ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មាន​ថាមពល​ព្រះអាទិត្យ​ច្រើន​ តែខ្វះ​ប្រព័ន្ធ​ជំរុញ​ផ្នែក​នេះ


រូបឯកសារ៖ បន្ទះ​កញ្ចក់​ថាមពល​អគ្គិសនី​ព្រះអាទិត្យ។
រូបឯកសារ៖ បន្ទះ​កញ្ចក់​ថាមពល​អគ្គិសនី​ព្រះអាទិត្យ។

កម្ពុជា​មាន​ប្រភព​ថាមពល​សូឡា​ ឬ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​កម្រិត​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ព្រះអាទិត្យ។ ក៏ប៉ុន្តែ​ចំនួន​នៃ​ការ​ប្រើប្រាស់​ថាម​ពល​នេះ​នៅកម្ពុជា​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ។

ប្រទេស​កម្ពុជា​មាន​ប្រភព​ថាមពល​សូឡា​ ឬ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​កម្រិត​ខ្ពស់ ​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ជា​កន្លែង​ល្អ​មួយ​សម្រាប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ព្រះអាទិត្យ។ ក៏ប៉ុន្តែ​ចំនួន​នៃ​ការ​ប្រើប្រាស់​ថាម​ពល​នេះ​នៅកម្ពុជា​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ។ អ្នក​វិភាគ​សេដ្ឋកិច្ច-កសិកម្ម​ឯករាជ្យ​យល់​ថា​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ថាមពល​ព្រះ​អាទិត្យ​ក្នុង​វិស័យ​កសិកម្ម​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​កសិករ​នា​ពេល​អនាគត។

ការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា​ ភាគ​ច្រើន​មាន​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ឬ​នៅ​ក្នុង​តំបន់​ទី​ប្រជុំ​ជន​តែ​ប៉ុណ្ណោះ​ ខណៈ​ដែល​កសិករ​នៅ​តាម​តំបន់​ដាច់​ស្រយាល​មាន​លទ្ធភាព​តិច​តួច​នៅ​ឡើយ​ក្នុង​ការ​ប្រើប្រាស់​អគ្គិសនី។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​កសិករ​នៅ​តាម​ជន​បទ​ត្រូវ​ប្រើប្រាស់​អគ្គិសនី​បន្ត​ពី​ឈ្មួញ​ឯកជន​ក្នុង​តម្លៃ​ថ្លៃ​ ឬ​ប្រើប្រាស់​ថាមពល​ជំនួស​ផ្សេង​ទៀត ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ឬ​សម្រាប់​ការ​ប្រកប​របរ​កសិកម្ម​របស់​ពួក​គេ។​

បើ​ទោះ​ជា​អាកាស​ធាតុ​នៅ​ប្រទេស​កម្ពុជា​មាន​អំណោយ​ផល​ខ្ពស់​ចំពោះ​ការ​ប្រើ​ប្រាស់​ថាមពល​ពី​ប្រព័ន្ធសូឡា​ ឬ​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​យ៉ាង​ណា​ក្តី ​ក៏​គេ​ឃើញ​ថា ​ការ​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​នៅ​កម្ពុជា​នៅ​មាន​តិច​តួច​នៅ​ឡើយ​ ជា​ពិសេស​ការ​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​ក្នុង​វិស័យ​កសិកម្ម។​

ដោយ​សារ​ការ​ដំឡើង​ប្រព័ន្ធ​សូឡា​មាន​តម្លៃ​ខ្ពស់​ ស្រប​ពេល​ដែល​ជីវភាព​ប្រជា​កសិករ​កម្ពុជា​នៅ​មានភាព​ខ្វះខាត​នៅ​ឡើយ​នោះ កម្ចី​ឥណទាន​ពី​ធនាគារ​ ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ទំនង​ជា​មធ្យោបាយ​មួយ​ ដែល​អាច​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សូឡា។

លោក​ស្រី ចាន់ធី អ្នក​វិភាគសេដ្ឋកិច្ច-កសិកម្ម​ឯករាជ្យ​ បាន​ឲ្យ​ដឹង​ថា ​តួអង្គ​សំខាន់​ចំនួន៤ ​ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​វិវត្តន៍​ជា​វិជ្ជមាន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សូឡា​ក្នុង​វិស័យ​កសិកម្ម​នោះ​ រួម​មាន​រាជរដ្ឋាភិបាល​ ធនាគារ​ ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ផ្គត់​ផ្គង់​ប្រព័ន្ធ​ និង​សេវា​ថាមពល​សូឡា​ ព្រម​ទាំង​កសិករ​ដែល​ជា​តួអង្គ​សំខាន់​ជាង​គេ​ក្នុង​វិស័យ​កសិកម្ម​នេះ។​

យ៉ាង​ណា​ក៏ដោយ ​លោក​ស្រី ​ចាន់ធី ​លើកឡើង​ថា ​ទំហំ​ដើម​ទុន​ច្រើន​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ​សូឡា​នៅ​ដំណាក់​កាល​ដំបូង​ និង​អត្រា​ការ​ប្រាក់​ខ្ពស់ ​ចំពោះ​ប្រាក់​កម្ចី​ពី​ធនាគារ ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​គឺ​ជា​បញ្ហា​ប្រឈម​ធំៗ​សម្រាប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​ក្នុង​វិស័យ​កសិកម្ម​ តាម​រយៈ​កម្ចី​ឥណទាន​នេះ។​

ក៏​ប៉ុន្តែ​ អ្នក​វិភាគ​សេដ្ឋកិច្ចរូប​នេះ​អះ​អាង​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​ក្នុង​វិស័យ​កសិកម្ម​នឹង​អាច​ផ្តល់​ជា​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​កសិករ​នា​ពេល​អនាគត​ ដែល​រាប់​បញ្ចូល​ទាំង​ការ​ថែ​រក្សា​បរិស្ថាន​ និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ប្រេង​ឥន្ធនៈ និង​ថាមពល​អគ្គិសនី​ ដែល​មាន​តម្លៃ​ខ្ពស់​ ហើយ​ដែល​ជា​តម្រូវ​ការ​មិន​អាច​ខ្វះ​បាន​ចំពោះ​កសិករ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​

«គាត់​អាច​វិនិយោគ​ទៅ​លើ​ប្រព័ន្ធ​ពន្លឺ​ព្រះ​អាទិត្យ​ដើម្បី​បូម​ទឹក​ ហើយ​បើ​ទឹក​ហ្នឹង​អាច​ប្រើប្រាស់​បាន​មួយ​ឆ្នាំ ​គាត់​អាច​ធ្វើ​ស្រូវ ​អាច​ធ្វើ​ដំណាំ​ផ្សេង​ទៀត។​ ចំណាយ​វិនិយោគ​អាច​ថា​ ច្រើន​នៅពេល​ដំបូង ​តែ​ដល់ពេល​ប្រតិបត្តិការ​ទៅ​ ចំណាយ​អាច​ប្រសើរ ​ហើយ​វា​ចំណេញ​បរិស្ថាន​ទៀត។​ វា​មិន​ខូច​បរិស្ថាន»។​

លោក​ សៅ​ សុភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​បាន​ទទួល​ស្គាល់​ថា ថាមពល​សូឡា ឬ​ថាមពល​ព្រះ​អាទិត្យ​នេះ​ គឺ​ជា​ប្រភព​ថាមពល​ដ៏​មាន​សក្តានុពល​សម្រាប់​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែវា​នៅ​មាន​ការ​លំបាក​ច្រើន​សម្រាប់​កម្ពុជា ​ជាពិសេស​កសិករ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​

«ក៏​ប៉ុន្តែ​ វា​នៅ​ជួប​បញ្ហា​តែ​មួយ​មុខ​គត់​គឺ​បច្ចេកវិទ្យា​ ក៏​ដូចជា​ធនធាន​ថវិកា​ដែល​យើង​យក​មក​អនុវត្ត។​ សូឡា​ យើង​នៅ​មាន​បញ្ហា​ច្រើន​ពាក់ព័ន្ធ​ទៅនឹង​អាគុយ​ ដែល​ត្រូវ​ផ្ទុក​ថាមពល​អគ្គិសនី​ ហើយ​វា​នៅ​មាន​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ ក៏​ដូចជា​កសិករ»។​

លោក ​Jim Gramberg​ ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Solar Partners Asia​ ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ស្តី​អំពី​ «ការ​ប្រើប្រាស់​ថាមពល​ស្អាត​ដើម្បី​ការ​អភិវឌ្ឍ​ដែល​មាន​និរន្តរភាព»​ដែល​រៀប​ចំ​ដោយ​វិទ្យាស្ថាន ​Enrichកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​តិច​តួច​នៅ​ឡើយ​ ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​សូឡា។​ មួយ​វិញ​ទៀត​ លោក​លើក​ឡើង​ថា​ ធនាគារ​ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក៏​មិន​ទាន់​មាន​ការ​ផ្តល់​កម្ចី​ឥណទាន​សម្រាប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​ឲ្យ​បាន​ទូលំ​ទូលាយ​នៅ​ឡើយ​ដែរ។

របាយ​ការណ៍មួយ​ដែល​ចេញ​ផ្សាយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅឆ្នាំ​២០១៥​នេះ ​បាន​ឱ្យ​ដឹង​ថា ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ប្រទេស​កម្ពុជា​មាន​កម្រិត​ខ្ពស់ ​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ជា​កន្លែង​ល្អ​មួយ​សម្រាប់​ប្រភព​ថាមពល​សូឡា​ ដែល​ជា​ថាមពល​ដែល​កកើត​ឡើង​វិញ។ ក៏ប៉ុន្តែ​ចំនួន​នៃ​ការ​ប្រើប្រាស់​ថាមពល​នេះ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ៕

XS
SM
MD
LG