ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ងើប​ឡើង​វិញ​នៃ​រោងចក្រ​ចម្រាញ់​ប្រេង​ឆៅ​នៅ​មិន​ទាន់​កើត​មាន​ក្នុង​ប្រទេស​នីហ្សេរីយ៉ា


រថយន្ត​តម្រង់​ជួរ​គ្នា​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​របស់​សាជីវកម្ម​ប្រេងសាំង​ជាតិ​របស់​នីហ្សេរីយ៉ា (Nigerian National Petroleum Corporation) ដើម្បី​ទិញ​ប្រេង​នៅ​ក្នុង​ក្រុង​អាប៊ូហ្សា (Abuja) ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៥។
រថយន្ត​តម្រង់​ជួរ​គ្នា​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​របស់​សាជីវកម្ម​ប្រេងសាំង​ជាតិ​របស់​នីហ្សេរីយ៉ា (Nigerian National Petroleum Corporation) ដើម្បី​ទិញ​ប្រេង​នៅ​ក្នុង​ក្រុង​អាប៊ូហ្សា (Abuja) ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៥។

ប្រទេស​នីហ្សេរីយ៉ា​ ជា​ប្រទេស​ដែល​ផលិត​ប្រេងឆៅក្នុង​បរិមាណ​យ៉ាង​ច្រើន។ ក៏​ប៉ុន្តែ​ ប្រទេស​នេះមាន​រោងចក្រ​ចម្រាញ់​ប្រេង​ឆៅ​តិច​តួច​ប៉ុណ្ណោះដែល​កំពុង​ដំណើរ​ការ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ប្រេង​ពី​ក្រៅដើម្បី​បំពេញ​តម្រូវការ​ក្នុង​ប្រទេស។

វា​ជា​រឿង​មួយ​ដែល​មិន​គួរឲ្យ​ជឿ​ដែល​ថា​ ប្រទេស​នីហ្សេរីយ៉ា​ជា​ប្រទេស​ដែល​ផលិត​ប្រេង​ឆៅ​ធំ​ជាង​គេ​នៅ​ទ្វីប​អាហ្វ្រិក។ ក៏ប៉ុន្តែ​ ប្រទេស​នេះ​បែរ​ជា​ពឹង​ផ្អែក​លើប្រេង​សាំង និង​ម៉ាស៊ូត​នាំ​ចូល​ពី​គេ​ទៅវិញ​ដើម្បី​ឲ្យ​មាន​ភ្លើង​បំភ្លឺ និង​ធ្វើ​ឲ្យ​រថយន្ត​ដំណើរការ​ទូទាំង​ប្រទេស។ ប្រេងសាំង​នាំចូល​ទាំង​នេះ​ទទួល​បាន​បដិភាគ​ពី​រដ្ឋាភិបាល។

រដ្ឋាភិបាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Muhammadu Buhari ដែល​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​ នា​ពេលដ៏​ខ្លី​ខាង​មុខ​នេះ ​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​រោងចក្រ​ចម្រាញ់​ប្រេង​កាត​ទាំង​បួន​របស់​ប្រទេស​នីហ្សេរីយ៉ា។

ក៏​ប៉ុន្តែ​ លោក​ Alhji Sani Salsabil អ្នក​នាំពាក្យ​របស់​សហជីព​ទីផ្សារ​ប្រេង​កាត​ នៅ​ទីក្រុង​ Kaduna​ ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ​ និយាយ​ថា​ បើ​ទោះ​ណា​ជា​ពួកគេ​រស់នៅ​ក្នុង​ទីក្រុង​មួយ​ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​ក៏ដោយ​ ក៏​សមាជិក​របស់​លោក​ត្រូវ​បើកបរ​ក្នុង​ចម្ងាយ​ផ្លូវ​រាប់រយ​ម៉ៃល៍ (រង្វាស់​ចម្ងាយ​ប្រវែង) ​ដើម្បី​ស្វែង​រក​ទិញ​ប្រេង​សាំង។

«ដោយសារ​តែ​រោងចក្រ​ចម្រាញ់​ប្រេងកាតនៅ​ទីក្រុង ​Kaduna លែង​ដំណើរការ យើង​ត្រូវ​ចុះ​ទៅ​ភាគ​ខាង​ត្បូង​ដូច​ជា​ទៅ​ទីក្រុង ​Lagos ឬ​ក៏​ទីក្រុង ​Port Harcourt​ និង​កន្លែង​ផ្សេង​ទៀត​ដែល​អ្នក​ស្គាល់ ដើម្បី​ទៅ​រក​ប្រេង​ឥន្ធនៈ»។

ការពឹង​ផ្អែក​របស់​ប្រទេស​នីហ្សេរីយ៉ា​ទៅ​លើប្រេង​ឥន្ធនៈ​នាំ​ចូល​ពីក្រៅ​ បាន​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​ប្រេង ដូចជា​បញ្ហា​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​ខែ​ឧសភានេះ គឺ​ជម្លោះ​រវាង​អ្នក​នាំ​ចូល​ប្រេង​ឥន្ធនៈ ​និង​រដ្ឋាភិបាល​ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ខ្វះខាត​ប្រេង​ទូទាំង​ប្រទេស។

កម្មវិធី​បដិភាគ​របស់​រដ្ឋាភិបាល​ដែល​បាន​រក្សា​តម្លៃ​ប្រេង​ឆៅ​ឲ្យ​នៅ​ថេរ​នោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ជាយូរ​មក​ហើយ​ថា ​ជា​រឿង​មួយ​ដែលរដ្ឋា​ភិបាល​កេង​ចំណេញ​ផល​ប្រយោជន៍។

លោក​ Saidu Mohammed ​នាយក​គ្រប់​គ្រងទូទៅ​នៃ​រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​នៅ​ទីក្រុង​ Kaduna ​និយាយ​ថា ​មាន​រឿងពីរ​ផ្សេង​ទៀត​ដែល​បង្ក​ជា​បញ្ហា​ដល់​រោងចក្រ​ចម្រាញ់​ប្រេង​កាត​ ​គឺការ​ថែទាំ​រោងចក្រ​ និង​បញ្ហា​អសន្តិសុខ។ រោងចក្រ​ចម្រាញ់ប្រេងកាត​នេះ​មិន​អាច​ដំណើរ​ការ​បាន​ទេ ពីព្រោះ​តែ​ក្រុម​ហ៊ុន​ប្រេង​របស់​រដ្ឋ​តែង​តែ​មាន​បញ្ហា​ជា​ញឹក​ញាប់​លើ​លទ្ធភាព​ក្នុង​ជួសជុល។ នៅពេល​ដែល​រោងចក្រ​អាច​ដំណើរ​បាន​ ការ​ផ្គត់ផ្គង់​ប្រង​ឆៅ​សម្រាប់​រោង​ចក្រ​នេះ​ មក​ពី​ទីក្រុង​ Warri​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ ដែល​មាន​បញ្ហា​ដោយសារ​តែ​មាន​ការ​លួច​យក​បំពង់​បង្ហូរ​ប្រេង។

«នៅ​ខណៈពេល​ដែល​យើង​ចាប់ផ្ដើម​បូម​ប្រេង​មក​ពី​ទីក្រុង ​Warri​ ពួក​គេ​ក៏​រង់ចាំ​បូម​យក​ដែរ។»

លោក​ Mohammed ​បន្ថែម​ថា​ រោងចក្រ​ចម្រាញ់​ប្រេងកាត​កំពុង​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ហើយ​នៅ​ពេល​ដែល​រោង​ចក្រ​នោះ​មាន​ប្រេង​គ្រប់​គ្រាន់ វា​នឹង​ចាប់​ផ្ដើម​ដំណើរការ​ឡើង​វិញ។ ប៉ុន្តែ លោក​ Bismarck Rewane ​ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន ​Financial Derivatives Company និយាយ​ថា ​បញ្ហា​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ថា ​វា​ប្រហែល​ជា​ដល់​ពេល​ដែល​រដ្ឋាភិបាល​គួរ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​អាជីវកម្ម​ចម្រាញ់​ប្រេងកាត​នេះ។

«ដក​ការ​គ្រប់​គ្រង​លើ​ឧស្សាហកម្ម​នេះ​ ហើយ​អនុញ្ញាត្ត​ឲ្យ​មាន​ការ​វិនិយោគ​ទុន​ថ្មីៗ។ ធ្វើ​ឯកជនូបនីយកម្ម (ការ​លក់​ទ្រព្យ​សម្បត្តិ​ឲ្យ​ទៅ​ឯកជន​កាន់កាប់) ​រោងច្រក​ទាំង​នោះ​ ហើយ​លក់​វា​ចេញ​ទៅ»។

លោក​ប្រធានាធិបតី​ Buhari ​ត្រូវ​បានរំពឹង​ថា​ នៅ​ទី​បញ្ចប់​លោក​នឹង​បង្ហាញ​សំណើ​កំណែ​ទម្រង់​លើ​វិស័យ​ប្រេង​កាត​នេះ៕

ប្រែសម្រួល​ដោយ​ ស៊ុន សុខេន

XS
SM
MD
LG