ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្តេជ្ញា​លើកកម្ពស់​ប្រជាធិបតេយ្យ ខណៈ​អ្នកតាមដាន​ស្នើឲ្យ​បញ្ឈប់​ការចាប់ខ្លួន​អ្នករិះគន់


រូបឯកសារ៖ កម្លាំងសន្តិសុខ​មួយចំនួន​របស់​ខណ្ឌ៧មករា ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ក្រុម​អ្នកតវ៉ា​ជាស្ត្រី និង​ដណ្តើម​យក​បដា​មួយផ្ទាំង ដែល​មានសំណេរ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​នយោបាយ​ជំទាស់​១៣នាក់​ដែល​កំពុង​ជាប់​ឃុំ នៅ​រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កម្លាំងសន្តិសុខ​មួយចំនួន​របស់​ខណ្ឌ៧មករា ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ក្រុម​អ្នកតវ៉ា​ជាស្ត្រី និង​ដណ្តើម​យក​បដា​មួយផ្ទាំង ដែល​មានសំណេរ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​នយោបាយ​ជំទាស់​១៣នាក់​ដែល​កំពុង​ជាប់​ឃុំ នៅ​រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)

អ្នក​តាមដាន​ជំរុញឲ្យ​រដ្ឋា​ភិបាល​ដោះលែង​សកម្ម​ជន​ និងបញ្ឈប់​ការចាប់ខ្លួន​ក្រុម​អ្នក​រិះគន់ឲ្យ​ដូច​ការ​លើកឡើង​របស់រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​កម្ពុជា នៅចំពោះ​មុខ​ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺ​រ៉ុប​ដែល​ថា ​រដ្ឋាភិបាល​កម្ពុជាប្តេជ្ញា​ក្នុង​ការ​លើក​កម្ពស់​នីតិ​រដ្ឋ និង​លំហ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​។

ក្នុងជំនួប​រវាង​លោក ​ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ជាមួយ​លោក Igor Driesmans ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២ ខែមករា ឆ្នាំ​ ២០២៥ លោក ប្រាក់ សុខុន បាន​លើកឡើង​ថា ​រដ្ឋាភិ​បាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​លើក​កម្ពស់​នីតិរដ្ឋ ដូច​ដែល​មាន​កំណត់ក្នុង​រដ្ឋធ្មនុញ្ញ ​និង​ច្បាប់​ជា​ធរមាន​ដោយ​មាន​គោល​ដៅ​លើក​កម្ពស់​លំហ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស ដើម្បី​ផល​ប្រយោជន៍​ដ៏​ប្រសើរ​បំផុត​របស់​ប្រជាជន​កម្ពុជា​។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​។​

លោក​ អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ទី​ ៦ ខែមករា ឆ្នាំ ​២០២៥ ​ថា ​ការ​លើក​កម្ពស់​នីតិរដ្ឋនិង​លំហ​ប្រជាធិប​តេយ្យ គឺទាមទារ​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​។​ ប៉ុន្តែ​លោក​ថា​ សហគមន៍អឺរ៉ុបនិង​សហគមន៍​អន្តរ​ជាតិ​បានចាត់​ទុក​លំហ​សេរី​ភាព​បញ្ចេញ​មតិនិងនយោ​បាយ​នៅ​កម្ពុជាក្នុងនីតិ​កាល​ទី ៧ ​នេះថា​ មាន​ការ​ធ្លាក់ចុះ​ ដោយ​សារ​រដ្ឋា​ភិបាល​បន្ត​ចាប់​ខ្លួន​និងចោទ​ប្រកាន់សកម្មជន​នយោ​បាយ សកម្ម​ជន​សង្គម ​និង​ក្រុម​សហជីព​ជាដើម​។ ​

លោក អំ សំអាត ​ព្រួយ​បារម្ភ​ថា​ កម្ពុជាអាច​នឹង​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធអ្វី​គ្រប់យ៉ាង​លើក​លែង​តែ​សព្វាវុធ (​EBA) ​ដែល​អាច​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​ចំនួន​ ៨០% ​បន្ថែម​ទៀត ​ប្រសិនបើលំហ​ប្រជា​ធិប​តេយ្យ ​នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាមិន​មាន​ការ​វិវត្ត​ល្អ​ប្រសើរ​ ដូច​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិបាល​។

លោក​ថ្លែង​ថា៖ ​«បើ​សិនជា​កម្ពុជា​មាន​ឆន្ទៈ​នៅក្នុង​ការ​កែ​លម្អ​លើ​លំហ​ប្រជា​ធិប​តេយ្យ ​នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​អាហ្នឹង​កម្ពុជា​អាច​នឹងធ្វើឲ្យ​សហភាព ឬ​សហ​គមន៍​អឺរ៉ុប​លោក​ពិចារណា​ទៅ​លើ​បញ្ហា ​EBA ​ហ្នឹង»​។

ស្ថាន​ភាព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅកម្ពុជាចាប់​ផ្តើម​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ​ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​រំលាយ​គណ​បក្ស​ប្រឆាំង​ដ៏ធំ​មួយ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិកាលពីឆ្នាំ​ ២០១៧ ​ដោយ​មាន​ទាំងការចាប់​ខ្លួន និង​ដកសិទ្ធិ​របស់អ្នក​នយោ​បាយ​ប្រឆាំង​ជា​ច្រើ​ន​នាក់។​ ហើយ​រហូត​ដល់​ពេល​បច្ចុប្បន្ន ការ​ចាប់​ខ្លួន​សកម្ម​ជន​គណ​បក្ស​នយោ​បាយ​ប្រឆាំង ​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស សកម្ម​ជនសង្គម​ សកម្មជន​បរិស្ថាន ​និង​ក្រុម​សហ​ជីព​ជាដើម ​នៅតែ​បន្តកើត​មាន។ នេះ​បើ​តាម​លោក អំ សំអាត​។

ចាប់​តាំង​ពី​ឆ្នាំ​ ២០០១ ​មក​ ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីគ្រប់យ៉ាង​លើក​លែង​តែសព្វាវុធ ​(EBA​) ពី​សហភាព​អឺរុប​ ដោយ​អាច​នាំ​ចេញ​ទំនិញ​គ្រប់​មុខ​ទៅ​កាន់​ប្រទេស​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​ដោយ​មិន​បង់​ពន្ធ​។ តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ កម្ពុជា​ចំណេញ​ទឹក​ប្រាក់​ប្រមាណ​ជា ៧០០ លាន​ដុល្លារ​អាមេរិក ​ក្នុង​មួយ​ឆ្នាំ។

កាល​ពីឆ្នាំ ២០២០​ កម្ពុជា​ត្រូវ​បាន​សហ​ភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ចំនួន​ ២០% ​ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ដក​សិទ្ធិ​នយោ​បាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ ព្រមទាំង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សង្គម​ស៊ីវិល។​

លោក​ ស៊ឹង សែន​ករុណា ប្រធាន​អង្គការ​ប្រជាធិប​តេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី ​យល់​ឃើញ​ថា ​ការ​បញ្ជាក់របស់​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជាទៅ​កាន់ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​ដែល​ថា ​រដ្ឋាភិ​បាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​លើក​កម្ពស់​នីតិរដ្ឋនិង​លំហ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​ គឺ​គ្រាន់​តែជា​«​ភាសា​ការ​ទូត​»​ ដោយសារ​កម្ពុជា​នៅ​តែ​បន្ត​រឹត​ត្បិត និង​ចាប់ខ្លួនសកម្មជន​ដែល​មិនមាន​និន្នាការគាំទ្រ​គណបក្ស​កាន់​អំណាច​។ ​

លោកបន្តថា សហគមន៍​អឺរ៉ុប និង​ប្រទេស​លោក​សេរី នឹង​ងាក​មក​ជ្រោម​ជ្រែង​កម្ពុជា ​ទាំង​ការ​អភិវឌ្ឍ ទាំង​កិច្ច​សហការ​សេដ្ឋកិច្ច ​ជំនួញ​ និងវិស័យ​ទេសចរ​ជាដើម​ ប្រសិន​បើ​កម្ពុជា​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សកម្មជន សង្គមស៊ីវិល និង​សហជីព។

លោក​ ស៊ឹង សែនករុណា ថ្លែង​ថា​៖ «​បើសិ​នជា​ចង់បង្ហាញ​ឲ្យ​សហ​ភាព​អឺរ៉ុប​ ក៏​ដូចជា​សហ​គមន៍​អន្តរជាតិ​ដែល​គេ​ប្រកាន់​នូវ​ការ​ដឹកនាំ​តាម​បែប​ប្រជា​ធិបតេយ្យ​សេរី​ហ្នឹង គឺ​កម្ពុជា​ត្រូវ​ប្តេជ្ញា​ចិត្ត ដោយ​ចាប់​ផ្តើម​ពីការ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​សកម្មជន​នានា​ដែល​កំពុង​ជាប់ឃុំ​ ធ្វើការ​ដោះ​លែង​ពួកគេ​ឲ្យមាន​សេរី​ភាព ទម្លាក់​ចោទការ​ចោទ​ប្រកាន់​ ហើយឲ្យ​អ្នកពាក់ព័ន្ធ​បណ្តឹង​ទាំង​អស់​ពីក្នុងនិង​ក្រៅ​ប្រទេស​ហ្នឹង ​ឲ្យគេ​ចូល​រួម​សកម្ម​ភាព​នយោ​បាយ​ឲ្យ​សកម្ម ឲ្យ​ពេញ​លេញ​ឡើង​វិញ​ទៅ»​។

លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា គណបក្ស​កម្លាំង​ជាតិសាទរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​នីតិរដ្ឋ និង​ប្រជាធិប​តេយ្យ។​ ​លោក​ថា ​ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​ពិបាក​ធ្វើ​ឲ្យ​សហគមន៍អន្តរជាតិជឿ ​ដោយសារ​ការធ្វើ​ទុក្ខបុក​ម្នេញសកម្មជន​និង​អ្នករិះគន់នៅ​តែ​បន្ត​កើត​មាន​។

លោក​ថ្លែងថា៖ «បើ​រដ្ឋាភិបាល​នៅតែ​មិន​ទទួល​ស្គាល់​ការពិត ហើយ​នៅ​តែ​អះអាង​ថា​ខ្លួន​អនុវត្ត​ច្បាប់ [គឺ]សហគម​អឺរ៉ុប ក៏ដូចជា​សហរដ្ឋ​អាមេរិក អន្តរ​ជាតិ គេ​អត់​ជឿ​ទេ ដោយសារ​តែគេអត់​ជឿ​ហ្នឹង​ហើយ​បានជា​យើងបាត់​បង់ប្រព័ន្ធ​អនុគ្រោះពន្ធ​ ២០% កន្លងមក​។ ហើយ GSP ដែលគេ​មិន​បន្ត​ឲ្យយើង​ ដោយ​សារ​តែ​យើង​មិនបាន​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ ហើយ​អ្វីដែល​នៅចាប់​[សកម្មជន​]​បន្ត​បន្ទាប់​ហ្នឹង​ហើយ​ ដែលគេ​មើល​ឃើញថា វាជា​រឿង​នយោ​បាយ ​ច្រើន​ជាងកា​រអះអាង​របស់​រដ្ឋាភិបាល​ថា​ជារឿង​អនុវត្ត​ច្បាប់»។

វីអូអេមិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នកនាំ​ពាក្យ​ក្រសួង​ការ​ទេស​កម្ពុជា ​លោក ជុំ សន្ទរី ​បាន​នៅ​ឡើយ​ទេ។ ​លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រាប់​វីអូអេ​នៅថ្ងៃចន្ទ​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា គឺជា​អ្នកការពារយ៉ាង​ប្តូរ​ផ្តាច់​នូវ​របប​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​។ លោក​ថា រ​ដ្ឋាភិបាល​ក៏​បានអនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ និង​ត្រឹមត្រូវ​បំផុត​តាម​ច្បាប់ជាតិនិង​អន្តរជាតិ ដែល​រួម​មាន​ទាំង​រដ្ឋ​ធម្ម​នុញ្ញ កតិ​កាសញ្ញា និង​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​ជាដើម​។

លោក ប៉ែន បូណា ថ្លែង​ថា៖ ​«ច្បាប់​ ចាត់​វិធាន​ការ​តែទៅ​លើ​ចំពោះអ្នកល្មើស​ច្បាប់​ប៉ុណ្ណោះ​នៅ​កម្ពុជា​។​ ចំពោះ​អ្នក​រិះ​គន់​បញ្ចេញមតិ គឺ​ពួក​គេមានសិទ្ធិ​សេរី​ភាព​ពេញលេញ លើកលែង​តែ​អ្នក​បំពាន​ច្បាប់​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​ទេ ដែល​បាន​រង​ចំណាត់​ការ វិធាន​ការផ្លូវ​ច្បាប់​»។

បើ​តាម​លោក ប៉ែន បូណា​ ការ​សម្រេច​លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA បែបណា​ គឺជា​សិទ្ធិរបស់​សហ​ភាព​អឺរ៉ុប​។ ​លោក​ថា ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុងការធ្វើ​ឲ្យកម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ក្នុង​ឆ្នាំ​ ២០៥០ គឺជា​ទិសដៅសំខាន់​ដើម្បី ​«​កម្ពុជា​រស់​នៅ​ដោយ​មោទន​ភាពជាតិ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ដោយ​ពឹង​កម្លាំង​ខ្លួន​ឯង​»៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG