ស្របពេលអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងឆ្នាំ ២០២៤ ការរឹបអូសគ្រឿងញៀនបានកើនឡើងជិត ៥ ដង បើធៀបនឹងឆ្នាំមុននោះ អ្នកតាមដានបានជំរុញឲ្យអាជ្ញាធរពង្រឹងសកម្មភាពបង្ក្រាបបន្ថែមទៀត ដោយភាពម៉ឹងម៉ាត់ និងគ្មានការយោគយល់ ដើម្បីធ្វើយ៉ាងណាឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ព្រោះការចែកចែយគ្រឿងញៀនបាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើស្រទាប់យុវជននិងសង្គមជាតិ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា សកម្មភាពបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាល ក្នុងឆ្នាំ ២០២៤ មានភាពវិជ្ជមានជាងមុន។ ក៏ប៉ុន្តែលោកថា អ្វីដែលពលរដ្ឋចង់ឃើញបន្ថែមទៀតនោះ គឺការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព ជាពិសេសបញ្ហាចែកចាយគ្រឿងញៀននៅតាមមូលដ្ឋាន ដែលប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
មូលហេតុមួយចំនួននៅពីក្រោយបញ្ហាគ្រឿងញៀននេះមានដូចជា មន្ត្រីមួយចំនួនបែរជាយកបញ្ហាគ្រឿងញៀនដើម្បីទាញយកផលចំណេញផ្ទាល់ខ្លួន ស្របពេលដែលមន្ត្រីខ្លះអនុវត្តតួនាទីលើស ចំណែកឯក្រុមឧក្រិដ្ឋជនតែងតែខិតរំរកគ្រប់មធ្យោបាយក្នុងការដាក់មនុស្សឲ្យជ្រាបចូលកាន់តួនាទីជាមន្ត្រី ឬសូកប៉ាក់មន្ត្រី ដើម្បីឲ្យបាននៅកៀកជាមួយថ្នាក់ដឹកនាំជាដើម។ នេះបើតាមការកត់សម្គាល់របស់លោក សេក សុជាតិ។
លោកថ្លែងថា៖ «ដូច្នេះការដែលរដ្ឋាភិបាលបានអនុវត្តកន្លងមក វាមានភាពវិជ្ជមាន ក៏ប៉ុន្តែយើងក៏ឃើញថាមានមន្ត្រីមួយចំនួនដែលប្រើប្រាស់ឱកាសដើម្បីកេងចំណេញផលប្រយោជន៍ពីបញ្ហាទាំងអស់នេះដែរ។ ឧទាហរណ៍ដូចជាក្នុងករណីដែលយើងធ្លាប់ដឹងហើយធ្លាប់ឃើញ គឺឃើញមានការចាប់ក្មេងមួយចំនួន ដោយក្មេងមិនមានពាក់ព័ន្ធបញ្ហាគ្រឿងញៀនទេ តែមានការទម្លាក់កំហុសដែលធ្វើឲ្យអាណាព្យាបាលត្រូវរកកញ្ចប់ថវិកាមួយចំនួនដើម្បីទៅដោះដូរ ឬដើម្បីទៅសូកប៉ាន់ ដើម្បីឲ្យមានការដោះលែងពួកគាត់អីវិញជាដើម។ ហើយយើងឃើញថា ពេលបច្ចុប្បន្ន ក៏មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដែរ ក៏ប៉ុន្តែមន្ត្រីមួយចំនួនហាក់បីអនុវត្តទៅលើស ហើយបន្លំ យកផលប្រយោជន៍ពីបញ្ហាហ្នឹងមកវិញ។ ហ្នឹងក៏ជាបញ្ហាមួយដែរ»។
លោក សេក សុជាតិ ថ្លែងបន្ថែមថា៖ «ហើយមួយទៀត ពាក់ព័ន្ធឥទ្ធិពលដែលយើងឃើញថា មនុស្សដែលមានឥទ្ធិពលនៅពីក្រោយនៃក្រុមឈ្មួញទុច្ចរិតហ្នឹង គឺមិនបានឈរឱបដៃនៅស្ងៀមទេ គឺពួកគេតែងរកគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើយ៉ាងណានៅឲ្យកៀកជាមួយថ្នាក់ដឹកនាំ ឬក៏អាចបញ្ជ្រាបមនុស្សរបស់ខ្លួនឲ្យក្លាយជាមានតួនាទី ឬសូកប៉ាន់ឲ្យមន្ត្រីទាំងអស់នោះ ធ្វើទៅតាមអ្វីដែលពួកគាត់ចង់បានអ៊ីចឹងជាដើម តាមរយៈការដោះដូរផលប្រយោជន៍ផ្សេងៗ។ ក្នុងករណីនេះគឺលទ្ធផលយើងមើលឃើញថា វាមានភាពមិនប្រក្រតីនៅលើជ្រុងនេះច្រើន»។
លោក សេក សុជាតិ ក៏បានលើកឡើងថា សូម្បីតែក្នុងពន្ធនាគារក៏ធ្លាប់មានការលេចឮជុំវិញការប្រើប្រាស់គ្រឿងញៀនផងដែរ ដែលហាក់បីដូចជាមានការចាត់តាំងនិងរៀបចំរចនាសម្ព័ន្ធបានយ៉ាងរឹងមាំ។ ដូច្នេះលោកចង់ឃើញរដ្ឋាភិបាលបន្តអនុវត្តវិធានការបង្ក្រាបដោយម៉ឹងម៉ាត់ដោយគ្មានការយោគយល់ដូចពេលបច្ចុប្បន្ននេះ ដើម្បីឈានទៅស៊ើបអង្កេតស្វែករកអ្នកពាក់ព័ន្ធ ឬមន្ត្រី ឬកងកម្លាំងទាំងឡាយណា ដែលពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហើយត្រូវយកមកដាក់ទោសតាមច្បាប់ឲ្យបានតឹងរ៉ឹង។
បើតាមរបាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ ២០២៤ អាជ្ញាធរបានរឹបអូសគ្រឿងញៀនបានចំនួនជិត ១៥តោន និងឃាត់ខ្លួនមនុស្សចំនួនជាង ២ម៉ឺន ៦ពាន់នាក់ ដែលមានទាំងពលរដ្ឋខ្មែរនិងជនបរទេស។ តួលេខនេះ បានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ ២០២៣ ទាំងការរឹបអូសគ្រឿងញៀនដែលកើនជិត ៥០០% ខណៈការឃាត់ខ្លួនមនុស្សកើនជាង ៣០%។ នេះបើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ។
ដោយឡែកកាលពីឆ្នាំ ២០២៣ អាជ្ញាធររឹបអូសគ្រឿងញៀនបានជិត ៣តោន និងឃាត់ខ្លួនជនសង្ស័យប្រមាណ ២ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលចេញផ្សាយកាលពីដើមឆ្នាំ ២០២៤។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោក មាស វិរិទ្ធ បដិសេធមិនអត្ថាធិប្បាយ ដោយលោកថាជាប់រវល់។
ពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងនៅក្នុងសន្និបាតមួយស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ថា បើទោះបីជាអាជ្ញាធរកម្ពុជាបង្កើនការបង្ក្រាបនិងទប់ស្កាត់ជាប្រចាំក្តី ក៏លំហូរគ្រឿងញៀនចូលកម្ពុជានៅតែកើនឡើង ដោយសារតែទីតាំងភូមិសាស្ត្រកម្ពុជាជាប់ព្រំដែនត្រីកោណមាស បូករួមនឹងនិន្នាការសកលលោក និងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលមានលក្ខណៈស្មុគស្មាញ និងកង្វះឧបករណ៍បច្ចេកទេសឆែកឆេរជាដើម។
ក្នុងពិធីបិទសន្និបាតនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការដ៏ចាំបាច់មួយសម្រាប់កិច្ចការការពារសន្តិសុខសង្គម ដោយបានដាក់ចេញបទបញ្ជាជាច្រើន ដើម្បីបើកផ្លូវឲ្យអាជ្ញាធរពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ហើយបានសម្រេចកែសម្រួលសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន ៤ រូប ជាថ្នាក់ដឹកនាំអាជ្ញាធរនេះ និងមានថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នរដ្ឋចំនួន ១៤ រូបផ្សេងទៀត ជាសមាជិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញបទបញ្ជានិងគោលការណ៍ «សម្អាតផ្ទះ» ដោយណែនាំឲ្យបណ្ដេញចេញពីក្របខណ្ឌ ចំពោះមន្ត្រីរាជការស៊ីវិល មន្រ្តីនគរបាល ទាហាន កងរាជអាវុធហត្ថ ដែលពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ ក្រោយការចេញបទបញ្ជានោះ មន្ត្រីនគរបាលនគរបាលជាច្រើននាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ថ្លែងថា អង្គការសង្គមស៊ីវិលនៅតែព្រួយបារម្ភនឹងបញ្ហាគ្រឿងញៀននេះ ដោយសារតែវាបានបំផ្លាញសង្គមជាតិ ហើយធ្វើឲ្យកើតមានបទល្មើសនានា ក៏ដូចជាអសន្តិសុខ ជាពិសេសប៉ះពាល់ធនធានមនុស្ស។
លោកថ្លែងថា៖ «ជនរងគ្រោះដោយសារគ្រឿងញៀនភាគច្រើនជាក្រុមយុវជន ហើយអ៊ីចឹងវាប៉ះពាល់ទៅដល់ធនធានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅអនាគត។ ហើយមួយទៀតមិនមែនជាយុវជនទេ សូម្បីតែកុមារមួយចំនួន មនុស្សចាស់មួយចំនួនក៏ត្រូវបានរងគ្រោះ»។
កាលពីខែមេសា ឆ្នាំ ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃមួយ ឈ្មោះថា APP NoDrug ក្នុងគោលបំណងពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន និងដើម្បីឲ្យពលរដ្ឋបានយល់ដឹង ក៏ដូចជាការចូលរួមជាមួយអាជ្ញាធរក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយបញ្ហាគ្រឿងញៀន។
លោក អំ សំអាត យល់ថា ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទ ដែលមានឈ្មោះថាAPP NoDrug នេះ គឺជារឿងល្អ ក៏ប៉ុន្តែត្រូវតែធ្វើយ៉ាងណាអប់រំឲ្យប្រជាពលរដ្ឋចេះប្រើ និងចេះរាយការណ៍ និងត្រូវតែធានាការរក្សាការសម្ងាត់និងសុវត្ថិភាព នៅពេលពលរដ្ឋរាយការណ៍។
ប៉ុន្តែលោកថា បច្ចុប្បន្ននេះ ពលរដ្ឋហាក់មិនមានទំនុកចិត្តក្នុងការចូលរួមរាយការណ៍អំពីបញ្ហានេះនៅឡើយ ដោយសារពលរដ្ឋនៅតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេនៅពេលរាយការណ៍ប៉ះចំមន្ត្រី ឬបុគ្គលមានអំណាចដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀននេះ។ ដូច្នេះ អាជ្ញាធរត្រូវតែធ្វើយ៉ាងណាឲ្យពលរដ្ឋមានទំនុកចិត្ត ក្នុងការចូលរួមរាយការណ៍ពីបញ្ហាគ្រឿងញៀន ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល៕
វេទិកាបញ្ចេញមតិ