ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានតម្កល់សេចក្តីសម្រេចក្នុងការកាត់ទោសកំបាំងមុខលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីព (CTSWF) ឲ្យជាប់ពន្ធនាគារ១៨ខែ ចំពោះការលើកឡើងអំពីស្រ្តីសមាជិកសហជីពម្នាក់នៅក្រុមហ៊ុនកាស៊ីណូជីនប៉ី២ ក្នុងខេត្តព្រះសីហនុ រងការរើសអើង និងឃុំខ្លួន អំឡុងខែកុម្ភៈ ឆ្នាំ ២០២២។
កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធន់ ដារិទ្ធ បានកាត់ទោសកំបាំងមុខមេដឹកនាំសហជីពរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ និងពិន័យជាទឹកប្រាក់ ២ លានរៀល ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង«ធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។
លោកត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន ក្រោយការប្រកាសសាលក្រមកំបាំងមុខនោះ។ ហើយមេធាវីការពារក្តីរបស់លោក ម៉ម រិទ្ធី គឺលោក សំ ចំរើន ក៏បានប្តឹងទាស់នឹងការកាត់ទោសកំបាំងមុខរបស់ចៅក្រមជំនុំជម្រះភ្លាមៗនោះ។
កាលពីសប្តាហ៍មុន ចៅក្រមជំនុំជម្រះ លោក ធន់ ដារិទ្ធ បានបញ្ជាក់នៅក្នុងអង្គសវនាការថា ដើមបណ្ដឹងបានដកពាក្យបណ្ដឹង និងលុបចោលការទាមទារសំណងចំនួន ១០ ម៉ឺនដុល្លារអាមេរិកពីលោក ម៉ម រិទ្ធី។ ប៉ុន្តែលោក ម៉ម រិទ្ធី នៅជាប់បណ្តឹងអាជ្ញា ដែលស្ថាប័នអយ្យការជាម្ចាស់បណ្តឹងនៅក្នុងរឿងព្រហ្មទណ្ឌ។ នេះបើតាមបើតាមលោក សំ ចំរើន។
នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ចៅក្រមជំនុំជម្រះលោក ធន់ ដារិទ្ធ បានបន្តសវនាការ ដោយប្រកាសផ្តន្ទាទោសលោក ម៉ម រិទ្ធី ដូចអ្វីដែលតុលាការបានកាត់ទោសកំបាំងមុខ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ ដោយមេដឹកនាំសហជីពរូបនេះត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ និងរងការពិន័យជាទឹកប្រាក់ចំនួន ២ លានរៀល។ នេះបើតាមមន្ត្រីសិទ្ធិមនុស្ស និងក្រុមគ្រួសារ ដែលបានចូលស្តាប់ការប្រកាសសាលក្រមនោះ។
ភរិយារបស់លោក ម៉ម រិទ្ធី គឺអ្នកស្រី គង់ សុដា ខកចិត្តចំពោះការសម្រេចរបស់តុលាការ និងស្នើសុំឲ្យតុលាការដោះលែងស្វាមីរបស់ខ្លួនឲ្យមានសេរីភាព។
អ្នកស្រីប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថា៖ «គឺខកចិត្ត ហើយក៏ពិបាកចិត្តដែរ។ យើងអត់ដឹងថា យើងត្រូវបន្តដល់គម្រប់មួយឆ្នាំកន្លះ ឬក៏គាត់នឹងសម្រេចដោះលែងនៅពេលណ»។
អ្នកស្រីងឿងឆ្ងល់ចំពោះការចាប់ខ្លួនស្វាមីរបស់អ្នកស្រី ដែលបាននិយាយទាមទារយុត្តិធម៌ដល់កម្មករ តែបែរជាត្រូវបានអាជ្ញាធរចាប់ខ្លួន និងរងការចោទប្រកាន់តាមផ្លូវតុលាការទៅវិញ។
អ្នកស្រីបន្ថែមថា៖ «ដឹងតែគាត់ធ្វើការងារសង្គមជួយកម្មករ ទាមទារយុត្តិធម៌ដើម្បីកម្មករ តែអត់ដឹងហេតុអ្វីបានជារឿង[ឆ្នាំ] ២០២២ ហ្នឹង រហូតដល់គេចាប់ខ្លួនគាត់នៅឆ្នាំនេះទៅវិញ។ អ៊ីចឹងក៏បងអត់យល់ថា រឿងហ្នឹងហេតុអ្វីបានជាកើតឡើងទៅជាបែបហ្នឹង»។
ចំណែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) ដែលបានមកឃ្លាំមើលសវនាការលោក ម៉ម រិទ្ធី យល់ថា ការផ្តន្ទាទោសនេះ គឺជារឿងអយុត្តិធម៌សម្រាប់លោក ម៉ម រិទ្ធី និងធ្វើឲ្យសហជីពដទៃទៀតលែងហ៊ានបញ្ចេញមតិ ឬមានអារម្មណ៍ភ័យខ្លាច។
លោកបន្តថា៖ «ខ្ញុំគិតថា ការបន្តតម្កល់នេះ គឺថាអត់មានយុត្តិធម៌សម្រាប់គាត់ទេ។ អ៊ីចឹងក៏ធ្វើឲ្យសហជីពផ្សេងទៀត គាត់ភ័យខ្លាចដែរ គាត់អត់ហ៊ានធ្វើការការពារសិទ្ធិកម្មករ គាត់អត់ហ៊ានបញ្ចេញមតិអីផ្សេងទៀត ហើយមិនផ្តល់ឱកាសឲ្យគាត់កែតម្រូវ។ មានន័យថា ជាធម្មតាក្នុងការងារវាតែងតែមានខ្វះចន្លោះ និងខុសខ្លះ»។
លោក គង់ អាទិត្យ យល់ថា នៅក្នុងដំណើរការផ្តន្ទាទោសតាមផ្លូវតុលាការលើប្រធានសហជីព ឬប្រធានសហព័ន្ធណាមួយ តុលាការគួរតែពិចារណាឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព ដែលមានធានាក្នុងច្បាប់ការងារ និងអនុសញ្ញា ILO។
លោកបន្ថែមថា៖ «ឧទាហរណ៍ថា ឥឡូវបើសិនជាមានប្រធានសហជីព ឬប្រធានសហព័ន្ធ គាត់ធ្វើបទព្រហ្មទណ្ឌ រឿងឯកជនគាត់ អាហ្នឹងតុលាការអាចមានសិទ្ធិចាត់ចែងទៅតាមច្បាប់។ ប៉ុន្តែនៅពេលដែលពាក់ព័ន្ធនឹងការងារសហជីព តុលាការគួរតែធ្វើសេចក្តីសម្រេចពោរពេញដោយវិជ្ជាជីវៈ ហើយមើលឲ្យជ្រៅទៅលើរឿងហ្នឹង [ថា]តើវាជារឿងបុគ្គល ឬជារឿងការងាររួម»។
កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីព(CTSWF) និងជាអនុប្រធានទី ២ នៃសហភាពការងារកម្ពុជា បានអត្ថាធិប្បាយតាមបណ្តាញសង្គមហ្វេសប៊ុករយៈពេលជិតពីរម៉ោង ដោយនិយាយអំពីការរើសអើងសហជីព ការរំលោភច្បាប់ការងារ ការឃុំខ្លួនមនុស្សដោយអយុត្តិធម៌ និងភាពអយុត្តិធម៌ដែលកើតឡើងនៅក្រុមហ៊ុនកាស៊ីណូជីនប៉ី២ ក្នុងខេត្តព្រះសីហនុ ជាពិសេសរឿងដែលកាស៊ីណូនេះបានប្តឹងបុគ្គលិកស្ត្រីម្នាក់ថាបានគប់គិតជាមួយភ្ញៀវ ដែលលេងល្បែងឈ្នះប្រាក់ជាងមួយម៉ឺនដុល្លារអាមេរិក។ បុគ្គលិកជាស្រ្តីរូបនោះត្រូវបានគេប្តឹងទៅតុលាការ ហើយឃាត់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។ ហើយលោក ម៉ម រិទ្ធី បានចាត់ទុកថាហេតុការណ៍នេះថាជារឿងអយុត្តិធម៌។
នៅក្នុងវីដេអូដដែលនោះ លោក ម៉ម រិទ្ធី បានចាត់ទុកចំណាត់ការរបស់តុលាការថា មិនត្រឹមត្រូវទាល់តែសោះ ហើយក៏បានចោទសួរអំពីចំណាត់ការរបស់តុលាការថា តើតុលាការយកភស្តុតាងណាខ្លះមកពិចារណាក្នុងការដាក់បន្ទុកនោះ។
លោក យី សុខសាន្ត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុកដែលតាមដានករណីនេះ សម្តែងការសោកស្តាយចំពោះការផ្តន្ទាទោសលើលោក ម៉ម រិទ្ធី។ លោកបន្ថែមថា តុលាការគួរបង្ហាញនិងស៊ើបឲ្យច្បាស់ថាតើពិតជាមានរឿងអយុត្តិធម៌ ឬការឃុំខ្លួនសមាជិកសហជីពម្នាក់ដែលជាស្ត្រីនោះ នៅក្នុងក្រុមហ៊ុនកាស៊ីណូជីនប៉ី២ ដូចការលើកឡើងរបស់លោក ម៉ម រិទ្ធី ឬយ៉ាងណា ជាជាងចោទប្រកាន់សហជីពដែលគ្រាន់តែលើកយកបញ្ហារបស់សមាជិក ឲ្យភាគីពាក់ព័ន្ធបានដឹងឮ និងចូលរួមដោះស្រាយ៕
វេទិកាបញ្ចេញមតិ