ប្រាក់ដុលា្លរអាមេរិកាំង ដែលមានតម្លៃខ្ពស់ និងផែនការរបស់ប្រទេសអ៊ីរ៉ង់ក្នុងការដឹកប្រេងទៅលក់ឯប្រទេសក្រៅនៅពេលមានប្រេងលើសសេចក្តីត្រូវការរួចទៅហើយនោះ បានធ្វើឱ្យតម្លៃប្រេងឆៅចុះដល់ក្រោម៥០ដុល្លារក្នុងមួយធុងកាលពីថ្ងៃអង្គារ។
សេដ្ឋកិច្ចមិនសូវលូតលាស់នៅក្នុងទ្វីបអាស៊ី និងទ្វីបអឺរ៉ុបដែលត្រូវការប្រេងច្រើនក៏បានកាត់បន្ថយសេចក្តីត្រូវការប្រេង ដោយធ្វើឱ្យប្រេងធ្លាក់តម្លៃក្រោម៥០ដុល្លារក្នុងមួយធុងជាលើកដំបូងចាប់តាំងពីខែមេសាមក។
គេរំពឹងថា ធនាគារកណ្តាលស.រ.អា.នឹងបង្កើនអត្រាការប្រាក់នៅពេលបន្ទាប់មកទៀតក្នុងឆ្នាំនេះ។ ហើយប្រាក់ដុល្លារ ដែលថ្លៃជាងមុន បានធ្វើឱ្យប្រេងឆៅមានតម្លៃខ្ពស់ជាងមុនសម្រាប់ពួកអ្នកទិញដែលប្រើរូបិយបណ្ណឯទៀតៗក្រៅពីប្រាក់ដុល្លារអាមេរិកាំង ព្រោះតម្លៃប្រេងឆៅគិតជាដុល្លារអាមេរិក។
គេបាននិយាយថា ប្រទេសអ៊ីរ៉ង់ ដែលរំពឹងថា នឹងរួចផុតពីការរាំងខ្ទប់ការលក់ប្រេងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែទៀត ក្រោយពីមានកិច្ចព្រមព្រៀងថ្មីៗអំពីបរមាណូជាមួយពួកប្រទេសមហាអំណាចបស្ចឹមប្រទេសនោះ បានបញ្ចូលប្រេងរាប់សិបលានធុងទៅក្នុងមហានាវាដឹកប្រេងនៅក្នុងឈូងសមុទ្រពែក ដោយរង់ចាំការបញ្ជាទិញ។
លោក Victor Shum ជាអនុប្រធានក្រុមហ៊ុនថាមពល IHS នៅក្នុងប្រទេសសិង្ហបូរី។
«គេបានរាយការណ៍ថា នាវាមួយគ្រឿងក្នុងបណ្តាកប៉ាល់ទាំងនេះបានបើកទៅកាន់ទ្វីបអាស៊ីហើយ។ គេមិនដឹងទីដៅនៃនាវានេះទេ។ ក៏ប៉ុន្តែខ្ញុំគិតថា ពួកអ៊ីរ៉ង់
បញ្ជូនប្រេងឆៅទៅជិតទីផ្សារដើម្បីប្រុងប្រៀបផ្គត់ផ្គង់ពួកអតិថិជន»។
កាលពីសប្តាហ៍មុន ពួកប្រទេសមហាអំណាចពិភពលោកទាំង៦បានសម្រេចកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីកាត់បន្ថយកម្មវិធីបរមាណូរបស់
សាធារណរដ្ឋឥស្លាមនេះ និងរារាំងកុំឱ្យប្រទេសនេះផលិតគ្រាប់បែកបរមាណូ។
ប្រទេសអ៊ីរ៉ង់មានប្រេងបម្រុងច្រើនទីបួនក្នុងពិភពលោក ក៏ប៉ុន្តែការដាក់ទណ្ឌកម្មដោយស.រ.អា.និងពួកប្រទេសអឺរ៉ុប ព្រមទាំងប្រទេសឯទៀតៗ បានកាត់បន្ថយសមត្ថភាពរបស់ប្រទេសនេះក្នុងការរកបានប្រាក់ដុល្លារអាមេរិកាំងពីការទិញដូរជាអន្តរជាតិ។
តម្លៃប្រេងចុះថោកនេះមានផលប៉ះពាល់ច្រើនបំផុតដល់ពួកប្រទេសផលិតប្រេងក្នុងភូមិភាគមជ្ឈឹមបូព៌ា និងប្រទេសជាតិនានា ដូចជាប្រទេសវេណេហ្សូអេឡា ជាដើម ដែលមានបញ្ហាសេដ្ឋកិច្ចរ៉ាំរៃរួចស្រេចហើយនោះ។
ពួកអ្នកសេដ្ឋសាស្ត្រនិយាយថា ប្រទេសរុស្ស៊ី និងប្រទេសនីហ្សេរីយ៉ាក៏ត្រូវការឱ្យតម្លៃប្រេងឆៅឋិតនៅត្រឹមកម្រិតបច្ចុប្បន្ន ឬខ្ពស់ជាងកម្រិតបច្ចុប្បន្នពីរដង ដើម្បីបញ្ចៀសកុំឱ្យរដ្ឋាភិបាលពួកគេមានឱនភាពថវិកា។ ក៏ប៉ុន្តែលោក Shum នៃក្រុមហ៊ុនថាមពល IHS និយាយថា តម្លៃប្រេងដែលនៅទាបតទៅទៀតគឺជាដំណឹងដែលប្រទេសភាគច្រើនក្នុងទ្វីបអាស៊ីស្វាគមន៍។
«ប្រទេសខ្លះ ដែលនាំចូលប្រេងច្រើនបំផុតគឺជាប្រទេសឋិតនៅក្នុងទ្វីបអាស៊ី។ ប្រទេសចិន ឥណ្ឌា ជប៉ុននិងប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលនាំប្រេងចូលក្នុងច្រើនបំផុត។ ដូច្នេះប្រទេសទាំងនេះដែលមានសេដ្ឋកិច្ចធំៗក្នុង
ទ្វីបអាស៊ីនឹងទទួលអត្ថប្រយោជន៍ពីប្រេងចុះថ្លៃនេះ។ តម្លៃប្រេងចុះថោកនេះនឹងជួយដល់សេដ្ឋកិច្ចក្នុងទ្វីបអាស៊ី។
ពួកអ្នកធ្វើវិភាគនៅឯធនាគារធំៗមួយចំនួន ដូចជាធនាគារ JP Morgan និងធនាគារ Barclays ជាដើម មិនយល់ឃើញថា តម្លៃប្រេងនឹងឋិតនៅទាបបែបនេះនៅចុងឆ្នាំនេះទេ។ ពួកគេទស្សន៍ទាយថា ប្រេងធុន Brent នឹងឡើងថ្លៃលើសពី៦០ដុល្លារក្នុងមួយធុងនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ។ កាលពីថ្ងៃអង្គារទី២១ខែកក្កដា ប្រេង Brent មានតម្លៃ៥៦ដុល្លារក្នុងមួយធុង៕
ប្រែសម្រួលដោយ ឈឹម សុមេធ