ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយដែលមានវិវាទដីធ្លី ក្នុងខេត្តសៀមរាប បានបន្តដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដោយពួកគេបានចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ឲ្យពួកគេក្រៅឃុំចន្លោះពី ១ឆ្នាំ ទៅដល់ ៥ឆ្នាំ ថាជារឿង «អយុត្តិធម៌»។
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២៤ សាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងខេត្តសៀមរាបលើជនជាតិភាគតិចទាំងបីនាក់ដែលក្នុងនោះរួមមានអ្នកស្រី សាន ស្រែ និងលោក ប្រែង ហ៊ីង ពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុតដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមមាត្រា៥៦ និង ៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ពួកគេទាំងពីរត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ តែទោសត្រូវព្យួរ។
ចំណែកឯលោក សាន សិទ្ធិ ដែលជាប្អូនប្រុសរបស់អ្នកស្រី សាន ស្រែ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ពីបទធ្វើឱ្យរាំងស្ទះដល់ការបំពេញភារកិច្ចរបស់មន្ដ្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ តាមមាត្រា៦៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
អ្នកស្រី សាន ស្រែ អាយុ ៤១ ឆ្នាំ ជនជាតិដើមភាគតិចកួយដែលរស់នៅភូមិសែនជ័យ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃសុក្រថា អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ព្រោះអ្នកស្រីយល់ថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង មិនបានផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋនៅក្នុងវិវាទដីធ្លីដែលមានអាយុកាលពីរឆ្នាំនេះទេ។
អ្នកស្រីបានឱ្យដឹងទៀតថា កាលពីឆ្នាំ ២០២២ ដីរបស់អ្នកស្រី និងប្រជាពលរដ្ឋប្រមាណ ២៥០ គ្រួសារ ត្រូវបានអាជ្ញាធរដាក់ជាតំបន់ការពារធម្មជាតិ «ជប់សោម» នៅស្រុកស្វាយលើ ខេត្តសៀមរាប។ អ្នកស្រីថា ក្នុងចំណោមពលរដ្ឋ ២៥០ គ្រួសារមានតែពីរគ្រួសារប៉ុណ្ណោះដែលអាជ្ញាធរបានហាមឃាត់មិនឱ្យកាន់កាប់ដីដើម្បីអាស្រ័យផល។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមានតែពីរគ្រួសារ ប្អូនសាន សិទ្ធ និងខ្ញុំ សាន ស្រែ នេះឯង។ ប៉ុន្តែបន្ទាប់ពីនោះមក គេដាក់ត្រាក់ទ័របានគ្រប់គ្នា តែសម្រាប់គ្រួសារខ្ញុំធ្វើអី ក៏គេអត់ឱ្យយើងធ្វើដែរ»។
បើតាមជនជាតិដើមភាគតិចកួយរូបនេះ អាជ្ញាធរមិនអនុញ្ញាតឲ្យក្រុមគ្រួសារអ្នកស្រីចូលធ្វើកសិកម្មលើដីដែលអ្នកស្រីបានកាន់កាប់ ២៤ ឆ្នាំមកហើយនោះ ដោយសារក្រុមគ្រួសាររបស់អ្នកស្រីមិនបានស្នើសុំការអនុញ្ញាតពីអាជ្ញាធរដើម្បីប្រើប្រាស់ដីនោះ។
អ្នកស្រីបន្ថែមថា ក្នុងនាមជាម្ចាស់ដី អ្នកស្រីមិនអាចស្នើសុំការអនុញ្ញាតនោះឡើយ ហើយដីដែលអ្នកស្រីបានអាស្រ័យផលកន្លងមកនោះទៀតសោត គឺជាដីកេរដែលឪពុកម្តាយចែកឲ្យ ចាប់តាំងពី ២០០០ មកម្ល៉េះ។
អ្នកស្រីថ្លែងថា៖ «សំណូមពរឲ្យតុលាការខាងតុលាការគាត់ជួយរកភាពយុត្តិធម៌ឲ្យពួកខ្ញុំផង ព្រោះអីខ្ញុំជាប្រជាពលរដ្ឋជនជាតិដើមភាគតិច ខ្ញុំសូម្បីតែអក្សរក៏ខ្ញុំអត់ចេះដែរ។ ខ្ញុំអយុត្តិធម៌សម្រាប់ខ្ញុំណាស់ រឿងមួយទៀតដីហ្នឹងខ្ញុំរស់នៅ ២៤ ឆ្នាំហើយ ទើបតែកើតរឿងហ្នឹងពីរឆ្នាំនេះឯង។ កុំឲ្យមន្ត្រីបរិស្ថាន មន្ទីរមកធ្វើបាបខ្ញុំ មកប្តឹងខ្ញុំ ហើយឲ្យវាស់វែងដីហ្នឹងឲ្យខ្ញុំវិញផង ព្រោះអីដីហ្នឹងជាកេរ្តិ៍មរតកឪពុកខ្ញុំទេ ឪពុកខ្ញុំក៏ស្លាប់លើដីហ្នឹងទៀត»។
អ្នកស្រី ស្វាយ ពៅ អាយុ ៤៥ ឆ្នាំ ភរិយាលោក សាន សិទ្ធ ប្រាប់វីអូអេថា ការចោទប្រកាន់ស្វាមីរបស់ខ្លួនពីបទធ្វើឲ្យរាំងស្ទះដល់ការបំពេញភារកិច្ចរបស់មន្ដ្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ តាមមាត្រា៦៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដោយឲ្យនៅក្រៅឃុំ ១ ឆ្នាំ គឺជារឿងមិនសមហេតុផល។ អ្នកស្រីក៏បានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរគួរតែកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅ ដើម្បីកុំឲ្យពលរដ្ឋទទួលការប្តឹងផ្តល់ទៅតុលាការយ៉ាងដូច្នេះ។
អ្នកស្រីថ្លែងថា៖ «ប្តីខ្ញុំមិនដឹងខុសអី ហើយគាត់ចាប់ហ្នឹង មិនដឹងគាត់ចាប់យកធ្វើអី គាត់ឃាត់ក៏មិនដឹងឃាត់យកធ្វើអី។ ពួកខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំគ្រាន់តែផ្សព្វផ្សាយច្បាប់ទេ ដោយសាររដ្ឋធម្មនុញ្ញខ្មែរយើងឲ្យប្រជាពលរដ្ឋធ្វើនយោបាយយ៉ាងសកម្ម [...] ខ្ញុំក៏រង់ចាំរដ្ឋាភិបាលចុះកាត់ឆ្វៀលឲ្យប្រជាពលរដ្ឋឲ្យមានភាពជាក់ស្តែង ហើយកុំឲ្យរស់នៅចឹង វាពិបាក។ ខ្ញុំគ្រាន់តែសំណូមពរឲ្យមានភាពយុត្តិធម៌ឲ្យប្រជាពលរដ្ឋ កុំអង្គុយស្តាប់តែថ្នាក់ក្រោម។ តុលាការក៏អ៊ីចឹងដែរ កុំសម្រេចតែពីក្រោម ធ្វើម៉េចខាងលើធ្វើអ៊ីចឹង អ៊ីចឹងតុលាការចាំបាច់មានបីថ្នាក់ធ្វើអី មានតែមួយថ្នាក់បានហើយ ព្រោះខាងក្រោមសម្រេចម៉េចខាងលើធ្វើអ៊ីចឹងនោះ កុំឲ្យជួលមនុស្សច្រើនពេក វាអស់លុយ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ថោង តុលា ប្រធាននាយកដ្ឋានសាលាឧទ្ធរណ៍ខេត្តបាត់ដំបងលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និង លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបាននៅឡើយទេ។
នៅក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងស្ថាប័ន រាជធានី ខេត្ដ ត្រូវប្រើយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យអស់លទ្ធភាព ដោយឈរលើស្មារតីនៃការដោះស្រាយវិវាទដោយសន្តិវិធី និងការយោគយល់គ្នា។
លោកបានថ្លែងបន្តថា ដើម្បីដោះស្រាយវិវាទដីធ្លី រដ្ឋាភិបាលត្រូវធ្វើការពីរក្នុងពេលតែមួយ៖ ទី ១ ការដោះស្រាយបញ្ហាចំពោះមុខ តាមរយៈការដោះស្រាយវិវាទដីធ្លី។ ទី ២ ការដោះស្រាយសម្រាប់រយៈពេលវែង តាមរយៈការវាស់វែងដើម្បីចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិ។
លោកថ្លែងថា៖ «យើងត្រូវធ្វើការពីរក្នុងពេលជាមួយគ្នារឿងវិវាទដីធ្លី ទី ១ ត្រូវដោះបញ្ហាចំពោះមុខ ទី ២ កំណត់យុត្ដិសាស្ដ្រដោះរយៈពេលវែង ដើម្បីពន្លត់ភ្លើង។ ចឹងការដោះស្រាយចំពោះមុខយើងមិនអាចចោលបានទេ បើប្រជាជនកំពុងមានបញ្ហាវិវាទដីធ្លីយើងមិនអាចថាអត់ទេ ឈ្លោះគ្នាសិនទៅចាំខ្ញុំវាស់វែងហើយ ខ្ញុំកំណត់ព្រំហើយចាំចេញអិលម៉ាត ចាំនេះ ចេញអត់ចេញទេ បើគាត់បញ្ហា។ ចឹង យើងត្រូវដោះស្រាយបញ្ហា»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា លោកមានការសោកស្ដាយចំពោះការសម្រេចនេះរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងនាពេលថ្មីៗនេះ។ លោកបន្តថា ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «ជប់សោម» របស់ក្រសួងបរិស្ថាន បានបង្កភាពស្មុគស្មាញដល់សហគមន៍ដីធ្លីរបស់ជនជាតិដើមភាគតិចកួយ។
លោកថ្លែងថា៖ «អ៊ីចឹងបញ្ហាទាំងអស់នេះ ខ្ញុំយល់ឃើញថា បញ្ហាវាមិនគួរនឹងបានប្ដឹងមកតាមតុលាការក្នុងការចោទប្រកាន់ ឬដាក់ទោសពួកគាត់ គួរតែដោះស្រាយគ្នានៅមូលដ្ឋានដើម្បីស្វែងរកដំណោះស្រាយណាមួយ ដើម្បីទទួលយកបានទាំងអស់គ្នា ដោយសារបញ្ហានេះជាបញ្ហាដីធ្លីទេបាទ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត បានផ្តល់ការកត់សម្គាល់ថា បច្ចុប្បន្ននេះព័ត៌មានស្តីពីកម្មសិទ្ធិដីសមូហភាពរបស់ជនជាតិដើមភាគតិចសរុបមានចំនួនប្រមាណជា ៤៥៨ សហគមន៍នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែលោកថា មានតែ ៤៣ សហគមន៍តែប៉ុណ្ណោះដែលបានចុះបញ្ជីសហគមន៍ដីជនជាតិដើមភាគតិច។
លោកថ្លែងថា៖ «នៅភាគច្រើនណាស់ ដែលសហគមន៍ជនជាតិដើមភាគតិចប្រឈម នឹងបញ្ហាដីធ្លីជាពិសេសគឺ ប្រឈមនឹងការបណ្តេញចេញ ដោយបង្ខំ ព្រោះថាបើពុំមានបណ្ណកម្មសិទ្ធិធានាសុវត្ថិភាពការកាន់កាប់ដីធ្លីរបស់ពួកគាត់ទេ គឺថាងាយរងផលប៉ះពាល់ដោយសារតែដីសម្បទានសេដ្ឋកិច្ច ដីសម្បទានផ្សេងៗទៀត ឬមួយក៏មានជនមានអំណាច ឬក៏អ្នកមានឥទ្ធិពលអី គេវាទទីអ៊ីចឹងទៅ ប៉ះពាល់ដីដែលគាត់បានអាស្រ័យផលតាំងពីដើមមក»។
ដោយឡែក ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា យល់ឃើញថា ទោះបីរដ្ឋាភិបាលមានឆន្ទៈក្នុងការបញ្ចប់វិវាទដីធ្លីត្រឹមឆ្នាំ ២០២៥ ក្តី ក៏ការអនុវត្ដជាក់ស្ដែងបញ្ហានេះនៅតែបន្តញាំញី ដោយមិនទាន់មានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចដែលមានវិវាទជាមួយក្រុមហ៊ុនធំៗ និងឧកញ៉ាមួយចំនួន។ លោកបន្តថា លោកចង់ឃើញរដ្ឋាភិបាលអនុវត្ដយន្តការដោះស្រាយវិវាទដីធ្លីដែលមានស្រាប់ ឲ្យបានហ្មត់ចត់ និងមានតម្លាភាព ដើម្បីផ្ដល់យុត្ដិធម៌ជូនប្រជាពលរដ្ឋ ជាជាងបានតែត្រឹមនិយាយ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលមិនបាច់បង្កើតយន្ដការថ្មីទេ គ្រាន់តែពង្រឹងយន្តការដែលមានស្រាប់ធ្វើការចុះប្រមូលព័ត៌មានឲ្យបានជាក់ស្ដែង ចៀសវាងកុំឲ្យមានអំពើពុករលួយ កុំឲ្យមានបក្ខពួកនិយម កុំឲ្យមានការរើសអើងអីផ្សេងៗនឹងគិតថាអានឹងហើយដែលជារឿងមួយដែលយើងចង់ឃើញ»។
បើតាមលោក នី សុខា វិវាទដីធ្លីគួរតែត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាជាងរុញរឿងនេះទៅជាបទល្មើសព្រហ្មទណ្ឌ ពីព្រោះដីមួយចំនួនភាគច្រើនមិនមានប្លង់កម្មសិទ្ធិនោះទេ។
ក្នុងចំណោមជនជាតិដើមភាគតិចកួយទាំងបីនាក់ខាងលើ លោក សាន សិទ្ធ ធ្លាប់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីខែកក្កដា ឆ្នាំ ២០២៤ ក្រោយពីអាជ្ញាធរបានចាប់ឃុំខ្លួនសកម្មជនជាច្រើននាក់ ដែលរួមមានសមាជិកក្រុមសង្គមស៊ីវិល និងអ្នកផ្សេងទៀតដែលបានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលរដ្ឋាភិបាលបានសម្រេចដកខ្លួនចេញវិញ កាលពីខែកញ្ញាកន្លងទៅនេះ។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ៕
វេទិកាបញ្ចេញមតិ