ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ចុះ​ទាប​ ធៀប​នឹង​ប្រទេស​ផ្សេង

  • ហ៊ាន សុជាតា

តម្លៃ​ប្រេង​សាំង​នៅ​ស្ថានីយ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០១៥។​ (ហ៊ាន​ សុជាតា/VOA)

បើ​ទោះ​ជា​តម្លៃ​ប្រេង​សាំង​​នៅក្នុង​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​យ៉ាងណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​តម្លៃ​ប្រេងសាំង​​នៅ​កម្ពុជា​នៅ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ​ និង​មាន​ការ​បញ្ចុះ​ថ្លៃ​យឺតយ៉ាវ​ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។

បើ​ទោះ​ជា​តម្លៃ​ប្រេង​សាំងនៅក្នុង​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​យ៉ាងណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​តម្លៃ​ប្រេងសាំងនៅ​កម្ពុជា​នៅ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ​ និង​មាន​ការ​បញ្ចុះ​ថ្លៃ​យឺតយ៉ាវ​ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ មន្រ្តី​សង្គម​ស៊ីវិល​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​យល់ថា​ ការ​បញ្ចុះ​ថ្លៃ​នេះ​នៅ​មាន​ការ​សម្រួល​តិចតួច​នៅ​ឡើយ​ដល់​ប្រជាជន​សាមញ្ញ​នៅ​កម្ពុជា។​ ថ្មីៗ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​យន្តការ​ថ្មី​ ដោយ​កំណត់​រូបមន្ត​តម្លៃ​ប្រេង​ក្នុង​បរិបទសេដ្ឋកិច្ច​ទីផ្សារ​សេរី។

តម្លៃ​ប្រេង​ឆៅ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ និង​ក្នុង​តំបន់​អាស៊ី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់​ពីឆមាស​ទី​ពីរ​នៃ​ឆ្នាំ​២០១៤​មក។ ​អ្នក​ជំនាញរំពឹង​ថា តម្លៃ​ប្រេង​នេះ​ ​នឹង​នៅ​តែ​មាន​កម្រិត​ទាប​ដល់​ចុង​ឆ្នាំ​២០១៥​ និង​មាន​ការ​កើន​ឡើង​វិញ​នៅ​ឆ្នាំ​២០១៦។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​គេ​សង្កេត​ឃើញ​ថា​ តម្លៃ​ប្រេង​សាំងនៅ​កម្ពុជា​នៅ​មាន​តម្លៃ​ថ្លៃ​នៅ​ឡើយ​ និង​មាន​ការ​បញ្ចុះ​ថ្លៃ​យឺតយ៉ាវ។ ​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ប្រមាណ​ជិត​៤,០០០​រៀល​ក្នុង​មួយ​លីត្រ​ ​ស្រប​ពេល​ដែល​ប្រទេស​ថៃ​ ​ប្រទេស​ឥណ្ឌូនេស៊ី​ ​និង​ប្រទេស​ម៉ាឡេស៊ី​មាន​តម្លៃ​សាំង​ត្រឹម​តែ​ជាង​២០០០​រៀល​ក្នុង​មួយ​លីត្រ​តែ​ប៉ុណ្ណោះ។​

អ្នក​ប្រកប​របរ​អាជីវកម្ម​ធុន​តូច​ និង​មធ្យម​បាន​ត្អួចត្អែរ​ថា ​ពួក​គាត់​ជួប​បញ្ជា​ខាត​បង់ច្រើន​ លើ​តម្លៃប្រេង​សាំងដែល​មាន​កម្រិត​ខ្ពស់​ ​ដោយ​សារ​តែ​ការ​ចំណាយ​ច្រើន​លើ​ថ្លៃ​ដើម។​

កញ្ញា​ខំ ស្រីកា​ វ័យ​២២​ឆ្នាំ​ ​ជា​អាជីវករ​លក់​សាំង​ដប​មួយ​រូប​ក្នុង​រាជធានី​ភ្នំពេញ​ ​យល់​ថា​ តម្លៃ​សាំង​ដែល​មិន​ឋិត​ឋេរ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ ​ធ្វើ​ឲ្យ​អាជីវករ​ដូច​ជា​កញ្ញាមិន​ទទួល​បានប្រាក់​ចំណេញច្រើន​ទេ។​

«ខ្ញុំ​យក​សាំង​មក​ថ្លៃ ​ហើយ​តម្លៃវា​ធ្លាក់​ចុះ​ទៀត។​ ​មាន​គេ​ឆ្ងល់​ថា​ សាំង​អី​ចុះ​ម៉េស? ​សារ​មុន​យើង​ចំណេញ​ច្រើន ​សារ​នេះ​ យើង​បង្វិល​បាន​រួច​ខ្លួន»។​

ជា​មួយ​គ្នា​នោះ​ដែរ​ សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ហៅ​កាត់​ថា​ IDEA​ ​ដែលជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​ធ្វើការ​ជាមួយ​អ្នក​រត់​ម៉ូតូ​ឌុប​ ម៉ូតូ​កង់បី​ តាក់​ស៊ី​ អាជីវករ​តូចតាច​ កម្មករ ​និង​ម្ចាស់​ភោជនីយដ្ឋាន​ខ្នាតតូច​ ​បាន​ត្អួច​ត្អែរថា​ ​អ្នក​រត់​ម៉ូតូ​ឌុប​ ម៉ូតូ​កង់បី​ តាក់​ស៊ី​ បាន​ចំណាយ​ថវិកា​ជា​ច្រើន​ទៅ​លើ​ថ្លៃ​ប្រេង​សាំង​នេះ។​

លោក​ឡុង​ វុទ្ធី​ ជា​អគ្គលេខាធិការ​រង​នៃ​សមាគម ​IDEA​ នេះ​ ​លើក​ឡើង​ថា​ ​បើ​ទោះ​ជា​តម្លៃ​ប្រេង​នៅ​កម្ពុជា​កំពុង​ធ្លាក់ថ្លៃ​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​ប៉ុន្តែ​វា​នៅ​មាន​តម្លៃថ្លៃ​នៅ​ឡើយ ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង។ ​លោក​វុទ្ធី​យល់​ថា ​តម្លៃ​ប្រេង​ដែល​ចុះថ្លៃ​តិចតួច​នេះ​ ​នៅមិន​ទាន់​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន​នោះ​ទេ ប្រសិន​បើ​ទំនិញ​នានា​នៅក្នុង​ទី​ផ្សារ​កម្ពុជា​នៅតែមាន​តម្លៃ​ខ្ពស់។​

«ប្រសិន​បើ​រដ្ឋាភិបាល​មាន​ការ​គ្រប់​គ្រង ​និង​អាណិត​អាសូរ​ គួរ​តែ​កំណត់​ឲ្យ​ក្រុម​ហ៊ុន​នាំចូល​ប្រេង​បញ្ចុះ​តម្លៃ​ បើ​បាន​ត្រឹម​៣០០០​រៀល​មួយ​លីត្រ​ ក៏​ប្រជាជន​សប្បាយ​ ដែល​ប្រើប្រាស់យាន​យន្ត​ពាក់ព័ន្ធ​នឹង​ប្រេង​សាំង​ ដើម្បី​ប្រកប​ជីវភាព​ប្រចាំ​ថ្ងៃ»។​

នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​តម្លៃ​ពី​ជាង​៥,០០០​រៀល​មក​នៅ​ត្រឹមក្រោម៤000​រៀលក្នុង​មួយ​លិត្រ​ ​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្វើ​ការ​រិះគន់​ដល់​ក្រុម​ហ៊ុន​ដែល​នាំ​ប្រេង​សាំង​ចូល​មក​ប្រទេស​កម្ពុជា។ ស្រប​ពេល​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រសួង​ពាក់​ព័ន្ធ​ក៏កំពុង​ចាត់​វិធាន​ការ​ ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះដែរ។​

ជាក់​ស្តែង ​កាល​ពី​ថ្ងៃព្រហស្បតិ៍​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ ក្រសួង​រ៉ែ ​និង​ថាមពល​ ព្រម​ទាំង​តំណាង​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​សាំងធំៗ​នៅ​កម្ពុជា​ ​បាន​ជួប​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​តម្លៃ​ប្រេង​សាំងនៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន។​ ​ កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង​ដើម្បី​ឈាន​ទៅ​ដល់​ការ​កំណត់​រូប​មន្ត​តម្លៃ​ប្រេង​សាំង​ក្នុង​បរិបទសេដ្ឋកិច្ច​ទីផ្សារ​សេរី​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​សមស្រប​ទៅ​ហ្នឹង​តម្លៃ​ទីផ្សារ​អន្តរជាតិ។​

លោក​ស៊ុន ចាន់ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​ថា​ រូប​មន្ត​ដែល​នឹង​កំណត់​ឡើង​ក្នុង​ពេល​ឆាប់ៗខាង​មុខ​នេះ​ ​នឹង​អាច​ឲ្យ​រដ្ឋាភិបាល​ក្តាប់​ព័ត៌មាន​ទាក់ទង​នឹង​ប្រេង​ឥន្ទនៈ​កាន់​តែ​ប្រសើរ​ជាង​មុន។​

«ដោយសារ​តែ​ពី​ដើម​យើង​មិន​ទាន់​មាន​រូប​មន្ត​ច្បាស់​លាស់ ​ដែល​រាជ​រដ្ឋាភិបាល ​និង​ខាង​ឯកជន​សហការ​គ្នា​ យើង​ត្រូវ​តាម​ដាន​ពិនិត្យ​តម្លៃ​នោះ​តាម​ទីផ្សារ​អន្តរជាតិ»។​

រូប​មន្ត​ដែល​លោក​ស៊ុន ចាន់ថល​បាន​លើក​ឡើង​នេះ​គឺ​សំដៅ​ដល់ការ​គណនា​រវាងថ្លៃដើម​ តម្លៃ​ដឹក​ជញ្ជូន​ ​និង​ប្រតិបត្តិការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ឯកជន​ ​ដែល​រូបមន្ត​ដូច​គ្នា​នេះ​ត្រូវ​បាន​អនុវត្ត​ហើយ​នៅ​ក្នុង​បណ្តា​ប្រទេស​ជិតខាង​មួយ​ចំនួន។​

លោក​ឌិត ទីណា​ ជា​អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​ និង​ថាមពល ​បាន​ប្រាប់​ VOA​ ថា​ តម្លៃ​ប្រេង​ ដែល​កំពុង​តែ​ធ្លាក់​ចុះ​នៅ​កម្ពុជា​ដូច​ពេល​បច្ចុប្បន្ន​នេះ​ ​បាន​ផ្តល់​ជា​ផល​ចំណេញ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ​ដែលអាច​នាំឲ្យ​វិស័យពាក់​ព័ន្ធ​ផ្សេងៗ​មាន​ការ​លូតលាស់​ល្អ​ដែរ​ ​ដោយ​ហេតុ​ថា​ ​សេដ្ឋកិច្ច​ជា​វិស័យ​ស្នូល។​

«អញ្ចឹង! ​ការ​ដែល​តម្លៃ​ប្រេង​ធ្លាក់ចុះ ​វា​ជា​ចំណុច​ល្អក្នុង​បរិបទ​ឥឡូវ​នេះ​ ប៉ុន្តែ​វា​នៅ​បន្ត​ធ្លាក់ចុះ​ទៀត​ ឬ​យ៉ាង​ណា?​ ធ្លាក់​ចុះ​រយៈ​ពេល​យូរ​ ឬ​បន្តិច​ទៀត​នឹង​ឡើង​ទៅ​វិញ?​ តម្រូវ​ការ​ប្រេង​ត្រូវ​តែ​មាន ​ដោយ​សារ​យើង​មិន​មែន​ជា​ប្រទេស​ផលិត។​ អញ្ចឹង​យើង​ក៏អាច​គិតគូរ​ពី​ការទិញ​ស្តុកទុក ​នៅពេល​ដែល​ប្រេង​ចុះ​ថោក​ ​សម្រាប់​ធ្វើ​យ៉ាង​ណា​បញ្ចេញ​មក​វិញ​ស្តុក​របស់​យើង​សម្រាប់​គោល​នយោ​បាយ​ថាមពល​របស់​យើង»។​

​គេ​សង្កេត​ឃើញ​ថា​ ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​តែង​តែ​មាន​ការ​ធ្លាក់​ចុះ​យឺត​យ៉ាវ​ បន្ទាប់​ពី​តម្លៃ​ប្រេងនៅ​ក្នុង​ទី​ផ្សារ​អន្តរ​ជាតិ​មាន​ការ​ធ្លាក់​ចុះ​នោះ។​ ​ហើយ​ជា​រឿយៗ​តម្លៃ​ប្រេង​ក្នុង​ប្រទេស​កម្ពុជា​នឹង​ឡើង​មួយ​កម្រិត​វិញ​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​យន្តការ​អ្វី​នោះ៕

XS
SM
MD
LG