ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​មហា​ផ្ទៃ​បញ្ជា​ឱ្យ​ពិនិត្យ​សារធាតុ​ញៀន​នៅ​តាម​ក្លឹប​កម្សាន្ត


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ថ្លែងនៅក្នុង​កិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួង​មហាផ្ទៃ)
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ថ្លែងនៅក្នុង​កិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួង​មហាផ្ទៃ)

រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក​ ស សុខា ​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​នៅ​តាម​រាជធានី​ខេត្ត​ទាំង​អស់​រៀបចំ​ផែនការ ​ដើម្បី​បង្រ្កាប​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​នានា។​

ក្នុង​ពិធី​ប្រកាស​សមាស​ភាព​គណៈ​កម្មាធិការ​សម្រប​សម្រួល​ជំរុញ ​អនុវត្ត​ និង​ត្រួត​ពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​លោក​ ស សុខា ​បាន​ទុក​ពេល​មួយ​សប្តាហ៍​ឱ្យ​នគរបាល​មាន​សមត្ថកិច្ច​រៀបចំ​ផែន​ការ​ និង​ចាប់​ផ្ដើម​អនុវត្ត​ក្នុង​សប្តាហ៍​បន្ទាប់។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​ក៏​បាន​ណែនាំ​ទៅ​ដល់​ស្នងការ​រាជធានី​ខេត្ត​ទាំង​អស់ ​គឺ​ទុក​ឱ្យ​មួយ​អាទិត្យ​ ដើម្បី​រៀបចំ​ផែន​ការ ​ហើយ​ចាប់​ផ្ដើម​អនុវត្ត​ការងារ​នៅ​ក្នុង​អាទិត្យ​ទី២​យ៉ាង​យូរ ​ក្នុង​ការ​បោស​សម្អាត​តាម ​ខេធីវី​ (KTV)​ ជា​ពិសេស​ខាង​មុខ​ប្រើប្រាស់​ជា​ស្លាក​យីហោ​ Beer Garden​ (កន្លែង​ផឹក​ស៊ី​កម្សាន្ត)​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ខាង​ក្នុង​គឺជា​ការ​ប្រើប្រាស់​ដោយ​សេរី​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ឬ​សារធាតុ​ផ្សេងៗ»។​

លោក​ ស សុខា ​បន្ថែម​ថា​ នា​ពេល​ថ្មីៗ​នេះ ​ប្រភេទ​គ្រឿង​ញៀន​ជា​គ្រាប់​មិន​សូវ​មាន​នោះ​ទេ​ ប៉ុន្តែ​មាន​ការ​ប្រើប្រាស់​ជា​ប្រភេទ​ម្សៅ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ។ ​លោក​រដ្ឋមន្រ្តី​បន្ថែម​ថា​ សារធាតុ​ញៀន​ប្រភេទ​ម្សៅ​នេះ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់ ​ពិសេស​នោះ​គឺ​ក្មេង​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ​ដែល​លោក​ថា​ ប្រើប្រាស់​តែ​ ៣​ ដង​នឹង​ធ្វើ​ឱ្យ​ប៉ះពល់​ដល់​ប្រព័ន្ធ​ខួរ​ក្បាល។​

លោក ​សំ វិច្ឆិកា​ អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថាស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ផែន​ការ​ ហើយ​ចុះ​អនុវត្ត។ ​លោក​បន្ថែម​ថា​ ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​មាន​កម្លាំង​ត្រៀម​រួច​រាល់​ហើយ។​

លោក​ថ្លែង​ថា៖ ​«ការងារ​នេះ​អត់​មាន​អី​ត្រូវស្មុគ​ស្មាញ​ទេ។​ យើង​មាន​កម្លាំង​ជំនាញ​អី​ច្បាស់​លាស់​ហើយ។​ យើង​ធ្វើ​មួយ​អាទិត្យ​ គឺ​យើង​អាច​អនុវត្ត​បាន​ហើយ។ ​ប៉ុន្តែ​យើង​រង់​ចាំ​ឯក​ឧត្តម​ស្នងការ​ គាត់​មើល​កិច្ច​ការងារ​នេះ​សិន»។​

រូបឯកសារ៖ ស្ត្រីម្នាក់ឈរនៅមុខ​ផ្លាកយីហោ​របស់​ក្លឹប​កម្សាន្ត​ពេល​រាត្រី​មួយ នៅខេត្ត​បាត់ដំបង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៩។
រូបឯកសារ៖ ស្ត្រីម្នាក់ឈរនៅមុខ​ផ្លាកយីហោ​របស់​ក្លឹប​កម្សាន្ត​ពេល​រាត្រី​មួយ នៅខេត្ត​បាត់ដំបង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៩។

លោក ​ពេជ្រ វីរៈ​ ស្នង​ការ​នរគបាល​ខេត្ត​ស្វាយរៀង ​ប្រាប់​វីអូអេ​ថា​ កម្លាំង​របស់​លោក​បាន​អនុវត្ត​ការងារ​បង្រ្កាប​គ្រឿង​ញៀន​កន្លង​ទៅ​ជា​បន្ត​បន្ទាប់។​

លោក​ថ្លែង​ថា៖​ «វា​អត់​មាន​អី​ខុស​គ្នា​ទេ​ ព្រោះ​យុទ្ធ​សាស្ត្រ ​យើង​បន្ត​ហូរ​ហែ​ពី​មួយ​ដំណាក់​កាល​មក​មួយ​ដំណាក់​កាល​អ៊ីចឹង។ ​នៅ​ពេល​ដែល​យើង​ធ្វើ ​ទើប​បាន​យើង​ដឹង​ពី​លទ្ធ​ផល។ ​ហើយ​អ្វី​ដែល​ត្រូវ​កែ​សម្រួល​បាន​ ថ្នាក់​ដឹក​នាំ​គាត់​កែ​សម្រួល​ដើម្បី​ឱ្យ​កាន់​តែ​ល្អ»។​

ចំណែក​ស្នងការ​នគរបាល​ខេត្ត​កំពត​ លោក​ ម៉ៅ ​ច័ន្ទ​មធុរិទ្ធ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ខេត្ត​របស់​លោក​ពុំសូវ​មាន​ក្លឹប​កម្សាន្ត​ពេល​រាត្រី​ទេ។ ​លោក​បន្ត​ថា​ កន្លង​មក ​កម្លាំង​សមត្ថកិច្ច​ធ្លាប់​បាន​ចុះ​អប់រំ​ ណែនាំ​តាម​ទីតាំង​កម្សាន្ត​រួច​រាល់​ហើយ។​

លោក​ថ្លែង​ថា៖​ «តាម​រយៈ​ស្នង​ការរង​ ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​គឺ​យើង​បាន​ចុះ​ធ្វើ​ការ​អប់រំ​ណែនាំ​ទៅ​តាម​ក្លឹប​កម្សាន្ត​ក៏​ដូច​ជា​ខារ៉ា​អូខេ​ហ្នឹង!​ រួចរាល់​អស់​ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​ទី ១ ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ចែក​ចាយ​នៅ​ក្នុង​ក្លឹប​កម្សាន្ត​ខារ៉ា​អូខេ។ ​ទី ២ ​ការ​ផ្ដល់​ទីតាំង​សម្រាប់​ប្រើប្រាស់​អីហ្នឹង ​គឺ​យើង​បាន​ធ្វើ​កិច្ច​សន្យា​ចំពោះ​ពួក​គាត់​រួច​រាល់​អស់​ហើយ»។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត​ ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ប្រសិន​បើ​រក​ឃើញ​ក្លឹប​កម្សាន្ត​ណា​ប្រើ​ប្រាស់​សារធាតុ​ញៀន។​

លោក​ថ្លែង​ថា៖​ «ការ​អនុវត្ត​ ឬ​[ចាត់]​វិធាន​ការ​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ទៅ​បាន​ វា​ទាល់​តែ​ពឹង​លើ​ឆន្ទៈ​និង​ការ​ប្ដេជ្ញា​ចិត្ត។​ បើ​សិន​ជា​រក​ទៅ​ឃើញ​ថា​ ខេធីវី ​(KTV)​ ឬ​ក៏​កន្លែង​កម្សាន្ត​ណា​មួយ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​ត្រូវ​តែ​ហ៊ាន​បង្រ្កាប​ទៅ​លើ​កន្លែង​ហ្នឹង ​ដោយ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ហើយ​ទាល់​តែ​គិត​ថា ​បើ​សាច់​ស្អុយ​ត្រូវ​តែចៀរ​ចោល​ហើយ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ឱ្យ​ខាង​តែ​បាន»។​

គួរ​បញ្ជាក់​ថា​ កន្លង​ទៅ​ លោក ​ស ​សុខា​ ដែល​បាន​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ជំនួស​ឪពុក​របស់​លោក​បាន​ជិត​មួយ​ឆ្នាំ ​ធ្លាប់​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ ឱ្យ​ដក​ខ្លួន​ចេញ​ ហើយ​អ្នក​ដែល​ដឹង​ថា​ ខ្លួន​មាន​សារធាតុ​ញៀន​ត្រូវ​ស្វែង​រក​វិធី​សាស្ដ្រ​ដើម្បី​ផ្ដាច់​ចោល៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG