ប្រទេសប៉ាគីស្ថានកំពុងសង្ឃឹមថា ខ្លួននឹងក្លាយជាអ្នកទទួលផលចំណេញដំបូងក្នុងចំណោមអ្នកទទួលផលចំណេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចទាំងប្រាំមួយរបស់ពិភពលោក។ គម្រោងសង់បំពង់បង្ហូរប្រេងឧស្ម័នដែលជាប់គាំងជាយូរមកហើយនោះត្រូវបានគេរំពឹងថា នឹងធ្វើបានចប់សព្វគ្រប់នៅទីបញ្ចប់។ ហើយថវិការបស់ចិននឹងរួមចំណែកដើម្បីសម្រេចគោលដៅនោះ។
ប្រទេសប៉ាគីស្ថានកំពុងរៀបចំផែនការក្នុងការសាងសង់បំពង់បង្ហូរប្រេងឧស្ម័ន ដើម្បីនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់អស់ពេលជាច្រើនឆ្នាំ និងដើម្បីជួយបំពេញដល់កង្វះខាតថាមពលរបស់ខ្លួន។
ប៉ុន្តែការដាក់បំពង់បង្ហូរប្រេងឧស្ម័ននេះបានជាប់គាំងដោយសារតែការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។ ដូច្នេះប្រទេសប៉ាគីស្ថានបានគ្រោងទុកនូវគម្រោងសង់បំពង់ប្រេងឧស្ម័នរួមគ្នាមួយដោយមានជំនួយពីចិន ក្នុងការបូមយកឧស្ម័នរាវធម្មជាតិ ឬឧស្ម័នធម្មជាតិនៅស្ថានីយ៍ LNG នៃកំពង់ផែភាគខាងត្បូងក្នុងទីក្រុង Gwadar របស់ខ្លួនដែលមានប្រវែង ៧០០ គីឡូម៉ែត្រដើម្បីបង្ហូរទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេសនេះ។
គម្រោងនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅខែតុលា និងចំណាយរយៈពេលចំនួន ៣០ខែក្នុងការសាងសង់។ ហើយលោក Shahid Khaqan Abbasi រដ្ឋមន្ត្រីក្រសួងប្រេងឥន្ធនៈរបស់ប្រទេសប៉ាគីស្ថានបាននិយាយថា បំពង់បង្ហូរដដែលនេះនឹងក្លាយទៅជាបំពង់បង្ហូរឧស្ម័នរបស់ប៉ាគីស្ថាន និងអ៊ីរ៉ង់រួមគ្នា។
«ដូច្នេះនៅពេលដែលការដាក់ទណ្ឌកម្មនេះត្រូវបានលើកលែង ពេលនោះយើងត្រូវសាងសង់បំពង់បង្ហូរប្រេង ដែលនៅសល់តែប្រវែង៨០គីឡូម៉ែត្រទៀតប៉ុណ្ណោះ។ ហើយបំពង់នោះអាចនឹងសាងសង់រួចរាល់ក្នុងរយៈពេលប្រហែលប្រាំមួយខែ»។
រដ្ឋមន្រ្តីក្រសួងថាមពលបានពន្យល់ថា ថវិកាសម្រាប់គម្រោងនេះបានមកពីប្រទេសប៉ាគីស្ថាន និងប្រទេសចិន ប៉ុន្តែភាគច្រើនបានពីប្រទេសចិន។
«នេះជាគម្រោងដែលមានទឹកប្រាក់២ពាន់លានដុល្លារ ហើយ៨៥ភាគរយបានមកពីក្រុមហ៊ុន EPC របស់ចិន និង ១៥ភាគរយបានមកពីក្រសួងប្រេងឥន្ធនៈ»។
កំពង់ផែប៉ាគីស្ថានដដែលនេះនឹងក្លាយជាបេះដូងនៃច្រកសេដ្ឋកិច្ចរបស់ចិននិងប៉ាគីស្ថាន ដែលគម្រោងនេះនឹងតភ្ជាប់ប្រទេសចិនភាគខាងលិចទៅនឹងសមុទ្រ ហើយអាចកាត់បន្ថយទាំងថ្លៃចំណាយ និងទាំងពេលវេលាក្នុងការដឹកជញ្ជូនយ៉ាងច្រើនពីប្រទេសចិនទៅកាន់មជ្ឈឹមបូព៌ា និងទ្វីបអឺរ៉ុប៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា