ការិយាល័យរបស់សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ឬហៅថាសាលាក្តីខ្មែរក្រហមបានបិទទ្វារជាស្ថាពរយ៉ាងស្ងៀមស្ងាត់ ដែលអ្នកជំនាញចាត់ទុកថាគឺជាការបិទបញ្ចប់ទំព័រមួយនៃកេរដំណែលសាលាក្តីកូនកាត់នេះ។
ការបិទការិយាល័យសហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហមបានធ្វើឡើងកាលពីថ្ងៃទី៣០ខែមិថុនា ប៉ុន្តែព័ត៌មានមិនត្រូវបានទម្លាយជាចំហចំពោះសាធារណៈនោះទេ។
លោក នេត្យ ភត្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់VOA កាលពីថ្ងៃច័ន្ទថាការបិទការិយាល័យសហចៅក្រមស៊ើបអង្កេតធ្វើឡើង បន្ទាប់ពីសហចៅក្រមស៊ើបអង្កេតបានចេញដីកាដំណោះស្រាយខ្វែងគំនិងគ្នាជុំវិញជនសង្ស័យលោក យឹម ទិត្យ។
ភាគីជាតិគឺលោកចៅក្រម យូ ប៊ុនឡេង បានសម្រេចលើកលែងការចោទប្រកាន់លើលោក យឹម ទិត្យ ខណៈដែលភាគីអន្តរជាតិគឺលោកចៅក្រម Michael Bohlanderបានសម្រេចបន្តការចោទប្រកាន់ហើយបញ្ជូនទៅជំនុំជម្រះ។
«ការប្រកាសដីការដំណោះស្រាយនៅពេលនោះ ក៏ជាផ្នែកមួយឈានទៅដល់ការបិទបញ្ចប់កិច្ចការរបស់សហចៅក្រមស៊ើបអង្កេត របស់ការិយាល័យសហចៅក្រមស៊ើបអង្កេតដែរ ដោយសារតែមិនមានសំណុំរឿងណាផ្សេងទៀត ដែលត្រូវស៊ើបអង្កេត នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាទេ ដោយសារតែសំណុំរឿងដែលមាន គឺមានតែសំណុំរឿងបួនតែប៉ុណ្ណោះមានសំណុំរឿង០១ ០២ ០៣ និង០៤»។
សំណុំរឿងទាំងបួននោះមានសំណុំរឿង០០១របស់លោក កាំង ហ្គេកអ៊ាវ ហៅឌុច សំណុំរឿង០០២របស់ខៀវ សំផន នួន ជា អៀង សារី និងអៀង ធីរិទ្ធ សំណុំរឿង០០៣របស់ មាស មុត និងសំណុំរឿង០០០៤របស់ យឹម ទិត្យ អ៊ឹម ចែម និងអោ អាន។
ឌុច អតីតប្រធានគុកទួលស្លែង នួន ជា អតីតបងធំទី២បន្ទាប់ពីប៉ុលពតនិងខៀវ សំផនអតីតប្រមុខរដ្ឋសម័យខ្មែរក្រហម ត្រូវផ្តាន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ដោយឡែក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនិងអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានស្លាប់មុនការកាត់ទោសត្រូវបញ្ចប់។ ចំណែកឯសំណុំរឿង០០៣និង០០៤កំពុងស្ថិតក្នុងដំណើរការក្តីជាបន្ត។
លោក យូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតភាគីកម្ពុជា បដិសេធផ្តល់ការអធិប្បាយ ទាក់ទងនឹងការបិទការិយាល័យរបស់លោក ដោយបានបង្វែរសំណួរទៅអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
«អ្ហូអាហ្នឹង សួរអ្នកនាំពាក្យទៅ»។
នៅមុនការបិទទ្វាការិយាល័យរបស់សហចៅក្រមលោកឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានចាត់ទុក ការបិទទ្វាការិយាល័យសហចៅក្រមស៊ើបអង្កេត ថា«ជាការបិទបញ្ចប់ទំព័រមួយក្នុងកេរដំណែលរបស់សាលាក្តីខ្មែរក្រហម»។
អ្នកជំនាញខ្មែរក្រហមរូបនេះមិនបានធ្វើសេចក្តីអត្ថាធិប្បាយចំៗលើលទ្ធផលនៃការិយាល័យសហចៅក្រមស៊ើបអង្កេតនោះទេ។ ប៉ុន្តែលោកលើកឡើងថា សាលាក្តីខ្មែរក្រហម«បានរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈរបស់ចៅក្រម មេធាវីនិងបុគ្គលិកដទៃទៀត» ទាំងភាគីកម្ពុជានិងភាគីអន្តរជាតិ។ ហើយសាលាក្តីនេះបាន«ធ្វើឲ្យសាធារណជនកាន់តែយល់ដឹងថែមទៀតអំពីប្រវត្តិសាស្រ្តជុំវិញរបបខ្មែរក្រហម»។
ទោះជាយ៉ាងណាលោកឆាំង យុ បានរិះគន់អំពីការបើកឱកាសតិចតួចក្នុងការនិយាយស្តី ចោទជាសំណួរនិងការចូលរួមសវនាការ» ប៉ុន្តែសាលាក្តីនេះបាន«គាំទ្រការផ្តល់សិទ្ធិអំណាចដល់ជនរងគ្រោះនិងបានរួមវិភាគទានដល់ការយល់ដឹងរបស់សាធារណជនអំពីសិទ្ធិមនុស្ស»។
លោក ពេជ អង្គ មេធាវីមួយរូបតំណាងកូនក្តីក្នុងសំណុំរឿង០០២ យល់ថា ការបិទការិយាល័យសហចៅក្រមស៊ើបអង្កេតគឺជានីតិវិធីធម្មតា ដោយលោកមិនបានបកស្រាយលើដំណើរការកន្លងមករបស់ការិយាល័យនេះទេ។
ចាប់តាំងពីបានដំណើរការតាំងពីឆ្នាំ២០០៦មក សាលាក្តីខ្មែរក្រហមដែលធ្វើការកាត់ទោសតែមេដឹកនាំទទួលខុសត្រូវខ្ពស់បំផុតក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បានធ្វើការលើសំណុំរឿងបួនដាក់ដោយឡែកពីគ្នា។ ប៉ុន្តែ មានតែសំណុំរឿងពីរប៉ុណ្ណោះ គឺសំណុំរឿង០០១ និង០០២ ដែលបានដាក់ក្នុងការជំនុំជម្រះក្តី៕