ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សម្បូរ​ថាម​ពល​​ព្រះអាទិត្យ​ប៉ុន្តែ​អ្នកប្រើ​ប្រាស់​នៅ​មាន​ចំនួន​តិច


ទិដ្ឋភាព​នៃ​ការ​វាយកម្ទេច​អគារប៊ូឌីញ​ "អគារ ស​" ក្នុង​រាជធានី​ភ្នំពេញ​ នាថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០១៧។ ​អគារ​ប៊ូឌីញ​ កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ១៩៦០​ ហើយ​អគារ​នេះ​ចាប់ផ្តើម​វាយកម្ទេច​នា​ខែ​ កក្កដា​ ឆ្នាំ​២០១៧។ ​(រ៉ាវី សុភារ័ត្ន/VOA)
ទិដ្ឋភាព​នៃ​ការ​វាយកម្ទេច​អគារប៊ូឌីញ​ "អគារ ស​" ក្នុង​រាជធានី​ភ្នំពេញ​ នាថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០១៧។ ​អគារ​ប៊ូឌីញ​ កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ១៩៦០​ ហើយ​អគារ​នេះ​ចាប់ផ្តើម​វាយកម្ទេច​នា​ខែ​ កក្កដា​ ឆ្នាំ​២០១៧។ ​(រ៉ាវី សុភារ័ត្ន/VOA)

របាយការណ៍​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​ឱ្យ​ដឹង​ថា​ប្រទេសកម្ពុជា​មាន​កម្រិត​នៃ​ការ​ផ្តល់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ខ្ពស់​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ជា​កន្លែង​ល្អ​មួយ​សម្រាប់​ប្រភព​ថាមពល​សូឡា​ដែល​ជា​ថាមពល​ដែល​កកើត​ឡើង​វិញ​។

របាយការណ៍​បាន​បន្តទៀត​ថាទោះជាយ៉ាង​ណា​ក៏ដោយ​ក៏​ចំនួន​នៃការ​ប្រើប្រាស់​ថាម​ពល​នេះ​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ​។ ​ផ្ទៃ​ដី​ដែល​មាន​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍ​ថាមពល​នេះនៅប្រទេស​កម្ពុជា​មានចំនួន​១៣៤ ៥០០ គីឡូ​ម៉ែត្រ​ក្រឡា​ ប៉ុន្តែអ្នក​ដែល​ប្រើ​ប្រាស់​ថាម​ពល​ព្រះ​អាទិត្យ​នេះ​មាន​ចំនួន​តែ​១២​០០០​គ្រួសារ​ តែប៉ុណ្ណោះ។ ​

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​និយាយ​ថា ​ប្រជាពលរដ្ឋ​នៅ​មាន​ការ​យល់​ដឹង​តិច​តួច​ណាស់​ពី​បច្ចេក​វិទ្យា​នេះ ហើយ​តម្លៃ​របស់​វា​នៅ​តែ​ខ្ពស់​នៅឡើយ​សម្រាប់​មនុស្ស​ភាគ​ច្រើន​។ ​

លោក​សាន ប៊ុន​ថន ជា​អ្នក​បណ្ដុះ​បណ្ដាល​ផ្នែក​ដំឡើង​ប្រព័ន្ធ​សូឡា​នៅ​អង្គការ​ភីកូសូល​ (Picosol Cambodia) បាន​ឲ្យដឹង​ថា​៖ «ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​សូឡា​នៅ​ប្រទេស​កម្ពុជា​នៅ​ទាប​នៅ​ឡើយ ពី​ព្រោះ​តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​យើង​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ ហើយ​ប្រជាពលរដ្ឋយើង​ក៏មាន​ចំណេះ​ដឹង​តិចតួច​ទាក់​ទង​នឹង​រឿង​នេះ​ដែរ»។​

លោក​ស៊ុន ម៉ៅ​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ក្រុម​ហ៊ុន​ដំឡើង​ប្រព័ន្ធ​សូឡា Ecosun Cambodia បាន​មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការ​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​នេះ​ដែរ​។ លោក​បាន​បន្ត​ថា៖ ​«ប៉ុន្តែ​តម្លៃ​របស់​វា​នៅ​តែ​ខ្ពស់​នៅ​ឡើយ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មិនមាន​លទ្ធ​ភាព​ក្នុង​ការ​ដំឡើង​វា​ទេ​។ អ្នក​រស់​នៅ​ទី​ក្រុង​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ជាវ​វា​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​នេះ​ណាស់។ ​ពួក​គេ​មក​សួរពួក​យើង​ជា​ញឹក​ញាប់»។​

លោក​បាន​បន្តថា​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋា​ភិបាល​ហាក់​ដូច​ជា​មិនមាន​គោលការណ៍ក្នុង​ការផ្តល់​ការ​គាំទ្រប្រព័ន្ធ​សូឡា​នេះ​ទេ​។ លោក​បាន​បន្ថែម​ថា​រឿង​មួយ​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​បានគឺ​ផ្ដល់​ជា​ជំនួយ​ដល់​អ្នក​ដែល​រស់​នៅ​តំបន់​ជន​ដើម្បី​ឲ្យពួក​គេ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​បាន។

លោក​សូរ សម្បតិ្ត ​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​សូឡា​នេះ​ប្រ​ហែល​ជាង​១ឆ្នាំ​មក​ហើយ​បានមាន​ប្រសាសន៍​ថា​តម្លៃ​របស់​វា​គឺ​នៅ​ថ្លៃ​នៅ​ឡើយ ប៉ុន្តែ​វា​ផ្ដល់​នូវ​អត្ថប្រយោជន៍​បាន​យូរ​អង្វែង។ លោក​បាន​បញ្ជាក់​ថា​«ទី១យើង​មិន​ព្រួយ​រឿង​ដាច់​ភ្លើង​ទៀត​ទេ​។ ទី២ វា​កាត់​បន្ថយ​ការ​ចំណាយ​ពីព្រោះ​តែ​តម្លៃ​អគ្គិសនី​រដ្ឋ​តែង​តែ​ឡើង​ថ្លៃ​ដោយ​គ្មាន​មូល​ហេតុ»។

លោក​សម្បត្តិ​ដែល​ជា​ទូទៅ​ប្រើ​ប្រាស់​អគ្គិសនី​សម្រាប់​បូម​ទឹក ចំអិន​ម្ហូប និង បំភ្លឺ​ផ្ទះ បាននិយាយ​ថា​គាត់​ចំណាយ​តែ​២០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​លើ​ថ្លៃ​អគ្គិសនី​ដែល​នេះ​ថយ​ចុះ​អស់​ពាក់កណ្ដាល​បើ​ធៀប​នឹង​ថ្លៃ​ដែល​គាត់​ចំណាយ​កាល​ដែល​មិន​ទាន់​ប្រើប្រព័ន្ធ​សូឡា។

អ្នក​គាំ​ទ្រ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សូឡា​បាន​សរសើរ​ថា​វា​ជា​ថាម​ពល​ដែល​មិន​បំផ្លាញ​បរិស្ថាន​។ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព លោក​ទិត្យ ពន្លក​បាន​មាន​ប្រសាសន៍​ថា​វា​ជា​ថាម​ពល​ដែល​កកើត​ឡើង​វិញ ហើយ​វា​មិន​បាន​បញ្ចេញ​សារ​ធាតុ​ពុល ឬ ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​លើ​បរិស្ថាន​ទេ​។ ហើយ​ប្រទេស​កម្ពុជា​ក៏​ស្ថិត​នៅ​តំបន់​ត្រូពិច​មាន​ន័យ​ថា​ប្រទេស​កម្ពុជា​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ចាប់​យក​ថាម​ពល​សូឡា។

លោក​បាន​បន្ត​ទៀត​ថា ការ​ដំឡើង​ប្រព័ន្ធ​សូឡា​នៅ​តែ​មាន​តម្លៃ​ខ្ពស់​បើ​ធៀប​នឹង​អគ្គិសនី​ដែល​ផលិត​ដោយ​ប្រេង​ឥន្ធនៈ ​ប៉ុន្តែ​រដ្ឋា​ភិបាល​ក៏​បាន​ព្យាយាម​កាត់​តម្លៃ​ដែរ ដោយ​ការ​បន្ថយ​ពន្ធនាំ​ចូល​សម្ភារៈ​សូឡា​ទាំង​នោះ​ដែរ​។ រដ្ឋា​ភិបាល​ក៏​កំពុង​តែ​ពិចារណា​ផង​ដែរ​ពី​គម្រោង​ដើម្បី​ភ្ជាប់​បណ្ដាញ​ភ្លើង​អ្នក​ដែល​មាន​សូឡា​ប្រើ​ប្រាស់​ទៅ​បណ្ដាញ​ភ្លើង​រដ្ឋ ដែល​អាច​ឲ្យអ្នក​ដែល​ប្រើ​ប្រាស់​សូឡា​អាច​លក់​អគ្គីសនី​ដែល​នៅ​សល់​ទៅ​ឲ្យ​រដ្ឋ​បាន​។ លោក​បាន​បន្ថែម​ទៀត​ថា​ឥឡូវ​នេះ​ក៏​មានគម្រោង​សាកល្បង​នៃ​ការ​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​ថាម​ពល​សូឡា​នៅ​តាមជន​បទ​ផង​ដែរ​។

ប្រទេស​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​អគ្តិសនី​ពី​ប្រទេស​ថៃ ឡាវ និង​វៀត​ណាម​ដើម្បី​បំពេញ​តម្រូវ​ការ​។ តាម​របាយ​ការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដដែល​នេះ​បាន​ឲ្យ​ដឹង​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​តម្លៃ​អគ្គិសនី​ថ្លៃ​ជាង​គេ ហើយ​តម្រូវការ​ថាមពល​កើនឡើង​២០​ភាគរយ​ក្នុង​មួយ​ឆ្នាំ៕

XS
SM
MD
LG