មេប៉ុស្តិ៍អ្នកលឿងក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យ ក្រោយតុលាការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ មន្រ្តីអង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការបន្ថែមជុំវិញមន្រ្តីនគរបាលមានសមត្ថកិច្ចលួចជួញដូរគ្រឿងញៀន។
តុលាការខេត្តព្រៃវែងបានចេញដីកាបង្គាប់ឱ្យឃុំខ្លួននាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ឈ្មោះ យ៉ែម រ៉ាន់យ៉ា អាយុ ៤២ ឆ្នាំ ពីបទជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងគូកនពីរនាក់ផ្សេងទៀត។ នេះបើតាមដីការបស់សាលាដំបូងខេត្តព្រៃវែង ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ដែលវីអូអេទទួលបាន។
មេប៉ុស្តិ៍នោះត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចហាងKTV ផ្កាកូលាប ស្ថិតក្នុងឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង។
អ្នកស្រី អាត សុខន អ្នកនាំពាក្យរបស់សាលាដំបូងខេត្តព្រៃវែង ប្រាប់វីអូអេជាអក្សរតាមតេឡេក្រាមថា លោក យ៉ែម រ៉ាន់យ៉ា ត្រូវបានឃុំខ្លួនតាមដីកាសន្និដ្ឋានស៊ើបសួររបស់តំណាងអយ្យការ ពីបទជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
អ្នកស្រីមិនអាចបញ្ជាក់លម្អិតបន្ថែមឡើយ ដោយលើកឡើងថា វាជាការងារសម្ងាត់របស់ចៅក្រម។
វីអូអេមិនទាន់អាចសុំការអត្ថាធិបាយពីលោក សេង ពន្លក អធិការស្រុកពាមរក៍បាននៅឡើយទេ។
មេឃុំអ្នកលឿង លោក ភោគ ថានី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា មេប៉ុស្តិ៍រូបនោះទើបមកធ្វើការក្នុងឃុំរបស់លោក ដូច្នេះលោកមិនសូវស្គាល់ប្រវត្តិរូបឡើយ។
លោកថ្លែងថា៖ «ប៉ុស្តិ៍នៅជិតគ្នាមែន ទើបមកនៅជិតគ្នាបានប្រហែលជាប្រាំ ប្រាំមួយខែហ្នឹង។ យើងមកធ្វើប៉ុស្តិ៍អីនៅក្បែរសាលាឃុំ ប៉ុន្តែមិនមានសកម្មភាពអីដែលគួរឱ្យកត់សម្គាល់ទេនៅប៉ុស្តិ៍ហ្នឹង។ អត់មានអ្នកជនចម្លែកអីចេញចូលទាក់ទងអីផ្សេងទេ អត់មានទេ មានតែរឿងអ្នកធ្វើការងារ។ ប្រជាពលរដ្ឋពឹងពាក់អីធម្មតា តែរឿងអីផ្សេងៗទៀតយើងអត់ដឹងដែរ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ទោះបីជាកន្លងមកថ្នាក់ដឹកនាំកំពូលៗបានអំពាវនាវ និងព្រមានអាជ្ញាធរទាំងអស់កុំពាក់ព័ន្ធនឹងគ្រឿងញៀនក៏ដោយ ករណីដែលអាជ្ញាធរជួញដូរគ្រឿងញៀននៅតែមាន ហើយវាបង្កផលលំបាកមួយក្នុងការស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន។
លោកថ្លែងថា៖ «ទី ១ គឺសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ជាពិសេសកងកម្លាំងដែលពាក់ព័ន្ធនឹងការបង្ក្រាប ការទប់ស្កាត់គ្រឿងញៀនហ្នឹងត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។ ទី ២ គឺលុបបំបាត់រាល់អំពើពុករលួយដែលកើតចេញពីបញ្ហាគ្រឿងញៀន។ បញ្ហាទី ៣ គឺត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះបញ្ហាគ្រឿងញៀន ទោះបីជាបុគ្គលហ្នឹងមានឋានន្តរសក្តិ»។
គួរបញ្ជាក់ថា កន្លងទៅ ក្រសួងមហាផ្ទៃបានចាត់វិធានការ ដោយតម្រូវឱ្យមន្ត្រីនគរបាលធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន។ មន្រ្តីនគរបាលមួយចំនួនត្រូវបានរកឃើញថា ញៀនគ្រឿងញៀន ហើយត្រូវបានដកឈ្មោះចេញពីក្របខណ្ឌរដ្ឋ និងបញ្ជូនទៅកន្លែងបន្សាបសារធាតុញៀន៕
វេទិកាបញ្ចេញមតិ