពួក​គេ​និង​បង្កើនសំឡេង​ពួក​គេ​នៅ​ឯ​តុចរចា​គ្នា៕

ប្រែ​សម្រួល​ដោយលោក​ឈឹម សុមេធ

XS
SM
MD
LG