ក្រុមកូដករនៃក្រុមហ៊ុនណាហ្កាវើលដ៍ (NagaWorld) បន្តទាមទារយុត្តិធម៌ និងទាមទារឲ្យក្រុមហ៊ុនល្បែងស៊ីសងមួយនេះ ទទួលយកបុគ្គលិកដែលត្រូវបានក្រុមហ៊ុនបានបញ្ឈប់កាលពី៣ឆ្នាំមុនឱ្យចូលធ្វើការវិញ។ ពួកគេក៏បានស្នើឲ្យបញ្ឈប់ការគំរាមកំហែង និងលាបពណ៌គ្រប់បែបយ៉ាងលើកម្មករនិយោជិតផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយច្បាប់ស្តីពី «ខួបបីឆ្នាំ ភាពអយុត្តិធម៌នៅតែបន្ត» របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍។
បុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍បានចាប់ផ្តើមធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីទាមទាររកយុត្តិធម៌ ការពារសិទ្ធិការងារ ព្រមទាំងការពារសំឡេងសហជីពឯករាជ្យ ដែល«ត្រូវបានក្រុមហ៊ុនណាហ្គាវើលដ៏រើសអើង ព្យាយាមរំលាយចោលជាមួយចេតនាអាក្រក់របស់ខ្លួនក្នុងការរំលោភសិទ្ធិការងារ និងច្បាប់ការងារ»។ នេះបើតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី ១៨ ខែធ្នូ ដែលវីអូអេទទួលបាន។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ ដែលធ្លាប់ជាប់ពន្ធនាគារ ប្រាប់វីអូអេនៅថ្ងៃពុធថា ក្រុមកូដករនឹងធ្វើកូដកម្ម រហូតទាល់តែទទួលបានដំណោះស្រាយសមរម្យ។
កញ្ញាថ្លែងថា៖ «ជាជំហររបស់ក្រុមទាំងមូល បន្ទាប់ពីនាងខ្ញុំចេញពីពន្ធនាគារ ដូចគ្នា គឺយើងទាំងអស់គ្នានឹងធ្វើការទាមទាររហូតទទួលបានយុត្តិធម៌ អត់ដឹងតែពេលណាទេ ប៉ុន្តែដឹងថារហូតទាល់តែយើងទទួលបានយុត្តិធម៌ ឬដំណោះស្រាយសមស្របដែលអាចទទួលយកបាន ទើបយើងឈប់ទាមទារ»។
កញ្ញា ឈឹម ស៊ីថរ នៅតែចាត់ទុកថា បញ្ហានេះគឺជាវិវាទការងារ ដោយទាមទារឲ្យបញ្ឈប់ការលាបពណ៌លើក្រុមកូដករ ព្រោះការលាបពណ៌គឺជាកត្តារាំងស្ទះដល់ការដោះស្រាយវិវាទការងារនេះ ដែលធ្វើឲ្យកម្ពុជាទទួលរងការរិះគន់នានាអំពីការរំលោភសិទ្ធិការងារ។ កញ្ញាក៏ទាមទារឲ្យក្រុមហ៊ុនណាហ្កាវើលដ៍ចេញមុខដោះស្រាយបញ្ហានេះផងដែរ។
ជាមួយគ្នានេះ ក្រុមកូដករនៃក្រុមហ៊ុនណាហ្កាវើលដ៍បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១៨ ខែធ្នូ នោះថា ក្នុងរយៈពេល ៣ ឆ្នាំមកនេះ វិវាទការងារមួយនេះមិនទាន់ដោះស្រាយនៅឡើយ ហើយក្រុមកូដករដែលភាគច្រើនសុទ្ធសឹងតែជាស្ត្រីបានរងអំពើហិង្សា និងការបៀតបៀនពីសំណាក់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលបានចូលមកកាងឲ្យក្រុមហ៊ុនបរទេស ដោយបណ្តាលឲ្យក្រុមកូដកររងរបួសស្នាមលើរាងកាយ រងរបួសហូរឈាមលើផ្លូវថ្នល់ និងបណ្តាលឲ្យកូដករម្នាក់រលូតកូនជាដើម។
ពួកគេអះអាងបន្ថែមថា តំណាងសហជីពនិងសកម្មជនសហជីពចំនួនជាង ១០ នាក់ ត្រូវបានតុលាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់រឹងមាំ ព្រមទាំងចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ ក្នុងនោះរួមមានកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពដែលត្រូវបានជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទ «ញុះញង់» និងទើបតែត្រូវបានដោះលែងក្រោយបានអនុវត្តទោសចប់។
ក្រុមកូដករក៏បានអះអាងថា ពួកគេបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ។ ពួកគេបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា៖ «កូដកម្មនេះ បញ្ចប់ទៅបានដរាបណា យើងខ្ញុំទាំងអស់គ្នាទទួលបាននូវដំណោះស្រាយ ភាពយុត្តិធម៌សមស្រប រួមទាំងសិទ្ធិការងារ សិទ្ធិសហជីពពេញលេញរបស់ពួកយើង ក្នុងនាមជាមនុស្ស»។
ក្រុមកូដករបានបញ្ជាក់គោលជំហរនិងទាមទារ ៤ ចំណុចរួមមាន៖ ទី ១ «ទម្លាក់ចោលរាល់បទចោទ និងទទួលយកឲ្យចូលធ្វើការវិញទាំងថ្នាក់ដឹកនាំ សកម្មជន ព្រមទាំងសមាជិកសហជីព និងទូទាត់ប្រាក់រំឭកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ»។ ទី ២ «ណាហ្កាវើលដ៍ត្រូវគោរពសិទ្ធិសហជីព និងចរចាជាមួយតំណាងសហជីព LRSU លើបញ្ហារបស់កម្មករ»។ ទី ៣ «បញ្ឈប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់សហជីព និងការគំរាមកំហែងគ្រប់ទម្រង់មកលើកម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនណាហ្កាវើលដ៍» និងទី ៤ «បញ្ឈប់ការលាបពណ៌គ្រប់បែបយ៉ាង និងមានចេតនាបំបាក់ស្មារតីសហជីពមិនឲ្យអនុវត្តសិទ្ធិមកលើកម្មករនិយោជិតដែលគ្រាន់តែចង់បានការគោរពសិទ្ធិការងាររបស់ខ្លួននៅកន្លែងការងារ»។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អន ប្រាប់វីអូអេថា ពាក់ព័ន្ធនឹងករណីបាតុកម្មប្រឆាំងក្រុមហ៊ុនណាហ្កាវើលដ៍នេះ ក្រសួងការងារបានបំពេញតួនាទីដោះស្រាយវិវាទការងារស្របតាមបទប្បញ្ញត្តិ និងនីតិវិធីដោះស្រាយវិវាទការងារ ដូចមានចែងក្នុងច្បាប់ស្តីពីការងាររួចហើយ។
អ្នកនាំពាក្យរូបនោះបានស្នើឲ្យក្រុមកូដករ «ប្រើប្រាស់យន្តការច្បាប់ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារនេះ។ សូមពិចារណាអំពីជីវភាពគ្រួសាររបស់បងប្អូន ដែលបងប្អូនសម្រេចបន្តធ្វើការតវ៉ា ដោយមិនសម្រេចរកការងារថ្មីធ្វើ»។
លោក កត្តា អន បានថ្លែងបន្ថែមថា អតីតបុគ្គលិកស្ទើរតែទាំងអស់បានទទួលយកដំណោះស្រាយ មានការងារថ្មីធ្វើ និងមានចំណូលចិញ្ចឹមគ្រួសារ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ កត់សម្គាល់ថា ការតវ៉ារបស់បុគ្គលិកណាហ្កាវើលដ៍ គឺជាវិវាទការងារដែលមានរយៈពេលយូរជាងគេ។ ហើយកន្លងមក បញ្ហានេះរងការច្រានចោល និងបង្វែរទិសដៅ ខុសពីគោលបំណងនិងទទួលរងការលាបពណ៌នានា ដែលបង្កជាភាពស្មុគស្មាគនៅក្នុងការដោះស្រាយបញ្ហា។
លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធថា៖ «អ៊ីចឹងអ្វីដែលសំខាន់ មកដល់ពេលនេះ យើងមើលឃើញថា ដំណោះស្រាយដោយសន្តិវិធី ហើយទៅតាមផ្លូវច្បាប់ការងារ វាជារឿងល្អបំផុត បើមិនអ៊ីចឹងទេ វាដោះស្រាយអត់ចប់ទេ។ វាអាចនឹងអូសបន្លាយពេលទៅមុខទៀត ហើយបញ្ហាលាបពណ៌ដាក់គ្នា វាកាន់តែបន្ថែមទៀត ហើយជាបន្ទុកបន្ថែមសម្រាប់កូដករដែលជាបុគ្គលិក និងអតីតបុគ្គលិកណាហ្កាវើលដ៍ទៅវិញ»។
គួរបញ្ជាក់ថា ក្រុមបុគ្គលិកនិងសហជីពមួយចំនួននៃក្រុមហ៊ុនណាហ្កាវើលដ៍បានធ្វើកូដកម្ម តាំងពីចុងឆ្នាំ ២០២១ មក បន្ទាប់ពីក្រុមហ៊ុនណាហ្កាវើលដ៍នេះបានបញ្ឈប់បុគ្គលិកប្រមាណ ១.៣០០ នាក់ អំឡុងខែមេសា ឆ្នាំ ២០២១ ដោយការបញ្ឈប់នោះភាគច្រើនកើតមានទៅលើសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ការបញ្ឈប់នេះត្រូវបានអ្នកឃ្លាំមើលសិទ្ធិការងារមើលឃើញថា ជាចេតនាក្នុងការបំបាត់សហជីពឯករាជ្យក្នុងក្រុមហ៊ុនកាស៊ីណូមួយនេះ៕
វេទិកាបញ្ចេញមតិ