នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានសម្រេចទម្លាក់មុខតំណែងកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ៣នាក់នៅខេត្តស្វាយរៀង ពីឋានៈមេបញ្ជាការរងមកត្រឹមជានាយទាហាន ដោយសារការទារប្រាក់ពីជនសង្ស័យប្រើប្រាស់គ្រឿងញៀនជាថ្នូរនឹងការដោះលែង។
មន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយជ្រុំទាំង៣នាក់ ដែលត្រូវបានដកពីមុខតំណែងមកត្រឹមជានាយទាហាន រួមមានអតីតអនុសេនីយ៍ឯក ប៊ី រីណា រិត សំអុន និង ប៉ិក វណ្ណារឿត។ អតីតមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំទាំង៣នាក់ ត្រូវបានបញ្ជូនឱ្យទៅឈរជើងនៅខេត្តរតនគិរី ព្រះវិហារ និងប៉ៃលិន ក្រោយពួកគេត្រូវបានដកហូតពីមុខតំណែង។
បើតាមសេចក្តីសម្រេចរបស់លោក វង្ស ពិសេន ចុះថ្ងៃទី១ខែមីនា នាយទាហានទាំង៣រូបនេះ ជាប់ចោទ«ពីបទទាមទារប្រាក់១.១០០ ដុល្លារសហរដ្ឋអាមេរិក(មួយពាន់មួយរយ) ជាថ្នូរនឹងការដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការដកហូតមុខតំណែងរបស់កងរាជអាវុធហត្ថនៅខេត្តស្វាយរៀងនេះ ដោយសារតែពួកគេបានប្រព្រឹត្តខុសទៅនឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់កងទ័ព។
លោកថ្លែងថា៖ «លក្ខន្តិកៈរបស់កងទ័ពក៏ដូចជាបទវិន័យទូទៅ គឺនៅពេលដែលមានកំហុសក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តតួនាទីមិនត្រឹមត្រូវហ្នឹងគឺ បានស្នើតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសទៅតាមឋានានុក្រម ដើម្បីដកតំណែងរបស់គាត់»។
លោកបន្ថែមថា ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀនកងរាជអាវុធហត្ថនៅបន្តចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ ទៅលើបុគ្គលណាដែលជាប់ទាក់ទងនឹងគ្រឿងញៀន មិនថាបុគ្គលនោះស្ថិតក្នុងឋានៈ ឬតួនាទីណាមួយឡើយ។
លោកប្រាប់វីអូអេថា៖ «បុគ្គលណាទៅសន្សំគំនិតឬក៏ទៅលាក់បាំងពាក់ព័ន្ធជាមួយនឹងជនដែលប្រើប្រាស់ឬក៏ជាជនដែលប្រព្រឹត្តជួញដូរអីហ្នឹង គឺក៏យើងអនុវត្តទៅតាមច្បាប់ដែរ។ កន្លងមកក៏យើងបញ្ជូនមេទាហានរបស់យើងគឺទៅតុលាការដើម្បីអនុវត្តតាមច្បាប់»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សាទរចំពោះការអនុវត្តរបស់អគ្គមេបញ្ជាការដ្ឋាន ដែលដកហូតមុខតំណែង និងបន្ថយឋានន្ដរសក្ដិ ទៅលើមន្រ្តីកងរាជអាវុធហត្ថដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ប៉ុន្តែលោកចង់ឃើញរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងបន្ថែមទៅបញ្ហាគ្រឿងញៀននេះ។
លោកថ្លែងថា៖ «ចំណាត់ការនេះល្អ! ចង់ឃើញរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបង្កើនឬធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ជាងហ្នឹងដើម្បីធានាបានដល់សុវត្ថិភាពរបស់យុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីក្នុងការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍសង្គមយើង មានការរីកចម្រើនដោយគ្មានគ្រឿងញៀនជា ឧបសគ្គនៅរារាំងតាមផ្លូវឬក៏ក្នុងវិថីជីវិតនិងការអភិវឌ្ឍសង្គមរបស់យើងឆ្ពោះទៅកាន់ការរីកចម្រើន»។
រដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំដោយអ្នកជំនាន់ថ្មីរបស់គណបក្សប្រជាជនកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។ រដ្ឋាភិបាលក៏បានចេញបទបញ្ជាឱ្យពិនិត្យរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ បើត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀន ពួកគេនឹងត្រូវបណ្តេញចេញពីក្របខណ្ឌ៕
វេទិកាបញ្ចេញមតិ