សាលក្រមកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់មេដឹកនាំជាន់ខ្ពស់របស់ប៉ុលពតបានធ្វើឲ្យសកម្មភាពសំខាន់ៗខ្លះរបស់ដំណើរការសាលាក្តីដ៏ចម្រូងចម្រាសដែលមានរយៈពេលជាងមួយទសវត្សរ៍ ហើយដែលបានចំណាយលុយអស់ជាង៣០០លានដុល្លារនោះ ឈានដល់ដំណាក់កាលជិតចុងបញ្ចប់។
លោក នួនជា និងលោកខៀវសំផនអាចប្តឹងឧទ្ធរណ៍សាលក្រមចុងក្រោយដែលកាត់ទោសអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ រីឯការកាត់ទោសកម្មាភិបាលខ្មែរក្រហមដែលមានឋានៈទាបបួននាក់ទៀតនៅមិនទាន់សម្រេចយ៉ាងណាៗទេ។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការបណ្តឹងឧទ្ធរណ៍ត្រូវគេរំពឹងថា នឹងត្រូវចំណាយពេលមិនដល់មួយឆ្នាំទេ ហើយសំណុំ់រឿងផ្សេងៗទៀតទំនងជានឹងមិនមានសវនាការទេ នៅពេលមានការសន្និដ្ឋានថា ចៅក្រមភាគីកម្ពុជានៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)នេះមិនចង់បន្តនីតិវិធីកាត់ទោសកម្មាភិបាលដែលស្ថិតនៅក្រៅមជ្ឈដ្ឋានផ្ទៃក្នុងរបស់ប៉ុលពត។
អ្នកទទួលខុសត្រូវខ្ពស់បំផុត
លោកស្រី Helen Jarvis ទីប្រឹក្សាសាលាក្តីខ្មែរក្រហមនិងជាអតីតប្រធានអង្គភាពជនរងគ្រោះ បាននិយាយថា ការកាត់ទោសដោយជោគជ័យលើអំពើប្រល័យពូជសាសន៍នៅក្នុងសំណុំរឿង០០២/០២បានកំណត់ច្បាស់លាស់អំពីអតីតកាលដែលរួមមានអំពើប្រល័យពូជសាសន៍ទាសភាពនិងការរំលោភសេពសន្ថវៈតាមរយៈការរៀបការដោយបង្ខំ ខុសពីអាពាហ៍ពិពាហ៍ដែលឪពុកម្តាយផ្សំផ្គុំឲ្យ។
លោកស្រីបានមានប្រសាសន៍ថា៖
«អស់រយៈពេលជាច្រើនឆ្នាំ យើងនិយាយអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ហើយគេតែងតែនិយាយថា គ្មានអ្វីអាចនឹងត្រូវបានបង្ហាញនៅក្នុងតុលាការទេ តែថ្ងៃនេះយើងមានសេចក្តីថ្លែងការណ៍ច្បាស់លាស់គឺការផ្តន្ទាទោសដោយអង្គជំនុំជម្រះ»។
ដំបូងឡើយ អាណត្តិរបស់តុលាការនេះគឺដើម្បីកាត់ទោសអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះការស្លាប់មនុស្សរវាងពី១,៧ទៅ២,៣លាននាក់ ការបំផ្លិចបំផ្លាញវប្បធម៌ខ្មែរ និងការធ្វើទុក្ខបុកម្នេញអ្នកដែលរួចជីវិតពីការគ្រប់គ្រងរបស់ខ្មែរក្រហម។
អ្នកទទួលខុសត្រូវខ្ពស់បំផុតត្រូវបានគេកំណត់ថា ជាអ្នកមានតួនាទីនៅគណៈកម្មការមជ្ឈឹម និងគណៈកម្មការអចិន្ត្រៃយ៍ ជាពិសេសគណៈរដ្ឋមន្ត្រីរបស់ប៉ុល ពតពីខែមេសា ឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩ នៅពេលការឈ្លានពានរបស់វៀតណាមដែលបានបញ្ចប់អំពើកំណាច។
សង្គ្រាមស៊ីវិលបានបន្តអស់រយៈពេលពីរទសវត្សរ៍ទៀត។ ទើបតែពេលនោះទេ ដែលការចរចាអំពីសាលាក្តីខ្មែរក្រហមអាចចាប់ផ្តើម។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាត្រូវបានបង្កើតឡើងហើយបានធ្វើការកាត់ទោសជាលើកដំបូងនៅក្នុងសំណុំរឿង០០១ ប្រឆាំងនឹងកាំងហ្កេកអ៊ាវ ហៅឌុច ដែលបានគ្រប់គ្រងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ស-២១គឺគុកទួលស្លែងនៅរាជធានីភ្នំពេញ។
ការចំណាយនិងការកាត់ទោសដទៃទៀត
លោកនួនជានិងលោកខៀវសំផនត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតម្តងហើយនៅពេលសាលក្រមកាត់ទោសអំពើប្រល័យពូជសាសន៍ត្រូវបានប្រកាស។ ពួកគេម្នាក់ៗត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតបន្ថែមទៀតហើយលោកចៅក្រមនិល ណុនបានបញ្ជាឲ្យដាក់ទោសមួយជីវិតទាំងពីរករណីនេះបញ្ចូលគ្នាតែមួយ។
អ្នកផ្សេងទៀត រួមមាន ប៉ុល ពត និងសុនសេន រដ្ឋមន្រ្តីការពារជាតិ ហើយនឹងតាម៉ុកបានស្លាប់មុនការកាត់ទោស។ អតីតរដ្ឋមន្ត្រីការបរទេស អៀងសារី និងភរិយារបស់គាត់ឈ្មោះអៀងធីរិទ្ធ ដែលជារដ្ឋមន្ត្រីសង្គមកិច្ចបានស្លាប់ក្រោយពីពួកគេត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងត្រូវបានឃុំឃាំងដោយអ.វ.ត.ក.។
លោកស្រី Jarvis បានថ្លែងថា៖
«ខ្ញុំគិតថា យើងបានធ្វើការងារដែលចាំបាច់ត្រូវធ្វើ ហើយខ្ញុំគិតថា គោលបំណងនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាត្រូវបានបំពេញ។ ជាការណ៍ពិតណាស់ នៅមានការប្តឹងឧទ្ធរណ៍ទៀត ដូច្នេះមិនទាន់ចប់ទេ។ ប៉ុន្តែវាមានភាពច្បាស់លាស់ណាស់ បើតាមខ្ញុំគិត»។
មានការត្អូញត្អែរអំពីការចំណាយច្រើនក្នុងដំណើរការផ្តន្ទាទោសមនុស្សតែ៣ នាក់និងការជ្រៀតជ្រែកផ្នែកនយោបាយពីរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីវុនអេម និងគ្រួសាររបស់អ្នកស្រីគឺជាជនរងគ្រោះនៃរបបប៉ុលពត។ ពួកគេរស់នៅក្នុងភូមិមួយក្នុងខេត្តកំពង់ចាម ជាទីដែលអ្នកស្រីធំដឹងក្តីក្រោយសម័យខ្មែរក្រហមហើយពេលនោះនៅមានការប្រយុទ្ធជាមួយពួកកុម្មុយនិស្តក្នុងសង្គ្រាមជាបន្ត។ អ្នកស្រីបានថ្លែងថា៖
«ខ្ញុំគិតថា សាលាក្តីនេះបញ្ចេញលទ្ធផលល្អ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថា វាចំណាយពេលយូរ ហើយចំណាយប្រាក់ច្រើនណាស់»។
អ្នកស្រីបានបន្ថែមថា ចំណាយ៣០០លានដុល្លារដើម្បីធ្វើការផ្តន្ទាទោសមនុស្សបីនាក់គឺច្រើនណាស់។
ទោះជាយ៉ាងណាក៏ដោយ ចំណាយប៉ុណ្ណេះមិនច្រើនទេ បើប្រៀបធៀបទៅនឹងអំពើឃោរឃៅដែលប្រព្រឹត្តដោយរបបនេះ។
អ្នកស្រីនិយាយថា៖
«ពួកគេធ្វើអាក្រក់ខ្លាំងណាស់ចំពោះប្រជាជននៅប្រទេសកម្ពុជា រួមទាំងគ្រួសាររបស់ខ្ញុំ។ ពួកគេបានបំបែកសមាជិកគ្រួសារទាំងអស់។ ពួកគេបានសម្លាប់មនុស្សច្រើនណាស់និងបង្ខំឲ្យធ្វើការច្រើនណាស់ក្នុងអំឡុងសម័យនោះ។ មិនមានម្ហូបអាហារគ្រប់គ្រាន់សម្រាប់បរិភោគ មានជំងឺ មានការមិនទុកចិត្ត មិនមានសុវត្ថិភាពហើយក៏មានការបង្ខំឲ្យរៀបការទៀត»។
ការចោទប្រកាន់បន្ថែមទៀត
ក្នុងសំណុំរឿង០០៣ និង០០៤កម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោមបួននាក់ទៀតត្រូវបានគេចោទប្រកាន់ទាក់ទងនឹងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ប៉ុន្តែមានការបែកបាក់យ៉ាងខ្លាំងរវាងព្រះរាជអាជ្ញាអន្តរជាតិនិងព្រះរាជអាជ្ញាជាតិអំពីថា តើត្រូវបន្តនីតិវិធី ឬ យ៉ាងណា។
ការចោទប្រកាន់ប្រឆាំងនឹងអ្នកស្រី អ៊ឹមចែម អតីតគណៈស្រុក ត្រូវបានទម្លាក់ចោល បន្ទាប់ពីតុលាការបានសម្រេចថា ខ្លួនមិនមានយុត្តាធិការក្នុងការកាត់ទោសអ្នកស្រី។
ក្រុមអ្នករិះគន់បានអះអាងថា បញ្ហានេះគឺដោយសារតែលោកហ៊ុនសែនមិនចង់ផ្តន្ទាទោសកម្មាភិបាលក្រៅពីមេដឹកនាំខ្មែរក្រហមខ្ពស់បំផុត ព្រោះវាអាចប៉ះពាល់ដល់លោកនៅក្នុងគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជាដែលមានអតីតកម្មាភិបាលខ្មែរក្រហមជាច្រើនរូប។
ទន្ទឹមនឹងនេះដែរ មិនទាន់មានការសម្រេចចិត្តចុងក្រោយអំពីសំណុំរឿងលោកមាសមុត អតីតមេបញ្ជាការកងទ័ពជើងទឹកលោកអោ អានអតីតអនុលេខាគណៈតំបន់មជ្ឈឹមនិងលោកយឹមទិត អតីតមេបញ្ជាការថ្នាក់កណ្តាលដែលបានក្លាយជាអ្នកជំនួញមានទ្រព្យសម្បត្តិច្រើន។ លោកស្រី Jarvis បានបន្ថែមថា មានតែតុលាការប៉ុណ្ណោះដែលអាចសម្រេចថា តើត្រូវបន្តការកាន់ទោស ឬយ៉ាងណា៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ