ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧស្សាហកម្ម​ប្រេង​ស៊ីរី​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ដំណំ


បុរស​ម្នាក់​ត្រួតពិនិត្យ​ការ​ខូចខាត​នៅ​កន្លែង​ចម្រាញ់​ប្រេង​ និង​ស្ថានីយ៍​ប្រេង​មួយ​ដែល​ជា​ទីដៅ​នៃ​ការ​វាយប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​ស.រ.អា.​ នៅ​ក្នុង​ក្រុង Tel Abyad នៅ​ក្បែរ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​តួកគី កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤។
បុរស​ម្នាក់​ត្រួតពិនិត្យ​ការ​ខូចខាត​នៅ​កន្លែង​ចម្រាញ់​ប្រេង​ និង​ស្ថានីយ៍​ប្រេង​មួយ​ដែល​ជា​ទីដៅ​នៃ​ការ​វាយប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​ស.រ.អា.​ នៅ​ក្នុង​ក្រុង Tel Abyad នៅ​ក្បែរ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​តួកគី កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤។

ចាប់​តាំង​ពី​សង្គ្រាម​ស៊ីរី​ផ្ទុះ​ឡើង ​ការ​ផលិត​ប្រេង​របស់​រដ្ឋា​ភិបាល​ស្ទើរ​តែ​ផ្អាក​ទាំង​ស្រុង​ដោយ​បរិមាណ​នៃ​ការ​ផលិត​បច្ចុប្បន្ន​មាន​ចំនួន​តិច​ជាង​៣​ភាគរយ​នៃ​បរិមាណ​ប្រេង​ដែល​ផលិត​បាន​កាល​ពី​មុន​សង្គ្រាម​ផ្ទុះ​ឡើង។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ឧស្សាហកម្ម​ផលិត​ប្រេង​បាន​ធ្វើ​សកម្មភាព​គួរ​ឲ្យ​ភ្ងាក់​ផ្អើល​មួយ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​បើក​ទីតាំង​បូម​ប្រេង​ធំ​បំផុត​មួយ​ឡើង​វិញ។ ប៉ុន្តែ​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​មិន​អាច​ជួយ​សង្គ្រោះ​វិស័យ​ឧស្សាហកម្ម​ដែល​រលំរលាយ​រួច​ហើយ​នោះ​ឡើយ។​

ឧស្សាហកម្ម​ប្រេង​ស៊ីរី​ដូចជា​ឧស្សាហកម្ម​ផ្សេង​ទៀត​ដែរ​ ស្ទើរ​តែ​ដួល​រលំ​ទៅ​ហើយ។ សូម្បី​តែ​ក្រុម​ប្រដាប់​អាវុធ​ដែល​ហៅ​ខ្លួន​ឯង​ថា​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ក៏​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ និង​លក់​ប្រេង​ខុស​ច្បាប់​ដែរ​ព្រោះ​តែ​ការ​វាយ​ប្រហារ​តាម​អាកាស។

លោក Afif Dalla អ្នក​វិភាគ​នយោបាយ​នៅ​រដ្ឋធានី​ដាម៉ាស (Damascus) បាន​ឲ្យដឹង​ថា៖ «បើ​ទោះ​បី​ជា​យើង​មាន​ការ​ចាំ​បាច់​ខ្លាំង​ក្នុង​ការ​ផលិត​ប្រេង​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដើរ​ទៅ​មុខ​ក៏​ដោយ​ខ្ញុំ​គិត​ថា​ ជាទូទៅ​យើង​មិន​អាច​ផលិត​ប្រេង​ឲ្យ​បាន​ស្មើ​កម្រិត​យើង​ធ្លាប់​ផលិត​កាល​ពី​មុន​ឡើយ​ ខណៈ​ពេល​ដែល​មាន​វត្តមាន​ក្រុម​ភេរវជន​ដូច​ពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស»។

សង្គ្រាម​ជាង​បួន​ឆ្នាំ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ច្រើន​ជាង​២០០.០០០​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​១២​លាន​នាក់​បាត់បង់​ផ្ទះ​សម្បែង។


លោក​ Mustafa Alani​ ប្រធាន​ផ្នែក​ការពារ​និង​សន្តិសុខ​ របស់​មជ្ឈមណ្ឌ​ស្រាវជ្រាវ Gulf Research Center ដែល​ស្ថិត​នៅ​ទី​ក្រុង​ Dubai បាន​លើក​ឡើង​ថា​ សង្គ្រាម​ស្ទើរ​តែ​ធ្វើ​ឲ្យ​ស៊ីរី​ស្ទើរ​តែ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ប្រេង​ដែល​នាំ​ចូល​ទៅ​ហើយ។

«ស៊ីរី​ធ្លាប់​ជា​ប្រទេស​ដែល​ស្ទើ​រតែ​ម្ចាស់​ការ​ខ្លួនឯង​លើ​ធនធាន​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស។ បច្ចុប្បន្ន​នេះ​ស៊ីរី​បាត់បង់​ម្ចាស់​ការ​ ដូច្នេះ​ប្រទេស​នេះ​ត្រូវ​នាំ​ប្រេង​ចូល​ស្ទើរ​តែ​គ្រប់​ដំណក់​ ជាពិសេស​ពី​ប្រទេស​អ៊ីរ៉ង់»។

កាល​ពីសប្តាហ៍​មុន​ មេដឹកនាំក្រុម Kurd បាន​បើក​ទីតាំង​ផលិត​ប្រេង​ដ៏​ជាង​គេ​ឡើង​វិញ​ ដោយ​ប្រកាសថា ​នឹង​អាច​បង្កើនទិន្នផល​ប្រេង​ទ្វេ​ដង​លើស​កម្រិត​បច្ចុប្បន្ន។

ប៉ុន្តែ​លោក Alani អះអាង​ថា ​បរិមាណ​ប្រេង​ប៉ុន​ហ្នឹង​មិន​ទាន់​ជា​ដុំ​កំភួន​អ្វី​ទេ​ ហើយ​វា​អាច​បាន​ត្រឹម​តែ​ផ្គត់ផ្គង់​ភូមិ​ដែល​នៅ​ជុំវិញ​ទីតាំង​ផលិត​ប្រេង​ប៉ុណ្ណោះ។

លោក Alani បាន​បន្ត​ថា៖ « វា​ជា​ជំនួញ​ក្នុង​តំបន់​ ហើយ​វា​ក៏​ជា​វិធីសាស្ត្រ​ធម្មតា​ដែរ​ក្នុង​ការ​ផលិត​ប្រង។ សម្ភារៈ​បរិក្ខារ​សំខាន់ៗ​សម្រាប់​ប្រើប្រាស់​ដើម្បី​បូម​ប្រេង​ក៏រង​ការ​បំផ្លិច​បំផ្លាញ​អស់។​ ដូច្នេះ​ខ្ញុំ​មិន​ឃើញ​មាន​ស្ថានភាព​ផ្លាស់​ប្តូរ​អ្វីសោះ​។ វា​ផ្លាស់​ប្តូរ​បន្តិច​បន្តួច​ប៉ុណ្ណោះ»។

លោក​ក៏បាន​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​ ក្រុមហ៊ុន​បរទេស​ ឬ​ក៏​ក្រុម​សកម្ម​ប្រយុទ្ធ​សុទ្ធ​តែ​មិន​អាច​ទាញ​យក​ប្រយោជន៍​ពី​អណ្តូង​ប្រេង​នេះ​ក្នុង​រយៈពេល​យូរ​នោះ​ទេ។​ ប្រសិន​បើ​សង្គ្រាម​នឹង​បញ្ចប់​ ស៊ីរី​ប្រហែល​ជា​អាច​ផលិត​ប្រេង​ម្តង​ទៀត​បាន​សម្រាប់​បំពេញ​តម្រូវ​ការ​ផ្ទាល់​ខ្លួន ​ប៉ុន្តែ​ឧស្សាហកម្ម​ប្រេង​សម្រាប់​នាំ​ចេញ​ប្រហែល​បាន​ត្រឹម​តែ​ជា​អ្វី​ស៊ីរី​ដែល​មាន​ពី​អតីតកាល​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ៖ សៅ ផលនិស្ស័យ

XS
SM
MD
LG